អត្ថបទ The Cambodia Daily
22-9-2022
ក្រុមអ្នកឃ្លាំមើលសង្គមថា ការស្នើរបស់នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យជួយសម្រួល ដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ឲ្យមានសិទ្ធិរៀនសូត្រ និងធ្វើការដូចពលរដ្ឋខ្មែរម្ចាស់ប្រទេស គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងរំលោភអធិបតេយ្យជាតិកម្ពុជាធ្ងន់ធ្ងរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះថា ពលរដ្ឋខ្មែរគ្រប់រូប រួមទាំងមន្ត្រីរាជការខ្មែរ ភាគច្រើនតែងព្រួយបារម្ភពីអធិបតេយ្យជាតិរបស់ខ្លួន ដែលត្រូវបរទេសជិតខាង រំលោភបំពានតាមរយៈនយោបាយប្រជាសាស្ត្រ ដែលវៀតណាម កំពុងបង្ហូរជនជាតិរបស់ខ្លួន ឱ្យទៅរស់នៅលើទឹកដីកម្ពុជា សព្វថ្ងៃនេះ។
លោកបន្ថែមថា ជារឿងដែលគួរឱ្យសោកស្តាយណាស់ ដែលរដ្ឋាភិបាលខ្មែរ ដឹកនាំដោយមេដឹកនាំដែលវៀតណាមលើកបន្តុប យល់ព្រមតាមសំណើនាយករដ្ឋមន្ត្រីវៀតណាម ទទួលយកជនជាតិរបស់គេ ឱ្យទៅរស់នៅលើទឹកដីរបស់ខ្លួន។
លោកព្រមានថា មហិច្ឆតារបស់វៀតណាម ក្នុងការឈ្លានពានទឹកដីកម្ពុជា ទោះរូបភាព ឬវិធីសាស្ត្រណាក៏ដោយ គឺមិនអាចអនុវត្តទៅបានទេ ប្រសិនបើកម្ពុជា មានរដ្ឋាភិបាលជារបស់ជាតិខ្មែរពិតប្រាកដ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជាដែលមាន លោក ហ៊ុន សែន ជាមេដឹកនាំ បានបើកឱកាសឱ្យវៀតណាម ឈ្លានពានកម្ពុជាគ្រប់បែបយ៉ាងជាង ៤ទសវត្សមកហើយ។
លោកបន្តថា ឱកាសដែលលោក ហ៊ុន សែន ចាប់ផ្តើមបើកឱ្យវៀតណាម គឺរាប់ចាប់តាំងពីការចេញសារាចរខុសច្បាប់ ឱ្យជនជាតិវៀតណាម ទៅរស់នៅលើទឹកដីកម្ពុជា និងការបង្កើតសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ២០០៥ ដើម្បីធានាសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់នានា ដែលគាត់បានលួចចុះហត្ថលេខា ជាមួយវៀតណាម នាពេលកន្លងមក។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ អះអាងថា ដើម្បីលុបបំបាត់នយោបាយប្រជាសាស្ត្រ តាមរយៈការបង្ហូរជនជាតិវៀតណាមដោយខុសច្បាប់ ចូលទៅរស់នៅលើទឹកដីកម្ពុជា ក្នុងបំណងបន្សាបជាតិសាសន៍ខ្មែរសព្វថ្ងៃនេះ កម្ពុជា គ្មានជម្រើសណាល្អក្រៅពីលុបចោលរាល់ សន្ធិសញ្ញា ដែលអស់សុពលភាព ក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ នោះទេ នោះទើបកម្ពុជា អាចរកឃើញនូវពន្លឺឯករាជ្យ ហើយអាចធានាអធិបតេយ្យភាពជាតិ និងចៀសផុតពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ពីបរទេសជិតខាងបានតទៅថ្ងៃអនាគត។
ចំណែកសកម្មជនសង្គម លោក ធែល ធីលែន បានលើកឡើងក្នុងកិច្ចពិភាក្សានេះថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនប្រុងប្រយ័ត្នពីការបង្ហូរជនជាតិវៀតណាម ចូលមកកម្ពុជាទេ ជាតិសាសន៍ខ្មែរ នឹងរងនូវហានិភ័យធ្ងន់ធ្ងរបំផុត ខណៈរដ្ឋាភិបាលវៀតណាម នឹងមិនបញ្ឈប់ផែនការបង្ហូរជនជាតិរបស់គេដោយខុសច្បាប់ ឱ្យចូលទៅរស់នៅលើទឹកដីខ្មែរនោះឡើយ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ បុរសខ្លាំងលោក ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំ ស្ដីពីការអនុវត្តគោលនយោបាយចំពោះអាណិកជនវៀតណាមនៅកម្ពុជា ដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ដីធ្លី ទីជម្រក ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ឲ្យបានត្រឹមត្រូវ ហើយសារាចរនេះ នៅតែមានសុពលភាពរហូតមកដល់សព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២ បានសុំឱ្យលោក ហ៊ុន សែន ជួយពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មកជាការរស់នៅដោយស្របច្បាប់វិញ ខណៈមេដឹកនាំកម្ពុជា លោក ហ៊ុន សែន មិនបានបដិសេធទៅនឹងសំណើនេះទេ។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃចុងខែសីហា ឆ្នាំ២០២២ ចេញសេចក្ដីជូនដំណឹងស្ដីពីការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនអន្តោប្រវេសន៍នៅកម្ពុជា ស្របពេលដែលគេមើលឃើញថា ជនអន្តោប្រវេសន៍ដែលរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ច្រើនលើសលប់សព្វថ្ងៃនេះ គឺមានតែជនជាតិវៀតណាមប៉ុណ្ណោះ៕

.