សមាជិកសភាសហរដ្ឋអាមេរិក លោក អាឡែន ទ្បូវេនថ័ល បានថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន និងបានជំរុញឲ្យដោះលែងក្រុមសកម្មជនខ្មែរ ជាអ្នកទោសមនសិការនៅប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) បានផ្ញើលិខិតទៅសុំអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងការបរទេស សមាជិកសភា និងព្រឹទ្ធសមាជិក នៃសហរដ្ឋអាមេរិក កាលថ្ងៃទី០៨ ខែកញ្ញា ថ្មីៗនេះ។ ខាងក្រោមនេះ ជាខ្លឹមសារនៃសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍
សមាជិកសភាសហរដ្ឋអាមេរិក អាទ្បែន ទ្បូវ៉ែនថល ថ្កោលទោសរបប ហ៊ុន សែន ក្នុងការចាប់ខ្លួនក្រុមយុវជនសកម្មនៅកម្ពុជា
រដ្ឋធានីវ៉ាសុីតុន ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០៖ ថ្ងៃនេះ សមាជិកសភា អាទ្បែន ទ្បូវ៉ែនថល (Congressman Alan Lowenthal) បានចេញសចក្តីថ្លែងការណ៍ដូចខាងក្រោម ស្ដីអំពីការចាប់ខ្លួនសកម្មជនកម្ពុជាច្រើនជាង ១២នាក់ ក្នងពេលថ្មីៗនេះ ដោយរដ្ឋាភិបាលនៃនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
«ខ្ញុំសូមថ្កោលទោស និងនៅតែបន្តថ្កោលទោសការចាប់ខ្លួនក្រុមសកម្មជន និងអ្នកជំទាស់នានា ដោយទំនើងចិត្ត របស់រដ្ឋាភិបាល ហ៊ុន សែន ។ ការចាប់ខ្លួនចុងក្រោយនេះ គឺជាការប្រើកម្លាំងប្រទូស្ដបំពានមួយថ្មីទៀត លើប្រជាធិបតេយ្យ ដែលសន្យាចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ក្នុងរដ្ឋធម្មនុញ្ញជាតិ គឺជារដ្ឋធម្មនុញ្ញ ដែលលោក ហ៊ុន សែន មិនត្រឹមតែចុះហត្ថលេខាដោយដៃឯងប៉ុណ្ណោះទេ ប៉ុន្តែលោកខ្លួនឯងផ្ទាល់ ក៏បានធ្វើសច្ចាប្រណិធានការពារតម្លៃខ្លឹមសារថែមទៀត»។
«ប៉ុន្តែ នេះគឺជាការប្រើកម្លាំងប្រទូស្ដបំពាន កាន់តែផ្ទាល់ឡើង ទៅលើយុវជនកម្ពុជា ដែលកំពុងតែចូលរួមអនុវត្តសកម្មភាពនយោបាយ និងសកម្មភាពពលរដ្ឋ ចេញពីសេចក្ដីស្រឡាញ់ចំពោះជាតិមាតុភូមិរបស់ពួកគាត់។ ជាជាងអនុញ្ញាតឲ្យអ្នកជំនាន់ក្រោយចូលរួមចំណែករៀបចំអនាគតកម្ពុជានោះ លោក ហ៊ុន សែន និងរបបរបស់គាត់ បន្តសង្កត់សង្កិនបង្ក្រាប យ៉ាងចាស់ដៃ លើសម្លេងទាំងឡាយណា ដែលមានទំនោរជំទាស់ ដើម្បីបន្តកាន់អំណាចទៀត»។
«វាជាស្មារតីខ្វះវិចារណញ្ញាណ ដែលលោក ហ៊ុន សែន និងមន្ត្រីនៃរបបរបស់គាត់ នៅបន្តប្រើប្រាស់ស្នៀតបោកបំភ្លៃ និងអប្រជាធិតេយ្យ ដើម្បីចាប់ប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែពួកគាត់លើកទឹកចិត្តយុវជន-យុវតី ឲ្យចូលរួមដំណើរការនយោបាយប្រទេសជាតិ ក្នុងការស្វែងរកឱកាសសម្តែងទស្សនៈមតិរបស់ខ្លួនដោយសេរី ។ ការរិះគន់រដ្ឋាភិបាល សេរីភាព បញ្ចេញមតិ និងសិទ្ធិមនុស្សជាមូលដ្ឋានទាំងអស់នេះ គឺជាប្រការចាំបាច់ ដែលត្រូវតែប្រកាន់ខ្ជាប់ សម្រាប់ប្រជាធិបតេយ្យ ល្អពេញលេញមួយ»។
«សកម្មជនទាំងអស់ គួរទទួលបាននូវការសាទរលេីកទឹកចិត្ត គឺពុំមែនដាក់ពន្ធនាគារទេ។ ពួកគាត់គឺជាអនាគតកម្ពុជា។ លោក ហ៊ុន សែន និងស្នៀតកំរោលៗនៃរបបគាត់ ក្នុងការសង្គត់បំបិទសម្លេងរបស់សកម្មជនទាំងនេះ គឺដោយសារតែពួកអ្នកកាន់អំណាចមិនហ៊ានស្តាប់សម្លេងពិតនៃពលរដ្ឋខ្មែរ ហើយរឹតតែភ័យខ្លាច នូវអ្វីដែលពួកគេស្តាប់ឮពីពលរដ្ឋ»។
«មានប្រភេទសកម្មភាពដូចៗគ្នាយ៉ាងច្រើន ដែលនាំឱ្យលោក ហ៊ុន សែន និងរបបគាត់ ត្រូវប្រឈមនឹងទណ្ឌកម្ម និង ការស្តីបន្ទោស ពីបណ្តាប្រទេសនានានៅលើពិភពលោក ហើយគាត់នឹងបន្តរងទណ្ឌកម្មបែបនេះ ពេលគាត់នៅតែបន្តសកម្មភាពរំលោភបំពាន(ពលរដ្ឋខ្មែរ) ។ លោក ហ៊ុន សែន ត្រូវតែសម្រេចចិត្ត ថាតើការដណ្ដើមអំណាចសម្រាប់ ខ្លួនឯងផ្ទាល់ មានសារៈសំខាន់ជាងតួនាទីកម្ពុជា ជាសមាជិកនៃសហគមន៍អន្តរជាតិ ឬយ៉ាងណា។»។
ប្រែសម្រួលពីភាសាអង់គ្លេសដោយក្រុមការងារនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ




.