អត្ថបទ វេទិកាពលរដ្ឋ
វេទិកាពលរដ្ឋ បានសេចក្តីថ្លែងការណ៍ ដែលចុះហត្ថលេខាដោយលោក គឹម សុខ ជាប្រធាននៃវេទិកានេះ ផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ សូមទាញយក «សេចក្តីថ្លែងការណ៍ (Download)» ឬអានអត្ថបទខាងក្រោម។
សេចក្តីថ្លែងការណ៍
ការបិទ VOD គឺជាអំពេីឧទ្ទាមលេីប្រព័ន្ធផ្សព្វផ្សាយសេរី
វេទិកាពលរដ្ឋ មើលឃើញថា គ្រាន់តែសារព័ត៌មាន VOD ផ្សាយពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខា ឬ មិនចុះហត្ថលេខាលើឯកសារផ្ដល់អំណោយដល់ប្រទេសតួកគី គឺជារឿងតូចតាចបំផុត មិនមែនជាសាច់រឿងប៉ះពាល់សន្ដិសុខជាតិឡើយ។ ដូច្នេះ ប្រសិនបើពត៌មាននោះគ្មានប្រភពច្បាស់ ជាគោលការណ៍ឆ្លើយតបនឹងការចុះផ្សាយ គ្រាន់តែជាការកែតម្រូវ គឺគ្រប់គ្រាន់ហើយ ពុំមែនត្រូវទាមទារឲ្យសុំទោស ឬប្រើអំណាចបិទចោលទេ។
វេទិកាពលរដ្ឋ ចាត់ទុកថា ការបិទសារព័ត៌មាន VOD ជាការមិនគោរពសិទ្ធិសារព័ត៌មានសេរី គ្មានសេចក្ដីថ្លៃថ្នូរ និង ជាក់ស្ដែងណាស់ ជាអំពើឧទ្ទាមលើប្រព័ន្ធផ្សព្វផ្សាយសេរី។ ច្បាស់ណាស់ ជាការប្រើអំណាចទំនើងចិត្ត ពុំមែនច្បាប់ ឬប្រើនីតិមាត់ ដើម្បីចាត់ការបំបិទចោលប្រព័ន្ធផ្សព្វផ្សាយសេរីឯករាជ្យ ដែលជាប្រភពយល់ដឹងរបស់ប្រជាពលរដ្ឋ។ ចំណាត់ការបិទ VOD នេះ នឹង ធ្វើឲ្យលោក ហ៊ុន សែន មានឈ្មោះជាបុគ្គលបង្ករឿង មិនសមស័ក្ដិជាមេដឹកនាំ។
វេទិកាពលរដ្ឋ ជំរុញលោក ហ៊ុន សែន ពិចារណាផ្ដល់សិទ្ធិឲ្យសារព័ត៌មាន VOD មានដំណើរការប្រក្រតីឡើងវិញ ដើម្បីចៀសវាងការប៉ះពាល់កាន់តែធ្ងន់ធ្ងរពេក លើមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងជាពិសេស ដំណើរការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ដែលសហគមន៍អន្តរជាតិនៅតែទទូច ឲ្យបើកលំហសិទ្ធិសេរីភាពប្រជាពលរដ្ឋ សារព័ត៌មាន សង្គមស៊ីវិល សិទ្ធិប្រកួតប្រជែងនយោបាយ រួមទាំងការដោះលែងអ្នកទោសមនសិការទាំងឡាយ។
សហរដ្ឋអាមេរិក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣
គឹម សុខ (ហត្ថលេខា)
ប្រធានវេទិកាពលរដ្ឋ
.