RFA Khmer / ដោយ នៅ វណ្ណារិន
29-6-2023

អ្នក​តាមដាន​សង្គម និង​មន្ត្រី​គណបក្សប្រឆាំង​ថា លោក ហ៊ុន សែន ព្យាយាម​រិះរក​​គ្រប់​​មធ្យោបាយ ​និង​រឿងរ៉ាវ​ប្លែកៗ​ទម្លាក់​កំហុស​លើ​លោក សម រង្ស៊ី។ ជាពិសេស​ក្នុង​រដូវ​កាល​បោះឆ្នោត​ ខាងមុខ។

មន្ត្រី​គណបក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ដែល​ជា​មេ​ដឹកនាំ​មាន​ចិត្ត​ឆេវ​ឆាវ​​ ហាក់​បង្ហាញ​ពី​អារម្មណ៍​​ខ្វល់​ខ្វាយ​​ពី​​វត្តមាន​លោក សម រង្ស៊ី នៅ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខាងមុខ​នេះ ដែល​ស្ដែង​ឡើង​តាមរយៈ​ការ​លើក​ឡើង​នៅក្នុង​​វេទិកា​សាធារណៈ និង​ការ​ប្រឌិត​រឿង​ទម្លាក់​កំហុស ​មក​លើ​លោក សម រង្ស៊ី ជាដើម។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ីសេរី ​នៅ​ថ្ងៃទី​២៨ មិថុនា ថា ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន គឺជា​រឿងប្រឌិត​ទម្លាក់កំហុស ​ឱ្យ​លោក សម រង្ស៊ី និង​ជា​ការ​បង្វែងដាន​បញ្ហា​នៅ​ចំពោះមុខ​ ដែល​លោក​មិនអាច​ដោះស្រាយ​បាន ​ដូចជា​ ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ EBA [សហភាព​អឺរ៉ុប] និង GSP [អាមេរិក] ជាដើម។ លោក​អះអាង​ថា លោក ហ៊ុន សែន ខ្លួនឯង​នេះ​ហើយ ​ដែល​ជា​អ្នក​កាត់​ដី​ធនធាន​ធម្មជាតិ​ព្រៃឈើ​ ឱ្យ​ទៅ​បរទេស និង​ក្រុម​អ្នកមាន​លុយ​មាន​អំណាច ​ព្រោះ​លោក​ ជា​អ្នក​គ្រប់​គ្រង និង​​មានអំណាច​ពេញដៃ​។ លោក​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​រឿង​នេះ​ ដើម្បី​ទាក់​ទាញ​​ប្រជាប្រិយភាព ខណៈ​លោក​កំពុង​ខ្លាច​បាត់បង់​សន្លឹកឆ្នោត ទោះបី​គ្មាន​វត្តមាន​ គណបក្ស​ភ្លើងទៀន ​ក្ដី។

លោក ម៉ែន សុថាវរិន្ទ្រ៖ «រឿង​នេះ​អត់​បាន​ការ​! ខ្ញុំ​មើលទៅ​អត់​បាន​ការ​សោះ។ និយាយ​ឱ្យ​ចំ​ លោក ហ៊ុន សែន គាត់​អត់​មានអី​និយាយ​ គាត់​និយាយ​តែ​ដដែលៗ​ហ្នឹង។ ដោយសារ​គាត់​ខ្លាច​ ជាពិសេស​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ EBA និង GSP គេ​នឹង​ធ្វើ​មែនទែន​ហើយ។ វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង​មែនទែន ​នៅ​ប្រទេស​កម្ពុជា។ ហើយ​គាត់​ចេះតែ​ប្រឌិត​រឿង​អី​ ដែល​ជិត​បោះឆ្នោត​ទៅ។ ចង់​មិន​ចង់​ ការបោះឆ្នោត​នេះ ​អត់​មាន​គណបក្សជំទាស់​ទេ អត់​មាន​គណបក្ស​ភ្លើងទៀន​ទេ តែ​ក៏​ខ្លាច​ម្ល៉េះ»?

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៨ មិថុនា និយាយ​ដោយ​កាយវិការ​ច្រងេងច្រងាង ​ចោទប្រកាន់​មក​លើ​លោក សម រង្ស៊ី ថា ​កំពុង​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ជនជាតិភាគតិច​ម៉ុងតាញ៉ា ឬ​​ចារ៉ាយ ដែល​រត់​ភៀសខ្លួន​ ពី​ការ​តាម​ចាប់​របស់​ទាហាន​វៀតណាម ​និង ​រត់​មក​ពួន​នៅ​តាម​តំបន់​ព្រៃ​ភ្នំ ​ក្នុង​​ខេត្ត​មណ្ឌលគិរី និង​​រតនគិរី។ ក្នុងនោះ​លោក ហ៊ុន សែន ចោទ​ថា ​បាន​ចុះហត្ថលេខា​ប្រគល់​ខេត្ត​ចំនួន​ ៤ ​នៅ​​ភូមិភាគ​ឦសាន ឱ្យទៅ​ជនជាតិ​នេះ។

លោក ហ៊ុន សែន៖ «នេះ​ហើយ​ដែល​អា​មេ​ក្បត់ជាតិ​បី​ជំនាន់ ​ចុះ​ហត្ថលេខា​ជាមួយ​ កុក ស​ (​ជនជាតិភាគតិច​ម៉ុងតាញ៉ា) គឺ​ពួក​ដេហ្គា​ (Dega)​ ហ្នឹងឯង រដ្ឋ​ដេហ្គា ដែល​ចុះហត្ថលេខា​ជាមួយ​អាក្បត់ជាតិ​បី​ជំនាន់​ ដែល​ត្រូវតែ​កាត់ទោស។ រួចហើយ​ខំ​ថា​ ប្រគល់​សិទ្ធិ​ជនជាតិ​ភាគតិច ​ឥឡូវ​ជនជាតិភាគតិច​នៅ​កន្លែង​ណា​? មើល​ពីក្រោយ​ខ្នង​រវាង​អា កុក ស ជាមួយ​នឹង​អា​ក្បត់ជាតិ​បី​ជំនាន់​ មាន​ទង់ជាតិ​អាមេរិក​មួយ​ មាន​ទង់ជាតិ​ខ្មែរ​មួយ និង​ទង់ជាតិ​ដេហ្គាមួយ។ អ៊ីចឹង ​អ្នកឯង​ កាត់​អ្នកឯង​តល់​ថា​ម៉េច? កុំ​ថា​នេះ​ជា​រឿង​នយោបាយ​ឱ្យ​សោះ។ រឿង​ក្បត់​ជាតិ​ពេញ​ទី»។

ទាក់ទិន​នឹង​ការ​ចោទប្រកាន់​នេះ ​លោក សម រង្ស៊ី អះអាង​ថា លោក​គ្មាន​កាត់​ទឹកដី​ខ្មែរ​ ឱ្យ​បរទេស​ណាមួយ ​ដូច​រដ្ឋបាល​របស់​លោក ហ៊ុន សែន ចោទ​ប្រកាន់​នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​បាន​ជួប​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច ​លោក​ កុក ស នៅ​សហរដ្ឋអាមេរិក ​កាលពី​ឆ្នាំ​២០១៣​ នោះ​គ្រាន់តែ​ទទួលស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​​ប៉ុណ្ណោះ​។ ទោះបីជា​លោក សម រង្ស៊ី អះអាង​បែបនេះ​ក្ដី​ ក៏​តុលាការ​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន​នៅ​ខែតុលា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​លោក សម រង្ស៊ី ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ​ ពី​បទ​​«​ប្រគល់​ឱ្យ​រដ្ឋ​បរទេស»។ ក្រៅពី​ដកសិទ្ធិ​ធ្វើ​នយោបាយ​ហើយ ​តុលាការ​ក្រុងភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី ហើយ​ចាត់ទុក​ការប្រកាស​សាលក្រម​នេះ ​នៅ​ចំពោះ​​មុខ​ជន​ជាប់ចោទ។

ជុំវិញ​រឿង​នេះ ​ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​នៅ​ប្រទេស​ន័រវែស (Norway)​ លោក ម៉ែន ណាត យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន មក​លើ​លោក សម រង្ស៊ី គឺជា​អាការៈ​នៃ​ជំងឺ​ខ្លាច​លទ្ធិប្រជាធិបតេយ្យ ដែល​​តែងតែ​កើត​មាន​លើ​មេដឹកនាំ ​ដែល​គ្រប់គ្រង​ប្រទេស ​តាម​បែប​ផ្ដាច់ការ។ លោក​លើកឡើង​ថា លទ្ធផល​បោះឆ្នោត ​កាលពី​ឆ្នាំ​២០១៧ ​ដែល​គណបក្ស​កាន់អំណាច​ របូត​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​អស់​ជាច្រើន ​ទៅ​គណបក្សប្រឆាំង ​គឺជា​មេរៀន​មួយ​ដែល​តាម​បន្លាច​ឱ្យ​លោក ហ៊ុន សែន ខ្លាច​ស្រមោល​លោក សម រង្ស៊ី

លោក ម៉ែន ណាត​៖ «បើ​ថា​ជ្រុល​ជា​លេងល្ខោន​ លេង​​ឱ្យ​​វា​​ល្អ​​មើល​ទៅ​ កុំ​​ឱ្យ​​តែ​​លេង​ល្ខោន​​មិន​​សម​​ហេតុ​ផល ហើយ​​​ដើរ​​ចោទ​ប្រកាន់​​គេ​អ្នក​ដទៃ​។ ហើយ​អ្នកដទៃ​គេ​មិនដឹង​រឿង​អី​ផង​ ហើយ​គាត់​លេង​តែ​ម្នាក់​គាត់ ​គាត់​ចោទ​គេ​ចោទ​ឯង ​អ៊ីចឹង​វា​មិន​សម​ហេតុ​សម​ផល​ យើង​គិត​មើល​ទៅ ​ហើយ​កៀក​នឹង​ការ​បោះឆ្នោត​ផង​ហ្នឹង»។

ការ​ទម្លាក់​កំហុស​ចោទប្រកាន់ និង​ការ​គំរាម​ប្រើ​អាវុធ​ជា​យុទ្ធសាស្ត្រ ​ដែល​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ក្នុង​ការ​​រារាំង​ដំណើរ​របស់​លោក សម រង្ស៊ី មិន​ឱ្យ​វិលត្រឡប់​មក​ជាន់​ទឹកដី​កម្ពុជា​វិញ ខណៈ​លោក​ធ្លាប់​អះអាង​ថា នឹង​ស្វាគមន៍​មេដឹកនាំ​ប្រឆាំង​រូប​នេះ ​ដោយ​គុក និង​ខ្នោះដៃ។ ក្រៅពី​កែ​ច្បាប់​ដើម្បី​បិទផ្លូវ​នយោបាយ​លោក សម រង្ស៊ី លោក ហ៊ុន សែន ដែល​ជាប់​ឈ្មោះថា ជា​បុរស​ខ្លាំង​កម្ពុជា​ បាន​បង្ហាញ​ការ​ប្ដេជ្ញា​យ៉ាង​​ដាច់​អហង្ការ​​ថា នឹង​មិន​ឱ្យ​លោក សម រង្ស៊ី ចូល​មក​លើ​ទឹកដី​ខ្មែរ​ឡើយ ហើយ​លោក​បាន​គំរាម​ប្រើ​អាវុធ​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម​ គឺ BM-21 បាញ់​កម្ទេច​លោក សម រង្ស៊ី ទៀត​ផង៕

Photo: Mr Men Nath and Mr Hun Sen
Photo: Mr Men Nath and Mr Hun Sen