សារព័ត៌មាន The Cambodia Daily / 09th-4-2021

​ក្រុម​អ្នកតស៊ូ​រមតិ លើក​ឡើង​ថា ការ​ផ្លាស់ប្ដូរ ឬ​​មិន​​ផ្លាស់ប្ដូរ ក្បាល​ម៉ាស៊ីន​​បក្ស​​កុម្មុយនិស្ត​​វៀតណាម មិន​​មាន​​អ្វី​ល្អ​​សម្រាប់​កម្ពុជា​នោះ​​ទេ ព្រោះ​​ផែនការ​​រំលោភ​​អធិបតេយ្យ និង {បូរណភាព​ទឹកដី}​​​របស់​​​កម្ពុជា គឺ​ជា​​គោលការណ៍​​រួម​​របស់​​រដ្ឋការ​​ក្រុង​ហាណូយ ដូច្នេះ​​ទោះ​ជា​​មេដឹកនាំ​​វៀតណាម​មួយ​​ណា​​ឡើង​​កាន់​​អំណាច ​ក៏​​នៅ​តែ​​បន្ត​​ផែន​ការ​នេះ​​ដដែល។​

​ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំ​មើល​​កម្ពុជា និង​​ជា​​ប្រធាន​​ក្រុមប្រឹក្សា​ភិបាល​​នៃ​ ​ចលនា​​​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ លោក ម៉ែន ណាត បាន​​ប្រាប់​​សារព័ត៌មាន The Cambodia Daily នៅ​​ថ្ងៃ​នេះ​​ថា ការ​​ឡើង​​កាន់​​តំណែង​​របស់​​នាយក​រដ្ឋមន្ត្រី​ថ្មី ​របស់​​វៀត​ណាម ​គឺ​ជា​​សញ្ញា​​បង្ហាញ​​ឲ្យ​ឃើញ​​ថា កម្ពុជា នឹង​​ត្រូវ​​ធ្វើ​សម្បទាន​​ថ្មី​​បន្ថែម​​ទៀត​ តាម​​សំណើ​​របស់​​វៀតណាម ជា​មិន​ខាន។​

​លោក​​អះអាង​​ថា ជា​​ទំនៀម​ទម្លាប់​​ចំពោះ​​ទំនាក់ទំនង​​រវាង​​កម្ពុ​ជា​​-​​វៀតណាម​ទៅ​​ហើយ រាល់​ពេល​​វៀតណាម​​ តែង​តាំង​​មេដឹកនាំ​​ថ្មី គឺ​​កម្ពុជា តែងតែ​​យក​​​អធិប​តេយ្យ​​​ជាតិ​​​របស់​​ខ្លួន ​ធ្វើ​ជា​​កាដូ​​ជូន​​វៀតណាម តាម​រយៈ​​ការធ្វើ​​សម្បទាន​​នានា ដូចជា ការ​កែប្រែ​​ផែនទី​​ថ្មី និង​​ការ​បង្កើត​​សន្ធិសញ្ញា​​ផ្សេងៗ​​ច្រើន​​ទៀត ជាដើម ​ដែល​​ផ្តល់​​សិទ្ធិ​​ឲ្យ​​វៀតណាម អាច​​ឈ្លានពាន​​កម្ពុជា​បន្ត​​ទៀត​​ដោយ​​ស្រប​ច្បាប់។​

​ការរិះគន់​នេះ ​ធ្វើ​ឡើង​​បន្ទាប់​ពី​សភា​​ជាតិ ​របស់​​ប្រទេស​​វៀតណាម បាន​​បោះឆ្នោត​​ជ្រើស​រើស​នាយក​រដ្ឋមន្ត្រី​​ថ្មី​​ ជំនួស​​លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ដែល​​ត្រូវ​​បាន​​តែង​តាំង​​ជា​​ប្រធានាធិបតី​ កាល​ពី​ដើម​​ខែ​មេសា ឆ្នាំ​​២០២១ នេះ។​

​សភា​បក្ស​​កុម្មុយនិស្ត​​វៀតណាម បាន​​បោះ​ឆ្នោត​​កាល​ពី​ថ្ងៃទី​​ ៥ ខែ​មេសា ឆ្នាំ​​២០២១ ជ្រើស​​លោក ផាម មិញជីញ (Pham Minh Chinh) ដែល​​អតីត​មន្ត្រី​​ជាន់ខ្ពស់​​ផ្នែក​​សន្តិសុខ​​ជាតិ ធ្វើ​ជា​​នាយក​រដ្ឋមន្ត្រី​​ថ្មី​ សម្រាប់​​ដឹកនាំ​​សាធារណរដ្ឋ​​ប្រជា​មានិត​​កុម្មុយនិស្ត​​វៀតណាម បន្ត​​ទៀត។​

​អ្នកសង្កេតការណ៍​​រិះគន់​​ថា នាយក​រដ្ឋមន្ត្រី​​របស់​​កម្ពុជា ពិតប្រាកដ​គឺ​​វៀតណាម ទៅ​វិញ​​ទេ ខណៈ​​នាយក​រដ្ឋមន្ត្រី​​ស្រមោល​​របស់​​ខ្មែរ គឺ​ជា​​នាយក​​រដ្ឋមន្ត្រី​​កម្ពុជា​បច្ចុប្បន្ន​​នេះ ត្បិត​​រាល់​​ពេល​​ផ្លាស់​ប្ដូរ​​មេដឹកនាំ​​ធំៗ​​វៀតណាម​​ម្តងៗ លោក ហ៊ុន សែន តែង​ធ្វើ​សម្បទាន​ព្រំដែន ឬ​​ការ​​អនុញ្ញាត​​ឲ្យ​​ជនជាតិ​​វៀតណាម ចូល​​មក​​កម្ពុជា រស់​នៅ​​ខុស​ច្បាប់​​​ កាន់​​តែ​​ច្រើន​​បន្ថែម​​ទៀត។​

​កាល​ពី​ឆ្នាំ​​១៩៨២ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក ង្វៀង កូថាច់ បាន​ចុះ​ហត្ថលេខា​​​ខុសច្បាប់​ កំណត់​​ព្រំដែ​ន​ទឹក​{ប្រវត្តិសាស្ត្រ}​ ឆ្នាំ​​​១៩៨២ និង​​​ចុះ​ហត្ថលេខា​​លើ​​សន្ធិសញ្ញា​​កំណត់​ព្រំដែន​​រដ្ឋ​​ ដោយ​​ខុសច្បាប់ ឆ្នាំ​​១៩៨៥ ជាមួយ​​លោក ហ៊ុន សែន ដែល​​ជា​​រដ្ឋមន្ត្រី​ការបរទេស​​ នា​​ពេល​​នោះ។​

​ជាង​​នេះ​ទៀត កាល​ពី​​ឆ្នាំ​​​២០០៥ នាយករដ្ឋមន្ត្រី​​វៀតណាម លោក ផាន វ៉ាន់ខាយ បាន​​សហការ​​ជាមួយ​ប្រមុខ​​រដ្ឋាភិបាល​​ខ្មែរ លោក ហ៊ុន សែន ចុះ​​ហត្ថ​លេខា​​​ទទួល​​​ស្គាល់​​សន្ធិសញ្ញា​​បំពេញ​​បន្ថែម​​ឆ្នាំ​​២០០៥ ដោយ​​ខុសច្បាប់ ដែល​​ផ្ទុយ​​ទៅ​​នឹង​ខ្លឹមសារ​​កិច្ចព្រមព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស ​ឆ្នាំ​​១៩៩១ ទាំង​ស្រុង។

​មិន​ត្រឹម​​តែ​ប៉ុណ្ណោះ កាល​ពី​​ឆ្នាំ​​២០១៩ ក្រោម​​ការ​ដឹកនាំ​​របស់​​លោក ង្វៀន ស៊ុន​ហ្វុក ជា​​នាយក​​រដ្ឋមន្ត្រី​​វៀតណាម នៅ​​ពេល​​នោះ​ បាន​​ទាមទារ​​ឲ្យ​​លោក ហ៊ុន សែន ចុះហត្ថលេខា​ខុស​​ច្បាប់​​លើ​​ សន្ធិសញ្ញា​​បំពេញ​​បន្ថែម​ ​ឆ្នាំ​​២០១៩ មួយទៀត ដើម្បី​​បញ្ជាក់​​ពី​​សុពលភាព​​កិច្ច​ព្រមព្រៀង​​ខុស​ច្បាប់​​នានា​ រវាង​​កម្ពុជា-​វៀតណាម កន្លង​​មក ដែល​​បាន​«​មោឃភាព»​ដោយ​​កិច្ច​ព្រមព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស ​ឆ្នាំ​​១៩៩១ ថា នៅ​​តែ​​មាន​​សុពលភាព​​សម្រាប់​​ប្រទេស​​ទាំង​​ពីរ។

ក្រសួង​ការបរទេស និង​​សហប្រតិបត្តិការ​​អន្តរជាតិ របស់​​កម្ពុជា បាន​​ចេញ​​សេចក្តី​ប្រកាស​​ព័ត៌មាន​ ​​កាល​ពី​ថ្ងៃទី​​៦ ខែ​មេសា ឆ្នាំ​​២០២១ នេះ ស្ដីពី​​ខ្លឹមសារ​​ជំនួប​​តាម​​ទូរស័ព្ទ​ រវាង​​នាយក​រដ្ឋមន្ត្រី​​ថ្មី​ របស់​​វៀតណាម លោក ផាម ម៉ិញជិញ និង​​លោក ហ៊ុន សែន ថា កម្ពុជា​-​​វៀតណាម នឹង​​​រឹត​​ចំណង​​មិត្តភាព និង​​​ធ្វើ​​​កិច្ច​​​សហ​ប្រតិ​បត្តិការ​​​​គ្រប់​​​ជ្រុង​​ជ្រោយ​ ឲ្យ​​កាន់​​តែ​​ខ្លាំង​​បន្ថែម​​ទៀត៕

.