សេចក្តីថ្លែងការណ៍៖ ត្រូវដោះលែងយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ត្រូវ​ទម្លាក់​ចោល​ការ​ភ្ជាប់​សំណុំ​រឿង​​ទៅ​នឹង​គណបក្ស​ប្រឆាំង

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និត្យ​ឃើញ​ថា​លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ គ្មាន​កំហុស​​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ភ្នំពេញ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទេ។ ការ​ចាប់​​ឃុំខ្លួន​​អ្នក​ទាំងពី​រ​ ជា​អំពើ​អយុត្តិធម៌ និង​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់​ធ្ងរ។ លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ មាន​សិទ្ធិ​បញ្ចេញ​មតិ​ពេញ​លេញ​ក្នុង​នាម​ជា​ពលរដ្ឋ​​​ខ្មែរ ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ ដូច​មាន​ចែង​ក្នុង​ជំពូក ៣ ស្តីអំពី​សិទ្ធិ និង​ករណីយកិច្ច​​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​មាត្រា​៤១ កថា​ខណ្ឌ​ទី​១ បាន​ចែង​ថា «ប្រជា​ពលរដ្ឋ​ខ្មែរ មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​​​ការ​បោះ​ពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ»

ដូចកថាខណ្ឌខាងលើ ការ​បញ្ចេញ​មតិ​របស់​លោក សួង នាគព័ន្ធ និង​ផ្សព្វផ្សាយ​លក់​អាវ​យឺត​រូ​ប​លោក​បណ្ឌិត កែម ឡី របស់​លោក គង់ រ៉ៃយ៉ា ក្នុង​ពិធី​បុណ្យ​រំលឹក​ខួប​គម្រប់ ៣ ឆ្នាំ​បណ្ឌិត កែម ឡី គឺ​គ្មាន​អ្វី​ខុស​ទាស់​ទេ។ ទង្វើ​របស់​អ្នក​ទាំង​ពីរ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ជីវភាព​រស់នៅ​ជាធម្មតា ដូច​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ ក្នុង​ការ​និយាយ​ស្តី ការ​បញ្ចេញ​មតិ ការ​ជួប​ប្រជុំ ការ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ខួប និង​ពិធី​ប្រពៃណី​វប្បធម៌​សាសនា (មាត្រា ៤៣ កថា​ខណ្ឌ​ទី​១ «ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ពេញ​ទី​ខាង​ជំនឿ»)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំ​ត្រូវ​ភ្ជាប់​សំណុំ​រឿង​​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ ទៅ​នឹង​សកម្មភាព​បង្ក​ចលាចល ឬ​សកម្មភាព​ឧក្រិដ្ឋ​ណា​មួយ ជាមួយ​​គណ​បក្ស​ប្រឆាំង (គណ​បក្ស​សង្គ្រោះ​ជាតិ) ដែល​តុលាការ​កំពូល បាន​រំលាយ​ចោល កាល​ពី​ឆ្នាំ​២០១៧ យ៉ាង​អយុត្តិធម៌ និង​ទាំង​បំពាន​រដ្ឋធម្មនុញ្ញ​ដែរ​នោះ​ទេ។ វា​ជា​រឿង​ដោយ​​ឡែក​ពី​គ្នា ពោល​គឺលោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ សុទ្ធ​តែ​ជា​អ្នក​មាន​ភក្តី​ភាព​​ចំពោះ​បណ្ឌិត កែម ឡី ក្នុង​នាម​ជា​សិស្ស និង​គ្រូ ហើយ​ពួក​គេ មាន​បំណង​ចង់​សង​គុណ និង រំលឹក​គុណ​គ្រូ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ ក្នុង​ពិធី​បុណ្យ​ខួប​គម្រប់ ៣ ឆ្នាំ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​យ៉ាង​អយុត្តិធម៌។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​តុលាការ​របស់​លោក ហ៊ុន សែន ត្រូវ​តែ​ទម្លាក់​ចោល​សំណុំ​រឿង​ចោទ​ប្រកាន់​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ ព្រម​ទាំង​ដោះលែង​អ្នក​ទាំង​ពីរ​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​វិល​មក​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ និង​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នានា របស់​សហភាព​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក ដែល​ជា​ក្តី​ព្រួយ​បារម្ភ​ធំ​បំផុត​របស់​ខ្មែរ​យើង​ទាំង​អស់​គ្នា។

ធ្វើនៅ​​ក្រុង​គ្រីស្ទានសាន់ (ប្រទេស​​ន័រវេស៍) ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៩
(ហត្ថលេខា)
ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើកម្ពុជា