អត្ថបទសារព័ត៌មាន The Cambodia Daily / 31-12-2020
អ្នកតាមដានបញ្ហាសង្គមកម្ពុជា មើលឃើញថា ការលើកឡើងពីការបញ្ចប់សង្រ្គាម ឬនិយាយពីសន្តិភាពរបស់ខ្លួនដដែលៗ ពីសំណាក់លោក ហ៊ុន សែន គឺជាការបន្លំភ្នែកយុវជនជំនាន់ថ្មី មិនឱ្យឃើញពីទិដ្ឋភាពជាក់ស្តែង ដែលមានបញ្ហាយ៉ាងច្រើនតែប៉ុណ្ណោះ។
ប្រធានប្រតិបត្តិនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល សរសេរនៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៩ ខែធ្នូ នេះថា លោក ហ៊ុន សែន លើកទ្បើងនូវសមិទ្ធិផលនៃការបញ្ចប់សង្គ្រាមដដែលៗ ក្នុងគោលបំណងបន្លំភ្នែកយុវជនជំនាន់ថ្មី ប៉ុណ្ណោះ។ លោកបន្តថា ការបន្លំភ្នែកយុវជនជំនាន់ថ្មី គឺដើម្បីកុំឱ្យមជ្ឈដ្ឋាននានា យកចិត្តទុកដាក់ មើលភាពជាក់ស្តែងនៃជីវភាពរស់នៅ របស់ពលរដ្ឋខ្មែរ ជាង ៨ លាននាក់ ដែលកំពុងរស់នៅក្បែរបន្ទាត់ភាពក្រីក្រ។
លើសពីនេះ ការបាត់បង់ធនធានធម្មជាតិ ការបាត់បង់ទឹកដីព្រំដែន អំពើពុករលួយជាប្រព័ន្ធ ជាពិសេសការធ្វើមានធ្វើបានសម្រាប់ក្រុមគ្រួសារខ្លួន និងបក្សពួករបស់ខ្លួន។ លើសនេះទៅទៀត ការបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការបញ្ចេញមតិជាដើម។
លោក ទូច វិបុល យល់ឃើញថា មោទនភាពនៃសន្តិភាពរបស់លោក ហ៊ុន សែន ពេលនេះ «ជាមោទនភាព នៅខ្វះភាពថ្លៃថ្នូរ»។ ការអះអាងនេះ ធ្វើឡើងក្រោយពេលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ នេះ បានប្រកាសពីសមិទ្ធិផល នៃការបញ្ចប់សង្គ្រាមក្រោមស្នាដៃដឹកនាំរបស់លោក និងដោយសារសន្តិភាពនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យកម្ពុជាមានការរីកចម្រើន។ លោកថា ដោយសារសន្តិភាព ពីយុទ្ធសាស្រ្តឈ្នះៗរបស់លោក បានធ្វើឱ្យតំណក់ប្រេងលើកដំបូងនៅកម្ពុជា ត្រូវបានប្រកាសទទួលបាននៅថ្ងៃនេះផងដែរ។
បុរស{លោក ហ៊ុន សែន} ដែលតែងនិយាយថា «ស្អប់សង្រ្គាម» ប៉ុន្តែចូលចិត្តប្រកាសថា «នឹងមានសង្គ្រាមនៅពេលលោកចាញ់ឆ្នោត» បន្តថា ការដែលលោកកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ ជាថ្ងៃកម្ពុជាទទួលបានដំណក់ប្រេងជាលើកដំបូងនោះ ព្រោះវាចំថ្ងៃខួបលើកទី២២ ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។ លោកអះអាងថា ប្រសិនបើគ្មានបញ្ចប់សង្គ្រាម វាក៏គ្មានឯកភាពជាតិ ហើយក៏គ្មានព្រឹត្តិការណ៍ដំណក់ប្រេងលើកដំបូង លើទឹកដីដ៏កម្សត់នេះឡើយ។
នេះមិនមែនជាលើកទី១ ទេ ដែលប្រមុខរដ្ឋាភិបាលរូបនេះ ប្រកាសពីសមិទ្ធផលនៃការបញ្ចប់សង្គ្រាមរបស់លោក ពោលគឺលោកតែងនិយាយជារឿយៗ ពិសេសនៅពេលជិតដល់រដូវកាលបោះឆ្នោត ចូលមកដល់។
ក្រុមសង្គមស៊ីវិលក្នុងស្រុក និងក្រៅស្រុកមួយចំនួន ធ្លាប់លើកឡើងថា កម្ពុជាមិនមានសង្រ្គាមក៏ពិតមែន ប៉ុន្តែនៅមានបញ្ហាជាច្រើន ដែលបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គមជាតិ។ បញ្ហាទាំងនោះ ដូចជាចោរកម្ម គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បញ្ហាសីលធម៌ធ្លាក់ចុះខ្លាំង។ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្រោយស្លាកនៃការអភិវឌ្ឍន៍ ការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ការរំលោភសិទ្ធិមនុស្ស ការបំបិទសិទ្ធិសេរីភាព ជាពិសេសការបំបាត់សំឡេងប្រឆាំង ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ជាដើម។
កាលពីខែកញ្ញា អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា បានធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថា សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរបន្តធ្លាក់ចុះ។ លើសពីនេះ ដំណើរការលទ្ធិប្រជាធិបតេយ្យ ក៏កាន់តែដើរថយក្រោយ ព្រោះអំណាចទាំងស្រុង ត្រូវបានធ្លាក់ទៅក្នុងដៃរបស់គណបក្សប្រជាជនកម្ពុជា ផ្តាច់មុខទាំងស្រុងនាពេលបច្ចុប្បន្ន៕

.
.