អ្នកនាំពាក្យ​​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បាន​លើក​ឡើង​​ក្នុង​សន្និសីទ​កាសែត ថ្ងៃទី ២២ ខែ​មេសា ឆ្នាំ​ ២០២០ ថា «ច្បាប់​​គ្រប់​គ្រង​​ប្រទេស​ស្ថិត​​ក្នុង​​ភាពអាសន្ន​ គឺ​​ធ្វើឡើង​​ដើម្បី​​បង្កើត​​នូវ​​ឧបករណ៍​​គតិយុត្តិ​​មួយ ​ដែល​​គ្រប់​គ្រាន់​ ក្នុង​អនុវត្ត​តាម​​រដ្ឋធម្មនុញ្ញ ក៏ដូចជា​​ការពា​រ​នូវ​​សិទ្ធិ និង​​ជីវិត​​របស់​​ពលរដ្ឋ ពង្រឹង​​ប្រជា​ធិប​តេយ្យ និង​​នីតិរដ្ឋ​ នៅ​​កម្ពុជា»។ លោក លើក​ឡើងផង​​ដែរ​​ថា កម្ពុជា មាន​យន្តការ​រដ្ឋសភា និង​ព្រឹទ្ធសភា ជា​អ្នក​ត្រួត​ពិនិត្យ និង​កាត់​បន្ថយ​ការអនុវត្ត​អំណាច​របស់​រដ្ឋាភិបាល។

បើតាមវិទ្យុអាស៊ីសេរី ចុះផ្សាយនៅថ្ងៃទី ២២ ខែ​មេសា បាន​ដក​ស្រង់​សំដី​ លោក ម៉ែន ណាត ប្រធាន​​​ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​កម្ពុជា ​នៅ​ប្រទេស​​ន័រវេស (Norway បាន​ថ្លែង​ថា «គ្មាន​​ស្ថាប័ន​​ណា ​អាច​​ត្រួត​ពិនិត្យ​​ការ​អនុវត្ត​​វិធានការ ​របស់​​រដ្ឋាភិបាល បាន​​ឡើយ ពីព្រោះ​​ថ្នាក់ដឹកនាំ​​ស្ថាប័ន​​ជាតិ​​សំខាន់ៗ សុទ្ធ​សឹង​តែ​​ជា​​មន្ត្រី​​ក្រោម​​ឱវាទ​​របស់​ លោក ហ៊ុន សែន នៅ​​ក្នុង​​ជួរ​​គណបក្ស​​ប្រជាជន​​កម្ពុជា»។ លោក ម៉ែន ណាត បញ្ញាក់​ថា «មាន​តែ​លោក ហ៊ុន សែន ទេ​ សព្វថ្ងៃ​​ហ្នឹង ដែល​​ត្រួត​ពិនិត្យ ដែល​​បញ្ជា​​តាម​តែ​​អំពើ​ចិត្ត​ ឱ្យ​​​រដ្ឋ​សភា ព្រឹទ្ធសភា ធ្វើ​អ្វី​​តាម​​ខ្លួន​​ចង់​បាន​​នោះ​។ ដូច្នេះ យន្តការ​​រដ្ឋសភា​​ ក៏​ដោយ, ព្រឹទ្ធសភា​​ក៏ដោយ, ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ក៏ដោយ រួម​ទាំង​​ស្ថាប័ន​​ព្រះមហាក្សត្រ​​បច្ចុប្បន្ន​​ហ្នឹង​​ទៅទៀត គឺ​អត់​​មាន​អំណាច​​អ្វី​ ទៅ​​ត្រួត​ពិនិត្យ​​ការប្រតិបត្តិ​​ច្បាប់ ប្រតិបត្តិ​​អំណាច​​របស់​ លោក ហ៊ុន សែន បាន​ទេ»។

ចំណែក​ប្រធាន​​អង្គការ​​សិទ្ធិមនុស្ស​អន្តរជាតិ Human Right Watch ប្រចាំ​អាស៊ី លោក ប្រែ៊ត អា​ដាម (Brad Adams) ដែល​គេហទំព័រ​វីអូឌី (VOD) ដក​ស្រង់​សេចក្តីថ្លែងការណ៍ អំពី​ការអនុម័ត​​ច្បាប់​ដាក់ប្រទេស​ក្នុភាព​អាសន្ន​នេះ ចុះ​ផ្សាយ​ថា «ជំនួស​​ឱ្យ​​ការ​អនុម័ត​​ច្បាប់​ ដើម្បី​​ការពារ​​សុខភាព​​សាធារណៈ រដ្ឋាភិបាល​​កម្ពុជា ​កំពុង​​ប្រើប្រាស់​​ការ​ការពារ​​ជំងឺ​រាតត្បាត COVID​-19 ជា​លេស​ ដើម្បី​ប្រើ​អំណាច​​គ្រប​ដណ្ដប់​ លើ​​គ្រប់​​ទិដ្ឋភាព​​ទាំងអស់​ នៃ​​ជីវភាព​​ស៊ីវិល នយោបាយ សង្គម និង​​ជីវិត​សេដ្ឋកិច្ច ដោយ​​គ្មាន​​ពេលកំណត់ ឬពិនិត្យ ​ទៅ​លើ​​ការរំលោភ​​អំណាច​​នោះ​​ទេ»

កាលពីថ្ងៃទី ០៩ មេសា លោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ នៃ​អង្គការ​សហ​ប្រជា​ជាតិ (អ.ស.ប) សម្តែង​​ការ​ព្រួយបារម្ភ​ថា «ច្បាប់​គ្រប់គ្រង​​ប្រទេស​​ស្ថិត​ក្នុង​​ភាព​អាសន្ន របស់​កម្ពុជា ធ្វើឡើង​​រំលោភ​​សិទ្ធិ​​ឯកជន រឹតត្បិត​​ការ​បញ្ចេញមតិ​​ដោយ​សេរី និង​សិទ្ធិ​ជួបប្រជុំ​ដោយ​សន្តិវិធី​»

ទោះបីយ៉ាង​ណាក៏​ដោយ ក្រុមប្រឹក្សា​​ធម្មនុញ្ញ​ គ្រោង​​បើក​​កិច្ច​ប្រជុំ​ ដើម្បី​​ផ្តល់​សុភាព​​នៃ ​សេចក្តី​​ព្រាងច្បាប់​​នេះ នៅ​​ថ្ងៃ​ទី​ ២៤ ខែ​មេសា។ រួចហើយ ច្បាប់នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​​ឲ្យ​ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ ដែលជា​ប្រធាន​ព្រឹទ្ធសភា ដើម្បី​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់នេះ​ផ្លូវការ ជំនួស​ព្រះមហាក្សត្រ ដែលកំពុង​គង់​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន៕

(អត្ថបទដោយ នគរ /២៣ មេសា ២០២០)

.

.