អត្ថបទសារព័ត៌មាន The Cambodia Daily
05-5-2021

រដ្ឋាភិបាល​វៀតណាម បាន​បញ្ជូន​យោធា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដើរ​ល្បាត​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ក្រោម​ហេតុផល​ដើម្បី​ការពារ​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់​នៅ​កម្ពុជា ឆ្លង​ដែន​ចូល​ប្រទេស​វៀតណាម​ដោយ​ខុស​ច្បាប់​ ក្នុង​អំឡុង​នៃ​ការ​រីករាល​ដាល​នៃជំងឺ Covid-19 កាល​ពី​ដើម​ខែ​ឧសភា​នេះ។

ការសែត VN Express International របស់​ប្រទេស​វៀតណាម បាន​ចុះ​ផ្សាយ​កាល​ពីថ្ងៃទី​ ៣ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា រដ្ឋា​ភិបាល​​វៀតណាម បាន​បញ្ជូន​យោធា​ជាង ៣០០ នាក់ ទៅ​កាន់​ព្រំដែន​កម្ពុជា កាល​ពី​ថ្ងៃទី​ ១ ខែ​ឧសភា ដើម្បី​ការពារ​ការ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ ក្នុង​ពេល​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ Covid-19។

ប្រភព​ដដែល​អះអាង​ថា នៅ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម មាន​យោធា​វៀតណាម​ដល់​ទៅ ២៥៨​ នាក់​ឯណោះ ដែល​បាន​ដើរ​ល្បាត​តាម​បណ្តោយ​ព្រំដែន ដើម្បី​ការពារ​ពលរដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់។ ជាង​នេះ​ទៀត នៅ​ឯ​ខេត្ត​ប៊ិញភឿក ក៏​មាន​កងទ័ព​វៀត​ណាម​​ជាង ៥០ នាក់​ផង​ដែរ ដែល​បាន​ទៅ​ដល់​ប៉ុស្តិ៍​ការពារ​ព្រំដែន​ដើម្បី​ទប់ស្កាត់ ការ​រត់ពន្ធ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ចម្លង​វីរុស Covid-19។

ការអះអាង​នេះ​ធ្វើឡើង​​បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម បាន​ដាក់​ពង្រាយ​កង​យោធា​របស់​ខ្លួន​ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀត​ណាម ខណៈ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ទាល់​តែ​សោះ។

មាត្រា១ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ឆ្នាំ​១៩៩១ បាន​ចែង​ថា ដើម្បី​ថែ​រក្សា​ការ​ពារ​អធិបតេយ្យភាព ឯករាជភាព និង​បូរណភាព​ទឹកដី​រៀងៗ​ខ្លួន មិន​ត្រូវ​ឲ្យ​មាន​ការ​គំរាម​កំហែង ឬ​ការ​ប្រើ​កំលាំង​ប្រឆាំង​នឹង​បូរណភាព​ដែនដី ឯករាជ្យ​នយោបាយ ​នៃ​រដ្ឋណា​មួយ ឬ​ដោយ​ឥរិយាបថ​ណា​មួយ​ ដែល​មិន​ស្រប​នឹង​គោល​បំណង​របស់​អង្គការ​សហប្រជាជាតិ​ឡើយ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បីលទ្ធិ​ប្រជា​ធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃទី ៤ ឧសភា នេះ​ថា លោក​មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​រដ្ឋាភិបាល​វៀតណាម បាន​បញ្ជូន​កងទ័ព​រាប់រយ​នាក់ ទៅ​ពង្រាយ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ខណៈ​រដ្ឋាភិបាល​កម្ពុជា ហាក់​រក្សា​ភាព​ស្ងៀម​ស្ងាត់ ហើយ​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ក៏​មិន​បាន​ចុះ​ផ្សាយ​ផង​ដែរ​នោះ។

លោក {ម៉ែន ណាត} អះអាងថា ការ​ពង្រាយ​កងទ័ព​របស់​ប្រទេ​សវៀត​ណាម ដោយ​គ្មាន​ការ​ជូន​ដំណឹង​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា បែប​នេះ​ គឺ​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​សន្តិភាព​ជាតិ​របស់​កម្ពុជា​យ៉ាង​ធ្ងន់​ធ្ងរ បើ​ទោះ​បី​ជា​ភាគី​វៀតណាម លើក​ហេតុផល​ថា​ ដើម្បី​ទប់​ស្កាត់​ការឆ្លង​ដែន​ខុសច្បាប់​របស់​ប្រជាជន​ខ្មែរ ឬ​ប្រជាជន​វៀតណាម ដែល​កំពុង​រស់​នៅ​កម្ពុជា យ៉ាង​ណា​ក៏​ដោយ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រូបនេះ រិះគន់​ថា មក​ទល់​នឹង​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​បាន​ជូន​ដំណឹង​ជា​ផ្លូវការ ដល់​ពលរដ្ឋ​របស់​ខ្លួន អំពី​ស្ថានភាព​ដែល​កំពុង​តែ​កើត​ឡើង​ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ឡើយ​ទេ។

លើសពីនេះ ការ​ពង្រាយ​កង​យោធា​របស់​វៀតណាម ក៏​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ ពី​សកម្មភាព​របស់​រដ្ឋាភិបាល​វៀតណាម ដែល​កំពុង​តែ​គំរាម​កំហែង​អធិបតេយ្យភាព​របស់​កម្ពុជា និង​រំលោភ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​ខ្លួន​ក៏​ជាម្ចាស់​ហត្ថលេខី ផង​ដែរ​នោះ។

ក្រុមអ្នកឃ្លាំមើលសង្គម ព្រមាន​ថា កម្ពុជា​នឹង​ត្រូវ​រលាយ​បាត់​ពី​ផែនទី​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​ជាមិន​ខាន​ឡើយ ប្រសិន​បើ កម្ពុជា នៅ​តែ​គ្មាន​ឯកភាព​ជាតិ និង​នៅ​តែ​មិន​អាច​ប្រើ​យន្តការ​អន្តរជាតិ ដើម្បី​កំណត់​ព្រំដែន​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ ជាមួយ​​ភាគី​​វៀតណាម។ បញ្ហានេះ​ កម្ពុជា​មិន​ត្រឹម​តែ​រង​នូវ​វិបត្តិ​ព្រំដែន​ ដែល​ទ្រុឌទ្រោម​ប៉ុណ្ណោះ​ទេ តែថែម​ទាំង​ប្រឈម​នឹង​ការ​បាត់​ប្រទេស​ទាំង​មូល​ថែម​ទៀត។

កម្ពុជា-វៀតណាម មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១២៧០ គីឡូ​ម៉ែត្រ ក្នុង​នោះ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បោះ​បង្គោល​កំណត់​ព្រំដែន​សរុប​ បាន​ចំនួន ៣១៤ បង្គោល ដែល​ស្មើ​នឹង​ ៨៤%  រួច​រាល់​ហើយ ខណៈ ១៦% ទៀត នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ។​

.