បញ្ហាជនអន្តោប្រវេស៍វៀតណាម នៅកម្ពុជា ភាគច្រើនរស់នៅខុសច្បាប់ គឺជា​សេណារីយ៉ូ​របស់​រដ្ឋាភិបាល​វៀតណាម ដែលតម្រូវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុងភ្នំពេញ របស់លោក ហ៊ុន សែន ត្រូវតែ​យកចិត្តទុកដាក់ និង​ធ្វើ​យ៉ាង​ណា ផ្តល់​ភាពស្រប​ច្បាប់​ដល់​ពួកគេ ទៅតាម​អ្វីដែល​លោក ហ៊ុន សែន ធ្លាប់បាន​​សន្យា​ជាមួយ​វៀតណាម។ {សូមអាន​​សារាចរ​ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះ​ហត្ថលេខា​​​ដោយ​​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និង​ជួយ​ការពារពលរដ្ឋ​​វៀតណាម​ នៅ​​កម្ពុជា (សូមទាញយក ឬ Download)}

ករណីនេះ ពលរដ្ឋកម្ពុជា ធ្លាប់បានប្រតិកម្មជំទាស់រដ្ឋរបបលោក ហ៊ុន សែ បានសម្រេចផ្តល់​ដីធ្លី ៤០ ហិកតា ឲ្យ​ជនជាតិ​វៀតំណាម រស់នៅ ក្នុង​ស្រុក​រលាផ្អៀ ខេត្តកំពង់ឆ្នាំង កាល​ពី​ខែវិច្ឆិកា-ធ្នូ ២០១៩។ ក្រុមអ្នកឃ្លាំមើល និង​អង្គការ​​សង្គម​ស៊ីវិល បាន​ដាក់សេចក្តីព្រួយបារម្ភថា «ជាហានីភ័យធ្ងន់ធ្ងរ សម្រាប់កម្ពុជា ទៅថ្ងៃក្រោយ»។ នេះ​មិនទាន់និយាយរឿងព្រំដែន រវាងកម្ពុជា និងវៀតណាមផង ដែលភាគីវៀតណាម តែងបោះបង្គោលព្រំដែន ចូល​មក​ក្នុងបូរណភាព​របស់កម្ពុជា ធ្វើឲ្យ​ពលរដ្ឋខ្មែរ តាមជាយដែន បាត់បង់​ដី​ស្រែ​ចំការ​របស់ខ្លួន​ជាហូរហែរ។
(អត្ថបទបន្ថែមដោយ ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ២០ មករា ២០២០)


(VOD News /លោក វណ្ណ វិចារ /១៨ កក្កដា ២០១៩)
របាយការណ៍​រដ្ឋាភិបាល បង្ហាញ​ថា ​​ជន​បរទេស​ដល់​ទៅ​ជាង ១៨​ ម៉ឺន​នាក់ ​រស់​នៅដោយ​ខុស​ច្បាប់​ នៅ​ក្នុង​ប្រទេស​​កម្ពុជា ប៉ុន្តែ​ភាគ​ច្រើន​លើស​លុប គឺ​ជា​ជន​អន្តោ​ប្រវេសន៍​​ជន​ជាតិ​វៀតណាម។

​របាយការណ៍​​ដក​ហូត​ឯកសារ​មិន​ប្រក្រតី​ កាន់​កាប់​ដោយ​​ជន​បរទេស ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​​នេះ បង្ហាញ​​ថា សព្វថ្ងៃ​នេះ ជនអន្តោ​ប្រវេសន៍​​​ ១១ ​សញ្ជាតិ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន វៀតណាម ថៃ ឡាវ ចិន ភូមា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដែស តង់ហ្សានី និងអាឡឺម៉ង់។

ផ្អែកតាមរបាយការណ៍នេះ ជន​អន្តោ​ប្រវេសន៍​វៀតណាម ដែល​រស់នៅកម្ពុជា មាន​ចំនួន​ដល់​ទៅ ៩៩ ​ភាគរយ ឬ​ស្មើ​​នឹង ១៨ ​ម៉ឺន​នាក់ (១៨២,២៤២​នាក់) ឬ​ក៏​​ស្មើ​នឹង​ជិត ៥ ​ម៉ឺន​គ្រួសារ (៤៩,២៦៦​គ្រួសារ)។

ទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា ចំនួនជនអន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា មាន​ចំនួន​តែ​ជាង ៩ ម៉ឺន​នាក់​ប៉ុណ្ណោះ។

លោក ស ខេង អះអាង​បែប​នេះ ដោយ​សំអាង​ថា នៅពេលធ្វើជំរឿនរាប់រួច គឺមានជនជាតិវៀតណាម ៥ ម៉ឺននាក់ ត្រឡប់ទៅប្រទេសវៀតណាមវិញ ដោយមិនដឹងមូលហេតុ ខណៈ​ខ្លះទៀត​ត្រូវបាន​ស្រង់តួលេខជាន់គ្នា និង​សល់​មួយចំនួនទៀតជាប់ពន្ធនាគារ និងចំណាកស្រុក ទៅប្រទេសទី៣។ លោកអះអាងថា ចំនួនជនជាតិវៀតណាម ចូល​មករស់នៅកម្ពុជាខុសច្បាប់ មកពីកត្តាជាច្រើន រាប់តាំងពីភូមិសាស្ត្រ រហូត​ដល់​ភាពអសកម្ម​របស់​អាជ្ញាធរ​ខ្លួន​ឯង​តែម្តង។

លោក ស ខេង ថ្លែង​ថា៖ «អ្នកឃោសនាដើម្បីនយោបាយរបស់ គណបក្ស​នយោបាយ​នោះ យើង​ប្រៀប​ធៀប​ទៅ វាខុសគ្នាយ៉ាងម៉េច? មួយលាន​ពីរ​លាន​នោះ រកវា​មិន​ឃើញ ទៅ​រកនៅ​ឯណា? នេះ​យើង​​រក​​ទៅ​​ឃើញ​​តែ​ប៉ុណ្ណឹង នេះមិនដល់ ១០ ម៉ឺនផង។ តាមរយៈ​ការចងក្រង​ទិន្នន័យ​ បាន​ត្រឹមត្រូវ​ច្បាស់លាស់​ជាផ្លូវការ ដែល​​នេះ​ឧបករណ៍ សម្រាប់​ជំនាញ​​ប្រើប្រាស់ សម្រាប់​គ្រប់គ្រង​ជនអន្តោ​ប្រវេសន៍ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន បើ​​មិន​ដូច្នេះ​​ទេ វាដូចវែកចក»

កន្លងទៅ តួលេខជនអន្តោប្រវេសន៍​នៅកម្ពុជានេះ តែងក្លាយ​ជា​ប្រធានបទ​ក្ដៅ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នកនយោបាយ​កម្ពុជា។ លោក សម រង្ស៊ី ធ្លាប់​អះ​អាង​ថា ជនជាតិ​វៀតណាម ប្រមាណជិត ១ លាននាក់ កំពុង​រស់នៅ​កម្ពុជា តែលោក មិនធ្លាប់បង្ហាញពីរបាយការណ៍សិក្សាស្រាវជ្រាវណាមួយជាក់​លាក់​នោះ​ឡើយ។

អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា មហាជន​អាច​មាន​មន្ទិល​ខ្លះៗ លើ​ចំនួន​តួលេខ ដែល​បង្ហាញ​ស្ថិតិ​ជនអន្តោ​ប្រវេសន៍ ​នៅ​កម្ពុជា។ លោកថា ដើម្បី​ឱ្យ​មហាជន​មាន​ជំនឿ លុះត្រាណា​​តែ​​មាន​​ការ​សិក្សា​​ស្រាវជ្រាវ​ច្បាស់​លាស់ ចងក្រង​ទិន្នន័យ​ផ្អែក​​លើ​ភាពពិត​ជាក់ស្តែង ម្យ៉ាងទៀត អ្នកចងក្រង​​ទិន្នន័យ​​ទាំង​នោះ ក៏ត្រូវ​​ជា​ក្រុម​​ដែល​គួរឱ្យទុកចិត្ត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា៖ «អាចជួលក្រុមណាមួយឯករាជ្យ ហើយយើងមូលមាត់គ្នា​លើ​សំណួរ​អីអ៊ីចឹងទៅ ហើយឱ្យគេធ្វើទៅ។ គេ​មាន​បទពិសោធន៍​​ មាន​អីអ៊ីចឹង​ អាចមាន​បរទេស​ធ្វើទៅ។ ទិន្នន័យ​អីៗ​ហ្នឹងណា អាហ្នឹង គឺតំណាងការពិត។ បើមិនឈរ​លើ​មូលដ្ឋាន​ការ​ពិតទេ យើង​ពិបាក​ធ្វើការ​សម្រេច។ អ៊ីចឹង ​បាន​គេ​​ប្រយ័ត្នប្រយែងណាស់ ហើយ​សីលធម៌​មួយ នៃ​សង្គម​ជឿន​លឿន គឺការពិត»

របាយការណ៍លទ្ធផលការងារ ដកហូតឯកសារ​មិន​ប្រក្រតី ដែល​ជន​បរទេស​កាន់​កាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​ដឹង​​ថា សមត្ថកិច្ច​បាន​ដក​ហូត​ឯកសារ​រដ្ឋបាល ​មិន​ប្រក្រតី​​ពី​​ជនបរទេស​ជាង ៣ ម៉ឺន ៧​ ពាន់ច្បាប់ ដែល​រួមមាន សៀវភៅ​ស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិត​ឆ្លងដែន សំបុត្រកំណើត សេចក្ដីចម្លងសំបុត្រកំណើត សំបុត្រអាពាហ៍​ពិពាហ៍។ ឯកសារទាំងនោះ កាន់កាប់ដោយជនបរទេស​ ចំនួន ២០,០៩៣ ​គ្រួសារ ឬ​ស្មើ​នឹង​មនុស្ស ៦៩,៨៨៤ នាក់។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធិ បញ្ជាក់ថា មន្ត្រីដែលឃុប​ឃិត​ផ្ដល់ឯកសារ ឱ្យ​ជនបរទេសទាំងនេះ មិនត្រូវបានផ្តន្ទាទោសព្រហ្មទណ្ឌឡើយ ប៉ុន្តែ ត្រូវបាន​ដាក់​ពិន័យរដ្ឋបាល​រួច​រាល់​ហើយ។ លោកបញ្ជាក់ថា កម្ពុជាបានសម្រេចផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនបរទេស ៨ ម៉ឺន ៨ ពាន់ ១១២ នាក់ ដែល​​ភាគ​ច្រើន​​លើស​លប់ ​ផ្ដល់​ទៅ​ឲ្យ​ជន​ជាតិវៀតណាម​ចំនួន ៨៧,៧៩៧ នាក់។

ក្រសួងមហាផ្ទៃ បាន​​បញ្ឈប់​ការទទួល​ពាក្យ​ស្នើសុំ​ជា​ជនបរទេស​អន្តោ​ប្រវេសន៍ និង​ផ្ដល់​ប័ណ្ណ​​ស្នាក់​នៅ​អចិន្ត្រៃយ៍​ ​ចាប់​ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០១៩តទៅ។

មិនតែប៉ុណ្ណោះ ក្រសួងមហាផ្ទៃ ក៏​បាន​ចេញ​សេចក្ដី​ណែនាំ​មួយ ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចេញ​លិខិត​រដ្ឋបាល និង​​លិខិត​​​អត្រានុកូលដ្ឋាន​ឱ្យ​ជន​ដែល​មាន​ប្ដី ឬ​ប្រពន្ធជា​ខ្មែរ កូន និង​ជនបរទេសអន្តោប្រវេសនន៍។ សេចក្ដី​ណែនាំ​នោះ ធ្វើឡើងដើម្បីបើកផ្លូវឱ្យជនទាំងនោះ មានឯកសាររដ្ឋបាលនានា ដូចប្រជាពលរដ្ឋខ្មែរដែរ គ្រាន់តែ​ខុសគ្នា​ត្រង់​បញ្ជាក់សញ្ជាតិ និងជនជាតិ៕

.