ពាក្យកន្លឹះ៖ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សរសេរជាភាសាអង់គ្លេសថា (Student Movement For Democracy – SMD)។ តំបន់ត្រីកោណអភិវឌ្ឍន៍ សរសេរជាភាសាអង់គ្លេសថា (CLV – Cambodia, Laos, Vietnam)។
សារព័ត៌មានវីអូឌី (VOD) / ដោយលោក ញឹម សុខន / 14-12-2020
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ខេត្តភាគឦសានរបស់កម្ពុជា នឹងប្រឈមមុខនឹងអសន្តិសុខព្រំដែន និងលំហូរជនជាតិវៀតណាម មករស់នៅស្របច្បាប់បន្ថែមទៀត នៅទឹកដីកម្ពុជា បើរដ្ឋាភិបាល មិនដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ។
ចលនានិស្សិត លើកឡើងបែបនេះ ៥ ថ្ងៃ ក្រោយពីមេដឹកនាំកម្ពុជា បានអនុម័តលើឯកសារមួយចំនួន ស្តីពីការអនុវត្តផែនការមេ ជំរុញដល់ការពន្លឿនការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម សម្រាប់ឆ្នាំ២០២០-២០៣០។
ចលនាមួយនេះ និយាយក្នុងសេចក្តីថ្លែងការណ៍ (សូមទាញយក – Download) នៅថ្ងៃនេះថា គម្រោងអភិវឌ្ឍន៍ជាប់ព្រំដែន នៃប្រទេសទាំង ៣ ជាគ្រោះអាសន្ន ទៅថ្ងៃអនាគត សម្រាប់ប្រទេសកម្ពុជា ដូចជា អសន្តិសុខព្រំដែន លំហូរជនជាតិវៀតណាម ចូលកាន់កាប់ខេត្តទាំងបួន នៅភាគឦសាន និងការបាត់បង់ធនធានធម្មជាតិ ដូចជាព្រៃឈើ រ៉ែ ជាដើម។
កិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ ត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ សំដៅដល់ការអភិវឌ្ឍលើ ១៣ ខេត្ត ក្នុងនោះ កម្ពុជាបានដាក់បញ្ចូលខេត្ត ៤ នៅភាគឦសាន រួមមាន ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី មានប្រជាជនប្រមាណជា ៥០ ម៉ឺននាក់ ខណៈប្រទេសឡាវ វិញ បានដាក់បញ្ចូលខេត្ត ៤ រួមមាន ខេត្ត អាតាពើ ចំប៉ាសាក់ សាលាវ៉ាន់ សេកុង មានប្រជាជនប្រមាណ ៧០ ម៉ឺននាក់ ហើយវៀតណាម បានដាក់បញ្ចូលខេត្តចំនួន ៥ គឺខេត្ត យ៉ាឡាយ កនតុម ដាឡាត់ ដាណាង និងប៊ិញភឿក មានប្រជាជន ៧ លាននាក់។
ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល និយាយបន្ថែមថា ការអភិវឌ្ឍរួមគ្នា នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយវៀតណាម ស្របគ្នាទៅនឹងការគ្រប់គ្រងរដ្ឋ របស់កម្ពុជាបច្ចុប្បន្ន នៅមានកម្រិតទាប មានអំពើពុករលួយច្រើន រួមទាំងជម្លោះនយោបាយ មិនទាន់ត្រូវបានដោះស្រាយផងនោះ លោកថា កម្ពុជាអាចនឹងជាន់ដានចាស់ នៃការបាត់បង់ទឹកដី ទៅប្រទេសជិតខាងមួយនេះ។
លោក ទូច វិបុល និយាយថា៖ «យើងដឹងទាំងអស់គ្នាហើយថា កម្ពុជាតែងតែធ្វើការអះអាងនានា ប៉ុន្តែយើងឃើញលទ្ធផលជាក់ស្តែង កម្ពុជាតែងតែទទួលរងនូវការបាត់បង់ទឹកដីរបស់ខ្លួន ដោយសារតែមហិច្ឆតារបស់យួន គឺជាប់មិនដាច់ទេក្នុងការលេបត្របាក់ទឹកដីខ្មែរយើង»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានច្រានចោលការលើកឡើងបែបនេះ ដោយចាត់ទុកថា ជាការលើកឡើងគួរឱ្យខ្មាសអៀនមួយ ខ្វះការសិក្សាស្រាវជាវក្នុងនាមជានិស្សិត។ លោកគូសបញ្ជាក់ថា ការអភិវឌ្ឍនៅតំបន់ត្រីកោណ គ្មានហានិភ័យដល់ព្រំដែនទេ តែវាបានជំនួសមកវិញ នូវតំបន់សេដ្ឋកិច្ចពិសេស ផ្លាស់ប្តូរទំនិញ ព្រោះកម្ពុជាបានកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយវៀតណាម បានជាង ៨០ ភាគរយហើយ។
លោក ផៃ ស៊ីផាន ប្រាប់ថា៖ «ឧទាហរណ៍ជាក់ស្តែង យើងបាន [បោះបង្គោលបាន] ៨៤ ភាគរយ រួចស្រេចទៅហើយ។ ជាមួយ ឡាវ ក៏យើងមានដែរ។ អាហ្នឹង យើងរក្សាស្ថិរភាពហើយ និងកិច្ចសហប្រតិបត្តិការ បង្កើតបាននូវខ្សែខណ្ឌសីមា ដែលជាដែនអធិបតេយ្យភាពរបស់យើង»។
កិច្ចព្រមព្រៀងនេះ ត្រូវបានសភាកម្ពុជា អនុម័តយល់ព្រមអំឡុងដើមឆ្នាំ ២០១៨ ដែលពេលនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឡើងការពារថា វាជាការបង្កើនសកម្មភាពពាណិជ្ជកម្ម សម្រួលបម្លាស់ទីទំនិញនៃប្រទេសទាំងបី ក្នុងតំបន់ត្រីកោណ និងបង្កើនលក្ខខណ្ឌអនុគ្រោះ ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម និងវិនិយោគ។
អ្នកសិក្សាស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា បើគេមើលពីមុំសេដ្ឋកិច្ច ការអភិវឌ្ឍនេះ ជាតំបន់សេដ្ឋកិច្ចសម្រាប់ប្រទេសទាំង ៣ តែបើគេមើលមុំនយោបាយវិញ បញ្ហាវានឹងលេចឡើងនូវក្ដីបារម្ភដូចក្រុមលោក ទូច វិបុល ព្រោះការអនុវត្តច្បាប់អន្តោប្រវេសន៍កន្លងទៅ ត្រូវបានភាគីម្ខាងមើលឃើញថា គ្មានប្រសិទ្ធភាព និងពុករលួយ។
លោក សេង សារី ប្រាប់ថា៖ «ជាដំណោះស្រាយ ខ្ញុំមើលឃើញថា ការអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលយើងមានស្រាប់ហ្នឹង ឱ្យមានប្រសិទ្ធភាព ធ្វើម៉េចធ្វើឱ្យប្រជាជន និងអ្នកនយោបាយហ្នឹង មានអារម្មណ៍ស្ងប់ ទី១។ ទី២ អាតម្លាភាពនៃការអនុវត្តច្បាប់ហ្នឹង ត្រូវកាត់បន្ថយអំពើពុករលួយ។ ជួនកាល{ជន}អន្តោប្រវេសន៍មួយចំនួន គ្រាន់តែបង់លុយឱ្យអាជ្ញាធរ តាមព្រំដែនហ្នឹង ក៏គាត់អាចចូលមកបានដែរ។ កត្តាទាំងអស់នេះ វាបានធ្វើឱ្យមានការព្រួយបារម្ភ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់សមភាគី ឡាវ និង វៀតណាម កាលពីថ្ងៃពុធសប្ដាហ៍មុនថា កម្ពុជាបានវិនិយោគនូវទឹកប្រាក់ដល់ទៅ ៣,១៤៦ ពាន់លានដុល្លាររួចហើយ គិតមកដល់ត្រឹមខែតុលា ឆ្នាំនេះ ដែលទឹកប្រាក់នេះ ត្រូវបានវិនិយោគទៅលើគម្រោង ៨៦ នៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕
.
.