អត្ថបទចលនានិស្សិត SMD-2 / 26-6-2020
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញពីផ្លូវច្បាប់ជាតិ និងអន្តរជាតិ ជុំវិញរឿងកោះត្រល់ និងចង្កោមកោះក្រចកសេះ ថាជារបស់កម្ពុជាពិតប្រាកដ។ សេចក្តីថ្លែងការណ៍នេះ ទាមទារឲ្យប្រទេសវៀតណាម ត្រូវបញ្ឈប់ជាបន្ទាន់ នូវអាជីវកម្ម-ពាណិជ្ជកម្ម និងការសាងសង់ទាំងអស់ នៅលើកោះត្រល់ និងចង្កោមកោះក្រចកសេះ។ សូមទាញយក សេចក្តីថ្លែងការណ៍ត្រង់នេះ (Download) ឬអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សេចក្តីថ្លែងការណ៍
ប្រទេសវៀតណាមត្រូវបញ្ឈប់ជាបន្ទាន់ នូវអាជីវកម្ម-ពាណិជ្ជកម្ម និងការសាងសង់ទាំងអស់ នៅលើកោះត្រល់ និងចង្កោមកោះក្រចកសេះ
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា បច្ចុប្បន្ន (១)-ត្រូវទាមទារឲ្យប្រទេសវៀតណាម បញ្ឈប់ជាបន្ទាន់នូវរាល់គម្រោង និងផែនការអាជីវកម្ម-ពាណិជ្ជកម្ម និងការសាងសង់ទាំងអស់ នៅលើកោះត្រល់ និងចង្កោមកោះក្រចកសេះ និង (២)-ត្រូវដាក់មោឃភាពជាផ្លូវការ នូវច្បាប់ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារទាំងទ្បាយណាដែលផ្ទុយពីខ្លឹមសារ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១។
កោះត្រល់ និងចង្កោមកោះក្រចកសេះ គឺជាទឹកដីកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ដោយឈរលើមូលដ្ឋាន៖ (១)-សារាចរ លោក Brévié ឆ្នាំ១៩៣៩, (២)-អនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (៣)-កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១, (៤)-រដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា, (៥)-ឯកសារផ្លូវការរបស់កម្ពុជា និង (៦)-ឯកសារច្បាប់ជាតិ-អន្តរជាតិ។ ប៉ុន្តែប្រទេសវៀតណាម បានឈ្លានពានកម្ពុជា ហើយដាក់សំពាធទៅលើកម្ពុជា ក្នុងការប្រើប្រាស់ឯកសារខុសច្បាប់ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដែលមានជាធរមាន។
ខាងក្រោមនេះ គឺជាភស្តុតាងបង្ហាញឲ្យពិភពលោក បានឃើញជាក់ច្បាស់ថា ប្រទេសវៀតណាម និងប្រទេសកម្ពុជា បានរួមគ្នាប្រព្រឹត្តខុសច្បាប់៖
១. កំណត់ហេតុនៃការប្រជុំគ្នាលើកទី១ ពីថ្ងៃទី២២ ដល់២៧ ខែមិនា ឆ្នាំ១៩៩៩ គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-វៀតណាម បានយកសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ឆ្នាំ១៩៨២, ១៩៨៣ និងឆ្នាំ១៩៨៥ ទុកជាគោលការណ៍មូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ។ រដ្ឋាភិបាល លោក ហ៊ុន សែន កាន់តែសម្រួលផ្លូវឲ្យវៀតណាម ទន្ទ្រានទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ២០១៩។
២. នៅក្នុងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៨២ រវាងវៀតណាម-កម្ពុជា ភាគីវៀតណាម បានបញ្ជូល កោះត្រល់ និងចង្កោមកោះក្រចកសេះ ទៅក្នុងផែនទីទឹកដីប្រទេសវៀតណាម ដោយគ្មានសំអាងច្បាប់អ្វីទាំងអស់ ក្រៅតែពីប្រើពាក្យថា «យល់ឃើញសភាពការណ៍ជាក់ស្ដែង» និងគ្រាន់តែយោងតាមសន្ធិសញ្ញាកម្ពុជា-វៀតណាម ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ ក្រោយពីកងទ័ពវៀតណាម ប្រើកម្លាំងចូលឈ្លានពានកាន់កាប់កម្ពុជាភ្លាមៗ។
៣. ការរំលោភទាំងស្រុង លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។ ភាគីវៀតណាម មិនគោរពតាមអនុសញ្ញានេះ ដោយដណ្តើមកាន់កាប់កោះត្រល់ ចង្កោមកោះក្រចេះសេះ និងច្រកចេញចូលនាវាចរណ៍ លើសមុទ្រអន្តរជាតិ ព្រមទាំងដែនអាកាសផង។
អនុសញ្ញាស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ជំពូកទី២ ផ្នែក២ មាត្រា៣ ចែងថា «រាល់រដ្ឋទាំងអស់ មានសិទ្ធិបង្កើតប្រវែង នៃដែនសមុទ្ររបស់ខ្លូនរហូតដល់ដែនកំណត់មិនលើសពី ចម្ងាយ ១២ ម៉ាយល៍ ស្មេីនឹង ២២,២២៤ គីឡូម៉ែត្រ ដែលវាស់ពីខ្សែបន្ទាត់មូលដ្ឋាន ដែនកំណត់អនុលោមតាម អនុសញ្ញានេះ»។ តាមលក្ខខណ្ឌភូមិសាស្ត្រជាក់ស្ដែង កោះត្រល់ មានរយៈចម្ងាយត្រឹមតែ ១៥ គីឡូម៉ែត្រ ពីខេត្តកំពត ប្រទេសកម្ពុជា ហើយ មានរយៈចម្ងាយ ៤៥ គីឡូម៉ែត្រ ពីតំបន់ហាទៀង នៃខេត្តកៀនយ៉ាង ប្រទេសវៀតណាម។
តាមច្បាប់សមុទ្រ ឆ្នាំ១៩៨២ នេះ បញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ គឺជាកម្មសិទ្ធិរបស់ខ្មែរ ដោយកោះនេះស្ថិតនៅចម្ងាយតែ ១៥ គីទ្បូម៉ែត្រ ពីឆ្នេរខេត្តកំពតនៃប្រទេសកម្ពុជា គឺតិចជាង ២២,២២៤ គីទ្បូម៉ែត្រ ដែលកំណត់ដោយច្បាប់សមុទ្រនេះ។
៤. ការរំលោភទាំងស្រុងទៅលើគោលការណ៍ ស្មារតី និងយន្តការរបស់អង្គការសហប្រជាជាតិ ដែលជា អាជ្ញាកណ្ដាលដោះស្រាយវិបត្តិកម្ពុជា ហើយបានតាក់តែងទ្បើង នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស៍ ឆ្នាំ១៩៩១ ដែលតម្រូវឲ្យប្រទេសកម្ពុជា និងប្រទេសវៀតណាម គោរព និងអនុវត្ត។
សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩, ១៩៨២, ១៩៨៣ និង ឆ្នាំ១៩៨៥ រវាងវៀតណាម-កម្ពុជា នៅក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម ត្រូវបានដាក់ជា «មោឃភាព» អស់ហើយ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ឯកសារ ទី២ នៃកិច្ចព្រមព្រៀងនេះ ក្នុងមាត្រា១ ត្រង់ចំណុច «២-ឃ.» ចែងថា៖ «បញ្ចប់សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយ ដែលមិនស្របអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាច រំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន»។
៥. ការរំលោភទាំងស្រុង លើគោលការណ៍អាស៊ាន (ASEAN) មានចែងក្នុងធម្មនុញ្ញអាស៊ាន ត្រង់មាត្រា២ ចំណុច២ ដែលចែងថា អាស៊ាន និងរដ្ឋសមាជិកត្រូវអនុវត្តឲ្យសមស្របតាមគោលការណ៍៖
ក. គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃរដ្ឋសមាជិកអាស៊ានទាំងអស់។
ខ. ចូលរួមការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។
គ. បដិសេធនូវ អំពើឈ្លានពាន និងការគំរាមគំហែង ឬការប្រើប្រាស់កំលាំង ឬសកម្មភាពទាំងឡាយណា ក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ។
មាត្រា២ ដដែល ចំណុច១ ចែងថា៖ ដ្ឋសមាជិករបស់ខ្លួនអះអាងជាថ្មី និងប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋានដូចចែងនៅក្នុង សេចក្ដីថ្លែងការណ៍ កិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា កិច្ចស្រុះស្រួល និងលិខិតូបករណ៍ ដទៃទៀតរបស់អាស៊ាន។
៦. ការរំលោភទាំងស្រុង លើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៥ ចែងថា៖ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងទ្បាយណាដែលមិនស្រប នឹងឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា ត្រូវលុបចោល។
៧. រដ្ឋាភិបាលលោក ហ៊ុន សែន ខកខានប្រកាស «ដាក់មោឃភាព» ជាផ្លូវការ នូវសន្ធិសញ្ញា និង កិច្ចព្រមព្រៀងឆ្នាំ១៩៧៩, ១៩៨២, ១៩៨៣ និងឆ្នាំ១៩៨៥ ហើយអនុម័តសន្ធិញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដែលបានរំលោភទាំងខុសច្បាប់ លើកិច្ចព្រមព្រៀងទីក្រុងបារីស៍ ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា១៥០ ថ្មី (មាត្រា១៣១ ចាស់) ចែងថា៖ «ច្បាប់ និងសេចក្ដីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត»។
ទង្វើរំលោភបំពានទាំងខុសច្បាប់ ពីសំណាក់ប្រទេសវៀតណាម ក្នុងគោលបំណងលេបត្របាក់ទឹកដីកម្ពុជា ដូចបានរៀបរាប់ខាងលើនេះ តម្រូវឲ្យយើងខ្ញុំជាម្ចាស់ប្រទេស វែកមុខភាគីដៃដល់វៀតណាម ប្រាប់ពិភពលោកថា កោះត្រល់ និងចង្កោមកោះក្រចកសេះ គឺជាកម្មសិទ្ធិរបស់ខ្មែរតាំងពីសម័យពុំទាន់មានកំណើតប្រទេស វៀតណាម រហូតមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបស្តីពីឯកសារ ប្រវត្តិសាស្ត្រ ឯកសារផ្លូវការ និងឯកសារច្បាប់ជាតិ-អន្តរជាតិ តាមដំណើររឿងមិនដាច់សម័យកាល ដែលបញ្ជាក់ថា កោះត្រល់ និងចង្កោមកោះក្រចកសេះ គឺពិតជាកម្មសិទ្ធិរបស់ខ្មែរ៖
- លោក Joseph Jules Brévié អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន បានចេញសារចរមួយទៅ កាន់ទេសាភិបាលនៅកូសាំងស៊ីន (ឬកម្ពុជាក្រោមបច្ចុប្បន្ន) ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ បញ្ជាក់ លំអិតថា «តាមលក្ខខណ្ឌភូមិសាស្រ្តជាក់ស្តែង ជាការចាំបាច់ ត្រូវតែដាក់កោះទាំងនេះ ឲ្យនៅក្រោមការគ្រប់គ្រង នៃរាជការប្រទេសកម្ពុជា»។ សារាចរនេះបន្ថែមថា «ដែនកូសាំងស៊ីន របស់បារាំង បានគ្រប់គ្រងលើកោះត្រល់ និងចង្កោមកោះមួយចំនួន តែផ្នែកប៉ូលីស និងរដ្ឋបាលប៉ុណ្ណោះ»។ ទោះបីជាបារាំង បានប្រគល់កូសាំងស៊ីន ឲ្យអណ្ណាម (វៀតណាមសព្វថ្ងៃ) ត្រួតត្រា កាលពីថ្ងៃទី៤ ខែ មិថុនា ឆ្នាំ១៩៤៩ ក៏ដោយ ក៏មិនបានភ្ជាប់កោះត្រល់ ទៅជាមួយឡើយ។ ម្យ៉ាងទៀត ខ្មែរពេលនោះ គឺជាសមាគតរដ្ឋ (État Associé) ដែលស្ម័គ្រចិត្តចូលក្នុងសហភាពបារាំង (L’union française)។ កាលនោះ ឈ្មោះប្រទេសវៀតណាម មិនទាន់មានទេ គឺមានតែឈ្មោះ អណ្ណាម។
- នៅឯសន្និសីទក្រុងហ្សឺណែវ ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៤ ស្តីអំពីការបញ្ចប់សង្គ្រាមឥណ្ឌូចិនទី១ ប្រទេសកម្ពុជា នៅតែបានបន្តតវ៉ាប្រឆាំងនឹងការផ្ទេរដោយមិនស្មើភាពគ្នា និងអយុត្តិធម៌ នៃទឹកដី កូសាំងស៊ីនរបស់ខ្លួនទៅឲ្យអណ្ណាមដោយបារាំង។ កម្ពុជាបានសង្កត់បង្ហាញអំពីការរក្សាសិទ្ធិ ដើម្បី ប្តឹងជំទាស់ករណីនេះ ទៅអង្គការសហប្រជាជាតិ និងរក្សាសិទ្ធិជាម្ចាស់កម្មសិទ្ធិ លើកោះនានា នៅ តាមបណ្ដោយឈូងសមុទ្រសៀម រួមមានកោះត្រល់ដែរ។
- លោក ជូ អេនឡាយ អតីតនាយករដ្ឋមន្ដ្រីចិន និងលោក ចេន យី អតីតសេនាប្រមុខចិន ដែលជាវីរបុរសចំណាស់ ជាមួយលោកប្រធាន ម៉ៅ សេទុង នៃប្រទេសចិន ធ្លាប់បានមានប្រសាសន៍ ទូលថ្វាយអង្គសម្ដេចឪ នរោត្តម សីហនុ នាអំឡុងឆ្នាំ១៩៥៥ ថា «ច្បាស់ណាស់ កោះត្រល់ជារបស់ខ្មែរ ត្បិតជាប់នឹងទឹកដីខ្មែរ មិនជាប់ជាមួយទឹកដីវៀតណាមទេ»។
- លិខិតរបស់សម្តេចព្រះ នរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ១៩៥៧ បញ្ជាក់ច្បាស់ថា «កងនាវាចរខេមរភូមិន្ទ ការពារកោះនានានៅឈូងសមុទ្រសៀម ជាពិសេសនៅលើ កោះអាចម៍សេះ កោះតាំង និងកោះក្រចកសេះ»។
- ព្រះរាជក្រឹត្យលេខ ៦៦២-ន.ស ចុះថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ១៩៥៧ ប្រកាសដោយព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សុរាម្រិត ក្នុងប្រការ៦ និងប្រការ៧ បញ្ជាក់ថា «កោះត្រល់ ឬកោះភូកុក ជាឈ្មោះតែមួយ ជាកោះដែលនៅក្នុងដែនអធិបតេយ្យភាពខ្មែរយ៉ាងជ្រៅ។ គ្មានជំនាន់ណាហ៊ានកាត់ទៅឲ្យយួននោះទេ»។
- អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីអំពី «ច្បាប់សមុទ្រ» នៅទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៨ ត្រង់មាត្រាទី២ ចំណុច១ ចែងថា៖ «រដ្ឋដែលជាប់ឆ្នេរសមុទ្រ អនុវត្តលេីសិទ្ធិអធិបតេយ្យភាពនៃខ្ពង់សមុទ្រ (ឬខ្ពង់រាបបាតសមុទ្រ) សម្រាប់គោលបំណង រុករក និងធ្វើអាជីវកម្ម លើប្រភពធនធានធម្មជាតិនៅតំបន់នោះ»។
- ក្នុងសៀវភៅភូមិសាស្ត្រកម្ពុជា «Cambodia Geography» បោះពុម្ភក្នុងឆ្នាំ១៩៦៣ ដោយលោក តាន់ គឹមហួន (Tan Kim Huon) ជារុក្ខក្សេត្រវិទូ បានចង្អុលបង្ហាញថា កោះត្រល់ពិតជាកោះមួយរបស់ កម្ពុជា (យោងតាម ផែនទីលេខ៣, ១២ និងលេខ ១៩)។
- នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៦៨ សម្តេចព្រះ នរោត្តម សីហនុ បានទ្បាយព្រះហស្ថលេខាលេខ ៣៧៨/៦៨CE ស្តីអំពីអនុសញ្ញា «ខ្ពង់រាបបាតសមុទ្រ»។ តាមអនុសញ្ញានេះ កោះត្រល់ និងចង្កោម កោះក្រចកសេះ គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា។
- ឆ្នាំ១៩៦៩ កោះត្រល់ ត្រូវបានបញ្ជូលក្នុងបញ្ជីឈ្មោះជាផ្លូវការ នៃកោះទាំងអស់របស់ខ្មែរ។ កោះត្រល់នៅក្នុងលេខរៀងទី៦១ ក្នុងបញ្ជីនៃកោះខ្មែរទាំង ៦៤។
- ថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៧២ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ បានផ្ញើសារ តាមប្រព័ន្ធ AIRGRAM ទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីអំពីច្បាប់សមុទ្រ «កម្ពុជាកំណត់ខ្ពង់រាបបាតសមុទ្ររបស់ខ្លួន»។ នៅក្នុងសារនោះបានបញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ស្ថិតនៅក្នុងដែនសមុទ្ររបស់កម្ពុជា។
- ផែនទីខ្មែរ ឆ្នាំ១៩៥៤-១៩៧៣ ដែលត្រូវបានប្រើដោយសន្និសីទក្រុងប៉ារីស ស្តីអំពីការបញ្ចប់សង្គ្រាម ឥណ្ឌូចិន លើកទី២ ខែសីហា ឆ្នាំ១៩៧៣ មានឃើញកោះត្រល់ក្នុងដែនទឹកដីរបស់ប្រទេសកម្ពុជា។ តំណាងវៀតណាម ដែលមានវត្តមានក្នុងសន្និសីទនោះ ក៏មិនបានតវ៉ាដែរ។
- រដ្ឋាភិបាលសម័យសាធារណរដ្ឋខ្មែរ លោក លន់ នល់ និងរបបកម្ពុជាប្រជាធិបតេយ្យ (ឬខ្មែរក្រហម) ក៏បញ្ជាក់ថា «កោះត្រល់ គឺជាកម្មសិទ្ធិរបស់កម្ពុជា»។ តាមក្រឹត្យច្បាប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានរក្សាការអះអាងជាថ្មីនូវអធិបតេយ្យភាពទឹកដីរបស់ខ្លួន លើខ្ពង់សមុទ្រ (ឬខ្ពង់រាបបាតសមុទ្រ)។ នៅឆ្នាំ១៩៧៦ កងទ័ពខ្មែរក្រហម ក៏បានឈរជើងនៅលើកោះត្រល់ ផងដែរ។
- សៀវភៅមុខវិជ្ជាភូមិវិទ្យា សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ឆ្នាំ១៩៨៥ បោះពុម្ពដោយក្រសួងអប់រំ នៃរបបធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការត្រួតត្រារបស់កងទ័ពវៀតណាមឈ្លានពាន បានសរសេរ ថា កោះត្រល់ ស្ថិតក្នុងក្រុមទី៣ នៅក្នុងចំណោមចង្កោមកោះទាំងអស់របស់កម្ពុជា។
- ប្រទេសសិង្ហបុរី បានបញ្ជូនសេចក្ដីរាយការណ៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី០៥ ខែឆ្នូ ឆ្នាំ១៩៨៦ ថា «កិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ ស្តីអំពីដែនទឹក ប្រវត្តិសាស្ត្រ» ត្រូវបានបង្ខំឲ្យចុះហត្ថលេខាដោយវៀតណាម នៅពេលវៀតណាមចូលឈ្លានពាន ត្រួតត្រាប្រទេសកម្ពុជា ចាប់តាំងពីចុង ឆ្នាំ១៩៧៨ មក ហើយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នាពេលនោះ មិនមែនជាតំណាងស្របច្បាប់របស់ប្រទេស ឬតំណាងផលប្រយោជន៍ឲ្យពលរដ្ឋខ្មែរទេ គឺមានតែរដ្ឋាភិបាលចម្រុះត្រីភាគី នៃសម្ដេចព្រះ នរោត្តម សីហនុ តែមួយគត់ ដែលត្រូវបាន ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
- រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៨៧ បានធ្វើការប្រឆាំងជំទាស់នឹងកិច្ចព្រមព្រៀងកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ ស្តីអំពីដែនទឹកប្រវត្តិសាស្ត្រនេះ។ ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសអាល្លឺម៉ង់ ក៏បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការប្រឆាំងជំទាស់នឹងកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រនេះដែរ។ ក្នុងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រនេះ ប្រទេសវៀតណាម បានកាត់ឆ្វៀលយកកោះត្រល់ ចង្កោមកោះក្រចកសេះ គ្រប់គ្រងដែនអាកាស ព្រមទាំងដាក់ផ្ទៃសមុទ្រ ទំហំ ១០.០០០ (១ម៉ឺន) គីទ្បូម៉ែត្រក្រទ្បា ដែលកម្មសិទ្ធិរបស់កម្ពុជា ឲ្យទៅជាដែនទឹករួមគ្នាជាមួយ វៀតណាម ។
- ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានរំឭកលោក ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលថា «គ្មានសម័យណា គ្មានមេដឹកនាំណា ដែលហ៊ាននិយាយថា កោះត្រល់ ត្រូវបានកាត់ទៅឲ្យវៀតណាមទេ»។ ព្រះអង្គមានព្រះបន្ទូល ថា «កោះត្រល់ ជារបស់កម្ពុជា»។
ខាងលើនេះ គឺជាភស្តុតាងផ្លូវច្បាប់ជាមូលដ្ឋាន ដើម្បីបង្កើតនូវសាលក្រមកាត់សេចក្តីថា វៀតណាម គឺជាចារី (ភាគីដៃដល់) ដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ក្នុងការលេបត្របាក់ទឹកដីខ្មែរដោយមិនអាចប្រកែកបាន។ ទោះបីខ្លួនជាសមាជិកអង្គការសហប្រជាជាតិ ជាសមាជិកអាស៊ាន និងជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស៍ក៏ដោយ វៀតណាមនៅតែបន្តធ្វើសកម្មភាពឈ្លានពានកម្ពុជាជាបន្តបន្ទាប់ ដោយឥត អៀនខ្មាស ជាពិសេស ពេលថ្មីៗនេះវៀតណាមបានមកបោះជំរំយ៉ាងតិចចំនួន ២៥៦ កន្លែង នៅលើទឹកដីកម្ពុជា និងបន្តបង្ហូរជនជាតិវៀតណាមខុសច្បាប់រាប់លាននាក់ មករស់នៅលើទឹកដីកម្ពុជា។ ការឈ្លាពានកម្ពុជា ពី សំណាក់ប្រទេសវៀតណាម នឹងនាំមកនូវគ្រោះមហន្តរាយដល់អាយុជីវិតទឹកដីជាតិកម្ពុជាទាំងមូល និងក៏ជា ការគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពនៃប្រជាជាតិអាស៊ានដែរ។ ប្រទេសវៀតណាម ត្រូវទទួលខុសត្រូវ នៅចំពោះមុខច្បាប់អន្តរជាតិ នូវរាល់ទង្វើឈ្លានពានរបស់ខ្លួនមកលើទឺកដីប្រទេសកម្ពុជា។
កម្ពុជាខ្លួនឯងត្រូវឈានមុខក្នុងការការពារ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមអំពាវនាវជាថ្មីដល់រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាបច្ចុប្បន្ន (១)-ត្រូវទាមទារឲ្យប្រទេសវៀតណាម បញ្ឈប់ជាបន្ទាន់ នូវរាល់គម្រោង និងផែនការ អាជីវកម្ម-ពាណិជ្ជកម្ម និងការសាងសង់ ទាំងអស់ នៅលើកោះត្រល់ និងចង្កោមកោះក្រចកសេះ និង (២)-ត្រូវដាក់មោឃភាព ជាផ្លូវការនូវច្បាប់ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារទាំងទ្បាយណាដែលផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១៕
រដ្ឋធានីវ៉ាស៊ីនតុន នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០
(ហត្ថលេខា)
ទូច វិបុល ប្រធានប្រតិបត្តិ
.
