ក្រុមសកម្មជនព្រំដែន អ្នកជនាញ​ព្រំដែន​ឯករាជ្យ និង​​ក្រុម​អ្នក​ជាតិ​និយម តែ​ង​តែ​​លើក​ឡើង​​ជាហូរហែ អំពី​​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​ខុសច្បាប់ (យួន) នៅ​កម្ពុជា ដែល​ត្រូវបាន​ទទួល​ការលើក​ទឹកចិត្ត និង​ការជួយ​ជ្រោម​ជ្រែង ពី​របប​ដឹកនាំរបស់​លោក ហ៊ុន សែន។ នោះ​មិនមែន​ជាការរើសអើងទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺពលរដ្ឋខ្មែរ ចង់​ឃើញ​របបលោក ហ៊ុន សែន អនុវត្តច្បាប់​ឲ្យ​បានត្រឹមត្រូវ ចំពោះ​ជនបរទេស ដែល​ចេញ​ចូល​ប្រទេស​កម្ពុជា។

ការជាប់ជំពាក់ជំពិន​នឹង​ការដឹង​គុណ​វៀតណាម ត្រូវ​បាន​កំណត់​ឡើង​ដោយ សន្ធិសញ្ញា​មិត្តភាព និង សហ​ប្រតិបត្តិការ ដែល​ស៊ីញ៉េ​​ដោយ​​ប្រធាន​​ក្រុមប្រឹក្សារដ្ឋ លោក ហេង សំរិន និង​​មេដឹក​នាំ​វៀតណាម លោក ផាំ វ៉ាន់ដុង នាថ្ងៃទី ១៨ កុម្ភៈ ១៩៧៩ ខណៈ​ពេល​ដែល​វៀតណាម បញ្ជូន​ប្រជាជន​ខ្លួន និង​​ទាហាន​របស់​ខ្លួន មកត្រួតត្រាកម្ពុជា បន្ទាប់ពួកគេ​ផ្តួល​រំលំរបបខ្មែរក្រហម។

មានឯកសារ​មួយ​ទៀត​ឈ្មោះថា «សារាចរណែនាំ» ធ្វើ​នៅ​ភ្នំពេញ ថ្ងៃទី ២៦ កុម្ភៈ ១៩៨៦ របស់​​​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី នៃ​​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ចុះលេខ ០៥/សរណន ជាសារាចរ​ណែនាំ ស្ដីពី​​ការ​​អនុវត្ត​គោល​នយោបាយ ចំពោះ​អាណិកជន​វៀតណាម នៅកម្ពុជា។ ឯកសារនេះ មាន ៤ ទំព័រ (សូមទាញយក ឬ Download) ចុះហត្ថលេខាដោយ លោក ហ៊ុន សែន ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ជំរុញឲ្យថ្នាក់មូលដ្ឋាន ជួយ​ឧបត្ថម្ភ​ដល់​ជនជាតិ​វៀតណាម ឲ្យមានជីវភាពល្អប្រសើរ មានទីលំនៅសមរម្យ ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល ដល់អ្នកនេសាទវៀតណាម ត្រូវរៀបចំចុះលេខ តាមទូករបស់គេ ត្រូវ​ផ្ដល់​លិខិត​សម្គាល់​ខ្លួន និង​ប័ណ្ណ​គ្រួសារ រួមទាំង​ការ​ជួយ​ចាត់តាំង​បង្រៀន​ភាសា​វៀតណាម

អត្ថបទដោយ ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /១៤ ធ្នូ ២០១៨)

ឯកសារទាក់ទង
– សារាចរណែនាំ ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារ​ពលរដ្ឋ​​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (សូមទាញយក ឬ Download)
– ច្បាប់អន្តោប្រវេសន៍ ឆ្នាំ​១៩៩៤ សូមទាញយក ឬ Download
– ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ​១៩៩៦ សូមទាញយក ឬ Download


លោក អ៊ុំ អាន ចង់​​​ឃើញ​​​ការ​អនុវត្ត​​ច្បាប់​​អន្តោ​ប្រវេសន៍​ និង​​​សញ្ជាតិ​ ឲ្យ​​បាន​​​តឹង​រ៉ឹង​ ​ករណី​​វៀតណាម​ រស់នៅ​​បឹង​​ទន្លេសាប

(RFA Khmer / ដោយ មាន ឫទ្ធិ / ០១ ធ្នូ ២០១៨)
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលសកម្ម​ខាង​បញ្ហា​អន្តោប្រវេសន៍ និង​ ព្រំដែន លោក អ៊ុំ សំអាន ចង់​ឃើញ​របប​ក្រុង​ភ្នំពេញ​ អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​ ឲ្យ​​បាន​​តឹង​រ៉ឹង​បំផុត​ ចំពោះ​រឿង​បំឡាស់​ទី​ជន​អន្តោ​ប្រវេសន៍​​​វៀតណាម ​រស់នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក ​លើ​ផ្ទៃ​បឹង​ទន្លេសាប​ ក្នុង​ខេត្ត​កំពង់ឆ្នាំង។ លោក​ សង្កត់ធ្ងន់​ថា ការ​អនុវត្ត​​វិធានការណ៍​ ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម ​ទាំងនោះ មិនមែន​មានន័យថា ជា​ការ​ប្រកាន់ ឬ​​រើស​អើង​​ពូជសាសន៍​នោះ​ទេ តែ​ជា​ការ​អនុវត្ត​ច្បាប់​ ស្របតាម​គោលការណ៍​ជាតិ និង ​អន្តរជាតិ។

លោក អ៊ំ សំអាន ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​​ថ្ងៃ​ទី ៣០ វិច្ឆិកា ២០១៨ ដោយ​ស្វាគមន៍​​យុទ្ធនាការ​​បំឡាស់​ទី​ ជនអន្តោប្រវេសន៍​​វៀតណាម​​បណ្ដែត​​ទឹក​ នៅ​លើ​​បឹង​ទន្លេសាប​ ក្នុង​ខេត្ត​កំពង់ឆ្នាំង។ ក៏ប៉ុន្តែ លោក ​អះអាង​ថា ដោយហេតុថា​ ជនអន្តោប្រវេសន៍​វៀតណាម​​ទាំងនោះ ​ភាគច្រើន​ បាន​ហូរ​ចូល​មក​រស់នៅ​ លើ​បឹង​ទន្លេសាប​ដោយ​ខុសច្បាប់ ​តាមរយៈ​ការ​ជិះ​ទូក​មក ឬ​ចូល​មក​តាម​​ច្រក​របៀង​​ជាដើម​​នោះ និង​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ ​តាំងពី​កាល​ដំបូង​នោះ លោក​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ មិន​គ្រាន់​តែ​ជម្លៀស​ពួកគេ​ ចេញពី​បឹង​ទន្លេសាប​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ចាប់​បញ្ជូន​ពួកគេ​ ត្រឡប់​​ទៅ​​ប្រទេស​​វៀតណាម​វិញ ដើម្បី​ជា​ការ​អនុវត្ត​ច្បាប់​ ឲ្យ​បាន​តឹងរ៉ឹង៖ «ជនជាតិ​ខ្មែរ​យើង​ដែល​ជា​កម្មករ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ប្រហែល​ជាជាង ២០​ម៉ឺន​នាក់ ហើយ​ថ្មីៗ​នេះ​ប្រហែល​ជាជាង ២ ម៉ឺន​នាក់​ទៀត។ ថៃ​គេ​បញ្ជូន​ខ្មែរ​យើង​មក​កម្ពុជា​បាន រឿង​អី​យើង​បញ្ជូន​យួន​ទៅ​ស្រុក​យួន​វិញ​មិន​បាន? ដែល​ជា​ជនអន្តោប្រវេសន៍​យួន​ខុសច្បាប់។ ហើយ​កន្លងមក​យួន​ក៏​បាន​បញ្ជូន​អ្នកសុំទាន​ខ្មែរ​ដែល​បាន​ទៅ​សុំ​ទាន​នៅ​ស្រុក​យួន ព្រមទាំង​ខ្មែរ​ដែល​រស់នៅ​ខុសច្បាប់ មក​កម្ពុជា​វិញ​ដែរ។ ហើយ​សូម្បីតែ​អាមេរិក គេ​ក៏​ធ្វើ​របង​ជាមួយ​ម៉ិកស៊ីកូ កុំ​ឲ្យ​ជនជាតិ​ម៉ិកស៊ីកូ​ហូរ​ចូល​មក​ប្រទេស​គេ​ដែរ»។

លោក អ៊ំ សំអាន សង្កត់ធ្ងន់​ថា ការ​ធ្វើ​យ៉ាង​ដូច្នេះ មិនមែន​មានន័យថា ជា​ការ​ស្អប់ខ្ពើម រើសអើង ឬ​ប្រកាន់​ពូជសាសន៍ ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ទាំង​នោះ​ទេ តែ​គឺជា​ការអនុវត្ត​ច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​បណ្ដា​ប្រទេស​ដទៃ​កំពុង​អនុវត្ត​ស្រាប់ ស្របតាម​គោលការណ៍​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ៖ «យើង​អត់​ប្រកាន់​ពូជសាសន៍​ទេ យើង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍។ ហើយក៏​យើង​មិន​ធ្វើ​របៀប​ដូច លន់ នល់ ឬមួយ​ដូច​គណបក្ស​ណាមួយ​បញ្ជូន​ក្នុង​រយៈពេល ២៤​ម៉ោង​នោះ។ យើង​មិន​ធ្វើ​ដូច្នេះ​ទេ​។ គឺ​យើង​អនុវត្ត​ទៅតាម​ច្បាប់​អន្តោប្រវេសន៍ គឺថា បើ​តាម​គំនិត​របស់ខ្ញុំ គឺ​យើង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​ពី ៣ ទៅ ៥ ឆ្នាំ ដើម្បី​បញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា ជាពិសេស​ជនជាតិ​វៀតណាម និង​ចិន ដែល​មក​ធ្វើ​បងធំ​បង​តូច បង្ក​បញ្ហា​នៅ​កម្ពុជា​ទៀ​។ ដូច្នេះ ទាំង​ជនជាតិ​វៀតណាម ជនជាតិ​ចិន និង​ជនជាតិ​ដទៃ​ទៀត​ដែល​ខុសច្បាប់ ត្រូវ​បញ្ជូន​ទៅវិញ»។

ការ​លើកឡើង​របស់​លោក អ៊ំ សំអាន នេះ គឺ​ស្រប​ពេល​ដែល​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ​កំពុង​ចាប់ផ្ដើម​អនុវត្ត​យុទ្ធនាការ​បំឡាស់​ទី​ជនជាតិ​វៀតណាម​ សរុប​ចំនួន ២.៣៩៧ គ្រួសារ ស្មើនឹង ១ ម៉ឺន ៨៧ នាក់ ដែល​កំពុង​រស់នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក​ សរុប ១.៨៣៦ ខ្នង នៅ​លើ​ផ្ទៃ​ទឹក​លើ​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ឲ្យ​មក​រស់​លើ​ដី​គោក​វិញ។ យុទ្ធនាការ​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី១ តុលា​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បិទ​បញ្ចប់​ជា​ស្ថាពរ​ នៅ​បំណាច់​ឆ្នាំ២០១៨ នេះ ដូច​តាម​ផែនការ ៥​ឆ្នាំ ដាក់​ចេញ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ ២០១៩ ក្រោម​ហេតុផល​ថា​ ដើម្បី​ស្តារ​សោភណភាព​តាម​ផ្ទៃ​បឹង​ទន្លេសាប ថែរក្សា​បរិស្ថាន និង​បង្កើន​អនាម័យ​សុខាភិបាល​ជាដើម។ របប​ក្រុងភ្នំពេញ ថែមទាំង​បាន​សន្យា​ជាមួយ​ភាគី​វៀតណាម​ថា នឹង​ផ្ដល់​នូវ​ទីតាំង​សង់​លំនៅឋាន​លើ​ដី​គោក ដែល​មាន​លក្ខណៈ​អំណោយផល​ល្អ​បំផុត រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ទឹក ភ្លើង និង​សេវា​សុខាភិបាល​ជាដើម។ យុទ្ធនាការ​បំឡាស់​ទី​ជនអន្តោប្រវេសន៍​វៀត​ណាម​​នេះ ក៏​ស្ថិត​ក្រោម​ក្រសែភ្នែក​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ គ្រប់​ជាន់ថ្នាក់​របស់​វៀតណាម តាំងពី​ថ្នាក់​សមាគម​វៀតណាម​នៅ​កម្ពុជា រហូតដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​កុម្មុយនិស្ត​វៀតណាម ឬ​អាជ្ញាធរ​រដ្ឋ​វៀតណាម​តែម្ដង។ បច្ចុប្បន្ន សមាគម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បន្ត​បដិសេធ​មិន​ព្រម​ផ្លាស់ប្ដូរ​ទីកន្លែង​រស់នៅ​មក​នៅ​គោក​នោះ​ទេ ដោយ​អះអាង​ថា កន្លែង​ដីគោក​ដែល​អាជ្ញាធរ​ឲ្យ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់។

លោក អ៊ំ សំអាន យល់ថា ចំណាត់ការ​របស់​របប​ក្រុងភ្នំពេញ​ទៅលើ​ការ​បំឡាស់​លំនៅឋាន​ជនអន្តោប្រវេសន៍​វៀតណាម​លើ​បឹង​ទន្លេសាប​របស់​របប​ក្រុងភ្នំពេញ​នេះ ហាក់​ផ្ដល់​ភាព​អនុគ្រោះ​ច្រើន និង​ជា​វិធានការណ៍​ត្រជាក់ ខុស​ពី​អ្វី​ដែល​របប​នេះ តែងតែ​ប្រព្រឹត្តិ​ទៅលើ​ករណី​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស ដោយ​បង្ខំ និង​ដោយ​អំពើ​ហិង្សា ឬ​ពេលខ្លះ​ឈាន​ទៅ​រក​ការ ចាប់​ពលរដ្ឋ​ខ្លួនឯង​ដាក់​ពន្ធនាគារ ដុត​បំផ្លាញ​ផ្ទះសម្បែង ឬ​មិន​ដោះស្រាយ​ឲ្យ​តែម្ដង។

បន្ថែម​ពីលើ​នេះ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ វិភាគ​ថា យុទ្ធនាការ​​​នេះ ​មាន​​បង្កប់​​​នូវ​​​ហេតុផល​​​នយោបាយ​​ច្រើន​ជាង​អ្វី ​ដែល​​របប​ក្រុងភ្នំពេញ​ អះអាង​នេះ ក្នុង​គោល​បំណង​ដែល​លោក​ហៅថា «​ជា​រណសិរ្ស​​ប្រជាសាស្ត្រ​​ជនជាតិ​​វៀតណាម» ដើម្បី​​ជួយ​សម្រួល​​ឲ្យ​ជនអន្តោប្រវេសន៍​វៀតណាម​ ​កំពុង​​រស់នៅ​ខុស​ច្បាប់ ​នៅ​កម្ពុជា​​ទាំងនោះ ក្លាយ​ជា​​ស្របច្បាប់​​វិញ ស្រប​តាម​បញ្ជា​​ពី​​មេដឹកនាំ​​វៀតណាម ដើម្បី​បង្កើន​នយោបាយ​ឈ្លានពាន និង​ឥទ្ធិពល​វៀតណាម ​នៅ​កម្ពុជា​បន្ត​ទៅ​ទៀត៖ «គេ​អត់​បាន​និយាយ​ថា ជនជាតិ​វៀតណាម​ទាំងនោះ​ ចូល​មក​ដោយ​របៀប​ណា​ទេ។ គេ​និយាយ​អំពី​ការសម្រួល ដែល​មានន័យថា​គេ​កំពុង​សម្រួល​ផ្លូវ​រណសិរ្ស​ប្រជាសាស្ត្រ​និគមជន ​របស់​យួន ​នៅ​លើ​ទឹកដី​របស់​កម្ពុជា​ ដើម្បី​ងាយស្រួល​ក្នុង​ការ​គេ​អនុវត្ត​នយោបាយ​គ្រប់គ្រង​កម្ពុជា​ ឲ្យ​កាន់តែ​ណែន តាមរបៀប​ដែល​ពលរដ្ឋ​របស់​គេ ​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ស្របច្បាប់​ នៅ​លើ​ទឹកដី​ខ្មែរ។ ហើយ​របៀប​ដែល​គេ​ធ្វើ​ទៀតសោត គេ​ធ្វើ​បែប​ប្រយ័ត្នប្រយែង​ជាទីបំផុត ដើម្បី​ផ្តល់​ឱកាស​​ឲ្យ​ជនជាតិ​ទាំងនោះ​មាន​ទាំង​ផ្ទះសម្បែង​ល្អ និង​មាន​បរិយាកាស​ឲ្យ​កូន​អ្នក​ទាំងនោះ​រៀន​សូត្រ​ត្រឹមត្រូវ ព្រមទាំង​មាន​កម្មសិទ្ធិ​ដីធ្លី ហើយ​មាន​សិទ្ធិ​តវ៉ា​គ្រប់បែប​យ៉ាង។ ដូច្នេះ នេះ​គឺជា​យុទ្ធសាស្ត្រ​ដ៏​អភព្វ​ណាស់​សម្រាប់​ខ្មែរ ក៏ប៉ុន្តែ​លើក​តម្កើង​យួន ហើយ​ធ្វើ​ឲ្យ​យួន​មាន​ឥទ្ធិពល និង​មានអំណាច​កាន់តែ​ខ្លាំង​នៅ​កម្ពុជា»។

លោក គឹម សុខ ចង់​ឃើញ​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ និង​​ពលរដ្ឋ​ខ្មែរ រួម​​កម្លាំង​​សាមគ្គី​គ្នា​​ជា​ធ្លុង​​មួយ​​ឲ្​យ​ខ្លាំង និង​មិន​​ត្រូវ​​បែក​បាក់​​នោះ​ទេ ដើម្បី​ជូន​ដំណឹង​​ទុកជាមុន​​ទៅ​​ភាគី​​អន្តរជាតិ នៃ​ការ​មិន​​ទទួល​យក​​ដំណោះស្រាយ​ ​ដែល​​របប​ក្រុងភ្នំពេញ​​ កំពុង​​ធ្វើ​​បច្ចុប្បន្ន​នេះ ពាក់ព័ន្ធ​នឹង​រឿង​ជនអន្តោប្រវេសន៍​វៀតណាម​នេះ។ លោក​ថា ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ចៀស​ផុត​ពី​ការ​ចោទប្រកាន់​ថា ជា​ករណី​រើសអើង​ពូជសាសន៍ ដោយសារ​របប​ក្រុងភ្នំពេញ​សព្វថ្ងៃ​នេះ​ជា​របប​ខុសច្បាប់​ស្រាប់៕

ឯកសារទាក់ទង
– សារាចរណែនាំ ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារ​ពលរដ្ឋ​​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (សូមទាញយក ឬ Download)
– ច្បាប់អន្តោប្រវេសន៍ ឆ្នាំ​១៩៩៤ សូមទាញយក ឬ Download
– ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ​១៩៩៦ សូមទាញយក ឬ Download

.