បទបង្ហាញរបស់លោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថា«ហេតុអ្វីបានជាយើងប្រឆាំងជំទាស់ ចំពោះរបបលោក ហ៊ុន សែន ដែលយល់ព្រមផ្ដល់ភាពស្របច្បាប់ ដល់យួនខុសច្បាប់នៅកម្ពុជា»?
យួនខុសច្បាប់នៅកម្ពុជា អាចរស់នៅកម្ពុជាបាន ដោយសំអាងលើឯកសារនានា ដែលរបបលោក ហ៊ុន សែន បានធ្វើឡើងជាមួយវៀតណាម នៅមុនឆ្នាំ១៩៩០។ កាលនោះកម្ពុជា ស្ថិតនៅក្រោមការត្រួតត្រារបស់ វៀតណាម ដែលជារដ្ឋាភិបាលខុសច្បាប់ មិនទទួលស្គាល់ពីអង្គការសហប្រជាជាតិ អ.ស.ប (UN)។
ឯកសារទាំងឡាយ ឬកិច្ចព្រមព្រៀងនានា ដែលធ្វើឡើងនៅមុនទសវត្សទី៩០ ត្រូវបានទុកជាមោក្ខភាព ឬលុបចោល ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ប៉ុន្តែរបបលោក ហ៊ុន សែន មិនព្រមលុបចោល ទៅតាមខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។
ក្រុមអ្នកជំនាញច្បាប់ និងសកម្មជនព្រំដែនខ្មែរ ចោទប្រកាន់របបលោក ហ៊ុន សែន ជាហូរហែថា «មិនអាចគេចចេញពីសម្ពាធរបស់វៀតណាម បានទេ រហូតមកទល់សព្វថ្ងៃ» ពីព្រោះពួកថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា (CPP) បានឡើងកាន់អំណាច ដោយសារវៀតណាម លើកបន្តុប តាំងពីឆ្នាំ១៩៧៩។ ម្ល៉ោះហើយ ទោះចង់ឬមិនចង់ ក៏របបលោក ហ៊ុន សែន ត្រូវបន្តអនុវត្តឯកសារខុសច្បាប់នានាពីមុនឆ្នាំ១៩៩០ ដដែល ហើយត្រូវតែយល់ស្របជានិច្ចរាល់ការទាមទារ ឬការស្នើសុំពីភាគីរដ្ឋាភិបាលវៀតណាម។
ក្នុងបទបង្ហាញនេះ លោក ម៉ែន ណាត បញ្ជាក់ថា «យើងនៅតែរក្សាជំហរប្រឆាំងជំទាស់ រាល់ការសម្រេចខុស និងការធ្វើឲ្យខាតបង់ផលប្រយោជន៍កម្ពុជា ដែលធ្វើឡើងដោយរបប ហ៊ុន សែន»។ (មានបទបង្ហាញ ជាវីដេអូរូបភាពខ្លី)។


