វិទ្យុអាស៊ីសេរី RFA /ដោយ យ៉ង ចាន់តារា
13-8-2023

ក្រុម​យុវជន ​មិន​ពេញចិត្ត​ចំពោះ​ការ​ផ្ទេរអំណាច​ត​ពូជ​​ នៅ​កម្ពុជា​នោះ​ទេ​។ ពួកគាត់​យល់​ឃើញ​ថា ការ​ផ្ទេរ​អំណាច​ពី​ឪពុកម្ដាយ​ទៅ​កូនៗ​របស់​ពួកគេ បង្ហាញ​ពី​អសមត្ថភាព និង​ភាព​អាម៉ាស់ ដែល​នឹង​អាច​ប៉ះពាល់​ដល់​អនាគត​ប្រទេស​ជាតិ។

ក្រុម​យុវជន​ដែល​សកម្ម​ការងារ​សង្គម យល់​ឃើញ​ស្រដៀងៗ​គ្នា​ថា គណៈរដ្ឋមន្ត្រី​ថ្មី​ ដែល​រៀបចំឡើង​ដោយ​ការ​ផ្ទេរអំណាច​ត​ពូជ​ជា​ប្រព័ន្ធ នឹង​បន្ត​ធ្វើ​ឱ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ក្រីក្រ និង​មិនអាច​លុប​បំបាត់​អំពើពុករលួយ​បានទេ។

និស្សិត​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស ឆ្នាំ​ទី​៤ នៃ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ លោក វណ្ណី ចិត្រា មិន​រំពឹង​ថា គណៈ​រដ្ឋមន្ត្រី​ថ្មី​ ដែល​កើត​ចេញ​ពី​ការ​បន្ត​អំណាច​ពី​ឪពុកម្ដាយ​ទៅ​កូន នឹង​អាច​កាត់​បន្ថយ​អំពើពុករលួយ​ជា​ប្រព័ន្ធ​ បាន​នោះ​ឡើយ ព្រោះ​ការ​ផ្ទេរអំណាច​ត​ពូជ​បែបនេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ការពារ​អំណាច​គ្រួសារ​ នៅ​តាម​ក្រសួង​នីមួយៗ ជាជាង​ការ​លើក​កម្ពស់​ ឱ្យ​អ្នក​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ ធ្វើជា​អ្នកដឹកនាំ​តាម​ក្រសួង។ លោក​បន្ថែម​ថា ការ​ផ្ទេរ​អំណាច​តាម​បែប​បន្ត​ពូជពង្ស​វង្សត្រកូល​បែប​នេះ ជា​ការ​ដាក់​បន្ទុក​ទៅ​ដល់​អ្នក​បន្តវេន ហើយ​នឹង​​ធ្វើ​ឱ្យ​អ្នកដឹកនាំ​ជំនាន់​ថ្មី​ទាំងនេះ ​បាក់មុខ​មាត់ ព្រោះ​ពួកគេ ​មិនបាន​តួនាទី​ដោយ​ផ្អែក​ទៅ​លើ​សមត្ថភាព​ផ្ទាល់ខ្លួន​នោះ​ឡើយ។

ស្រដៀង​គ្នា​នេះ និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​ព័ត៌មានវិទ្យា លោក ហេង លីហ័ង លើកឡើង​ថា ស្ថាប័នរដ្ឋ​មិនមែន​ជា​ក្រុម​ហ៊ុន​ឯកជន​នោះ​ឡើយ ដូច្នេះ​លោក​មិន​គាំទ្រ​ ចំពោះ​ការ​ផ្ទេរ​អំណាច​តពូជ​ឱ្យ​កូនចៅ​ ដឹកនាំ​ស្ថាប័ន​រដ្ឋាភិបាល​នោះ​ឡើយ។ លោក​បន្ថែម​ថា ការ​ផ្ទេរ​អំណាច​ត​ពូជ ​ឱ្យ​ដឹកនាំ​ស្ថាប័ន​ជាតិ​កំពូលៗ​បែបនេះ ​ក៏​ជា​គំរូ​អាក្រក់​ សម្រាប់​ការ​ជ្រើសរើស​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ផង​ដែរ ព្រោះ​មិនបាន​បង្ហាញ​ពី​តម្លាភាព និង​ការ​ប្រកួត​ប្រជែង​​ឱ្យ​បាន​ស្មើ​ភាព​នោះ​ទេ។

ដូចគ្នា​នេះ​ដែរ និស្សិត​ផ្នែក​កសិឧស្សាហកម្ម​ឆ្នាំ​ទី​៤ នៃ​សកលវិទ្យា​ភូមិន្ទ​កសិកម្ម កញ្ញា ជិន ឆវិន យល់ឃើញ​ថា ការ​ផ្ទេរអំណាច​បន្ត​ពូជ​ជា​ប្រព័ន្ធ មិនមែន​ជា​ការ​លើក​កម្ពស់​កិត្តិយស​អ្នក​បន្តវេន​ ដោយ​ពិតប្រាកដ​នោះ​ទេ ព្រោះ​ការ​ផ្ទេរ​អំណាច​បែប​នេះ ​ឆ្លុះ​បញ្ចាំង​ពី​ការដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ។ «»

ការ​លើកឡើង​របស់​ក្រុម​យុវជន​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​គណ​បក្ស​​ប្រជាជន​​កម្ពុជា ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​ភាគច្រើន ជា​កូន កូន​ប្រសា ឬ​ជា​ក្មួយ​របស់​ថ្នាក់ដឹកនាំ​គ្រាក់ៗ ដែល​បាន​គ្រប់​គ្រង​ក្រសួង​ទាំងនោះ​ រាប់​ទសវត្ស​មក​ហើយ កាលពី​ថ្ងៃទី​១០ ខែសីហា។

ក្រៅពី​លោក ហ៊ុន ម៉ាណែត បាន​ទទួល​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ពី​ឪពុក​នោះ លោក​មាន​សាច់ញាតិ បក្ខពួក​ច្រើន​ជាងគេ​ នៅក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​ថ្មី។ សម្រាប់​​មន្ត្រី​ជាន់​ខ្ពស់​​បក្ស​កាន់​អំណាច ​និង​រដ្ឋមន្ត្រី​ក្រសួង​មួយ​ចំនួន ពួកគេ​ក៏បាន​ចែក​ផ្ទេរ​តួនាទី​ទៅ​ឲ្យ​កូន​របស់​ពួកគេ​រៀងៗ​ខ្លួន ហាក់ដូចជា​ក្រុមហ៊ុន​ឯកជន ដោយ​គ្មាន​សេចក្តី​ខ្មាសអៀន​ឡើយ​។ អ្នក​ទាំងនោះ​ ដូចជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ជាតិ ​ជាដើម សុទ្ធតែ​ត្រូវ​បាន​តែង​តាំង​បន្ត​ពី​ឪពុក​របស់​ពួកគេ។

វិទ្យុ​អាស៊ីសេរី​ មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ កាល​ពី​ថ្ងៃទី​១២ ខែ​សីហា​។ ប៉ុន្តែ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា លោក ហ៊ុន ម៉ាណែត មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​ដឹកនាំ​រដ្ឋាភិបាល។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​លើក​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​ ពេល​លោក​នៅ​មាន​ជីវិត​នេះ ជា​ការ​បញ្ចៀស​ការ​បង្ហូរ​ឈាម​គ្នា​ រវាង​សមាជិក​គណបក្ស​ប្រជាជន​​កម្ពុជា ដណ្ដើម​តួនាទី​នាយករដ្ឋមន្ត្រី​ នៅ​ពេល​លោក​ស្លាប់។ «»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អ្នកវិភាគ​នយោបាយ​យល់ឃើញ​ថា ការលាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ របស់​លោក ហ៊ុន សែន មិនមែន​ជា​ការ​គិតគូរ​អំពី​ស្ថិរភាព​នយោបាយ​អ្វី​នោះ​ឡើយ ប៉ុន្តែ​គឺជា​ការ​ពង្រឹង​អំណាច​របស់​គ្រួសារ​ត្រកូល​ ហ៊ុន ​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ​ដែរ ពលរដ្ឋ​រស់នៅ​ខេត្ត​បាត់ដំបង លោក ស៊ាង ម៉េងសាង យល់ឃើញ​ថា ការ​បន្ត​អំណាច​ពី​ឪពុក​ម្ដាយ​ទៅ​កូន ​ឱ្យ​ដឹកនាំ​ស្ថាប័ន នឹង​ផ្ដល់​ផល​អាក្រក់​ច្រើនជាង​ផល​ល្អ។ លោក​ប្រៀបធៀប​ការ​ផ្ទេរអំណាច​ត​ពូជ​ដូច្នេះ ប្រៀប​ដូចជា​ការ​កែប្រែ​ក្រសួង ​ឱ្យ​ក្លាយ​ទៅ​ជា​មុខរបរ ដើម្បី​រក្សា​ផល​ប្រយោជន៍​គ្រួសារ ជា​ជាង​ដោះ​ស្រាយ​​បញ្ហា​របស់​សង្គមជាតិ។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ការ​ផ្ទេរ​អំណាច​ពី​ឪពុកម្ដាយ​ទៅ​កូន​ លក្ខណៈ​ជា​ចង្កោម​ដូច្នេះ គឺជា​រឿង​ដែល​មិន​ធ្លាប់​មាន​ឡើយ​ ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​លើ​ពិភពលោក។ បើ​ទោះ​បីជា​កូនៗ ​ដែល​ជា​អ្នកដឹកនាំ​បន្តវេន​ពី​ឪពុក​ម្ដាយ​ភាគច្រើន ​បាន​បញ្ចប់​ការសិក្សា​ពី​បណ្ដា​ប្រទេស​នាំមុខ​លទ្ធិប្រជាធិបតេយ្យ​ក្ដី ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​​​ភាគច្រើន មិន​រំពឹង​ថា អ្នកដឹកនាំ​បន្តវេន​ទាំងនោះ នឹង​លុបបំបាត់​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នោះ​ឡើយ ព្រោះ​ពួកគេ​ទាំងនោះ ​ស្ដាប់​ការ​បង្គាប់​បញ្ជា​ពី​ឪពុកម្ដាយ ជាជាង​ទ្រឹស្ដី​ត្រឹម​ត្រូវ​​ដែល​រៀន​នៅ​សាលា៕