អត្ថបទ The Cambodia Daily
16-6-2021

ទឹកដី​កម្ពុជា និង​​ពលរដ្ឋ​​ខ្មែរ​​ មាន​​ប្រវត្តិ​​ជូរចត់​​ដោយ​សារ​​ការ​​រំលោភ​បំពាន​​ពី​បរទេស​​ជិត​ខាង​​ជាច្រើន​​សម័យ​កាល ជា​ពិសេស​​ប្រទេស​​វៀតណាម តាំង​ពី​ដូនតា រហូត​​មក​​ដល់​​ពេល​​បច្ចុប្បន្ន​​នេះ ពួក​គេ​​បាន​​ឈ្លាន​ពាន​​កម្ពុជា​​គ្រប់​​រូបភាព បើ​​ទោះ​បី​ជា​សកម្មភាព​​ទាំង​នោះ​​ត្រូវ​​គេ​​មើល​ឃើញ​​ថា​ ​ជា​​ការ​​ធ្វើ​​ទំនាក់ទំនង​ការទូត ការ​​ជួយ​ឧបត្ថម្ភ ឬ​​ការ​​ចង​សម្ព័ន្ធមិត្ត​យ៉ាងណា​ក៏ដោយ គឺ​​គ្រាន់តែ​​ជា​ការ​លាក់​​មហិច្ឆតា​ដើម្បី​ទន្ទ្រាន និង​រំលោភ​ទឹកដី​របស់​ខ្មែរ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​​រិះគន់​ថា ក្រោយ​ពេល​លោក ហ៊ុន សែន ត្រូវ​​បាន​​រដ្ឋាភិបាល​​វៀតណាម លើក​​បន្តុប​​ជា​​នាយករដ្ឋមន្ត្រី​​ខ្មែរ ​នៅ​ឆ្នាំ​​១៩៨៥ ក្រោយ​​មក​​កម្ពុជា​ ​បាន​​ផុង​​ខ្លួន​​បន្តិច​ម្តងៗ ​ចូល​ក្នុង​ការ​គ្រប់គ្រង​របស់​​វៀតណាម ទាំង​​វិស័យ​​នយោបាយ និង​​យោធា ដែល​​ធ្វើ​ឲ្យ​កម្ពុជា ​បាត់បង់​អធិបតេយ្យភាព​របស់​​ខ្លួន​​យ៉ាង​​ធ្ងន់ធ្ងរ ជាពិសេស​​លើ​​ឆាក​​អន្តរជាតិ​​តែ​ម្តង។

បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា យល់ព្រម​​ចុះហត្ថលេខា​​លើ​ កិច្ច​ព្រម​ព្រៀង និង​​សន្ធិសញ្ញា​​ខុស​ច្បាប់​​គ្រប់​​បែប​យ៉ាង​​ជាមួយ​​រដ្ឋាភិបាល​​វៀតណាម ដែល​​សុទ្ធសឹង​តែ​​ជា​កិច្ចព្រមព្រៀង និង​​សន្ធិសញ្ញា​ ​ដែល​​ជា​​ការ​​កាត់​​ទឹកដី​​ឲ្យ​​បរទេស​​មួយ​នេះ ក្នុង​នោះ​​រួម​មាន ​កិច្ចព្រមព្រៀង​​ស្ដីពី​ព្រំដែន​​ទឹក ​ឆ្នាំ​​១៩៨២ សារាចរ​​អនុញ្ញាត​​ឲ្យ​​ជនជាតិ​​វៀតណាម អាច​ចូល​កម្ពុជា ទាំង​ខុស​ច្បាប់​​អន្តោប្រវេសន៍​​របស់​ខ្លួន ​កាល​ពី​ឆ្នាំ​​១៩៨៦ កិច្ចព្រមព្រៀង​​ស្ដីពី​លក្ខន្តិកៈ​​ព្រំដែន​​ឆ្នាំ​​១៩៨៣ និង​​សន្ធិសញ្ញា​​កំណត់​​ព្រំដែន​រដ្ឋ​​ឆ្នាំ​​១៩៨៥ ជាដើម។

ក្រោម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ទាំងនេះ ប្រទេស​វៀតណាម ​បាន​កាត់​ឆ្វៀល​​យក​​ទឹកដី​ខ្មែរ​​ជាច្រើន​​អន្លើ ក្នុង​​នោះ​​មាន​កោះ​ត្រល់ ចង្កោម​​កោះ​ក្រចកសេះ និង​​គ្រប់គ្រង​​ដែន​អាកាស ព្រមទាំង​​ដាក់​​ផ្ទៃ​​សមុទ្រ​ទំហំ ១​​ម៉ឺន​​គីឡូម៉ែ​ត្រក្រឡា​ ដែល​​ជា​កម្មសិទ្ធិ​​របស់​​កម្ពុជា ឲ្យ​ទៅ​​ជា​​ដែន​ទឹក​​រួម​គ្នា ​ជាមួយ​​វៀតណាម ថែម​ទៀត។

យ៉ាងណាក៏ដោយ នៅ​អំឡុង​ឆ្នាំ​​២០២០ កន្លង​ទៅ​នេះ រដ្ឋាភិបាល​​លោក ហ៊ុន សែន ហាក់​​បង្ហាញ​​ជំហរ​​ងាក​​ទៅ​​រក​​មហា​​អំណាច​​ចិន ដើម្បី​​ជា​​ខ្នង​​បង្អែក​​ក្នុង​​ការ​​ការពារ​​អំណាច​​របស់​​ខ្លួន ក៏​​ប្រហែល​ជា​​ដើម្បី​​រក្សា​​អធិបតេយ្យ​​របស់​​កម្ពុជា​​ផង​​ដែរ។

ក្នុង​នោះ​រដ្ឋាភិបាល​​ចិន បាន​​បង្ហាញ​​ពី​ការ​រឹតចំណង​​ការទូត​ ​ជាមួយ​​កម្ពុជា​​យ៉ាង​​ខ្លាំង ស្រប​​ពេល​​ដែល​​វៀតណាម កំពុង​​ព្រួយ​បារម្ភ​​ពី​​ឥទ្ធិពល​​របស់​​ចិន ​ទៅ​លើ​​​កម្ពុជា ដែល​​នឹង​​ធ្វើ​ឲ្យ​​ខូច​​ផែន​ការ​​ឈ្លានពាន​ទឹកដី​​កម្ពុជា​​របស់​​គេ ក៏ដូចជា​​ការ​​ព្រួយបារម្ភ​​ពី​ឥទ្ធិពល​​នយោបាយ​​ក្នុង​​តំបន់​​របស់​​ចិន ដែល​​នឹង​​ធ្វើ​​ឲ្យ​​ប៉ះពាល់​​ដល់​​អធិបតេយ្យភាព​​របស់​​វៀតណាម​​ផង​ដែរ។

ដើម្បី​បញ្ចៀស​បញ្ហា​នេះ រដ្ឋាភិបាល​ក្រុង​ហាណូយ មាន​តែ​រិះរក​វិធី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​​​រវាង​មហា​អំណាច​ចិន និង​កម្ពុជា ត្រូវ​កាត់​ផ្ដាច់​​ដោយ​​ជំនួស​​មក​វិញ​​ នូវ​ទំនាក់ទំនង និង​​ការ​គ្រប់គ្រង​ដោយ​វៀតណាម ​ដដែល និង​ធ្វើ​ឲ្យ​កម្ពុជា ​ក្លាយ​ជា​រដ្ឋ​ឯកោ​មួយ​ ដែល​មហា​អំណាច​ទាំងអស់​ លែង​​យក​ចិត្ត​ទុកដាក់​បន្ត​ទៀត។

ជុំវិញ​បញ្ហា​នេះ កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​​សេចក្តី​​ជូន​ដំណឹង​​ឲ្យ​​ពលរដ្ឋ​​វៀតណាម​​ខុស​​ច្បាប់​​ចំនួន ១​​០០០​គ្រួសារ​​ដែល​​កំពុង​​រស់នៅ​​លើ​ផ្ទៃ​ទឹក​​នៃ​​ភូមិសាស្ត្រ​​រាជធានី​​ភ្នំពេញ ឲ្យ​រុះរើ​​ផ្ទះ​បណ្ដែត​ទឹក​​របស់​ពួកគេ​​ ចេញ​ពី​​ផ្ទៃ​ទឹក​របស់​​កម្ពុជា​​ជា​ដាច់ខាត។

ប៉ុន្តែ​​ឯកអគ្គរដ្ឋទូត​​វៀតណាម ប្រចាំ​​នៅ​កម្ពុជា លោក វូ ក្វាងមិញ (Vu Quang Minh) កាល​ពី​​ថ្ងៃ​ទី​​៤ ខែ​​មិថុនា ឆ្នាំ​​២០២១ បាន​​ប្រតិកម្ម​​ថា ការ​​ដាក់​កំហិត​​រយៈពេល​​ដ៏​ខ្លី​​ឲ្យ​ប្រជាជន​​វៀតណាម​​ខុស​ច្បាប់​​ទាំង​នោះ​ ចាកចេញ​​ពី​​ផ្ទៃ​ទឹក​​របស់​កម្ពុជា គឺ​ជា​វិធានការ​​បន្ទាន់​​ពេក និង​​មិន​អាច​​អនុវត្ត​​ទៅ​រួច​ឡើយ។

បន្ថែម​ពី​នេះ ប្រធាន​​សមាគម​​វៀតណាម លោក ស៊ឹម ជី បាន​​ដាក់​​លិខិត​​ទៅ​កាន់​​រដ្ឋបាល​​រាជធានី​ភ្នំពេញ ដោយ​​បាន​​ស្នើសុំ​ ៣​ចំណុច​​សំខាន់ៗ៖

  • ទី​១ ស្នើសុំ​ពន្យារ​ពេល​​សមស្រប​​បំផុត​​ដើម្បី​​ផ្លាស់ប្ដូរ​​ទីតាំង
  • ទី​២ ស្នើសុំ​ឱ្យ​​រដ្ឋបាល​​រាជធានី​ភ្នំពេញ រក​ទីតាំង​ថ្មី​ដែល​ពួកគេ​អាច​ប្រកប​របរ​​ចិញ្ចឹម​ត្រី​​ បាន​​សមរម្យ​​ដូច​ពី​មុន
  • ទី​៣ ស្នើ​ឱ្យ​មាន​ថវិកា​ដើម្បី​ជួយ​ផ្គត់ផ្គង់​ឱ្យ​ពួកគេ​មាន​លទ្ធភាព​រស់ នៅ​ពេល​ពួកគេ​ផ្លាស់ប្ដូរ​​ទៅ​​រស់នៅ​​ទីតាំង​ថ្មី។

លើស​ពី​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​​វៀតណាម បាន​​លើកឡើង​​ក្នុង​​សេចក្តី​ថ្លែងការណ៍​​មួយ​ កាល​ពី​​ថ្ងៃ​ទី​​១០ ខែ​​មិថុនា ឆ្នាំ​​២០២១ អ្នកស្រី Lê Thị Thu Hằng បាន​​ស្នើសុំ​​កម្ពុជា​​រៀបចំ​​ឲ្យ​​មាន​ផែនទី​​បង្ហាញ​​ផ្លូវ​​សមស្រប ​សម្រាប់​​សហគមន៍​​ពលរដ្ឋ​វៀតណាម ដើម្បី​​ធានា​​បាន​​នូវ​សិទ្ធិ និង​​សុខុមាលភាព​​ពេញ​លេញ។

អ្នកស្រី​បាន​​បញ្ជា​​ឲ្យ​កម្ពុជា ​ត្រូវ​តែ​​រៀបចំ​​ទីតាំង​​ថ្មី ​សម្រាប់​​ពលរដ្ឋ​​វៀតណាម ដែល​​ត្រូវ​ឈ​រលើ​ហេតុផល​​ អាច​​ទទួល​​យក​​បាន​ជាមួយ​​នឹង​​ការរៀប​ចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​​ចាំបាច់ ដែល​​ធានា​​ឱ្យ​​ជីវិត​របស់​​ពួកគេ​​មាន​ស្ថិរភាព និង​​ការ​គាំ​ទ្រ​សុខុមាលភាព​​ពី​​សង្គម​ផង​​ដែរ។

ប្រធាន​វិទ្យាស្ថាន​​ទំនាក់ទំនង​​អន្តរជាតិ​​នៃ ​រាជបណ្ឌិត្យ​សភា​​កម្ពុជា បណ្ឌិត គិន ភា បាន​​សរសេរ​​លើ​​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​​១៣ ខែ​​មិថុនា ថា រដ្ឋាភិបាល​​វៀតណាម មិន​​គួរ​​យក​បញ្ហា​ជន​អន្តោប្រវេសន៍​​របស់​​ខ្លួន ​បង្ក​​ឱ្យ​​មាន​​ការ​​ឈឺចាប់​បន្ថែម​​ទៀត ​ដល់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ហើយ​វៀតណាម គួរ​រៀបចំ​ផែនការ​​មាតុភូមិ​​និវត្តន៍ ​សម្រាប់​​ជនជាតិ​​របស់​​ខ្លួន​​ទៅ​កាន់​ប្រទេស​​កំណើត​​ដើម​​វិញ និង​​មិន​ត្រូវ​គិតតែ​ពី​​សុំ​ភាព​​ស្រប​ច្បាប់ ​សម្រាប់​​ពលរដ្ឋ​​ខុស​ច្បាប់​​របស់​​ខ្លួន​ ​ឲ្យ​​នៅ​​កម្ពុជា​​បន្ត​​ទៀត​​នោះ​ដែរ។

លោក គិន ភា បន្ត​ថា ពេល​នេះ​​ល្មម​​ដល់​​ពេល​​បញ្ចប់​​នយោបាយ​​ដំណើរ​​ឆ្ពោះ​​ទៅ​​ទិស​​ខាង​លិច ដើម្បី​​រំលោភ​​ទឹកដី​​កម្ពុជា​​ហើយ ត្បិត​​ក្នុង​​ប្រវត្តិសាស្ត្រ​​បាន​​បង្ហាញ​​ថា កម្ពុជា​​បាន​​បាត់បង់​​ទឹកដី​​ច្រើន​​ណាស់​ ទៅ​​ប្រទេស​​វៀតណាម ដូចជា​​ទឹកដី​​កម្ពុជា​ក្រោម និង​​ក្រុង​​ព្រៃនគរ ដែល​មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​រាប់​លាន​នាក់​​រស់នៅ​​ទីនោះ ក្នុង​​នោះ​​ក៏​​មាន​​កោះត្រល់ និង​​ចង្កោម​​កោះ​ក្រចកសេះ ដែល​​ត្រូវ​​ប្រទេស​​កុម្មុយនីស្ត​​មួយ​​នេះ​បាន​​គ្រប់គ្រង​​រហូត​​ដល់​​សព្វថ្ងៃ​​នេះ​​ផង​​ដែរ។

ការ​អះអាង​​របស់​​ប្រធាន​​វិទ្យាស្ថាន​​ទំនាក់ទំនង​​អន្តរជាតិ​​នៃ ​រាជបណ្ឌិត្យ​សភា​​កម្ពុជា បណ្ឌិត គិន ភា ធ្វើ​ឡើង​​បន្ទាប់​ពី​ឯកអគ្គ​រដ្ឋទូត​​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក វូ ក្វាងមិញ បាន​​ថ្លែង​​ប្រតិកម្ម​​ចំពោះ​​វិធានការ​​របស់​​រដ្ឋបាល​​រាជធានី​​ភ្នំពេញ ដែល​​បាន​សម្រេច​​បណ្តេញ​​ជនជាតិ​​វៀតណាម​​ខុស​ច្បាប់​ ​រស់នៅ​​តាម​​ដង​ទន្លេ​​ក្នុង​​ទី​ក្រុង​​ភ្នំពេញ ដើម្បី​​រៀបចំ​​សណ្ដាប់ធ្នាប់​​ក្រុង​​ឡើង​វិញ​កាល​ពី​​ពេល​ថ្មីៗ​​នេះ។

លោក​ចាត់ទុក​ថា សម្ដី​​របស់​​មន្ត្រី​​ទូត​​វៀតណាម​ ​ជា​ការ​​ប្រមាថ​​យ៉ាង​​ធ្ងន់ធ្ងរ​​ចំពោះ​​ឯករាជ្យ និង​​អធិបតេយ្យ​​របស់​​កម្ពុជា ដែល​មាន​ន័យ​​បង្កប់​​យ៉ាង​​ជ្រៅ​​ថា រដ្ឋាភិបាល​​កម្ពុជា ​ស្ថិត​​ក្រោម​​បង្គាប់​​វៀតណាម ឬ​​អាយ៉ង​​វៀតណាម ដែល​​ធ្វើ​​ឱ្យ​​ប្រជាពលរដ្ឋ​​ខ្មែរ​ចង​​កំហឹង និង​​ស្អប់​​រដ្ឋាភិបាល​​ខ្លួនឯង​​យ៉ាង​​ខ្លាំង។

លោក​ថា សម្ដី​​ទាំងនេះ គឺ​​លេចចេញ​​នូវ​​ភាព​​ពិសពុល​​របស់​​វៀតណាម ដែល​​មាន​បំណង​​ធ្វើ​​ឱ្យ​​ប្រជាជាតិ​​ខ្មែរ ​បែកបាក់​​សាមគ្គី​ជាតិ បង្កើត​​គម្លាត​​នៃ​​ទំនុក​ចិត្ត​​រវាង​​ពលរដ្ឋ​​កម្ពុជា និង​​រដ្ឋាភិបាល​​របស់​ខ្លួន​​ថែម​​ទៀត។

បណ្ឌិត គិន ភា ប្រតិកម្ម​​ថា ការ​អនុវត្ត​​នូវ​វិធាន​​ផ្ទៃក្នុង ឬ​​ច្បាប់​ផ្ទៃ​ក្នុង​​របស់​​កម្ពុជា ក៏ដូចជា​​ការ​កំណត់​​នយោបាយ​​ក្រៅ​​ប្រទេស​ គឺ​ជា​​សិទ្ធិ​​ផ្ដាច់មុខ​របស់​កម្ពុជា ដែល​​រដ្ឋ​បរទេស​​គ្មាន​​សិទ្ធិ​​មក​​លូកលាន់​​កិច្ចការ​​ផ្ទៃក្នុង​​របស់​កម្ពុជា​នោះ​ទេ។ ជាក់ស្តែង​ចំណាត់ការ​របស់​​រដ្ឋបាល​​រាជធានី​​ភ្នំពេញ គឺ​ជា​​កិច្ចការ​ផ្ទៃក្នុង​​របស់​​កម្ពុជា​​សុទ្ធសាធ គ្មាន​ពាក់ព័ន្ធ​អ្វី​បន្តិច​ណា​សោះ​ ជាមួយ​នឹង​រដ្ឋាភិបាល​វៀតណាម។

លោក​​លើកឡើង​ទៀត​ថា ការ​ជួយ​​របស់​​កម្ពុជា ដើម្បី​​បុព្វហេតុ​​បង្រួបបង្រួម​​ទឹកដី​​វៀតណាម បាន​​ធ្វើ​​ឱ្យ​​សហរដ្ឋ​អាមេរិក​​ទម្លាក់​​គ្រាប់​បែក​រាប់​លាន​តោន​​នៅ​លើ​ទឹកដី​កម្ពុជា និង​​បាន​​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​​ស្លាប់ និង​​រង​របួស​​រាប់​សែន​​នាក់ បន្ទាប់​​រដ្ឋាភិបាល​ខ្មែរ​​បាន​​ជួយ​​ជ្រោម​ជ្រែង​​កងទ័ព​​យៀកកុង ឲ្យ​លាក់​ខ្លួន​​នៅ​​ក្នុង​​ស្រុក​ខ្មែរ យក​លេស​​ទៅ​វាយ​​រំដោះ​​វៀតណាម​​ខាង​ត្បូង ឬ​កម្ពុជា​ក្រោម​​ កាល​ពី​អំឡុង​​ទសវត្ស​​១៩៦០។

លោក​​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​​ពិត​ជា​មាន​​អារម្មណ៍​​ចាញ់​​ប្រៀប​​វៀតណាម​​ខ្លាំង​​ណាស់ ព្រោះ​​ប្រជាជន កម្មាភិបាល និង​​ថ្នាក់​ដឹកនាំ​​វៀតណាម មិន​បាន​​គិត​​ដល់​​តម្លៃ​​នៃ​​ទំនាក់​ទំនង និង​​មិត្តភាព​​ក្នុង​នាម​​ជា​អ្នក​ជិត​ខាង​​ល្អ​​នោះ​​ទេ តែ​​បែរ​ជា​​ព្យាយាម​​ចាក់​ទឹក​ត្រី​​ ទៅ​​លើ​​ស្នាម​របួស​​របស់​​ខ្មែរ ដែល​​បណ្តាល​​ឲ្យ​​មាន​​ការឈឺចាប់​​កាន់​តែ​​ខ្លាំង​​ទៅវិញ។

កាលពី​ដើម​​ឆ្នាំ​​១៩៦០ រដ្ឋាភិបាល​កម្ពុជា បាន​​អនុញ្ញាត​​ឲ្យ​​វៀតណាម​​ខាង​ជើង ​សាង​សង់​​ផ្លូវ​​យុទ្ធសាស្ត្រ​​សង្គ្រាម​​មួយ​ ​ដែល​​ហៅថា «ផ្លូវលំ​​ហូជីមិញ» ក្នុង​​ចម្ងាយ​​ដី ១២៧០​​គីឡូម៉ែត្រ តាម​​បណ្តោយ​​ព្រំដែន​​ខាង​កើត ពី​​ខេត្ត​​រតនគិរី រហូត​​ដល់​​ខេត្ត​​កំពត ដែល​​ជា​​ការ​​ជួយ​​ជ្រោម​ជ្រែង​​ដល់​​កងទ័ព​​វៀតណាម​​ខាង​ជើង ឬ​​យៀកកុង ឲ្យ​មាន​មូលដ្ឋាន​​រឹងមាំ​​ក្នុង​​ការ​ឈរ​​ជើង​​ប្រយុទ្ធ​​ជាមួយ​កងទ័ព​​វៀតណាម​​សេរី​​ខាង​ត្បូង ដែល​​គាំទ្រ​​ដោយ​​កងទ័ព​​អាមេរិក បើ​​ទោះបី​​កម្ពុជា​​នៅ​​ពេល​​នោះ​​ប្រកាស​​ជំហរ​​អព្យាក្រឹត្យ មិន​ចូល​​បក្ស​​សម្ព័ន្ធ​​ណាមួយ​​ក៏ដោយ។

ដោយសារ​​ការ​ជ្រោម​ជ្រែង​​នេះ​​ហើយ ទើប​​វៀតណាម អាច​រួបរួម​គ្នា​​ទៅ​ជា​សាធារណរដ្ឋ​សង្គម​​និយម​​វៀតណាម​​ដូច​​សព្វ​ថ្ងៃ​នេះ។

ប៉ុន្តែ​បញ្ហា​នេះ បាន​រុញ​ឱ្យ​កម្ពុជា​​ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ ដែល​ត្រូវ​ចំណាយ​​ជីវិត​ពលរដ្ឋ​ខ្មែរ​​ជាង ៣​​លាន​នាក់ ប៉ុន្តែ​វៀតណាម មិន​​ដែល​រំឭក​គុណ​បំណាច់​របស់​ខ្មែរ​នោះ​ឡើយ តែ​បែរជា​មាន​គំនិត​ឈ្លានពាន​ទឹកដី​ខ្មែរ​គ្រប់​ល្បិច​កល និង​​គ្រប់​រូបភាព ដូចជា​ការ​​បង្ហូរ​ជនជាតិ​​របស់​​ខ្លួន​​​ដោយ​​ខុស​ច្បាប់​ ឲ្យ​ចូល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​រាប់​លាន​នាក់ ជាដើម។

អ្នក​កាសែត​ដែល​ស្និទ្ធ​​នឹង​​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​​ថា ខ្មែរ​​នៅ​​ពេល​នេះ​​មិន​មែន​​ខ្មែរ​​ក្នុង​​រជ្ជកាល​​ដែល​រដ្ឋាភិបាល​​វៀតណាម មាន​​ឥទ្ធិពល​​អាច​​គាប​សង្កត់​​បាន​​ទៀត​​នោះ​​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​ បាន​សម្រេច​រុះរើ​ផ្ទះ​បណ្តែតទឹក​​ជនជាតិ​​វៀតណាម​​ខុស​ច្បាប់ ​ដែល​បាន​​រស់នៅ​យ៉ាង​អណា​ធិប​តេយ្យ​​​តាម​​ដងទន្លេ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្រោយ​សេចក្តី​​ជូនដំណឹង​​របស់​​ខ្លួន ​បាន​​ផុត​កំណត់​​កាល​​ពី​​ថ្ងៃ​ទី​​១១ ខែ​​មិថុនា ឆ្នាំ​​២០២១ កន្លង​​ទៅ​​នោះ។

ចំណែក​​នាយក​​មជ្ឈមណ្ឌល​​សារព័ត៌មាន​​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​​លោក​កាល​ពី​​ថ្ងៃ​ទី​​១៤ ខែ​​មិថុនា ឆ្នាំ​​២០២១ ថា​ពេលនេះ​​ដល់​​វេន​​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​​ម្តង​​ហើយ ថា​​តើ​​អគ្គនាយកដ្ឋាន​​នេះ​​ហ៊ាន​​អនុវត្ត​​ច្បាប់​​អន្តោប្រវេសន៍​​ លើ​ជនជាតិ​​វៀតណាម​​ខុស​​ច្បាប់​​ដែរ​​ឬ​ទេ ខណៈ​​ពលរដ្ឋ​ខ្មែរ​​មួយ​​នគរ​​នាំ​គ្នា​​អបអរ​​វិធានការ​​រដ្ឋបាល​​រាជធានី​​ភ្នំពេញ ដែល​​បាន​​អនុវត្ត​​កន្លង​មក​​នោះ។

លោក​​អះអាង​​ថា អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​​ត្រូវ​តែ​​ពិនិត្យ​​ឲ្យ​បាន​ហ្មត់ចត់ ​ចំពោះ​​និគមជន​​វៀតណាម ដែល​​ធ្លាប់​​តែ​​រស់នៅ ​និង​​បង្ក​ភាព​​អណា​​ធិបតេយ្យ បំពុល​​បរិស្ថាន​​តាម​​ដង​ទន្លេ​​កន្លង​​មក និង​​ត្រូវ​​ដាក់​​ចេញ​​នូវ​​វិធានការ​​ស្រង់​​ស្ថិតិ​​ឲ្យ​​បាន​​លម្អិត​​ថា តើ​ពួកគេ​​ចូល​​មក​​ស្រុក​​ខ្មែរ​​តាំង​ពី​​ពេល​ណា និង​​មាន​​លិខិត​​ឆ្លងដែន​​ឬ​​ទេ? បញ្ហា​នេះ ពលរដ្ឋ​ខ្មែរ​​ទូទាំង​​ប្រទេស​​កំពុង​​រង់ចាំ​​មើល​​ថា តើ​​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍ នឹង​​អនុវត្​ត​កិច្ចការ​​របស់​​ខ្លួន​​​បាន​​ល្អ​​ប្រសើរ​​កម្រិត​​ណា ​ចំពោះ​​ជនបរទេស​​ខុសច្បាប់​​ទាំង​នោះ​ក្នុង​​ស្ថានភាព​​នេះ។

លោក សយ សុភាព បញ្ជាក់​ថា បញ្ហា​​ដែល​​មិន​អនុញ្ញាត​​ឲ្យ​​និគម​​វៀតណាម​​រស់នៅ​​លើ​​ផ្ទៃ​ទឹក ឬ​ក៏​​ឡើង​​គោក​​ក្នុង​​ពេល​នេះ គឺជា​ប្រធានបទ​​សំខាន់​​ណាស់ ដូច្នេះ​សូម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​ ត្រូវ​​បង្ហាញ​​ពី​ភាព​​ម៉ឺងម៉ាត់​​ក្នុង​​ការ​​អនុវត្ត​​ច្បាប់ ដោយ​​មិន​ខ្លាច​​ក្រែង​​ចំពោះ​​ឥទ្ធិពល​របស់​​វៀតណាម តទៅ​ទៀត​​នោះ​​ទេ។ លោក​អះអាង​ថា ប្រទេស​ថៃ មិន​ដែល​ផ្តល់​សញ្ជាតិ​​ឱ្យ​និគមជន​វៀតណាម ឬ​​ចិន នោះ​ទេ បើ​ទោះបីជា​ជនជាតិ​ទាំងនោះ​​​រស់នៅ​រហូត​ជិត​ស្លាប់​ទៅវិញ​ក៏ដោយ។

នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល​រូប​នេះ បញ្ជាក់​ថា ពេលនេះ​​ខ្មែរ​​ត្រូវ​ការ​កសាង​​ប្រទេស និង​​បង្រួប​បង្រួម​​ជាតិ បន្ទាប់​ពី​​ខ្មែរ​​បាន​បែកបាក់​​សាមគ្គី​ជាតិ​ ​ដោយសារ​​បរទេស​​ឈ្លានពាន​​អស់​រាប់​​ទសវត្ស​​មក​​ហើយ​​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​អះអាង​ដែរ​ថា សហគមន៍​​ភូមិ​​អណ្ដែត​ទឹក​កំពង់​ហ្លួង មាន​​ទីតាំង​​ស្ថិត​​ក្នុង​​ឃុំ​កំពង់​ហ្លួង ស្រុក​​ក្រគរ ខេត្ត​​ពោធិ៍សាត់ មាន​ភូមិ​សរុប​​ចំនួន ១០ ក្នុង​នោះ​ពលរដ្ឋ​ខ្មែរ​​ធ្វើ​ជា​មេភូមិ​ ​មាន​ចំនួន ៣ ​ភូមិ រីឯ​ជនជាតិ​វៀតណាម ធ្វើជា​មេភូមិ​មាន​ដល់​ទៅ ៧ ​ភូមិ​ឯណោះ។ លើស​ពី​នេះ ពួកគេ​បាន​ក្លាយ​​ជា​​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​​ទៀត​​ផង។

លោក​លើកឡើង​ថា ជនជាតិ​វៀតណាម​​ដែល​​រស់នៅ​​ក្នុង​​តំបន់​​កំពង់​ហ្លួង​​ទាំង​នោះ មិន​ដឹង​​ថា ​តើ​ពួកគេ​មាន​ឯកសារ​ត្រឹមត្រូវ​តាម​​ច្បាប់​​អន្តោប្រវេសន៍ ឬ​​ស្រប​តាម​​ច្បាប់​​សញ្ជាតិ​​ឬ​​ក៏​អត់​​នោះ​ទេ ប៉ុន្តែ​ការរស់នៅ​របស់​ពួកគេ ហាក់​​មាន​ឥទ្ធិពល​​អាង​យ៉ាង​វាតទី​​ជាង​​ពលរដ្ឋ​​ខ្មែរ​​ជា​ម្ចាស់​ស្រុក​ទៅទៀត។

លោក មាជ សុវណ្ណារ៉ា សម្ដែង​​ការ​​ព្រួយ​បារម្ភ​​ថា ជនជាតិ​វៀតណាម​​ទាំង​នោះ​ កំពុង​ទន្ទ្រាន និង​​កាប់​​បំផ្លាញ​​ព្រៃ​​លិច​ទឹក ​ដែល​ជា​​ជម្រក​​ត្រី​ពង ដើម្បី​​យក​ដី​​កាន់កាប់​​ជា​​កម្មសិទ្ធិ​​របស់​​ខ្លួន និង​​បង្ក​​ភាព​​អណាធិបតេយ្យ​​យ៉ាង​​ធ្ងន់ធ្ងរ ដោយ​​ការ​ប្រើប្រាស់​ឧបករណ៍​​នេសាទ​​ខុស​ច្បាប់​​ព្រោង​ព្រាត ​មិន​​កោត​ញញើត​ច្បាប់ ឬ​អាជ្ញាធរ​ខ្មែរ​នោះ​ឡើយ។

កាលពី​ឆ្នាំ​​២០០៣ ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​ ​នរោត្តម សីហនុ បាន​​ចេញ​​ព្រះរាជសារ​​មួយ​​ទៅ​កាន់​​ជន​រួម​​ជាតិ​​ខ្មែរ ដោយ​ប្រកាស​ថា ជន​អន្តោ​ប្រវេសន៍​​​វៀតណាម​​​ខុស​ច្បាប់​ បាន​​ចូល​ទៅ​រស់នៅ​​លើ​ទឹកដី​​កម្ពុជា មាន​​ចំនួន​​ដល់​​ទៅ​​រាប់​លាន​​នាក់​ ឯ​ណោះ។

ប្រធាន​ប្រតិបត្តិ​​នៃ​​ចលនា​​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ លោក ទូច វិបុល បាន​​សរសេរ​​លើ​​គណនី Facebook របស់​​លោក កាល​ពី​​ថ្ងៃ​ទី ​១៣ ខែ​​មិថុនា ឆ្នាំ​​២០២១ ថា យុទ្ធសាស្ត្រ​​​របស់​​​វៀតណាម​​ ​ព្យាយាម​​បង្ក​ភាព​​​វឹកវរ​​​នៅ​​​កម្ពុជា ហើយ​​ទម្លាក់​​កំហុស​ទៅ​​ឱ្យ​​ចិន ដើម្បី​​ទាញ​​សហរដ្ឋ​​អាមេរិក ឲ្យ​​ថ្កោល​ទោស​​កម្ពុជា និង​​ចិន ព្រមទាំង​​រុញ​​ឲ្យ​​អាមេរិក និង​​ចិន ឈ្លោះ​​គ្នា​​នៅ​​លើ​​ទឹកដី​​កម្ពុជា​​ថែម​ទៀត។ បញ្ហា​នេះ អ្នក​ដែល​​ខាត​បង់​​គឺ​​កម្ពុជា ចំណែក​​អ្នក​​ដែល​​ចំណេញ គឺ​​វៀតណាម។

លោក ទូច វិបុល បញ្ជាក់​​ថា នាយករដ្ឋមន្ត្រី​​កម្ពុជា ​ត្រូវ​តែ​​ចេញ​​សេចក្តី​​ថ្លែងការណ៍​​ជា​​សាធារណៈ ​ដើម្បី​​ទប់​ស្កាត់ និង​​បញ្ឈប់​​ការ​ឈ្លាន​ពាន​​របស់​​វៀតណាម ដោយ​​ការ​​ស្នើ​​ច្បាប់​​ទៅ​​សភា​ជាតិ ដើម្បី​​ធ្វើ​​មោឃភាព​​រាល់​​សន្ធិសញ្ញា និង​​កិច្ច​ព្រម​ព្រៀង​​ជាមួយ​វៀតណាម​​ចោល​​ទាំងអស់។ បន្ទាប់​មក​​ត្រូវ​តែ​ប្រើ​​យន្តការ​​អន្តរជាតិ​ ​ប្តឹង​​ទៅ​​តុលាការ​​អន្តរជាតិ​​ក្រុង​ឡាអេ អំពី​​ការ​រំលោភ​​ដែន​​អធិប​តេយ្យភាព​​របស់​​កម្ពុជា​​កន្លង​​មក។

លោក​​អះអាង​ថា ដើម្បី​​បាន​​ទឹកដី​​កម្ពុជា​​ត្រឡប់​​មក​​វិញ និង​​បញ្ឈប់​​ការ​ឈ្លានពាន​​របស់​​វៀតណាម រដ្ឋាភិបាល​​កម្ពុជា​​ត្រូវ​តែ​​ប្រើ​ប្រាស់​​កិច្ចព្រមព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ជា​ដាច់ខាត៕

.