The Cambodia Daily
19-12-2022

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រស់នៅ​ក្រៅ​ស្រុក រិះគន់​ថា ការ​អនុញ្ញាត​ឱ្យ​យុវជន​សង្គម ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​លុប​ចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម​ របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ទំនង​ជា​លោក ហ៊ុន សែន បាន​រង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អឺរ៉ុប កាលពី​ពេល​ថ្មីៗ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ការ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អឺរ៉ុប កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ត្រូវ​បាន​មេដឹកនាំ​នៃ​សហគមន៍​អឺរ៉ុប ​ដាស់តឿន និង​ក្រើន​រំលឹក​ដោយ​ចំៗ​អំពី​បញ្ហា​សិទ្ធិមនុស្ស ដូចជា​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែល​បាន​លើកឡើង​អំពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​សន្តិភាព​នៅ​កម្ពុជា បន្ទាប់ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ ​ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ បាន​ទុក​ចោល​មិន​អនុវត្ត​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​មក

ប្រធាន​វេទិកា​ពលរដ្ឋ ​រូប​នេះ ​បញ្ជាក់​ថា បន្ទាប់ពី​ទទួល​រង​នូវ​សម្ពាធ​នានា​ពី​មេដឹកនាំ​ នៃ​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​បែប​នេះ​ហើយ ទើប​លោក ហ៊ុន សែន ប្រើ​វិធីសាស្ត្រ​បន្ធូរ​ស្ថានការណ៍​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ជំរុញ​របស់​មេដឹកនាំ​ទាំងនោះ ប៉ុន្តែ​បាតុកម្ម​នេះ គឺ​ត្រូវ​ស្ថិត​ក្នុង​ការ​តាមដាន និង​ឃ្លាំមើល​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់​ពេលវេលា​ទាំងអស់ ដូច្នេះ​ការ​បើក​ឱ្យ​ធ្វើ​បាតុកម្ម​នេះ គ្រាន់តែ​ជា​វិធី​បង្គ្រប់​កិច្ច ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ឱ្យ​សហគមន៍​អឺរ៉ុប​ មើល​រូបភាព​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ។

លោក គឹម សុខ អំពាវនាវ​ឱ្យ​យុវជន​ខ្មែរ​ នាំគ្នា​ចូលរួម​ធ្វើ​បាតុកម្ម​នេះ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ប្រឆាំង​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​ ដល់​ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ នៅ​កម្ពុជា និង​បញ្ឈប់​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ពេល​នេះ។

កាលពី​ចុង​សប្តាហ៍​កន្លងទៅ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​អះអាង​ថា សាលា​រាជធានី​ភ្នំពេញ​ បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន​សង្គម​ ដែល​បាន​ស្នើសុំ​ធ្វើ​បាតុកម្ម​ នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រឆាំង​តវ៉ា​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​ លុប​ចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម តាម​ការ​ស្នើសុំ​រួចរាល់​ហើយ។

លោក ម៉េត មាសភក្ដី អះអាង​ថា បើ​ទោះបីជា​សាលា​រាជធានី​ភ្នំពេញ ​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​​ នៅ​ចុង​ខែ​ធ្នូ​នេះ​ក៏ដោយ ក៏​ពួកគេ​ត្រូវ​កំណត់​ចំនួន​អ្នក​ចូលរួម​ឱ្យ​បាន​ជាក់លាក់​ផង​ដែរ ក្នុង​ចំនួន​អ្នក​ចូលរួម​ មិន​ត្រូវ​ឱ្យ​លើស ២០០​នាក់​ឡើយ។

កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២ យុវជន​ជា​អ្នក​ចូលរួម​ដឹកនាំ​បាតុកម្ម ឈ្មោះ អ៊ំ ឈុម ដែល​បាន​ដាក់​លិខិត​ទៅ​កាន់​ សាលា​រាជធានី​ភ្នំពេញ​ដោយ​ផ្ទាល់ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក វីអូឌី ដកស្រង់​សម្ដី​ចុះផ្សាយ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​​អនុញ្ញាត​ឱ្យ​ក្រុម​ខ្លួន ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រឆាំង​នឹង​ការ​ចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​ លុប​ចោល​គម្រោង​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ហើយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា រដ្ឋាភិបាល ​គួរតែ​ដោះលែង​លោក ថែល ធីឡែន សកម្មជន​សង្គម រួម​ទាំង​ក្រុម​សកម្មជន​នយោបាយ​ផ្សេង​ទៀត ដើម្បី​ស្វែងរក​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ ​ឆ្ពោះ​ទៅ​រក​ការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​ ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ។

មាត្រា​៣៧ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ ​ច្បាប់ ខណៈ​មាត្រា​៤១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ជួបជុំ ជាដើម៕

.