
អត្ថបទដោយលោក ម៉ែន ណាត /០៥ កញ្ញា ២០១៧
ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានប្រកាសព័ត៌មាន នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីស្ថានភាពនយោបាយកម្ពុជា កំពុងធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ បន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់វិធានការក្តៅ រឹត្បិតសេរីភាពលំហនយោបាយ ជាពិសេស សេរីភាពរបស់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងសារព័ត៌មាន ដែលដើរតួនាទីយ៉ាងសំខាន់ នៅលើមាគ៌ាសង្គមប្រជាធិបតេយ្យ នៅកម្ពុជា។
ដោយប្រើភាសាការទូត អូស្ត្រាលីសំដែងការព្រួយបារម្ភ ចំពោះការដែលរដ្ឋាភិបាល បញ្ជាឲ្យចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្រ្តផង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ ស្ថានទូតនេះ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា «ការចាប់ខ្លួននេះ បង្ហាញនូវការវិវត្តន៍កាន់តែអាក្រក់ទៅ នៃស្ថានភាពនយោបាយ មុនការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ»។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថាបទូតអូស្ត្រាលី បន្ថែមថា «ក្នុងនាមជាមិត្តយូរអង្វែងរបស់កម្ពុជា អូស្ត្រាលី សូមជំរុញឲ្យកម្ពុជា អនុវត្តយ៉ាងពេញលេញ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដូចបានអះអាងក្នុងធម្មនុញ្ញអាស៊ាន និង គោរពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសមាគម និង សេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធី»។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី ជាភាសាខ្មែរ និងអង់គ្លេស៖
