ក្រុមសកម្មជនព្រំដែន អ្នកជនាញព្រំដែនឯករាជ្យ និងក្រុមអ្នកជាតិនិយម តែងតែលើកឡើងជាហូរហែរ អំពីជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ (យួន) នៅកម្ពុជា ដែលត្រូវបានទទួលការលើកទឹកចិត្ត និងការជួយជ្រោមជ្រែង ពីរបបដឹកនាំរបស់លោក ហ៊ុន សែន។ នោះមិនមែនជាការរើសអើងទេ ប៉ុន្តែអ្វីដែលសំខាន់គឺពលរដ្ឋខ្មែរ ចង់ឃើញរបបលោក ហ៊ុន សែន អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ចំពោះជនបរទេស ដែលចេញចូលប្រទេសកម្ពុជា។
ការជាប់ជំពាក់ជំពិននឹងការដឹងគុណវៀតណាម ត្រូវបានកំណត់ឡើងដោយ សន្ធិសញ្ញាមិត្តភាព និង សហប្រតិបត្តិការ ដែលស៊ីញ៉េដោយប្រធានក្រុមប្រឹក្សារដ្ឋ លោក ហេង សំរិន និងមេដឹកនាំវៀតណាម លោក ផាំ វ៉ាន់ដុង នាថ្ងៃទី ១៨ កុម្ភៈ ១៩៧៩ ខណៈពេលដែលវៀតណាម បញ្ជូនប្រជាជនខ្លួន និងទារហានរបស់ខ្លួ មកត្រួតត្រាកម្ពុជា បន្ទាប់ពួកគេ ផ្តួលរំលំរបបខ្មែរក្រហម។
មានឯកសារមួយទៀតឈ្មោះថា «សារាចរណែនាំ» ធ្វើនៅភ្នំពេញ ថ្ងៃទី ២៦ កុម្ភៈ ១៩៨៦ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ចុះលេខ ០៥/សរណន ជាសារាចរណែនាំ ស្ដីពីការអនុវត្តគោលនយោបាយ ចំពោះអាណិកជនវៀតណាម នៅកម្ពុជា។ ឯកសារនេះ មាន ៤ ទំព័រ (សូមទាញយក ឬ Download) ចុះហត្ថលេខាដោយ លោក ហ៊ុន សែន ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ជំរុញឲ្យថ្នាក់មូលដ្ឋាន ជួយឧបត្ថម្ភដល់ជនជាតិវៀតណាម ឲ្យមានជីវភាពល្អប្រសើរ មានទីលំនៅសមរម្យ ជួយបង្កលក្ខណៈងាយស្រួល ដល់អ្នកនេសាទវៀតណាម ត្រូវរៀបចំចុះលេខ តាមទូករបស់គេ ត្រូវផ្ដល់លិខិតសម្គាល់ខ្លួន និងប័ណ្ណគ្រួសារ រួមទាំងការជួយចាត់តាំងបង្រៀនភាសាវៀតណាម។
អត្ថបទដោយ ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /១៤ ធ្នូ ២០១៨)
ឯកសារទាក់ទង
– សារាចរណែនាំ ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (សូមទាញយក ឬ Download)
– ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ សូមទាញយក ឬ Download
– ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ សូមទាញយក ឬ Download
លោក អ៊ុំ អាន ចង់ឃើញការអនុវត្តច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ ឲ្យបានតឹងរ៉ឹង ករណីវៀតណាម រស់នៅបឹងទន្លេសាប
(RFA Khmer / ដោយ មាន ឫទ្ធិ / ០១ ធ្នូ ២០១៨)
មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលសកម្មខាងបញ្ហាអន្តោប្រវេសន៍ និង ព្រំដែន លោក អ៊ុំ សំអាន ចង់ឃើញរបបក្រុងភ្នំពេញ អនុវត្តច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ ឲ្យបានតឹងរ៉ឹងបំផុត ចំពោះរឿងបំឡាស់ទីជនអន្តោប្រវេសន៍វៀតណាម រស់នៅតាមផ្ទះបណ្ដែតទឹក លើផ្ទៃបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង។ លោក សង្កត់ធ្ងន់ថា ការអនុវត្តវិធានការណ៍ ប្រឆាំងនឹងជនអន្តោប្រវេសន៍វៀតណាម ទាំងនោះ មិនមែនមានន័យថា ជាការប្រកាន់ ឬរើសអើងពូជសាសន៍នោះទេ តែជាការអនុវត្តច្បាប់ ស្របតាមគោលការណ៍ជាតិ និង អន្តរជាតិ។
លោក អ៊ំ សំអាន ថ្លែងក្នុងនាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី ៣០ វិច្ឆិកា ២០១៨ ដោយស្វាគមន៍យុទ្ធនាការបំឡាស់ទី ជនអន្តោប្រវេសន៍វៀតណាមបណ្ដែតទឹក នៅលើបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង។ ក៏ប៉ុន្តែ លោក អះអាងថា ដោយហេតុថា ជនអន្តោប្រវេសន៍វៀតណាមទាំងនោះ ភាគច្រើន បានហូរចូលមករស់នៅ លើបឹងទន្លេសាបដោយខុសច្បាប់ តាមរយៈការជិះទូកមក ឬចូលមកតាមច្រករបៀងជាដើមនោះ និងពុំមានឯកសារត្រឹមត្រូវ តាំងពីកាលដំបូងនោះ លោកថា អាជ្ញាធររបបក្រុងភ្នំពេញ មិនគ្រាន់តែជម្លៀសពួកគេ ចេញពីបឹងទន្លេសាបប៉ុណ្ណោះទេ តែត្រូវចាប់បញ្ជូនពួកគេ ត្រឡប់ទៅប្រទេសវៀតណាមវិញ ដើម្បីជាការអនុវត្តច្បាប់ ឲ្យបានតឹងរ៉ឹង៖ «ជនជាតិខ្មែរយើងដែលជាកម្មករធ្វើការខុសច្បាប់នៅប្រទេសថៃ កាលពីប៉ុន្មានឆ្នាំមុនប្រហែលជាជាង ២០ម៉ឺននាក់ ហើយថ្មីៗនេះប្រហែលជាជាង ២ ម៉ឺននាក់ទៀត។ ថៃគេបញ្ជូនខ្មែរយើងមកកម្ពុជាបាន រឿងអីយើងបញ្ជូនយួនទៅស្រុកយួនវិញមិនបាន? ដែលជាជនអន្តោប្រវេសន៍យួនខុសច្បាប់។ ហើយកន្លងមកយួនក៏បានបញ្ជូនអ្នកសុំទានខ្មែរដែលបានទៅសុំទាននៅស្រុកយួន ព្រមទាំងខ្មែរដែលរស់នៅខុសច្បាប់ មកកម្ពុជាវិញដែរ។ ហើយសូម្បីតែអាមេរិក គេក៏ធ្វើរបងជាមួយម៉ិកស៊ីកូ កុំឲ្យជនជាតិម៉ិកស៊ីកូហូរចូលមកប្រទេសគេដែរ»។
លោក អ៊ំ សំអាន សង្កត់ធ្ងន់ថា ការធ្វើយ៉ាងដូច្នេះ មិនមែនមានន័យថា ជាការស្អប់ខ្ពើម រើសអើង ឬប្រកាន់ពូជសាសន៍ ប្រឆាំងនឹងជនអន្តោប្រវេសន៍វៀតណាមទាំងនោះទេ តែគឺជាការអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាពដូចបណ្ដាប្រទេសដទៃកំពុងអនុវត្តស្រាប់ ស្របតាមគោលការណ៍សិទ្ធិមនុស្សជាតិ និងអន្តរជាតិ៖ «យើងអត់ប្រកាន់ពូជសាសន៍ទេ យើងអនុវត្តច្បាប់អន្តោប្រវេសន៍។ ហើយក៏យើងមិនធ្វើរបៀបដូច លន់ នល់ ឬមួយដូចគណបក្សណាមួយបញ្ជូនក្នុងរយៈពេល ២៤ម៉ោងនោះ។ យើងមិនធ្វើដូច្នេះទេ។ គឺយើងអនុវត្តទៅតាមច្បាប់អន្តោប្រវេសន៍ គឺថា បើតាមគំនិតរបស់ខ្ញុំ គឺយើងត្រូវអនុវត្តក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ ដើម្បីបញ្ជូនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា ជាពិសេសជនជាតិវៀតណាម និងចិន ដែលមកធ្វើបងធំបងតូច បង្កបញ្ហានៅកម្ពុជាទៀ។ ដូច្នេះ ទាំងជនជាតិវៀតណាម ជនជាតិចិន និងជនជាតិដទៃទៀតដែលខុសច្បាប់ ត្រូវបញ្ជូនទៅវិញ»។
ការលើកឡើងរបស់លោក អ៊ំ សំអាន នេះ គឺស្របពេលដែលក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តកំពង់ឆ្នាំងកំពុងចាប់ផ្ដើមអនុវត្តយុទ្ធនាការបំឡាស់ទីជនជាតិវៀតណាមសរុបចំនួន ២.៣៩៧ គ្រួសារ ស្មើនឹង ១ ម៉ឺន ៨៧ នាក់ ដែលកំពុងរស់នៅតាមផ្ទះបណ្ដែតទឹកសរុប ១.៨៣៦ ខ្នង នៅលើផ្ទៃទឹកលើទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ឲ្យមករស់លើដីគោកវិញ។ យុទ្ធនាការនេះ ធ្វើឡើងចាប់ពីថ្ងៃទី១ តុលាឆ្នាំ២០១៨ ហើយគ្រោងនឹងបិទបញ្ចប់ជាស្ថាពរនៅបំណាច់ឆ្នាំ២០១៨ នេះ ដូចតាមផែនការ ៥ឆ្នាំ ដាក់ចេញរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០១៩ ក្រោមហេតុផលថាដើម្បីស្តារសោភណភាពតាមផ្ទៃបឹងទន្លេសាប ថែរក្សាបរិស្ថាន និងបង្កើនអនាម័យសុខាភិបាលជាដើម។ របបក្រុងភ្នំពេញ ថែមទាំងបានសន្យាជាមួយភាគីវៀតណាមថា នឹងផ្ដល់នូវទីតាំងសង់លំនៅឋានលើដីគោក ដែលមានលក្ខណៈអំណោយផលល្អបំផុត រួមមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ទឹក ភ្លើង និងសេវាសុខាភិបាលជាដើម។ យុទ្ធនាការបំឡាស់ទីជនអន្តោប្រវេសន៍វៀតណាមនេះ ក៏ស្ថិតក្រោមក្រសែភ្នែកឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់របស់វៀតណាម តាំងពីថ្នាក់សមាគមវៀតណាមនៅកម្ពុជា រហូតដល់មន្ត្រីជាន់ខ្ពស់នៃរបបកុម្មុយនិស្តវៀតណាម ឬអាជ្ញាធររដ្ឋវៀតណាមតែម្ដង។ បច្ចុប្បន្ន សមាគមវៀតណាមប្រចាំនៅកម្ពុជា បន្តបដិសេធមិនព្រមផ្លាស់ប្ដូរទីកន្លែងរស់នៅមកនៅគោកនោះទេ ដោយអះអាងថា កន្លែងដីគោកដែលអាជ្ញាធរឲ្យ គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។
លោក អ៊ំ សំអាន យល់ថា ចំណាត់ការរបស់របបក្រុងភ្នំពេញទៅលើការបំឡាស់លំនៅឋានជនអន្តោប្រវេសន៍វៀតណាមលើបឹងទន្លេសាបរបស់របបក្រុងភ្នំពេញនេះ ហាក់ផ្ដល់ភាពអនុគ្រោះច្រើន និងជាវិធានការណ៍ត្រជាក់ ខុសពីអ្វីដែលរបបនេះ តែងតែប្រព្រឹត្តិទៅលើករណីបណ្ដេញពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស ដោយបង្ខំ និងដោយអំពើហិង្សា ឬពេលខ្លះឈានទៅរកការ ចាប់ពលរដ្ឋខ្លួនឯងដាក់ពន្ធនាគារ ដុតបំផ្លាញផ្ទះសម្បែង ឬមិនដោះស្រាយឲ្យតែម្ដង។
បន្ថែមពីលើនេះ អ្នកវិភាគនយោបាយលោក គឹម សុខ វិភាគថា យុទ្ធនាការនេះ មានបង្កប់នូវហេតុផលនយោបាយច្រើនជាងអ្វី ដែលរបបក្រុងភ្នំពេញ អះអាងនេះ ក្នុងគោលបំណងដែលលោកហៅថា «ជារណសិរ្សប្រជាសាស្ត្រជនជាតិវៀតណាម» ដើម្បីជួយសម្រួលឲ្យជនអន្តោប្រវេសន៍វៀតណាម កំពុងរស់នៅខុសច្បាប់ នៅកម្ពុជាទាំងនោះ ក្លាយជាស្របច្បាប់វិញ ស្របតាមបញ្ជាពីមេដឹកនាំវៀតណាម ដើម្បីបង្កើននយោបាយឈ្លានពាន និងឥទ្ធិពលវៀតណាមនៅកម្ពុជាបន្តទៅទៀត៖ «គេអត់បាននិយាយថា ជនជាតិវៀតណាមទាំងនោះចូលមកដោយរបៀបណាទេ។ គេនិយាយអំពីការសម្រួល ដែលមានន័យថាគេកំពុងសម្រួលផ្លូវរណសិរ្សប្រជាសាស្ត្រនិគមជនរបស់យួននៅលើទឹកដីរបស់កម្ពុជាដើម្បីងាយស្រួលក្នុងការគេអនុវត្តនយោបាយគ្រប់គ្រងកម្ពុជាឲ្យកាន់តែណែន តាមរបៀបដែលពលរដ្ឋរបស់គេមានសិទ្ធិដូចពលរដ្ឋខ្មែរដែលរស់នៅស្របច្បាប់នៅលើទឹកដីខ្មែរ។ ហើយរបៀបដែលគេធ្វើទៀតសោត គេធ្វើបែបប្រយ័ត្នប្រយែងជាទីបំផុត ដើម្បីផ្តល់ឱកាសឲ្យជនជាតិទាំងនោះមានទាំងផ្ទះសម្បែងល្អ និងមានបរិយាកាសឲ្យកូនអ្នកទាំងនោះរៀនសូត្រត្រឹមត្រូវ ព្រមទាំងមានកម្មសិទ្ធិដីធ្លី ហើយមានសិទ្ធិតវ៉ាគ្រប់បែបយ៉ាង។ ដូច្នេះ នេះគឺជាយុទ្ធសាស្ត្រដ៏អភព្វណាស់សម្រាប់ខ្មែរ ក៏ប៉ុន្តែលើកតម្កើងយួន ហើយធ្វើឲ្យយួនមានឥទ្ធិពល និងមានអំណាចកាន់តែខ្លាំងនៅកម្ពុជា»។
លោក គឹម សុខ ចង់ឃើញខ្មែរអ្នកប្រជាធិបតេយ្យ និងពលរដ្ឋខ្មែរ រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយឲ្យខ្លាំង និងមិនត្រូវបែកបាក់នោះទេ ដើម្បីជូនដំណឹងទុកជាមុនទៅភាគីអន្តរជាតិ នៃការមិនទទួលយកដំណោះស្រាយ ដែលរបបក្រុងភ្នំពេញ កំពុងធ្វើបច្ចុប្បន្ននេះ ពាក់ព័ន្ធនឹងរឿងជនអន្តោប្រវេសន៍វៀតណាមនេះ។ លោកថា ការធ្វើដូច្នេះ គឺដើម្បីចៀសផុតពីការចោទប្រកាន់ថា ជាករណីរើសអើងពូជសាសន៍ ដោយសាររបបក្រុងភ្នំពេញសព្វថ្ងៃនេះជារបបខុសច្បាប់ស្រាប់៕
ឯកសារទាក់ទង
– សារាចរណែនាំ ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (សូមទាញយក ឬ Download)
– ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ សូមទាញយក ឬ Download
– ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ សូមទាញយក ឬ Download
.