
អត្តបទដោយលោក ម៉ែន ណាត /០៦ សីហា ២០១៩
របបដឹកនាំរបស់លោក ហ៊ុន សែន សម្រេចដាក់ចេញនូវប្រតិទិនឈប់សម្រាកប្រចាំឆ្នាំជាថ្មី ដោយដកចេញនូវទិវាឈប់សម្រាកដ៏សំខាន់ៗ ២ ដែលមានខ្លឹមសារជាប្រវិត្តសាស្ត្រ ទាក់ទងការផ្សះផ្សាជាតិ និងការនាំចូលលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី {មិនស្របច្បាប់?} លោក ហ៊ុន សែន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។
ការដកចេញពីប្រតិទិននេះមាន «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា, ទិវាកុមារអន្តរជាតិ ០១មិថុនា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ» ដែលនាំឲ្យមានការរិះគន់ធ្ងន់ៗ ទៅលើរបបលោក ហ៊ុន សែន កំពុងដឹកនាំប្រទេស ឲ្យទៅរកសម័យអតីតកាល នៅមុនទសវត្សរ៍ទី៩០។
ការដកចេញពីប្រតិទិនឈប់សម្រាក នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រៀបបានដូចការបំភ្លេចចោលទិវាបុណ្យជាតិដ៏សំខាន់ ដែលត្រូវបានកំណត់ឡើង តាំងពីឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នោតជាតិ លើកទី១ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ហៅកាត់អ៊ុនតាក់ (UNTAC) ក្នុងគោលបំណងរំឭកឡើងវិញនូវ ការផ្សះផ្សាជាតិ បញ្ចប់សង្គ្រាមស៊ីវិល និង បញ្ចប់ការឈ្លានពានរបស់វៀតណាម ដែលចូលលុកលុយកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ មកនោះ។
មួយវិញទៀត ការដកចេញពីប្រតិទិនឈប់សម្រាកទិវាបុណ្យជាតិ នូវទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក៏គឺជាការដកចេញនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពីកម្ពុជា ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញជាតិ។
នៅលើបណ្តាញសង្គម និងក្រុមមន្រ្តីអង្គការសង្គមស៊ីវិល បានមានប្រតិកម្មព្រមៗគ្នា ចំពោះការសម្រេចរបស់របបលោក ហ៊ុន សែន ក្នុងការលុបចោលទិវាបុណ្យជាតិដ៏មានសារសំខាន់ខាងលើ។
ក្រុមអ្នកប្រឆាំង និងអ្នកជាតិនិយម បានផ្តល់យោបល់ថា ទិវាបុណ្យជាតិខាងលើ មិនគួរត្រូវបានលុបចេញពីប្រតិទិនទេ។ ប៉ុន្តែអ្វីដែលគួរត្រូវលុបចេញនោះ គឺគួរតែរបប ហ៊ុន សែន លុបទិវា ៧ មករា ពីប្រតិទិនបុណ្យជាតិ ពីព្រោះថា ថ្ងៃ ៧ មករា វាជាថ្ងៃដែលវៀតណាម ចូលឈ្លានពានកម្ពុជា៕

