ក្រុមអ្នកជំនាញកិច្ចការព្រំដែនកម្ពុជា នៃគណៈកម្មាធិការព្រំដែន នៅប្រទេសបារាំង និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស៍ (Norway) បានពិគ្រោះយោបល់គ្នាញឹកញាប់ នាពេលកន្លងទៅ អំពីហានីភ័យធ្ងន់ធ្ងរនៃបូរណភាពទឹកដីខ្មែរ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ចុះសន្ធិសញ្ញាបន្ថែមថ្មីៗទៀត ដោយផ្អែកលើឯកសារ និងសន្ធិសញ្ញាខុសច្បាប់ ក្នុងអំឡុងទសវត្សទី៨០ (មានសន្ធិសញ្ញា ឆ្នាំ១៩៧៩, ១៩៨២, ១៩៨៣ និងឆ្នាំ ១៩៨៥) ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ និង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ នៅអំឡុងទសវត្សទី៨០ កាលនោះ ដ្ឋាភិបាលលោក ហ៊ុន សែន លោក ហេង សំរិន និងលោក ជា ស៊ីម ស្ថិតក្រោមការត្រួតត្រារបស់ប្រទេសវៀតណាម ហើយជារដ្ឋាភិបាល ដែលមិនត្រូវបានអង្គការសហប្រជាជាតិ អ.ស.ប (UN) ទទួលស្គាល់ទេ។
អ្នកស្រាវជ្រាវ លោកបណ្ឌិត កែម ឡី កាលនៅរស់បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ក្នុងកម្មវិធីវេទិកាអ្នកស្តាប់ អំឡុងឆ្នាំ២០១៤ ថា «ខេត្តខ្មែរនៅភាគឥសានមាន រតនគីរី មណ្ឌលគីរី និង ក្ក្រចេះ មួយភាគធំ មានវាសនាមិនខុសពីកម្ពុជាក្រោមទេមទេ នៅថ្ងៃណាមួយ»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក បានចុះទៅស្រាវជ្រាវនៅទីនោះ។ លោកបណ្ឌិត បញ្ជាក់ថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់វៀតណាម នៅជាប់ព្រំដែន ដែលរដ្ឋាភិបាលខ្មែរ បានអនុញ្ញាតនោះ គឺអត់មានកម្មករខ្មែរ ឬអ្នកធ្វើការជាខ្មែរទេ ហើយខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលទីនោះទេ។
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ មានឯកសារបែកធ្លាយមួយ ត្រូវបានកាសែត The Cambodia Daily ផ្សព្វផ្សាយថា «ដីខ្មែរ ៤ ម៉ឺនហិកតារ នៅតំបន់ព្រំដែនខេត្តរតនគីរី ធ្លាក់ក្នុងដៃក្រុមហ៊ុនទាហានវៀតណាម ជាអ្នកគ្រប់គ្រង»។ ដីទំហំប្រមាណ ៤ ម៉ឺនហិកតារនេះ ដំបូងឡើយជាដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាល ចុះកិច្ចសន្យាប្រគល់ទៅឲ្យក្រុមហ៊ុនឯកជនខ្មែរ ដើម្បីអភិវឌ្ឍន៍ ប៉ុន្តែក្រោយមកទៀត ត្រូវបានគេផ្ទេរសិទ្ធិបន្តគ្នា រហូតធ្លាក់ដល់ដៃ កងទ័ពវៀតណាមតែម្តង។ គ្មានមន្រ្តីរដ្ឋាភិបាលណាម្នាក់ ចេញមុខបំភ្លឺ ជុំវិញព័ត៌មាននេះទេ មកទល់សព្វថ្ងៃនេះ។
ជារួម នៅតាមបណ្តាយព្រំដែនកម្ពុជា និងវៀតណាម មានចំណុចមិនប្រក្រតីជាច្រើន បន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរ បានបោះបង្គោលកំណត់ខ្សែបន្ទាត់ព្រំដែន ពីខេត្តស្ទឹងត្រែង រតនគីរី រហូរហូតដល់ខេត្ត តាកែវ និង កំពត។ ជាក់ស្តែង ពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែន នាំគ្នាតវ៉ាជាហូរហែរ រឿងបាត់បង់ដីស្រែចំការរបស់ពួកគាត់ បន្ទាប់ពីការបោះបង្គោលព្រំដែន ប៉ុន្តែគ្មានដំណោះស្រាយអ្វីទាំងអស់។ សូម្បីតែភូមិកំណើតលោក ហេង សំរិន ប្រធានរដ្ឋសភាព្វថ្ងៃ នៅភូមិថ្លុកត្រាច និងភូមិអន្លុងជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏រអិលចូលក្នុងទឹកដីវៀតណាមដែរ ក្រោយការបោះបង្គោលព្រំដែន។ ភូមិទាំងពីរនេះ ត្រូវបានលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរដ្ឋាភិបាល អះអាងថា «យកភូមិខ្មែរ ឬដីទំនេរចំនួន ២ កន្លែងផ្សេងទៀត ធ្វើការដោះដូរ យកភូមិកំណើតលោក ហេង សំរិន មកវិញ»។
(CWCI Cambodia អត្ថបទបន្ថែមដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /២២ វិច្ឆិកា ២០១៩)
——————–

យុវជនមួយចំនួន ចាក់សាក់រូបផែនទី និងទំហំផ្ទៃក្រឡាប្រទេសកម្ពុជាលើដងខ្លួន ដៃ និងស្មា ដើម្បីការពារទឹកដី
(វិទ្យុអាស៊ីសេរី RFA /ដោយ សុ ជីវី /២០ វិច្ឆិកា ២០១៩)
ក្រុមយុវជនមួយចំនួន បានចាក់សាក់រូបផែនទី បញ្ជាក់ពីផ្ទៃដីប្រទេសកម្ពុជា មានទំហំ ចំនួន ១៨១.០៣៥ គីឡូម៉ែត្រការ៉េ នៅលើដងខ្លួន ដោយសារពួកគេ មិនទុកចិត្តរដ្ឋាភិបាល បោះបង្គោលព្រំដែនកម្ពុជា-វៀតណាម សម្រេចបាន ៨៤% នាពេលកន្លងទៅ។ ពួកគេថា រដ្ឋាភិបាលបោះបង្គោលព្រំដែន ផ្អែកតាមសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥។
យុវជនរស់នៅខេត្តសៀមរាប លោក ប៉ក់ ថូរ ឱ្យដឹងនៅថ្ងៃទី២០ វិច្ឆិកាថា មូលហេតុដែលលោកចាក់សាក់នេះ ដើម្បីឆ្លុះបញ្ចាំងពីការស្រឡាញ់ប្រទេសកម្ពុជា និងចង់ឱ្យរដ្ឋាភិបាលប្រុងប្រយ័ត្នខ្ពស់ ក្នុងការបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាម។ លោកថា រូបផែនទី ដែលលោក និងយុវជនមួយចំនួនទៀត សាក់នៅលើស្នា ខ្នង និងដៃ នោះគឺបញ្ជាក់ពីទំហំផ្ទៃដីប្រទេសកម្ពុជា ខ្នាត ១/១០០ពាន់ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ដែលទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩៖ «គោលបំណងនៃការចាក់សាក់ហ្នឹង ផ្តោតទៅលើការស្រឡាញ់ទឹកដី ប្រទេសកម្ពុជារបស់យើង ព្រោះថ្មីៗ នេះ ព្រឹទ្ធសភា និងរដ្ឋសភា បានអនុម័តច្បាប់ ស្តីពីស្តីពីការបោះបង្គោលព្រំដែន ដែលយោងទៅតាមសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ១៩៨៥ និងឆ្នាំ២០០៥ ជាមួយនឹងប្រទេសវៀតណាម បង្គោលបោះប្រហែល ៨០ % ហ្នឹងគឺ សម្រាប់ពួកខ្ញុំជាយុវជន ខ្ញុំភ័យខ្លាចការបាត់បង់បូរណភាពទឹកដីទៅ។ ខ្ញុំចាក់សាក់ហ្នឹង ដើម្បីចូលរួមការពារ»។
បុរសដដែលបន្ថែមថា ការចាក់សាក់នេះ ក៏ដើម្បីចូលរួមការពារបូរណភាពទឹកដីប្រទេសកម្ពុជា និងពញ្ញាក់ស្មារតីកូនខ្មែរទូទាំងប្រទេស ឱ្យជ្រាបច្បាស់ពីទំហំផ្ទៃដី និងផែនទីប្រទេសកម្ពុជា និងចូលរួមការពារទាំងអស់គ្នា។ លោកមិនដឹងប្រាកដទេថា តើមានយុវជនប៉ុន្មាននាក់ ដែលបានចាក់សាក់រូបផែនទីប្រទេសកម្ពុជា ក៏ប៉ុន្តែលោក ជឿថា អាចមានយុវជនរាប់សិបនាក់៖ «គោលជំហររបស់ខ្ញុំ អំពាវនាវឱ្យ រដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ការបោះបង្គោលព្រំដែន មិនអាចធ្វើឡើងដោយស្ងប់ស្ងាត់ មិនមានការចូលរួមពីពលរដ្ឋ អង្គការសង្គមស៊ីវិល អ្នកជំនាញកិច្ចការព្រំដែន និងសហគមន៍អន្តរជាតិ ជាពិសេសប្រទេស ដែលនៅជិតខាងហ្នឹង។ យើងគួរតែធ្វើពហុភាគី មិនគួរធ្វើទ្វេភាគី រវាងប្រទេសកម្ពុជា និងវៀតណាម ហើយក៏អត់មានការចួលរួមអន្តរជាតិ គេអត់ទទួលស្គាល់ប្រទេសកម្ពុជា»។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង បដិសេធមិនអធិប្បាយ ការចាក់សាក់រូបផែនទី របស់ក្រុមយុវជននោះទេ ដោយលោកថា នេះជាសិទ្ធិរបស់យុវជន។ លោកថា រដ្ឋាភិបាល មានកាពត្វកិច្ចទទួលខុសត្រូវ ចំពោះមុខប្រវត្តិសាស្ដ្រ និងប្រទេសជាតិ ទាក់ទិនការកំណត់ខណ្ឌសីមាព្រំដែន ជាមួយប្រទេសវៀតណាម៖ «រដ្ឋាភិបាល មានតួនាទីភារកិច្ចទទួលខុសត្រូវមុខប្រវត្តិសាស្ត្រ និងប្រទេសជាតិ។ ដូច្នេះក្រុមយុវជន គាត់ទទួលខុសត្រូវលើមុខនរណា? អ្វីស្រេចតែគាត់ ខ្ញុំមិនហ៊ានអធិប្បាយអីទេបាទ»។
កម្ពុជាមានព្រំដែនជាប់នឹងប្រទេសវៀតណាម ចំនួន ១.២៤៥ គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែន សរុបចំនួន ៣៧១ បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរ បានបោះបង្គោលរួចរាល់ចំនួន ៣១៥ បង្គោល ឬស្មើនិង ៨៤% ហើយ នៅសល់បង្គោលចំនួន ៥៦ ទៀត ឋិតនៅខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្តកណ្ដាល និងខេត្តតាកែវ។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញថា ទង្វើរបស់យុវជនបែបនេះ មានន័យថា ពួកគេចាប់អារម្មណ៍រឿងនយោបាយ និងបញ្ហាប្រទេសជាតិ។ លោកថា ស្នាមសាក់រូបផែនទី និងផ្ទៃដី ជាសញ្ញាបញ្ជាក់ថា ក្រុមយុវជនព្រួយបារម្ភ ខ្លាចកម្ពុជារបូតទឹកដី ទៅវៀតណាម គ្រប់គ្រងបន្តទៀត ខណៈដែលការបោះបង្គោលព្រំដែនកន្លងទៅ មានភាពមិនប្រក្រតីច្រើន នៅតំបន់កន្ទុយនាគ ក្នុងខេត្តរតនគិរី ទល់និងខេត្តមណ្ឌលគិរី។ លោក កោតសរសើរ ចំពោះស្មារតីក្រុមយុវជន ដែលឈឺឆ្អាលពីបញ្ហាប្រទេសជាតិ និងចូលរួមការពារទឹកដីទាំងអស់គ្នា៖ «ការចាក់សាក់របស់យុវជន បង្ហាញពីការឈឺឆ្អាលរបស់យុវជន ចំពោះប្រទេសជាតិ និងបញ្ហាព្រំដែន កុំឱ្យរដ្ឋាភិបាលខ្មែរយើងហ្នឹង ចេះធ្វើអីផ្តេសផ្តាស់ ចង់កាត់ដីឱ្យយួន ក៏កាត់ទៅ។ អ៊ីចឹងគេបង្ហាញពីការជំទាស់របស់គេ ក្នុងនាមជាពលរដ្ឋខ្មែរ យុវជនចូលរួមជំទាស់អ៊ីចឹងឯង។ ដូច្នេះមានន័យថា វាជាការចូលរួមចំណែក ដើម្បីការពារទឹកដី កុំឱ្យបាត់បង់»។
កាលពីពេលថ្មីៗនេះ រដ្ឋសភា និងព្រឹទ្ធសភាក្រុងភ្នំពេញ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ ដែលច្របាច់បញ្ចូលគ្នារវាងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ សេចក្ដីព្រាងច្បាប់នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលវៀតណាម នៅទីក្រុងហាណូយ លើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ ស្តីពីការទទួលបង្គោលព្រំដែន ៨៤% ដែលបានបោះរួចរាល់ ជាមួយភាគីវៀតណាម។
ក្រុមយុវជន និង អ្នកឃ្លាំមើលបញ្ហាព្រំដែន រិះគន់ថា ការផ្តល់សច្ចាប័នលើ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ គឺជាការកាត់ទឹកដីខ្មែរ ឱ្យវៀតណាម ព្រោះសន្ធិសញ្ញាថ្មីនេះ ធ្វើឡើងដោយយោងលើសន្ធិសញ្ញា ឆ្នាំ១៩៨៥ ពេលដែលវៀតណាម គ្រប់គ្រងកម្ពុជា និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ {ដ៏ចម្រូងចម្រាស់ស្ទើរផ្លាស់ប្តូររបបដឹកនាំ} ដែលរបបលោក ហ៊ុន សែន បានព្រមព្រៀងគ្នា ជាមួយវៀតណាម៕

