លោក ទូច វិបុល បានធំដឹងក្តីឡើងក្នុងគ្រួសារមធ្យមមួយ នៅសង្កាត់ទឹកថ្លា ទីក្រុងភ្នំពេញ ដែលមានឪពុកជាមន្ត្រីរាជការនៃ ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងមានម្តាយ ជាជាងកាត់ដេរ។ លោក កើតក្នុងសម័យសង្គ្រាម ឆ្នាំ ១៩៧២ នៅខេត្តបាត់ដំបង។ សព្វថ្ងៃ លោក រស់នៅសហរដ្ឋអាមេរិក ដែលមានកូនស្រី ២ នាក់ ហើយភរិយារបស់លោក គឺអ្នកស្រី គឹម កែវកន្និដ្ឋា អតីតនិស្សិតប្រវត្តិវិទ្យា និងជាអតីតថ្នាក់ដឹកនាំនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Students’ Movement For Democracy “SMD”)។
លោក ទូច វិបុល បានបញ្ចប់បរិញ្ញាប័ត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅឆ្នាំ ២០០០ នៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (បឹងត្របែក) ដែលសព្វថ្ងៃប្តូរឈ្មោះទៅជា សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្រោយពេលបានទៅរស់នៅសហរដ្ឋអាមេរិក លោក វិបុល បានបន្តការសិក្សាបញ្ចប់អនុបណ្ឌិតផ្នែក ហិរញ្ញវត្ថុសហគ្រាស នៅឆ្នាំ ២០០៩។
កាលនៅជានិស្សិត លោក វិបុល ធ្លាប់បានចូលរួមជាមួយ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត និងប្រឆាំងបេក្ខភាព លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្រោយការបោះឆ្នោតជាតិ លើកទី២ នៅខែកក្កដា ឆ្នាំ ១៩៩៨។
នៅដើមឆ្នាំ ១៩៩៩ លោក វិបុល ចូលរួមយ៉ាងសកម្មជាមួយចលនានិស្សិត ដែលកាលនោះដឹកនាំដោយ លោក សារ៉ូ ស៊ីវត្ថា (បច្ចុប្បន្នប្តូរឈ្មោះមកជា សារ៉ូ សុវិជ័យ នៅពេលដែលទៅរស់នៅសហរដ្ឋអាមេរិក)។ ការចូលរួមរបស់លោក ទូច វិបុល ក្នុងក្រុមចលនានេះ ចំពេលដែលចលនានេះ ចាប់ផ្តើមរៀបចំរចនាសម្ព័ន នៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ក្នុងក្រុងភ្នំពេញ ដើម្បីប្រឆាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងព្រំដែនខុសច្បាប់ ជាមួយប្រទេសជិតខាង និង ប្រឆាំងជំទាស់ជនអន្តោប្រវេសន៍ វៀតណាមខុសច្បាប់ នៅកម្ពុជា ហើយនិងចូលរួមធ្វើយុទ្ធនាការ ទាមទារយុត្តិធម៌សង្គមផង ដូចជាករណីទំនិញឡើងថ្លៃ ប្រេងឥន្ធនៈឡើងថ្លៃ និងការកាប់បំផ្លាញព្រៃឈើ ជាដើម។
កាលនោះ លោក ទូច វិបុល ជាអគ្គលេខាធិការសមាគមនិស្សិត ចន្លោះឆ្នាំ ១៩៩៧-២០០០ នៅសាលាច្បាប់ (មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច) ហើយបន្តិចក្រោយមក លោក វិបុល បានទទួលតួនាទី ជាអនុប្រធានចលនិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នៅឆ្នាំ ១៩៩៩។
នៅចុងឆ្នាំ ២០០០ លោក វិបុល បានទទួលសិទ្ធិជ្រកកោនខាងនយោបាយ ទៅរស់នៅសហរដ្ឋអាមេរិក កសាងជីវិតថ្មី នៅលើទឹកដីថ្មី។ ពីរ ឆ្នាំក្រោយមក លោក បានទទួលអ្នកស្រី កឹម កែវកន្និដ្ឋា ក្រោយពេលរៀបការរួច ទៅរស់នៅជាមូយ នៅសហរដ្ឋអាមេរិក មកទល់សព្វថ្ងៃ។
ចន្លោះឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ លោក ទូច វិបុល បានរៀបចំ មូលនិធិសង្គ្រោះជាតិ និង ជានាយកគ្រប់គ្រងផង នៅសហរដ្ឋអាមេរិក ដើម្បីជួយរកថវិកាជួយផ្គត់ផ្គង់ គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា នៅកម្ពុជា។ តាមរយ:មូលនិធិសង្គ្រោះជាតិនេះ លោក វិបុល បានជួយដល់មេធាវី រីឆាត រ៉ចជ័រ (Richard Rogers) ដែលបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស្តីពីបទប្រល័យពូជសាសន៏ និងប្រឆាំងមនុស្សជាតិ ពីជនមានអំណាច ដែលពាក់ព័ន្ធនឹងការបណ្តេញប្រជាពលរដ្ឋ ចេញពីលំនៅឋានទាំងបង្ខំ។
ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ លោក ទូច វិបុល ជាប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង។ អង្គការនេះ បានដឹកនាំពលរដ្ឋក្នុងសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក ទាមទារឲ្យមានការនុវត្តលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស នៅកម្ពុជា។ លោក វិបុល ក៏បានដឹកនាំក្រុមការងារ បញ្ចុះបញ្ចូលក្រុមសមាជិកសភា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក អនុម័តច្បាប់នានា ដើម្បីលើកកម្ពស់សេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា។
ពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន លោក ទូច វិបុល ជាប្រធានក្រុមការងារពលរដ្ឋនិយម ដែលដើរតួនាទីសំខាន់ ក្នុងការបញ្ជ្រាបគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជុំវិញការកែទម្រង់ប្រព័ន្ធដឹកនាំប្រទេស និងប្រព័ន្ធដឹកនាំគណបក្សនយោបាយ នៅកម្ពុជា តាមទម្រង់ថ្មី គឺការជជែកដេញដោល ដែលភាសាអង់គ្លេសថា «Debate»។ ប្រព័ន្ធដឹកនាំរបៀបនេះ ដែលសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន នៅអឺរ៉ុប កំពុងអនុវត្តសព្វថ្ងៃ៕
អត្ថបទដោយលោក ម៉ែន ណាត អតីតស្ថាបនិកនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ

.