រំលឹក៖ ដីខ្មែរ​ប្រមាណ ៤ ម៉ឺន​ហិកតា តាមព្រំដែនវៀតណាម ខេត្ត​រតនគីរី ត្រូវ​បាន​គ្រប់គ្រង ដោយ ក្រុមហ៊ុន​កងទ័ព​វៀតណាម ក្រោម​រូបភាព​ដី​សម្បទាន​សេដកិច្ច។ ប៉ុន្តែ​ធាតុ​ពិត ដី​សម្បទាន​នេះ ត្រូវ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​វៀតណាម ដែល​ប្រើ​ឈ្មោះ​ថា តំបន់​ត្រីកោណ​អភិវឌ្ឍ​ឥណ្ឌូចិន រួច​ក្រោយ​មក​ប្តូរ​ឈ្មោះ​ថា «តំបន់​ត្រីកោណ​អភិវឌ្ឍ​»។ វៀតណាម​​ជា​បងធំ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី​ រួមមាន​ កម្ពុជា ឡាវ និង​វៀតណាម។

លោក ហ៊ុន សែន មិន​ដែល​ឆ្លើយ​សំណួរ​របស់​អ្នក​ជំនាញ​ព្រំដែន និង​អ្នក​ឯកទេស​នានា ដែល​​ចោទ​សួរ​ថា រដ្ឋាភិបាល នៅ​តែ​បន្តប​ម្រើ​នយោបាយ​វៀតណាម។ ហើយ​​មាន​សកម្មជន​​​ព្រំដែន និង​អ្នក​វិភាគ​មួយ​ចំនូន ត្រូវ​បាន​​ក្រុម​​ចារកិច្ច​របស់​រដ្ឋាភិបាល បាញ់​សម្លាប់ និង​ចាប់​ឃុំ​ឃាំង ដោយ​សារ​​ពួក​គេ ប្រឆាំង​​ជំទាស់​នឹង​នយោបាយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​រឿង​ព្រំដែន រឿង​ដី​​សម្បទាន​​សេដ្ឋកិច្ច និង​​រឿង​​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់ នៅ​កម្ពុជា​ជាដើម។ល។

(អត្ថបទ​ដោយ​លោក ម៉ែន ណាត នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា)

capture%e1%9f%81%e1%9f%81%e1%9e%84%e1%9e%84

លោក ហ៊ុន សែន ថា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ជា​និមិត្តរូប​​​នៃ កិច្ច​សហ​ប្រតិបត្តិការ​ល្អ

(RFA Khmer, ដោយ ហង្ស សាវយុត, 23-11-2016)

ប្រមុខ​រដ្ឋាភិបាលកម្ពុជា រំពឹងថា កិច្ចប្រជុំកំពូល​កម្ពុជា ឡាវ និង​វៀតណាម លើក​ទី៩ ស្ដីពី ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ ខេត្ត​សៀមរាប មិន​ត្រឹម​តែ​ជា​ឱកាស​​ដ៏​ល្អ សម្រាប់​ប្រទេស​ទាំង​៣ បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ជាមួយ​គ្នា​​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ការ​ជំរុញ​សកម្មភាព វិនិយោគ​អាជីវកម្ម​របស់ សហគមន៍​ផ្សេងៗ នៅ​​ជុំ​វិញ​​នោះ ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង​ដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា រយៈ​ពេល ២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ តំបន់​អភិវឌ្ឍន៍​ត្រីកោណ កំពុង​ក្លាយ​ទៅ​ជា​តំបន់​កសិ​ឧស្សា​ហកម្ម​ដ៏​ធំ​មួយ តាម​រយៈ​ការ​វិនិយោគ​ទុន​ពី​បរទេស និង​អ្នក​វិនិយោគ នៅ​ក្នុង​ស្រុក។

ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា វៀតណាម និងឡាវ បានជួបពិភាក្សាគ្នាជាទ្វេភាគី និង ពហុភាគី នៅក្នុងកិច្ចប្រជុំកំពូលលើកទី៩ ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឯខេត្តសៀមរាប។

ចាប់តាំង​ពីព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ មេដឹកនាំ​ប្រទេស​ទាំង ៣ បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ដើម្បី​ពិភាក្សា​គ្នា ទៅ​លើ​គម្រោង​ជាច្រើន នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដែល​ជាប់​ព្រំដែន​គ្នា រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម នោះ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មាន​ប្រសាសន៍​បន្ទាប់​ពី​ឡើង​ចាប់​ដៃគ្នា នៅ​ក្នុង​កិច្ច​ប្រជុំ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ថា គម្រោង​អនុវត្តន៍ ក្នុង​តំបន់​ត្រីកោណ គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង មិន​ត្រឹម​តែ​ជំរុញ​ឲ្យ​មាន​ការ​កសាង​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ជំរុញ​​សកម្មភាព វិនិយោគ អាជីវកម្ម​របស់​សហគមន៍​ផ្សេងៗប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​ការ​យកចិត្ត​​​ទុក​ដាក់ ទៅ​លើ​ការ​កាត់​បន្ថយ​ការ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន ការ​រំលោភ​ពាណិជ្ជកម្ម ការ​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ រវាង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង ៣ ដែល​រស់​នៅ​​ជិត​គ្នា ព្រម​ទាំង​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ផង​ដែរ។

លោក ហ៊ុន សែន សម្លឹង​មើល​ឃើញ​ថា តំបន់​ត្រីកោណ​អភិវឌ្ឍ​រយៈ​ពេល ២​-​៣​ឆ្នាំ​ចុង​ក្រោយ​​នេះ បាន​ក្លាយ​ទៅ​ជា​តំបន់​កសិ​ឧស្សា​ហកម្ម​មួយ​ដ៏​ធំ តាម​រយៈ​ការ​វិនិយោគ​ទុន​របស់​​បរទេស និង អ្នក​វិនិយោគ​ក្នុង​ស្រុក៖ «ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ ដល់​រដ្ឋាភិបាល និង​ប្រជាជន​​ជប៉ុន ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​កំពុង​បន្ត​ចូល​រួម​ដើម្បី អភិវឌ្ឍ​តំបន់​ត្រីកោណ»

កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ក្រុមគណៈ​កម្មការ​សម្រប​សម្រួល​ចម្រុះ​កម្ពុជា ឡាវ និង​​វៀតណាម បាន​ប្រឹង​ប្រែង​បញ្ចប់​សេចក្តី​ព្រាង​សំខាន់ៗ​ចំនួន ៦​ចំណុច​រួម​គ្នា។

អ្នកនាំពាក្យ​ខុទ្ទកាល័យ​ក្រសួងពាណិជ្ជ កញ្ញា សឹង សុផារី មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ចំនួន ៦​ចំណុច​នោះ មាន​ដូចជា កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម។ ចំណុច​ទី​២ ស្ដីពី​ការ​ត​ភ្ជាប់ និង​ពង្រឹង​សេដ្ឋកិច្ច​ក្នុង​តំបន់​ត្រីកោណ ព្រមទាំង​រៀបចំ​សេចក្តី​​ថ្លែងការណ៍​រួម រវាង​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម៖ «ទី៣ នៅ​​ក្នុង​កិច្ច​ប្រជុំ​ហ្នឹង ស្ដីពី​ការ​រៀបចំ​របាយការណ៍​សិក្សា អំពី​ការ​អភិវឌ្ឍ​ដំណាំ​កៅស៊ូ​នៅ​ក្នុង តំបន់​ត្រីកោណ​អភិវឌ្ឍន៍»

ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ ដែល​កម្ពុជា ឡាវ និង​វៀតណាម កំពុង​ប្រឹង​ប្រែង​នោះ គេ​រំពឹង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ខេត្ត​ចំនួន ៤ ដូចជា​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ក្រចេះ រួម​ជាមួយ​ប្រជា​ពលរដ្ឋ​ឡាវ ក្នុង​ខេត្ត​ចំនួន​ ៤ ដូចជា អាតាពឺ (Attapeu) សេកុង (Sekong) ចម្ប៉ាសាក់ (Champasak) និង​សាឡាវ៉ាន (Salavan) ព្រមទាំង​ខេត្ត​វៀតណាម ចំនួន ៥ ទៀត​មាន​ខេត្តកនទុំ (Kon Tum) យ៉ាឡាយ (Gia Lai) ដាកឡាក់ (Dak Lak) ដាណុង (Dak Nong) និង​ខេត្តប៊ិញភឿក (Binh Phuoc) ជាដើម នឹង​បាន​ទទួល​ផល​ប្រយោជន៍ ពី​វិស័យ​ជាច្រើន ដូច​ជា​បង្កើត​ឲ្យមានការងារធ្វើ និង មាន​មុខ​របរ​ចិញ្ចឹម​ជីវិត។

កិច្ចប្រជុំកំពូលលើកទី៩ ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នេះ បាន​បញ្ចប់​កាល​ពី​វេលាម៉ោង ៥ និង ៤០ នាទី​ល្ងាច​ថ្ងៃ​ពុធ ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម ព្រម​ទាំង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​ផង៕