The Cambodia Daily
25-11-2022
ក្រុមអ្នកឃ្លាំមើលសង្គម រស់នៅក្រៅស្រុក ច្រានចោលការលើកឡើង របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ ដែលថា ក្តីបារម្ភរបស់សហរដ្ឋអាមេរិក ជុំវិញការសង្ស័យពីវត្តមានកងទ័ពចិន នៅមូលដ្ឋានទ័ពជើងទឹករាម ជារឿងតូចតាច ខណៈសហរដ្ឋអាមេរិក ថាមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា គឺជាចំណុចដែលបង្កហានិភ័យធំ ដល់សន្តិសុខក្នុងតំបន់ទាំងមូល។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ វិច្ឆិកា នេះថា ចម្លើយរបស់លោក ទៀ បាញ់ ជុំវិញកំពង់ផែរាមនេះ នឹងធ្វើឱ្យសម្ពន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក មានការអាក់អន់ស្រពន់ចិត្តកាន់តែខ្លាំងបន្ថែមទៀត ព្រោះថា ការផ្តល់មូលដ្ឋានជើងទឹករាមរបស់ខ្លួន ឱ្យកងទ័ពចិនឈរជើង គឺជាទង្វើរំលោភកិច្ចសហប្រតិបត្តិការយ៉ាងធ្ងន់ធ្ងរ ជាមួយអាមេរិក ក្នុងនាមជាប្រទេស ដែលធ្លាប់ចុះកិច្ចសន្យានានា ជុំវិញមូលដ្ឋានជើងទឹករាម រហូតដល់មានការសាងសង់អគារមួយចំនួននៅទីនោះ នាពេលកន្លងមក។
លោក ម៉ែន ណាត ត្អូញត្អែរថា ទង្វើរបស់មេដឹកនាំកម្ពុជាបែបនេះ គឺបង្ហាញពីសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិទាំងស្រុង ព្រោះថា ការផ្តល់មូលដ្ឋានយោធារបស់ខ្លួន ឱ្យកងទ័ពចិន កាន់កាប់ គឺជាការដុតបញ្ឆេះភ្លើងលើទឹកដីរបស់ខ្លួន បំផ្ទុះសង្គ្រាមក្នុងតំបន់ ដែលគួរឱ្យភ័យព្រួយ ហើយអ្នកដែលទទួលរងគ្រោះពីរឿងនេះ គឺកម្ពុជាខ្លួនឯង ប៉ុណ្ណោះ។
លោកបន្ថែមថា កម្ពុជានឹងជាន់ដានប្រវត្តិសាស្ត្ររបស់ខ្លួន ដូចអំឡុងទសវត្សឆ្នាំ១៩៧០ ដែលបានផ្តល់ទឹកដីរបស់ខ្លួនឱ្យវៀតណាម ជ្រកកោនដូច្នោះដែរ។
អនុប្រធានវេទិកាពលរដ្ឋ រូបនេះ ព្រមានថា បើកម្ពុជា មិនធ្វើឱ្យជាក់ច្បាស់អំពីមូលដ្ឋានជើងទឹករាម អំពីឯករាជភាពរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ កម្ពុជានឹងខាតបង់ផលប្រយោជន៍ជាតិគ្រប់យ៉ាង លើឆាកអន្តរជាតិ ទាំងនយោបាយការទូត ទាំងសេដ្ឋកិច្ច និងមុខមាត់របស់ខ្លួន ក្នុងនាមជារដ្ឋឯករាជ្យមួយ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លោក ទៀ បាញ់ ដែលជារដ្ឋមន្ត្រីការពារជាតិកម្ពុជា បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ជុំវិញការសង្ស័យអំពីវត្តមានកងទ័ពចិន ក្នុងមូលដ្ឋានជើងទឹករាម ថា នៅកម្ពុជាគ្មានកងទ័ពបរទេសទេ ហើយរដ្ឋធម្មនុញ្ញកម្ពុជា ក៏ពុំអនុញ្ញាតឲ្យមានកងទ័ពបរទេសដែរ។
លោក ទៀ បាញ់ បញ្ជាក់ថា ការអភិវឌ្ឍនៅមូលដ្ឋានជើងទឹករាម មិនបង្កការគំរាមកំហែងដល់សន្តិសុខរបស់អ្នកដទៃ នោះឡើយ ដូច្នេះអាមេរិក ក៏មិនគួរខ្វល់ខ្វាយពីរឿងនេះពេកដែរ ព្រោះថា មូលដ្ឋានជើងទឹករាមគ្រាន់តែជាទីតាំងកងទ័ពតូចមួយដែលមានទំហំប៉ុននឹងផែនេសាទ ប៉ុណ្ណោះ។
ក្នុងកិច្ចពិភាក្សាអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូសស្ទីន បានលើកឡើងថា វត្តមានកងទ័ពចិន លើមូលដ្ឋានជើងទឹករាមរបស់កម្ពុជា ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់ផលប្រយោជន៍ សន្តិសុខសហរដ្ឋអាមេរិក និងសន្តិសុខសម្ពន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់។
ទាក់ទិននឹងក្តីបារម្ភនេះ កាលពីដើមខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចវាយកម្ទេចអគារមួយ ក្នុងចំណោមអគារជាច្រើន នៅក្នុងមូលដ្ឋានទ័ពរាម ដែលសាងសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិក កាលពីអំឡុងខែសីហា ឆ្នាំ២០១២ កន្លងទៅ។ បញ្ហានេះ សហរដ្ឋអាមេរិក បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការវាយកម្ទេចអគារ ដែលជានិមិត្តសញ្ញានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ការវាយកម្ទេចអគារ ដែលសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា កម្ពុជាបានចុះហត្ថលេខាសម្ងាត់ជាមួយចិន ដើម្បីអនុញ្ញាតឲ្យយោធាចិន ប្រើប្រាស់មូលដ្ឋានរាម សម្រាប់ធ្វើជាមូលដ្ឋានយោធាជើងទឹករបស់ពួកគេ ប៉ុន្តែបញ្ហានេះ ត្រូវរដ្ឋាភិបាលកម្ពុជាបដិសេធចោលទាំងស្រុង ដោយអះអាងថា គ្រាន់តែដើម្បីកែលំអនូវមូលដ្ឋានជើងទឹករបស់ខ្លួនឡើងវិញប៉ុណ្ណោះ។
កាលពីឆ្នាំ២០១៩ កាសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា កម្ពុជា និងចិនបានចុះហត្ថលេខាជាសម្ងាត់ លើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យចិន មានសិទ្ធិផ្ដាច់មុខ ចូលទៅប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម ក្នុងរយៈពេល ៣០ឆ្នាំ ដោយអាចបន្តឡើងវិញនៅរៀងរាល់ ១០ឆ្នាំម្ដង។
ជុំវិញការសង្ស័យពីវត្តមានកងទ័ពចិន ក្នុងមូលដ្ឋានជើងទឹករាមនេះ ទាំងព្រឹទ្ធសភា ទាំងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីការបរទេស និងទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន សុទ្ធតែព្រួយបារម្ភ និងបានរំឭកកម្ពុជាជានិច្ច ជុំវិញការសង្ស័យអំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានជើងទឹករាមនេះ ប៉ុន្តែខាងភាគីកម្ពុជា តែងបដិសេធរហូត។
គួរបញ្ជាក់ផងដែរថា កម្ពុជាបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក បានធ្វើដំណើរទស្សនកិច្ចខ្លីមួយ នៅកំពង់ផែរាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកភ្លើងខៀវក្រោយមានការទទូចដោយផ្ទាល់ ពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman ក៏ប៉ុន្តែភាគីអាមេរិក បានចាត់ទុកដំណើរទស្សនកិច្ចនោះថា មិនពេញលេញ ដ្បិតខ្លួនមិនអាចដើរមើលគ្រប់កន្លែង ហើយទាមទារការបំពេញទស្សនកិច្ចជាថ្មី។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗថា លោកនឹងបិទចោលលែងឲ្យមានការបំពេញទស្សនកិច្ចណាមួយ នៅកំពង់ផែរាមទៀតឡើយ។ លោកថា កំពង់ផែរាមមិនមែនជាកន្លែងចោរលួចចោរប្លន់ ដែលចង់ឆែកឆេរស្រេចតែចិត្តនោះទេ៕
.