ក្រសួង​រតនាគារ​អាមេរិក ( U.S. Department Of The Treasury) សម្រេច​​ដាក់​ទណ្ឌកម្ម​បង្កក ឬ​រាំង​ខ្ទប់​​ទ្រព្យសម្បត្តិ របស់​មន្ត្រី​គ្រាក់ៗ​ពីរ​ (២) ​រូប ដែល​សុទ្ធសឹង​តែ​ជា​មនុស្ស​ជំនិត​​​របស់​លោកនាយក​រដ្ឋមន្រី្ត ហ៊ុន សែន ដោយសារតែ​ពួកគេ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ​នៅ​កម្ពុជា​។ មន្ត្រី​គ្រាក់ៗ ​ទាំង​ពីរ​​រូប​នេះ រួមមាន​ឧកញ៉ា ទ្រី ភាព ព្រមទាំង​ក្រុមហ៊ុន ​ដែល​លោក​គ្រប់គ្រង​សរុប ១១ ក្រុមហ៊ុន និង ​លោក គន់ គីម ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ​បី (៣) រូប​ទៀត​របស់​លោក រួមមាន​អ្នកស្រី គីង ចាន់ឌី លោក គីម ផារា និង​អ្នកស្រី គីម សុផារី។ ការ​សម្រេច​ដាក់ទណ្ឌកម្ម​បង្កក​​ទ្រព្យសម្បត្តិ​នេះ ធ្វើឡើង​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​អន្តរជាតិ កាលពី​ថ្ងៃ​ទី ០៩ ធ្នូ ២០១៩ និង​ផ្អែក​តាមច្បាប់​ដាក់​ទណ្ឌកម្ម​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក ហៅថា​ច្បាប់ Global Magnitsky Act ។

ផ្អែក​តាម​ក្រសួង​រតនា​គារ​ជាតិ​អាមេរិក លោក ទ្រី ភាព និង​លោក គន់ គីម គឺជា​បុគ្គល​ទទួលខុសត្រូវ និង​ប្រព្រឹត្តិ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​អំពើពុករលួយ រួមមាន​អំពើ​កិបកេង​ទ្រព្យ​សម្បត្តិ​​រដ្ឋ ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ឯកជន​មក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ការប្រព្រឹត្តិ​អំពើពុករលួយ​ទាក់ទង​នឹង​ការអនុវត្ត​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល អំពើ​កេង​ប្រ​វញ្ច​លើ​ធនធានធម្មជាតិ ឬ​អំពើ​សូកប៉ាន់​ជាដើម។

ក្រសួង​រតនាគារជាតិ​អាមេរិក សរសេរ​ថា លោក ទ្រី ភាព បាន​ប្រើប្រាស់​ខ្សែ​​បណ្តាញ​​ដ៏​សម្បើម របស់​លោក​ ​នៅ​កម្ពុជា ដើម្បី​បង្កើត​អាជីវកម្ម ​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ ដោយ​បាន​ពឹងផ្អែក​ទៅលើ​អំពើ​ស៊ុមគ្រលុំ​ ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ទទួល​បាន​កិច្ច​គាំពារ ​ពី​រដ្ឋាភិបាល និង​មន្ត្រី​យោធា ដើម្បី​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ​របស់​លោក​។ លោក ទ្រី ភាព ក៏បាន​​ប្រើប្រាស់​​បណ្ដាញ​យោធា ដើម្បី​ឲ្យ​លោក ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ ឈើហ៊ុប យក​ទៅ​លក់​ឲ្យ​ប្រទេស ​វៀតណាម ចិន អឺរ៉ុប និង ​រុស្ស៊ី ជាដើម។

ដោយឡែក​ចំពោះ​លោក គន់ គីម វិញ ក្រសួង​រតនាគារ​អាមេរិក លាតត្រដាង​ថា លោក​គឺជា​ឧត្តមសេនីយ៍​ជាន់ខ្ពស់ ​នៃ​កង​យោធពល​ខេមរភូមិន្ទ ហើយ​គឺ​បុគ្គល​ចម្បង​ ដែល​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​ នៅ​ខេត្ត​កោះកុង ហើយ​បាន​ទទួល​ផលប្រយោជន៍​ហិរញ្ញវត្ថុ​យ៉ាង​សម្បើម​ ពី​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ នៃ​ប្រទេស ​ចិន​។ លោក គន់ គីម បាន​ប្រើប្រាស់​ទាហាន​​កង​យោធពល​​ខេមរភូមិន្ទ ដើម្បី​​បំភិតបំភ័យ រឹបអូស ឬ​ឆ្ការ​ដី ដែល​ក្រុមហ៊ុន​ ចិន ​ចង់​បាន។ សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា លោក គន់ គីម ត្រូវ​បាន​ផ្លាស់ប្ដូរ​តួនាទី​ ពី​នាយ​សេនាធិកា​រចម្រុះ​នៃ ​កង​យោធពល​ខេមរភូមិន្ទ ដោយសារតែ​លោក​ មិន​បាន​ចែក​រំលែក​​ផល​ចំណេញ​​ពី​អាជីវកម្ម​ខុសច្បាប់​​របស់​លោក ទៅ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​ នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៨ លោក ហ៊ីង ប៊ុនហៀង មេ​អង្គរក្ស​លោក ហ៊ុន សែន គឺជា​មនុស្ស​​ខ្មែរ​ដំបូង​ ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ពី ​ក្រសួង​រតនាគារជាតិ​អាមេរិក ដោយសារ​ប្រវត្តិ​រំលោភ​​សិទ្ធិ​មនុស្ស​របស់​​លោក។

គិត​មក​​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី​​ នៅ​មិនទាន់​អាច​សុំ​ប្រតិកម្ម​តប ​ទៅ​សេចក្ដី​ព័ត៌មាន​នេះ ពី​លោក គន់ គីម និង​លោក ទ្រី ភាព បាន​នៅ​ឡើយ​ទេ​។

កន្លងមក សមាជិកសភា​អាមេរិក ក៏​ធ្លាប់​បាន ស្នើ​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​របប ​លោក ហ៊ុន សែន មួយ​ចំនួនទៀត សរុប ១៧​ នាក់ ដើម្បី​ដាក់ទណ្ឌកម្ម​ផង​ដែរ​។ មន្ត្រី​ទាំងនោះ រួមមាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន, អនុប្រធាន​បក្ស​​កាន់អំណាច និង​ជា​រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ​​លោក ស ខេង, រដ្ឋមន្ត្រី​ក្រសួង​​ការពារជាតិ លោក ទៀ បាញ់, និង​រដ្ឋមន្ត្រី ជាច្រើន​រូប​ផ្សេងទៀត រួម​ទាំង កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត, និង កូនស្រី​លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន ម៉ាណា, និង​កូន​ប្រសារ​លោក ហ៊ុន សែន លោក សុខ ពុទ្ធិវុធ ម្នាក់​ផង។ ក៏ប៉ុន្តែ ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ទាំងនេះ បច្ចុប្បន្ន កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​អាមេរិក ហើយ​ពុំ​ទាន់​ចូល​ជា​ធរមាន​នៅឡើយ​ទេ៕ (ប្រភព៖វិទ្យុអាស៊ីសេរី RFA /ដោយលោក មាន ប្ញទ្ធិ /១០ ធ្នូ ២០១៩)