អត្ថបទ The Cambodia Daily / 18-11-2020 / សម្រួល​អត្ថបទ​ដោយ CWCI Cambodia

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មាន​ភាព​ក្លាហាន​ក្នុង​ការ​តវ៉ា ​លើ​ករណី​ទាហាន​វៀតណាម បោះ​តង់ ឬ​បោះជំរំ ជា​សំណង់រឹងមាំ នៅ​​តាម​​ព្រំដែន​​ខ្មែរ។ ពួក​គេ​​ថា បញ្ហានេះ​ជា​សញ្ញា​បង្ហាញ​អំពី​ការ​ឈ្លាន​ពាន​គ្មាន​កោត​ញញើត មក​លើ​បូរណ​ភាព​​ទឹក​ដី របស់​​កម្ពុជា ដែល​ជា​សកម្មភាព​រំលោភ​លើ​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរ​ជាតិ​​នានា មិន​អាច​ប្រកែក​បាន។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​លាក់បាំង​​ពលរដ្ឋ​​ខ្មែរ ដោយ​ខំ​ព្យា​យាម​​សម្រាល​ការបោះតង់​ខុសច្បាប់​របស់​វៀតណាម​ថា ជា​រឿង​តូច​តាច ឬ ជា​​រឿង​កំប៉ិក​​កំប៉ុក។

លោក​ថា «ផ្ទុយគ្នាស្រឡះ​ពីជម្លោះ​ជាមួយ​ថៃ ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ កាល​ពី​ឆ្នាំ​២០០៨ និង​ជម្លោះ​ជាមួយ​លាវ កាល​ពី​ឆ្នាំ​២០១៧ ដែល​រដ្ឋាភិបាល​កម្ពុជា​ បាន​លើក​ទ័ព ​ទាំង​កងពល​ ទៅ​ទប់​ទល់​ក្នុង​ជម្លោះ​នោះ ដើម្បី​ទាមទារ​ឯករាជ អធិប​តេយ្យ និង​បូរណ​ភាព​ទឹកដី»

លោក ម៉ែន ណាត អះអាង​ថា មន្ត្រីរដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​ទទួល​ខុស​ត្រូវ​ ក្នុង​​ការងារ​របស់​ពួកគេ​ទាល់​តែ​សោះ ត្បិត​ពេល​មាន​បញ្ហា​ ពួកគេ​តែង​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​មន្ត្រី​ក្រសួង​ការបរទេស ទាំង​គណៈ​កម្មាធិការ​ព្រំដែន និង​ក្រុម​អភិបាល​​ខេត្ត​មួយ​ចំនួន​ទៀត ដើម្បី​រក​លេស​ដោះសារ គេច​វេស​រៀងៗ​ខ្លួន ។ លោក ព្រមាន​​ថា ការធ្វើ​ផែនទី​ខុស​ច្បាប់​ថ្មី និង​ធ្វើច្បាប់​ថ្មីៗ ដូចជា​សេចក្តី​ព្រាង ស្តីពី​​ពិធីសារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន ជាដើម ជាមួយ​វៀតណាម ​ដោយ​ផ្អែក​តាម​សន្ធិ​សញ្ញា​​ខុស​ច្បាប់ ឆ្នាំ​១៩៨៥ គឺជា​ការ​ធ្វើ​​សម្ប​ទាន​​ថ្មី​បន្ថែម​ទៀត ក្នុង​ការ​កាត់​ឆ្វៀល​បូរាណ​ភាព​ទឹកដី​ខ្មែរ ទៅ​​ឲ្យ​វៀត​ណាម ជា​ថ្នូរ​នឹង​ការ​រក្សា​អំណាច​របស់​លោក ហ៊ុន សែន ឲ្យ​បាន​យូរ​អង្វែង។

ការរិះគន់នេះ​ធ្វើឡើង បន្ទាប់ពីទាហានវៀតណាម បាន​រំលោភ​​បំពាន​​បង្កើន​​ការ​​​​បោះ​​​តង់​ខុស​​ច្បាប់​​​បន្ថែម​ទៀត នៅ​ភូមិ​ពោធិ៍ ឃុំ​មេសថ្ងក ស្រុក​ចន្រ្ទា ខេត្ត​​ស្វាយរៀង នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះ។

{ពលរដ្ឋ​នៅ​ព្រំដែន បញ្ជាក់ថា ទាហានវៀតណាម បោះ​តង់ ៤ ទីតាំង នៅ​​​ចន្លោះ​បង្គោល​ព្រំដែន លេខ ១៨៣ ដល់ ១៨៩ ក្នុង​ស្រុក​​ចន្ទ្រា ប៉ុន្តែ​​មន្រ្តី​​សាលា​​ខេត្ត​ស្វាយ​រៀង បាន​​បដិសេធ។ នេះ​​បើ​​តាម​​វិទ្យុ​អាស៊ី​សេរី ផ្សាយ​នៅ​​ថ្ងៃទី ១៨ វិច្ឆិកា}

ពាក់ព័ន្ធនឹងការបោះតង់​នេះ លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​​លើក​ឡើង​លើ​ទំព័រ​ហ្វេសប៊ុកថា ទាហាន​​យួន បោះ​តង់​​លើ​ដី​​ខ្មែរ តែ​​លោក​ {ហ៊ុន សែន} គ្មាន​​ប្រតិកម្ម​អ្វី​បន្តិច​សោះ។ លោក រិះគន់ថា «រដ្ឋា​ភិបាល លោក ហ៊ុន សែន ខ្លាំង​បាន​តែ​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​​តែ​ប៉ុណ្ណោះ ហើយ​សូម្បី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ពិធីសារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំ​ដែន កម្ពុជា​-​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះក៏​ធ្វើ​ឡើង ដើម្បី​បំពេញ​ចិត្ត​វៀត​​ណាម ឲ្យ​ឈ្លាន​ពាន​កម្ពុជា ដោយ​ស្រប​ច្បាប់​ផង​ដែរ»

ចាប់តាំងពីដើម ខែ​មេសា ឆ្នាំ​២០២០ មក ទាហាន​វៀតណាម បាន​បោះ​តង់​ចំនួន​ជិត ៣០០​ កន្លែង នៅ​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា រួម​មាន ខេត្ត​តាកែវ ខេត្ត​ព្រៃវែង ខេត្ត​ស្វាយ​រៀង ខេត្ត​កំពត ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ក្រោម​លេស​ថា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជម្ងឺ​កូវីដ-១៩។

ជាងនេះទៅទៀត យ៉ាងហោចណាស់មានតង់ ១៦ កន្លែង​ហើយ ដែល​​កង​ទ័ព​វៀត​ណាម​​​ប្រែ​ក្លាយ​​តង់​ទាំងនោះ ជា​ជម្រក​រឹង​មាំ ស្ថិត​ក្នុង​ស្រុក​លើកដែក និង​ស្រុក​កោះធំ ខេត្ត​កណ្ដាល តំបន់​ថ្ម ៣​ដុំ ក្នុង​ខេត្ត​តាកែវ និង​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត មក​ក្រោម​លេស​ថា ដើម្បី​ការពារ​សុវត្ថិភាព ​ក្នុង​រដូវ​ទឹក​ជំនន់ ។

ទោះជាយ៉ាងណាក៏ដោយ​ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ អះ​អាង​ថា​ បរទេស​​មក​ត្រួត​ត្រា​ខ្មែរ បណ្តាល​ឲ្យ​ខ្មែរ បាត់​បង់​ឯករាជ្យ​ជាតិ បាត់​បង់​​សមត្ថ​ភាព​​គ្រប់​គ្រង​ខ្លួន​ឯង បាត់​បង់​សន្តិភាព បាត់​បង់​ឯកភាព​ជាតិ និង​ឈាន​ទៅ​ដល់​ការ​បាត់​បង់ បូរណ​ភាព​ទឹក​ដី​ទាំង​មូល​ថែម​ទៀត។

ក្រុមអ្នកឃ្លាំមើល​សង្គម អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​​មោឃ​ភាព ឬ​​នារា​ករណ៍​ ទៅ​លើ​សន្ធិសញ្ញា និង​ឯកសារ​មិន​ស្រប​ច្បាប់​នានា ផ្ទុយពីស្មារតី​​នៃ​​រដ្ឋធម្ម​នុញ្ញ ឆ្នាំ​​១៩៩៣ និង​មិន​ស្រប​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​បើក​ផ្លូវ​ក្នុង​ការ​ប្តឹង​ប្រទេស​វៀតណាម តាម​យន្តការ​អន្តរជាតិ ជា​ធរមាន៕

.

.