ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Student Movement for Democracy – SMD) លោក ទូច វិបុល បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ បន្ទាប់ពីលទ្ធផលជំនួបផ្លូវការដោយឡែកពីគ្នា រវាងលោកស្រីឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ សេចក្តីថ្លែងការណ៍នេះ ចេញផ្សាយនៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២១។ សូមទាញយក សេចក្តីថ្លែងការណ៍ (Download) ឬអានទាំងស្រុងខាងក្រោម។
សេចក្តីថ្លែងការណ៍
ឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បង្ហាញជំហររឹងមាំ មិនបោះបង់ប្រជាពលរដ្ឋខ្មែរ
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរទស្សនកិច្ចនៃលោកស្រី Wendy Sherman ឧបការីក្រសួងការបរទេសនៃសហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឥរិយាបថការទូត ដ៏គួរឲ្យកក់ក្ដៅរបស់លោកស្រី ដែលបានលើកឡើងចំៗបញ្ហាកម្ពុជា ទាំងរឿងស្ថាបនាវិបុលភាព សន្ដិភាព អធិបតេយ្យភាព និងអនាគតប្រជាធិបតេយ្យ ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ទាំងនេះគឺ ជាការដាស់តឿនដល់ទម្ងន់ ចំបទដ្ឋានក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរ ដែលអនុវត្តដោយ លោក ហ៊ុន សែន។
សហរដ្ឋអាមេរិក នៅតែប្រកាន់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការជួយជ្រោមជ្រែង ស្ដារឡើងវិញ នូវប្រជាធិបតេយ្យកម្ពុជា នៅពេលលោកស្រី មិនភ្លេចរំឭកលោក ហ៊ុន សែន អំពីខ្លឹមសារ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍។ លោកស្រីពិតជាមានសុភវិន្និច្ឆ័យ អំពីវិបត្តិចម្រុះនៅកម្ពុជា ពេលលោកស្រី ក៏បានធ្វើកិច្ចពិភាក្សាការងារជាមួយមន្ត្រីសង្គមស៊ីវិល ជាពិសេស ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវតុលាការចោទពីបទ«ក្បត់ជាតិ» ហើយរំលាយគណបក្ស រហូតមកដល់បច្ចុប្បន្ន។
កាយវិការម៉ឺងម៉ាត់របស់លោកស្រីប្រមុខការទូត បានបំភ្លឺផ្លូវ ពង្រីកផ្លូវ និងទាំងបានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរ ឲ្យកាន់តែក្លាហាន ជឿជាក់ និងប្ដេជ្ញាចិត្ត ក្នុងបេសកកម្មតស៊ូ ដើម្បីប្រជាធិបតេយ្យ នៅពេលពួកគាត់ដឹងកាន់តែច្បាស់ថា សហរដ្ឋអាមេរិកពិតជាមិនបោះបង់ប្រជាពលរដ្ឋខ្មែរឡើយ។ នេះ គឺជារង្វាន់ដ៏ធំ ដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យប្រជាពលរដ្ឋខ្មែរ ក្នុងកាលៈទេសៈវិបត្តិជាតិដ៏ធ្ងន់ធ្ងរ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ យល់ឃើញថា ដើម្បីបញ្ចៀសការប្រឈមគ្នា កាន់តែខ្លាំងរវាងប្រជាពលរដ្ឋខ្មែរ ដែលប្រាថ្នាប្រជាធិបតេយ្យ និងរដ្ឋអំណាចលោក ហ៊ុន សែន ព្រមទាំងជាហេតុផលពង្រីកទំនាក់ទំនងល្អ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងនាំផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខសម្រាប់កម្ពុជានោះ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវប្រតិបត្តិឲ្យឃើញលទ្ធផលជាក់ស្ដែង នៅក្នុងឆ្នាំ២០២១ នេះ ៖
(១) បើកលំហសេរីភាពនយោបាយឡើងវិញ។
(២) ជជែកគ្នា ដើម្បីរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើងវិញ។
(៣) ជជែកគ្នា ដើម្បីកែសម្រួលច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយឡើងវិញ។
(៤) បើកលំហសេរីភាពប្រព័ន្ធផ្សព្វផ្សាយឡើងវិញ។
(៥) បើកលំហសេរីភាពសង្គមស៊ីវិលឡើងវិញ។
(៦) រក្សាជំហរអព្យាក្រឹត ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
វាជាការចាំបាច់ណាស់ ដែលកិច្ចការទាំងនេះ អាចសម្រេចទៅបានល្អ ដោយកិច្ចសហការរបស់ រដ្ឋាភិបាល ជាមួយភាគីខ្មែរទាំងអស់ ទាំងសង្គមស៊ីវិល និងគ្រប់គណបក្សនយោបាយ។
រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១
ទូច វិបុល (ហត្ថលេខា)
ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ


.