អត្ថបទដោយ ម៉ែន ណាត
30-8-2023
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្មី ក្នុងនោះមានមន្រ្តីកំពូលៗ មានទីប្រឹក្សា ជំនួយការ និងមន្ត្រីជំនាញអមនាយករដ្ឋមន្រ្តីផង បានកើនឡើងដល់ ៣១២៤នាក់ហើយ ក្នុងអំឡុងពេលមិនដល់ ១០ថ្ងៃផង បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តាមរយៈការផ្ទេរអំណាចពីឪពុករបស់គាត់ គឺលោក ហ៊ុន សែន។
ព្រះមហាក្សត្រព្របាទសម្តេចព្រះ នរោត្តម សីហមុនី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យដោយឡែកពីគ្នា តាមសំណើរបស់នាយករដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត តែងតាំងទីប្រឹក្សាក្រសួងយុត្តិធម៌ ចំនួន ១៨៧នាក់, ទីប្រឹក្សាក្រសួងឧស្សាហកម្ម ចំនួន ៥៩នាក់, ទីប្រឹក្សាក្រសួងមុខងារសាធារណៈ ចំនួន ១៥នាក់, ផ្តល់ឋានៈដល់មេធាវីរដ្ឋាភិបាល ចំនួន ១៥នាក់ ហើយនិង ទីប្រឹក្សានិងជំនួការរបស់លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំនួន ៣៣នាក់ ដោយមិនរាប់បញ្ជូលនាយករងខុទ្ទកាល័យ ចំនួន ១៥នាក់ផ្សេងទៀតនោះផង។ ដូច្នេះ ចំនួនទីប្រឹក្សា និងជំនួយការ បានកើនដល់ ១៦០៥នាក់ហើយ។
ចំណែកឯមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្មី ក៏កើនឡើងបន្ថែមទៀត គឺកើនឡើងចំនួន ១៥១៩នាក់។ សរុបសេចក្តីទៅ ទាំងទីប្រឹក្សា ជំនួយការ និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ត្រូវកើនឡើង ចំនួន ៣១២៤នាក់ គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ តែងតាំងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី រួមទាំងតំណែងអនុរដ្ឋលេខាធិការអមក្រសួងស្ថាប័នជាតិ មានចំនួនសរុប ១៥៤៣ នាក់។ លុះមកដល់ថ្ងៃទី២៥ ខែសីហា លោក ហ៊ុន ម៉ាណែត បានស្នីតែងតាំងទីប្រឹក្សា និងជំនួយការនាយករដ្ឋមន្ត្រី ចំនួន ១៧៤ នាក់បន្ថែមទៀត។
ចំនួនមន្ត្រីជាន់ខ្ពស់ទាំង ៣១២៤នាក់ ខាងលើនេះ មិនទាន់បានរាប់បញ្ជូលទាំង នាយករងខុទ្ទកាល័យអ្នកដឹកនាំកំពូលៗរាប់រយនាក់ និង មិនទាន់រាប់បញ្ជូលទីប្រឹក្សា និងជំនួយការនៃ ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ហើយនិងព្រឹទ្ធសភា ព្រមទាំង ទីប្រឹក្សាអមអគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា និង ព្រឹទ្ធសភា មានរាប់រយនាក់ទៀត។
ក្រៅពីនេះ មិនបានទាំងរាប់បញ្ចូលផងទេ នូវមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត នៅក្នុងស្ថាប័នកំពូលៗមួយចំនួន ដូចជា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ, ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមានលោក ហ៊ុន សែន ជាប្រធាន និង ក្រសួងព្រះបរមរាជវាំង ជាដើម។ល។
ក្រុមអ្នកច្បាប់ អ្នកឃ្លាំមើលសង្គម អ្នកវិភាគ និងក្រុមបញ្ញវន្តនិយមកណ្តាល បានកត់សម្គាល់ថា រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ជារដ្ឋាភិបាលក្បាលធំហួសមាឌ ដោយបង្កើនចំនួនបរិមាណមន្ត្រីអែបអប ពុករលួយ បក្ខពួកនិយម គ្រួសារនិយម និង ជាការខ្ជះខ្ជាយថវិកាជាតិ ដែលបង្កើននូវផលវិបាកកាន់តែធ្ងន់ធ្ងរដល់សង្គមទាំងមូលបន្ថែមទៀត។
អត្ថបទដោយ ម៉ែន ណាត
អតីតមន្ត្រីនាយកដ្ឋាននីតិវិធីនៃរដ្ឋសភា
ជាក្រុមការងារនៃ វេទិកាពលរដ្ឋ និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា