ខណៈពេលប្រទេសចិន រំលោភ​ព្រំដែន​សមុទ្រ​របស់​វៀតណាម ក្នុង​ជម្លោះ​ដែន​កោះ ស្ប្រាតលី (Spratly) និង​ប៉ារ៉ាសែល (Paracel) នៅ​ឈូង​សមុទ្រ​​ចិ​ន​ខាង​​ត្បូង កម្ពុជា របស់​លោក ហ៊ុន សែន ដែល​មាន​ស្វាមី​ភក្តិ​ទាំង​វៀតណាម និង​ទាំងចិន នោះ មិន​ទាន់​បញ្ចេញ​យោបល់​ជុំវិញ​ជម្លោះ​នេះ​ទេ។

ប្រទេសចិន ចាប់​តាំងពីថ្ងៃទី ០១ ខែ​មេសា ឆ្នាំ ២០២០ បាន​វាទី​អំណាច​យោធា ចូល​គ្រប់​គ្រង​ដែន​កោះមួយ​ចំនួន ដែល​សំបូរ​ធនធាន​រ៉ែ​ធម្មជាតិ នៅ​ឈូង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង ដោយ​បាន​បំពាន​ច្បាប់​អន្តរជាតិ រំលោភ​ចូល​ព្រំដែន​អធិបតេយ្យភាព​របស់ វៀតណាម ហ្វ៊ីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និង តៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Thi Thu Hang កាល​ពីថ្ងៃទី ១៩ ខែ​មេសា ទទូច​ទាម​ទារ​ឲ្យ​ប្រទេស​ចិន «គោរព​ដែន​អធិបតេយ្យភាព​របស់​វៀតណាម និង​កែប្រែ​សេចក្តី​សម្រេច​ចិត្ត​ខុសរបស់​ខ្លួន»។ នេះ​បើ​តាម​ការ​ចុះផ្សាយ​​របស់​សារព័ត៌មាន អេប៊ីស៊ី (ABC) អូស្រ្តាលី។ រឿង​ទំនាស់​ដែន​សមុទ្រនេះ ផ្ទុះ​ឡើង​ជា​ថ្មី ចាប់​តាំង​ពីនាវា​យោធា ចិន បុក​​ពន្លិច​​ទូក​នេសាទ​របស់​វៀតណាម កាលពី​ថ្ងៃទី ០៣ មេសា មក​ម្ល៉េះ ខណៈ​​ពេល​ពិភពលោក កំពុង​ជួប​វិបត្តិ​ នៃ​ការរីក​រាល​ដាល​មេរោគ​កូរ៉ូណា ឬ​កូវីដ១៩។

ឆ្លើយតបនឹងវៀតណាម ភ្លាមៗនោះ អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​​ចិន លោក Geng Shuang កាល​ពីថ្ងៃទី ​២០ ខែ​មេសា ថ្លែង​ក្នុង​​សន្និសីទ​​សារព័ត៌មាន​ថា «ចិន ​ជំទាស់​ដាច់​អហង្កា ចំពោះ​​ប្រទេស​វៀតណាម ដែល​​ធ្វើ​​ឲ្យ​​ប៉ះពាល់​​ដែន​​អធិបតេយ្យ សិទ្ធិ និង​​ផលប្រយោជន៍​​​របស់​ចិន នៅ​​ឈូង​​សមុទ្រ​​​ចិន​​​ខាង​ត្បូង»។ លោក Geng Shuang បន្ត​ថា «ចិន នឹង​​ចាត់​វិធានការ​​ទាំងអស់ ដើម្បី​​ការពារ​​ដែន​​អធិបតេយ្យ សិទ្ធិ និង​ផលប្រយោជន៍​​របស់​ខ្លួន​»

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដែល​មានចំណង​មិត្តភាព​យ៉ាងជិត​ស្និទ្ធ ទាំង​ចិន និង​វៀតណាម​ មិន​​ទាន់​​មាន​​យោបល់​​លើក​​ឡើង​​ជា​ថ្មី​ណាមួយ ជុំវិញ​ជម្លោះ​ព្រំដែន​អធិបតេយ្យភាព ក្នុង​ឈូង​សមុទ្រ​ចិន រវាង​វៀតណាម និង​ចិន នៅ​ឡើយ​ទេ នៅ​ពេល​នេះ។ ចិន និង វៀតណាម សុទ្ធ​តែ​ជាប្រទេស​ដែលមានគុណសម្បត្តិ​ទៅ​លើ​របប លោក ហ៊ុន សែន និង​​ជួយ​លោក ហ៊ុន សែន ក្នុង​ការ​កាន់​អំណាច​យូរ​អង្វែង នៅកម្ពុជា។

គួររំលឹកថា កន្លងទៅ លោក ហ៊ុន សែន មេដឹកនាំ​កម្ពុជា តែង​តែ​គាំទ្រ​ជំហរ​ចិន ហើយ​​ប្រើ​សិទ្ធិ​​បោះ​​ឆ្នោត​​វេតូ ទៅ​លើ​សេចក្តី​ថ្លែងការណ៍ និង​សេចក្តី​សម្រេច​នានា ក្នុង​កិច្ច​ប្រជុំ​កំពូល​​​របស់​​សមាគម​អាស៊ាន (ASEAN) រួម​ទាំង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ផង ដែល​​​ពាក់ព័ន្ធ​ប្រធាន​បទ «កាដោះ​ស្រាយ​វិបត្តិ ​ដែន​កោះ នៅ​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង»

ក្នុង​រឿង​ជម្លោះ​ប្រជុំកោះ នៅ​ឈូងសមុទ្រចិន ដ៏​​រ៉ាំរ៉ាយ​នេះ នា​វាស៊ើប​អង្កេត​​របស់​រដ្ឋាភិបាល​ ចិន បាន​ប៉ះទង្គិច​ជាមួយ​កប៉ាល់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​របស់​ ម៉ាឡេស៊ី កាល​​ពីសប្តាហ៍​មុន ដែល​ធ្វើ​ឲ្យ​ប្រទេស​​ម៉ាឡេស៊ី មាន​ប្រតិកម្ម យ៉ាង​ខ្លាំង។ នេះ​បើ​តាម​កាសែត​រយទ័រ (Reuters) ចុះ​ផ្សាយ​កាលពីថ្ងៃ ១៧ មេសា។

មកទល់ពេលនេះ នាវាចម្បាំង​របស់​សហរដ្ឋអាមេរិក ក៏បានទៅ​កាន​តំបន់​មាន​ជម្លោះ​​ហើយ នៅក្នុង​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើតាម​កាសែត​អាមេរិក ឌី ញូយកថែមស៍ (The New York Times) ចុះផ្សាយ​នៅ​ថ្ងៃទី ២១ ខែ​មេសា។

(អត្ថបទដោយលោក ម៉ែន ណាត / ២២ មេសា ២០២០)

China disputes with Vietnam on Sea Border

.