The Cambodia Daily
08th-2-2023

ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង អះ​អាង​​ថា អាជ្ញាធរ​​មិន​​អើពើ​នឹង​ការ​ឆ្លងដែន​របស់​​ជនជាតិ​​វៀតណាម ដែល​យក​គោ​ក្របី​របស់​ពួកគេ​មក​ឃ្វាល​នៅ​លើ​ទឹកដី​ខ្មែរ​នោះ​ឡើយ ខណៈ​អាជ្ញាធរ​ខ្មែរ​នៅ​ទីនោះ​អះអាង​ថា ដោយសារតែ​ដី​ខាង​ជនជាតិ​វៀតណាម​ចង្អៀត​ពេក។

ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង លើក​ឡើង​​កាល​ពី​​ពេល​​ថ្មីៗ​​នេះ​​ថា ពលរដ្ឋ​វៀតណាម​ បាន​នាំគ្នា​យក​គោ​ក្របី​របស់​ពួកគេ​ មក​​ឃ្វាល​​នៅ​លើ​ដី​ខ្មែរ​ រាប់​សិប​ក្បាល​ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​វិញ​ មិន​អាច​លែង​គោ​ក្របី​របស់​ខ្លួន​ ឱ្យ​ចូល​ទៅ​ស៊ី​ស្មៅ​នៅ​ក្នុង​ទឹកដី​វៀតណាម​ បាន​ឡើយ។ លើស​ពី​នេះ មាន​តែ​ខាង​វៀតណាម ​ចាប់​យក​គោ​ក្របី​របស់​ពួកគេ​ទៅវិញ។

ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​អះអាង​ថា ពួកគេ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ដែរ ដូចជា​ខាង​ប៉ុស្តិ៍​នគរបាល​ឃុំ​គ្រួស និង​មេឃុំ​គ្រួស​ជាដើម ប៉ុន្តែ​ពួកគេ​តែង​ឆ្លើយ​ថា​ ជាប់​រវល់ និង​​គ្មាន​​ពេល​​មក​​មើល​​គោ​​ក្របី​​របស់​វៀតណាម​ ឆ្លង​ចូល​មក​ទឹកដី​ខ្មែរ​នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា គោ​ក្របី​វៀតណាម​ដែល​តែងតែ​ត្រូវ​លែង​ឱ្យ​ចូល​មក​ស៊ី​ស្មៅ​ក្នុង​ទឹកដី​ខ្មែរ​នោះ បាន​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ថែម​ទៀត។ ក្រៅពី​នេះ ប្រសិនបើ​គោ ឬ​ក្របី​របស់​ពលរដ្ឋ​ខ្មែរ​ណា​ដើរ​ចូល​ហ្វូង​គោ​ក្របី​របស់​ជនជាតិ​វៀតណាម​ទាំងនោះ គឺ​ពួកគេ​កៀង​យក​ទៅ​ទាំងអស់​តែម្តង មិន​អាច​តវ៉ា​យក​មក​វិញ​បាន​ឡើយ។

សមត្ថកិច្ច​ឃុំ​គ្រួស អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ជនជាតិ​វៀតណាម​ដែល​យក​គោ​ក្របី​មក​ឃ្វាល​ក្នុង​ទឹកដី​ខ្មែរ​បែប​នេះ គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ ព្រោះ​ដី​នៅ​ខាង​​វៀត​ណាម ​ចង្អៀត​ជាង​ដី​ខ្មែរ ដូច្នេះ​​ការ​លែង​​គោ​​ក្របី​​ចូល​មក​ទឹកដី​ខ្មែរ​ ពី​សំណាក់​ជនជាតិ​វៀតណាម​​ទាំងនោះ គឺជា​ការ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក ហើយ​​មិន​​ដែល​​មាន​បញ្ហា​អ្វី​នោះ​​ទេ​​កន្លងមក។

ករណី​វៀតណាម​ ឆ្លង​ចូល​ទឹកដី​ខ្មែរ​ដោយ​គ្មាន​​ការ​​អើពើ​ពី​អាជ្ញាធរ​នេះ ក៏​​ធ្លាប់​​មាន​​ករណី​​ស្រដៀង​​គ្នា​​ម្តង​​រួច​​មក​​ហើយ ​កាល​ពី​ចុង​​ឆ្នាំ​​២០២២ ដែល​បាន​កើតឡើង​នៅ​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំ ដដែល ក្នុង​ខេត្ត​ស្វាយរៀង នេះ គឺ​ជនជាតិ​វៀតណាម​​រាប់​​សិប​នាក់​​ តែង​នាំគ្នា​ចូល​នេសាទ​ខុស​ច្បាប់​ ដោយ​ប្រើ​ឧបករណ៍​ឆក់​ត្រជាក់ ឬ​យាំងកាវ ដែល​មាន​ប្រវែង​រាប់​រយ​ម៉ែត្រ ដោយ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​ខ្មែរ​ឡើយ។

យ៉ាងណា​ក៏ដោយ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​​លើ​បណ្ដាញ​​ទំនាក់ទំនង​សង្គម​​ព្រោង​ព្រាត ទើប​​អាជ្ញាធរ​​ចុះ​​អន្តរាគមន៍​​លើ​ករណី​នេះ ប៉ុន្តែ​​អាជ្ញាធរ​​ខេត្ត​​ស្វាយ​រៀង បាន​ត្រឹម​សំណូមពរ​​ ដល់​អាជ្ញាធរ​វៀតណាម​ កុំ​​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ឆ្លង​ដែន​​ខុស​ច្បាប់​ ចូល​​ទៅ​​នេសាទ​ត្រី​លើ​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ ហើយ​ពួកគេ​ក៏​មិន​បាន​ចាត់​វិធានការ​ច្បាប់​ណា​​មួយ​ លើ​​ជន​ជាតិ​​វៀតណាម​ទាំង​នោះ​ដែរ។

ខេត្ត​ស្វាយរៀង ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​រាជធានី​ភ្នំពេញ មាន​ព្រំប្រទល់​ខាងលិច និង​​ខាង​ជើង​​ទល់​​នឹង​​ខេត្ត​ព្រៃវែង ខាង​កើត ​និង​​ខាង​ត្បូង ទល់​នឹង​ខេត្ត​តៃនីញ អតីត​ខេត្ត​រោងដំរី ក្នុង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម និង​ខេត្ត​ឡុងអាន ប្រទេស​វៀតណាម ដែល​មាន​ប្រវែង​ប្រមាណ ២៥៨​គីឡូម៉ែត្រ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក ពេជ្រ វីរៈ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

.