RFA Khmer / ដោយ ទីន ហ្សាការីយ៉ា / 28-3-2021

អ្នកឃ្លាំមើល​​សង្គម​​ថា​ ​ការ​ឧបត្ថម្ភ​​ថវិកា​​របស់​​ក្រុម​​ឧកញ៉ា​ ក្នុង​​ស្ថានភាព​​កម្ពុជា ​ជួប​​វិបត្តិ​ គឺ​ជា​​រឿង​​ល្អ​ ​ប៉ុន្តែ​​អ្វី​​គួរ​​ឱ្យ​​សង្ស័យ​​ក្រុម​​ឧកញ៉ា​​មុខ​​ដដែល​​ទាំង​នោះ ​នៅ​​ពេល​​លោក​ ​ហ៊ុន​ ​សែន​ ​ត្រូវ​ការ​​លុយ​​ពួក​គេ ​តែង​​ចេញ​មុខ​​ឧបត្ថម្ភ​​ជូន​​សម្តេច​​ តាម​​បំណង​​ប្រាថ្នា។​

អ្នកវិភាគ​​នយោបាយ​ ​ដែល​​កំពុង​​ភៀស​ខ្លួន​​នៅ​​ក្រៅ​​ប្រទេស ​លោក​ ​គឹម​ ​សុខ​ ​និយាយ​​ថា​ ​ជំនួយ​​ថវិកា​​របស់​​ក្រុម​​ឧកញ៉ា​​ទាំង​នេះ​ គួរ​​ឱ្យ​​សង្ស័យ​​ថា​ ​អាច​​នឹង​ជា​ប់​​ពាក់​ព័ន្ធ​​អំពើ​ពុករលួយ​ ​ឬ​​ការ​​លាង​​លុយ​​កខ្វក់​។​ ​លោក​​យល់​ថា​ ​បើ​​អង្គភាព​​ប្រឆាំង​​ពុក​រលួយ​​ពិត​ជា​​ឯករាជ្យ​​មែន​​នោះ​ ​គឺ​​ត្រូវ​​មាន​​ការ​ស៊ើប​អង្កេត​​ពី​​ប្រភព​​លុយ​​របស់​​ក្រុម​​ឧកញ៉ា​​ទាំង​នោះ​៖ «ភាព​​មិន​​ប្រក្រតី​​បែប​​នេះ ​គឺ​​ត្រូវ​​ស្រាវ​ជ្រាវ​​ស៊ើប​​អង្កេត​​ឱ្យ​​បាន​ ហើយ​គឺជា​​ការ​សង្ស័យ​​ក្នុង​​បទ​ឧក​ក្រិដ្ឋ​​ពុក​រលួយ​​ក​ម្រិ​ត​​ធំ​»

រីឯ​​អនុប្រធាន​​គណបក្ស​​ស​ង្រ្គោះ​​ជាតិ​ ប្រចាំ​​ខេត្ត​​កំពង់ឆ្នាំង​ ដែល​​កំពុង​​ភៀស​ខ្លួន​​នៅ​​ប្រទេស​​ថៃ​ លោក​ ​ដួង​ ​ច​ន្ត្រា ​យល់​ថា​ ​ក្រុម​ឈ្មួញ​​ទាំង​នេះ​ ប្រឹង​ប្រែង​​ជួយ​​លុយ​​លោក​ ​ហ៊ុន​ ​សែន​ ​គ្រប់​ពេល​​បែប​​នេះ​ ដើម្បី​​អាច​​ឱ្យ​​ពួក​គេ​​រស់នៅ​​បាន​សុខ ​និង​​បន្ត​​ការងារ​​រក​ស៊ី​​របស់​​ខ្លួន ​ទៅ​​ពេល​​មុខ​​ទៀត​​បាន​។​ ​ទោះ​យ៉ាងណា​ លោក​​សង្កេត​ឃើញ​​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​មិន​បាន​​យក​​លុយ​​ជំនួយ​​នោះ​ ជួយ​​ពលរដ្ឋ​​បាន​​ដិត​ដល់​​នោះ​​ទេ​៖ «អ្នក​​ទាំង​នោះ​​រឹប​អូស​​ដីធ្លី​ ផ្ទះ​សម្បែង​​ប្រជា​ពលរដ្ឋ​​យ៉ាង​ណា​ក៏​ដោយ​ ក៏​​របប​​ក្រុង​ភ្នំពេញ​​ មិន​ដែល​​ចាប់​ទោស​​អូស​​ដំណើរ​​ឧកញ៉ា​​ទាំង​អស់​​នោះ​​ដែរ​»

នៅ​​ពេល​រដ្ឋាភិបាល ​កំពុង​​រង​​ទណ្ឌកម្ម​​ពី​​សហគមន៍​​អន្តរជាតិ​ ​ហើយ​​ពេល​នេះ ​កម្ពុជា​​កំពុង​​រង​គ្រោះ​​ព្រោះ​​វិបត្តិ​​ជំងឺ​​កូ​វី​ដ​-១​៩​ ក្រុម​ឈ្មួញ​​ឧកញ៉ា​​មហា​សេដ្ឋី​ធំ​ៗ ​បាន​​ចាប់​ផ្តើម​​ផ្តល់​​លុយ​​រាប់​​លាន​​ដុល្លារ​​ជា​ថ្មី​​ម្តង​ទៀត ​ដល់​​រដ្ឋាភិបាល​ ដើម្បី​​ចូល​រួម​​ទប់​​ស្កាត់​​ជំងឺ​​កូ​វី​ដ​-១​៩​ ​និង​​ជួយ​​លុយ​​ទិញ​​មន្ទីរ​ពេទ្យ​​មួយ​ក​ន្លែង​ ​បើ​​ទោះ​បី​ជា​​លោក​ ​ហ៊ុន​ ​សែន​ ​មិន​បាន​​ប្រកាស​​កៀរ​គរ​​ជា​​ចំហ​រ​​ក៏​ដោយ​។​

នៅ​​រយៈ​​ចុង​ក្រោយ​​នេះ ​ក្រុម​​ឧកញ៉ា​​ទាំង​នោះ ​បាន​​ជួយ​​លុយ​​ទិញ​​មន្ទីរ​ពេទ្យ​​ស្ត្រី ​«​នគរ​ទេព​»​ ​ដែល​​នឹង​​ប្តូរ​​ឈ្មោះ​​ទៅ​ជា​មន្ទីរ​ពេទ្យ​​ ​«​ហ្លួង​​ម៉ែ​»​ ​ដើម្បី​​ព្យាបាល​​អ្នក​ជំងឺ​​កូ​វី​ដ​-១​៩​។​ ​ក្រុម​​ឈ្មួញ​​ទាំង​នោះ​​រួម​​មាន​៖​ ​លោក​ ​ពុង​ ​ឃា​វ​សែ​ ​ជួយ​​លុយ​ ២ លាន​ដុល្លារ​ ​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​៣​ លាន ​៥​សែន​ដុល្លារ​ ​ក្រុមហ៊ុន​ ​ជីប​ម៉ុង​ ហ្គ្រុ​ប​ ​បរិច្ចាគ​​ថវិកា​ ២​ លាន​ដុល្លារ​ ​និង​លោក​ ​លី​ យ៉ុ​ង​ផាត់​ ​បរិច្ចាគ​ ២ លាន​​ដុល្លារ​ ជាដើម​។​ ​ក្រសួង​សេដ្ឋកិច្ច​​និង​​ហិរញ្ញវត្ថុ​ ​សម្រេច​​បង្កើត​​គណៈកម្មការ​​អន្តរ​​ក្រសួង​​ចំពោះ​​កិច្ច ដើម្បី​​វាយ​​តម្លៃ​​ចរចា​​និង​​រៀបចំ​​កិច្ច​សន្យា​​ទិញ​​-​​លក់​​មន្ទីរ​ពេទ្យ​​ស្ត្រី​ ​«​នគរ​ទេព​»​។

ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា នៅ​​ប្រទេស​​ន័រ​វ៉េស​ (Norway) ​លោក​ ​ម៉ែន​ ​ណា​ត​ ​សង្កេត​ឃើញ​​ថា​ ​ក្រុម​​ឈ្មួញ​​ដែល​​បរិច្ចាគ​​លុយ​​ទាំង​នោះ​ ​ភាគ​ច្រើន​​អាច​​ជាប់​​ពាក់​ព័ន្ធ​​នឹង​​ការ​​បំពាន​ច្បាប់​ ​និង​​រំលោភ​​សិទ្ធិមនុស្ស​ ​ដោយសារ​​ពួកគេ ​​រក​ស៊ី​​លុប​​បឹង​ ​លុប​ទន្លេ​ ​រំលោភ​​ដីធ្លី​ ​កាប់​​បំផ្លាញ​​ព្រៃ​ឈើ​​​ជាដើម​។​ ​លោក​​យល់​ថា​ ​នេះ​​ជា​​យុទ្ធ​សា​ស្រ្ត​ «អញ​ជួយ​ឯង​ ​ឯង​ជួយ​អញ» ដែល​​មាន​ន័យ​​ថា​ ​ពួក​គេ​​ជួយ​​លុយ​​ឱ្យ​លោក​ ​ហ៊ុន​ ​សែន​ ​ចំណែក​​លោក​ ​ហ៊ុន​ ​សែន​ ​វិញ​ ធ្វើ​មិន​ដឹង​​មិន​​ឮ​ នូវ​​ទង្វើ​​ខុស​ច្បាប់​​របស់​​ឈ្មួញ​​ទាំង​នោះ​​៖ «អ៊ីចឹង បាន​ហើយ​​លោក​ ​ហ៊ុន​ ​សែន​ ​ត្រូវ​តែ​​រក​​វិធី​​ជួយ​ពួក​​មាន​​ព្រទ្យ​​ទាំង​​អស់​ហ្នឹង​ បង្វិល​​លុយ​​ចូល​​ទៅ​​គាត់​​ខ្លះ​ ព្រោះ​​ពួក​​ហ្នឹង ​រក​ស៊ី​​មាន​បាន​​ដោយ​បទ​​ឧក​ក្រិដ្ឋ​»

ទាក់ទង​រឿង​នេះ​ អាស៊ី​សេរី​ (RFA) មិន​​អាច​​សុំ​​ការ​​បំភ្លឺ​​ពី​​ប្រធាន​​អង្គភាព​​ប្រឆាំង​​អំពើ​ពុករលួយ​ លោក​ ​ឱម​ ​យិន​ទៀង​ ​អ្នក​នាំ​ពាក្យ​​​រដ្ឋាភិបាល​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​និង​​អ្នកនាំ​ពាក្យ​​គណបក្ស​ប្រជាជន​​កម្ពុជា​ លោក​ ​សុខ​ ​ឥ​សាន​ ​បាន​ទេ​ នៅ​​ថ្ងៃ​ទី​​២​៨​ ​ខែ​​មីនា​ ដោយ​​ទូរស័ព្ទ​​ចូល ​គ្មាន​​អ្នក​ទទួល​។​

ទោះ​យ៉ាង​ណា​ ​អ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​​កម្ពុជា ​លោក​ ​សុខ​ ​ឥ​សាន​ ​ធ្លាប់​​អះអាង​​ប្រាប់​​អាស៊ី​សេរី​​ថា​ ​ក្រុម​​ឧកញ៉ា​​ពួក​គេ​​រក​ស៊ី​​មាន​បាន​ ដោយសារ​​គណបក្ស​ប្រជាជន​​កម្ពុជា​ ​ហើយ​​ការ​​ជួយ​ឧបត្ថម្ភ​​ថវិកា ​មក​​រដ្ឋាភិបាល ​គឺ​ជា​​ការ​​ដឹងគុណ​ និង​​ទឹក​ចិត្ត​សប្បុរស​ធម៌​​របស់​​ក្រុម​​ឈ្មួញ​​ទាំង​នោះ​។​

តែ​​ទោះ​​យ៉ាងណា​ ​តាម​​ការ​ស្រាវ​ជ្រាវ​​របស់​​អង្គការ​​អន្តរជាតិ​​នានា​ រក​​ឃើញ​​ថា​ ​ប្រទេស​​កម្ពុជា ​ជា​​កន្លែង​​លាង​​លុយ​​ សម្រាប់​​ឈ្មួញ​​ខិល​ខូច​។​ ​កាល​ពី​ឆ្នាំ​ ២​០​២​០​ គណៈកម្មការ​​អឺរ៉ុប​ សម្រេច​​ជា​​ផ្លូវ​ការ​​ដាក់​បញ្ចូល​​កម្ពុជា​ ទៅ​​ក្នុង​​បញ្ជី​ខ្មៅ​ នៃ​​ក្រុម​​ប្រទេស​​លាង​​លុយ​​កខ្វក់​ ដែល​​បង្ក​​ការ​​គំរាម​កំហែង​​ខ្លាំង​ ដល់​​ប្រព័ន្ធ​​ហិរញ្ញវត្ថុ​​របស់​​អឺរ៉ុប​៕

.