
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានកាត់ឆ្វៀដីសម្បទានបម្រុងរបស់រដ្ឋ ៤០ ហិកតា ជូនជនអន្តោប្រវេសន៍ វៀតណាម ប្រមាណ ៤៥៦៣ គ្រួសារ ដែលរស់នៅលើផ្ទៃទឹកទន្លេសាប ឲ្យធ្វើបម្លាស់ទី ទៅរស់នៅលើគោក ស្ថិតនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនាំឲ្យមានប្រតិកម្មយ៉ាងខ្លំាង ពីពលរដ្ឋខ្មែរគ្រប់ទិសទី។ ក្រោយមក អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានឆ្លើយថា ក្នុងអ្នកបម្លាស់ទីជាង ៤០០០ គ្រួសារនោះ មិនមែនមានតែជនជាតិវៀតណាមសុទ្ធសាធទេ គឺមានទាំង ពលរដ្ឋខ្មែរ និង ខ្មែរអ៊ីស្លាមផង។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានលោក រ៉ុង ឈុន ជាតំណាង បានទទូចឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន លុបចោលគម្រោងផ្តល់ដី ដល់ជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា ដែលភាគច្រើនលើសលប់ គឺជាជនន្តោប្រវេស៍ខុសច្បាប់។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កាលពីថ្ងៃទី ០២ ធ្នូ ២០១៩ បញ្ជាក់ថា «ចំពោះជនអន្តោប្រវេសន៍ ដែលរស់នៅខុសច្បាប់ ត្រូវបញ្ជូនទៅប្រទេសដើមរបស់ខ្លួនវិញ។ រាជរដ្ឋាភិបាល មិនត្រូវផ្តល់ដីធ្លីដល់ជនអន្តោប្រវេសន៍វៀតណាមណាម្នាក់ ធ្វើជាលំនៅឋានជាដាច់ខាត។ សម្រាប់ជនអន្តោប្រវេសន៍ ទទួលបានសញ្ជាតិខ្មែររួចហើយ ពួកគេត្រូវតែរកលទ្ធភាពទិញ ឬជួលផ្ទះ សម្រាប់ស្នាក់នៅដោយខ្លួនឯង»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី នៃរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា «រាជរដ្ឋាភិបាល មានគម្រោងផ្តល់លំនៅឋាន ជូនជនជាតិវៀតណាម នៅខេត្តផ្សេងៗ ដូចគ្នានៅខេត្តកំពង់ឆ្នាំងដែរ»។
ជុំវិញការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន រឹតតែធ្វើឲ្យផ្ទុះប្រតិកម្មខ្លាំងឡើង ក្នុងចំណោមក្រុមបញ្ញវន្ត និងអ្នកប្រឆាំងនានា រហូតដល់ចុង ខែធ្នូ ឆ្នាំ ២០១៩ ដោយចោទប្រកាន់ត្រង់ៗថា របបលោក ហ៊ុន សែន បន្តអនុវត្តសន្ធិសញ្ញា និងឯកសារខុសច្បាប់ មុនទសវត្សរ៍ទី៩០ ដូចជា {សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ (Download) និង សារាចរណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (Download)} ដែលកាលនោះ កម្ពុជា ស្ថិតនៅក្រោមការត្រួតត្រាខុសច្បាប់ ពីសំណាក់កងទ័ពវៀតណាម។
(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ២០ ធ្នូ ២០១៩)
ខាងក្រោមជាអត្ថបទភ្ជាប់ ជុំវិញភាគីវៀតណាម ស្នើឲ្យដឹកនាំកម្ពុជា ជួយការពារជនជាតិរបស់ខ្លួន នៅកម្ពុជា៖
វៀតណាម ស្នើឲ្យយកចិត្តទុកដាក់ពលរដ្ឋខ្លួន ខណៈកម្ពុជា ជំរុញឲ្យសហការបន្ថែមលើសន្តិសុខ
(Phnom Penh Post / ដោយ ខន សាវី / ៣០ ឧសភា ២០១៩)
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់វៀតណាម ស្នើដល់រដ្ឋាភិបាលកម្ពុជា ឱ្យយកចិត្តទុកដាក់បន្ថែមទៀត អំពីសុខទុក្ខរបស់ពលរដ្ឋខ្លួន ដែលត្រូវបានជម្លៀសចេញពីទន្លេសាប ទៅរស់នៅលើដីគោក ដោយសន្យាថានឹងផ្ដល់កិច្ចសហការគ្នា ដើម្បីជួយទៅដល់ពលរដ្ឋទាំងនោះបន្ថែមទៀត ខណៈកម្ពុជា ក៏បានជំរុញឲ្យមានកិច្ចសហការបន្ថែមទៀត រវាងប្រទេសទាំង ២ លើបញ្ហាសន្តិសុខ ការពារជាតិ និងប្រយុទ្ធប្រឆាំងភេរវកម្ម ។
លោកស្រី ង្វៀន ធីគីមងិន ប្រធានរដ្ឋសភាវៀតណាម បានស្នើរដ្ឋាភិបាលកម្ពុជា ឱ្យយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានាដល់ការរស់នៅរបស់ពលរដ្ឋវៀតណាម ដែលត្រូវបានផ្លាស់ទីចេញពីទន្លេសាប ទៅរស់នៅលើដីគោក។ ការស្នើសុំនេះ បានធ្វើឡើងនៅពេលលោកស្រី បានជួបពិភាក្សាជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលបានទៅបំពេញទស្សនកិច្ច នៅវៀតណាមចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៨-៣០ ខែ ឧសភា ឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មានវៀតណាម នៅថ្ងៃទី ២៨ ឧសភា។
សារព័ត៌មាននេះ ចុះផ្សាយជាភាសាអង់គ្លេសថា «ពាក់ព័ន្ធនឹងការផ្លាស់ទីពលរដ្ឋវៀតណាម នៅបឹងទន្លេសាប លោកស្រី ង្វៀន បានស្នើភាគីកម្ពុជា យកចិត្តទុកដាក់ ដើម្បីធានាអំពីការរស់នៅ ផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលត្រូវបានផ្លាស់ទីទាំងនេះ។ លោកស្រីអះអាងថា វៀតណាមនឹងសហការជាមួយកម្ពុជា ដើម្បីផ្ដល់ការគាំទ្រដល់ពលរដ្ឋទាំងនេះ ឱ្យទទួលបានការរស់នៅមានស្ថិរភាពឆាប់ៗនេះ»។
មន្ត្រីជាន់ខ្ពស់វៀតណាមរូបនេះ ក៏បានគាំទ្រយ៉ាងខ្លាំងចំពោះការសម្របសម្រួលដ៏ដិតដល់របស់កម្ពុជាក្នុង ការផ្ដល់ឯកសារស្របច្បាប់ ដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេស កម្ពុជា និងបានទទួលបន្ថែម ទៀតដល់អ្នកពាក់ព័ន្ធក្នុងការដាក់ឱ្យអនុវត្តនូវបទប្បញ្ញត្តិច្បាស់លាស់ស្ដីពីសិទ្ធិ និងកាតព្វកិច្ចសម្រាប់ជនជាតិវៀតណាម ដែលកំពុងកាន់កាតសម្រាប់ចុះឈ្មោះជាជនបរទេស។
កាលពីឆ្នាំ ២០១៨ ពលរដ្ឋជាង ៤ ពាន់គ្រួសារ ក្នុងនោះមានជនជាតិវៀតណាមប្រហែល ១ ៨៦០ គ្រួសារដែលរស់នៅលើភូមិបណ្ដែតទឹក បឹងទន្លេសាប ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចជម្លៀសឱ្យទៅនៅលើដីគោក។ ព្រោះមើលឃើញថា ការរស់នៅលើទឹកទន្លេបែបនេះ គឺជាការខុសច្បាប់និងបានធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវចម្រុះនៅក្នុងទន្លេ។
ប៉ុន្តែមកដល់ពេលនេះ នៅមានពលរដ្ឋវៀតណាមប្រហែលជាង ៧០០ គ្រួសារទៀត ដែលពុំទាន់រុះរើទីតាំងរស់នៅ ចេញពីទន្លេសាបនៅឡើយ ដោយសារពួកគេកំពុងជាប់ចិញ្ចឹមត្រីក្នុងបែនៅក្រោមផ្ទះលើទឹក ហើយត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ទុកពេលឱ្យរុះរើចេញរហូតដល់ខែកក្កដា ឆ្នាំ ២០១៩ នេះ។
ជុំវិញការស្នើសុំពីមន្ត្រីជាន់ខ្ពស់វៀតណាមនេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អះអាងថា ពលរដ្ឋវៀតណាម ដែលត្រូវផ្លាស់ទីទៅរស់នៅលើដីគោក ចេញពីទន្លេសាប ទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរដូចគ្នាទៅនឹងពលរដ្ឋខ្មែរដែរ ដូចជាការជួយសាងសង់ឱ្យមានផ្លូវ ភ្លើង ទឹកស្អាត សាលារៀន និងមន្ទីរពេទ្យជាដើម។
លោកបានបន្តថា៖ «សន្ដិសុខ សុវត្ថិភាព ហើយមុខរបររបស់គាត់ គាត់ត្រូវធ្វើមុខរបរអីយ៉ាងម៉េចៗ ដូចគ្នាប្រជាជនផ្សេងៗទៀតដែរណា៎»។
ទោះយ៉ាងណា បើតាមសារព័ត៌មានវៀតណាមដដែលនេះ ក្នុងដំណើរបំពេញទស្សនកិច្ចដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់វៀតណាម ទាំងជួបជាមួយលោកស្រី ង្វៀន ធីគីមងិន និងលោក Tran Quoc Voung អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម គឺលោក ហេង សំរិន បានគូសបញ្ជាក់អំពីការគាំទ្រដ៏ខ្លាំងរបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំង ២ ឱ្យបាន ៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ស្របពេលកាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មនេះ បានឈានដល់ ៤,៧ ពាន់លានដុល្លារ។
លោក ហេង សំរិន ក៏បានលើកឡើងអំពីការជំរុញឱ្យមានកិច្ចសហការល្អបន្ថែមទៀត រវាងប្រទេសទាំង ២ លើបញ្ហាសន្ដិសុខ ការពារជាតិប្រយុទ្ធប្រឆាំងភេរវកម្ម ការចែករំលែកព័ត៌មាន និងការឈានទៅបោះបង្គោលព្រំដែនដោយសន្ដិភាព និងភាតរភាព និងការបង្ហាញអំពីការអរគុណវៀតណាមម្ដងទៀត ដែលបានជួយកម្ពុជាគ្រប់កាលៈទេសៈ រួមទាំងការជួយរំដោះចេញពីសម័យប៉ុលពត និងជួយឱ្យកម្ពុជា មានការអភិវឌ្ឍដូចសព្វថ្ងៃ។
លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ខេត្តកំពង់ឆ្នាំងយល់ថា ការស្នើរបស់វៀតណាមឱ្យកម្ពុជា យកចិត្តទុកដាក់អំពីការរស់នៅរបស់ពលរដ្ឋវៀតណាមនេះ គឺជាកាតព្វកិច្ចរបស់ប្រទេសនីមួយៗ ក្នុងការស្វែងរកកិច្ចការពារចំពោះពលរដ្ឋ ហើយកម្ពុជាក៏គួរតែស្នើភាគីវៀតណាមដូចគ្នាដែរ ដើម្បីឱ្យមានការយកចិត្តទុកដាក់ពលរដ្ឋកម្ពុជា ដែលចេញទៅធ្វើការងារក្នុងប្រទេសវៀតណាម រួមទាំងពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលគេតែងដឹងថា ត្រូវបានអាជ្ញាធរវៀតណាម កំពុងរឹតត្បិតសិទ្ធិសេរីភាព។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលក៏ត្រូវមានកាតព្វកិច្ចស្នើសុំឱ្យរដ្ឋាភិបាលវៀតណាម ជួយការពារដូចគ្នាដែរ។ ការស្នើសុំរបស់វៀតណាមនេះ មិនមែនជារឿងចម្លែកអីទេ គឺជាកាតព្វកិច្ចរបស់រដ្ឋក្នុងការការពារប្រជាពលរដ្ឋគេ។ ទោះបីទៅដល់ណាក៏ដោយ រដ្ឋាភិបាលត្រូវតាមឃ្លាំមើលថែដែរ»។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយតបថា កម្ពុជាក្រោមមានអង្គការរបស់ខ្លួន ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ក្នុងការទាមទារសិទ្ធិរស់នៅ និងសិទ្ធិផ្សេងៗទៀត។
លោកថា៖ «យើងមិនមានលទ្ធភាពណា ឬក៏កាតព្វកិច្ចណាទៅលូកលាន់ផ្ទៃក្នុងវៀតណាមរឿងកម្ពុជាក្រោមនោះទេ។ ព្រោះកម្ពុជាក្រោម ដូចដឹងហើយថា បារាំង បានកាត់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម តាំងពីយូរមកហើយ»។
ថ្ងៃទី ៣០ នេះ លោក ហេង សំរិន បានចេញពីវៀតណាម ដើម្បីបន្តទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដែលចាប់ផ្ដើមពីថ្ងៃទី ៣០ ឧសភា ដល់ថ្ងៃទី ១ មិថុនា៕
ហេតុអ្វីបានជាវៀតណាមជាច្រើនបានចូលមកកម្ពុជា? ហើយអ្នកណាជាបុរសតូចដែលអង្គុយនៅកៅអីនោះ (ខ្ញុំថ្មីនៅទីនេះ) តើឈ្មោះរបស់គាត់ជាអ្វី? តើគាត់ធ្វើការឱ្យកម្ពុជាឬវៀតណាម?
Why so many Vietnam have moved into Cambodia? and who is the little guy who sits in that chair(I’m new here), what is his name? does he work for Cambodia or Vietnam?