វិទ្យុអាស៊ីសេរី RFA /ដោយ ច័ន្ទ ដារ៉ូ
24-11-2023
ព្រះសង្ឃ សយ សាត កំពុងគេចព្រះកាយពីការប៉ុនប៉ងធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ ដោយសារព្រះអង្គបន្តឈឺឆ្អាលបញ្ហាសង្គម។ មន្ត្រីសិទ្ធិមនុស្ស លើកឡើងថា សកម្មភាពរបស់ព្រះអង្គ សយ សាត ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ។
ព្រះតេជព្រះគុណ សយ សាត ទទូចឱ្យអាជ្ញាធររបស់រដ្ឋាភិបាលបញ្ឈប់ការលាបពណ៌ ចោទប្រកាន់ និងគំរាមកំហែងលើព្រះអង្គ ដែលគ្រាន់តែធ្វើការងារដើម្បីឱ្យសង្គមមានយុត្តិធម៌ ចង់ឱ្យរដ្ឋាភិបាល ងាកមកដើរតាមគន្លងប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងជំរុញឱ្យអ្នកនយោបាយគ្រប់ភាគីទាំងអស់ ងាកមកផ្សះផ្សាជាតិឡើងវិញ។
ព្រះតេជព្រះគុណ សយ សាត មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ វិច្ឆិកា ថា ព្រះអង្គតែងនិមន្តគង់នៅតាមព្រៃភ្នំ ដោយសារអាជ្ញាធររដ្ឋាភិបាល តាមធ្វើទុក្ខបុកម្នេញដោយគ្មានវត្តអារាម ហ៊ានទទួលឱ្យព្រះអង្គគង់នៅនោះទេ។ ព្រះអង្គបន្តថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា មានអាជ្ញាធរ ៣នាក់ រកឃើញទីតាំងរបស់ព្រះអង្គគង់នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានដកហូតយកសម្ភារៈរបស់ព្រះអង្គ ដូចជាទូរស័ព្ទ ចង្ហាន់ បាត្រ និងស្បង់ចីវរជាដើម។ ជាងនេះទៅទៀតព្រះអង្គថា អាជ្ញាធរទាំងនោះក៏បានជេរប្រមាថ គំរាមបាញ់សម្លាប់ព្រះអង្គចោល នៅក្នុងព្រៃដោយចោទថា ជាសង្ឃក្លែងក្លាយ ហើយព្រមានឱ្យព្រះអង្គ ឈប់ធ្វើសកម្មភាពក្នុងសង្គម ជាពិសេសគាំទ្រគណបក្សភ្លើងទៀន តទៅទៀត។ ព្រះអង្គឱ្យដឹងថា ហេតុការណ៍នោះ គឺកើតឡើងមួយថ្ងៃក្រោយពេលព្រះអង្គបង្ហោះសារនៅលើហ្វេសប៊ុក គ្រោងរៀបចំធ្វើធម្មយាត្រាពីទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែធ្នូ ដើម្បីលើកកម្ពស់សីលធម៌សង្គម និងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។
ព្រះតេជព្រះគុណ សយ សាត៖ «បញ្ឈប់ចាប់ផ្សឹកអាត្មាទៅ ឈប់ចងកម្មអាត្មាទៅ ឈប់ប្តឹងទៅតុលាការទៅ អាត្មា អត់មានកំហុសអ្វីទេ។ ពរ! អាត្មាធ្វើនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរួចស្រេចហើយ ចំពោះការប្រើសិទ្ធិនេះ ហើយក្នុងនាមអាត្មា ជាព្រះសង្ឃ ឃើញការកាប់សម្លាប់ ការបៀតបៀនគ្នាជាទុក្ខ ចងពៀរគ្នាមិនចេះចប់ ម្ល៉ោះហើយឈប់លាបពណ៌គ្នាទៅ ធ្វើមិចប្រទេសរបស់យើងមានអស្ថិរភាពយូរហើយ ចង់ធ្វើមិចអ្នកនយោបាយជំនាន់ក្រោយ ស្តារសង្គមរបស់យើង ឱ្យមានសុខសន្តិភាពតែប៉ុណ្ណឹងទេ អាត្មាមិនចង់បានអ្វីទេ»។
ថេរដីការបស់ព្រះតេជព្រះគុណ សយ សាត នេះស៊ីសង្វាក់ទៅនឹងជនមិនស្គាល់អត្តសញ្ញាណ បានយកគណនីហ្វេសប៊ុករបស់ព្រះអង្គ ផ្ញើសារគំរាមអ្នកគាំទ្ររបស់ព្រះអង្គជាច្រើននាក់ ទាំងក្នុង និងក្រៅប្រទេស ដែលវិទ្យុអាស៊ីសេរី បានឃើញដែរនោះ សរសេរថា “ក្រុមអាជើងខ្លាំងអញចាប់បានសង្ឃក្លែងក្លាយ អញទុកជីវិតហើយ អ្នកណាហ៊ានវ៉ៃប្រហារសម្តេច ហ៊ុន សែន អញនឹងតាមកម្ទេច” ។
សកម្មជននយោបាយ និងអ្នកគាំទ្រព្រះអង្គ សយ សាត ទទួលបានសារនោះ គឺបន្ទាប់ពីបាត់ដំណឹងព្រះអង្គ រយៈពេលជាច្រើនសប្តាហ៍ កន្លងទៅនេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភក៌ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បណា ដើម្បីបកស្រាយរឿងនេះបានទេនៅថ្ងៃទី២៣ ខែវិច្ឆិកា
ព្រះតេជព្រះគុណ សយ សាត ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ព្រះកាយ និងចាប់ផ្សឹក នៅស្រុកមោងឫស្សី នៅពេលព្រះអង្គនិមន្តធ្វើធម្មយាត្រាផ្សាយមេត្តាធម៌ សុំសុខសន្តិភាពក្នុងប្រទេស និងទាមទារដំណោះស្រាយជាតិ កាលពីថ្ងៃទី៩ ខែមីនា។ ព្រះអង្គបួសជាថ្មី និងភៀសព្រះកាយទៅប្រទេសថៃ ដើម្បីរកកន្លែងមានសុវត្ថិភាពដោយសារ អាជ្ញាធររដ្ឋាភិបាលតាមធ្វើទុក្ខបុកម្នេញព្រះអង្គជាបន្តបន្ទាប់ ប៉ុន្តែមួយខែក្រោយមកព្រះអង្គបាននិមន្តមកកម្ពុជាវិញ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មើលឃើញថា សកម្មភាពរបស់ព្រះអង្គ សយ សាត ចូលរួមចំណែកស្វែងរកយុត្តិធម៌ និងផលប្រយោជន៍សង្គមជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដែលកម្ពុជាទទួលយកមកអនុវត្ត។
លោក នី សុខា៖ «វាជារឿងមួយគួរឱ្យសោកស្តាយណាស់ ហើយរដ្ឋាភិបាលយើង គួរយកចិត្តទុកដាក់ឱ្យមែនទែន ចំពោះបញ្ហាទាំងអស់ហ្នឹង អាជ្ញាធរថ្នាក់ក្រោមមួយចំនួន ដែលដើរផ្ទុយពីគោលនយោបាយរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេរីភាព សិទ្ធិមនុស្សទាំងអស់ហ្នឹង គួរមានវិធានការឱ្យបានទាន់ពេល និងម៉ឺងម៉ាត់ ដើម្បីបង្ហាញពីមុខមាត់របស់កម្ពុជា បង្ហាញស្មារតីមួយថា កម្ពុជា ជាប្រទេសមួយ តាំងចិត្តខ្ពស់ក្នុងការគោរពសិទ្ធិមនុស្ស»។
ព្រះតេជព្រះគុណ សយ សាត ព្រះជន្ម ៧២ព្រះវស្សា ជាព្រះសង្ឃខ្មែរមួយអង្គ ដែលមិនខ្លាចការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ ដោយព្រះអង្គហ៊ានចេញមកធ្វើធម្មយាត្រា និមន្តដោយថ្មើរជើង ស្នើបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកធ្វើការងារសង្គម និងទាមទារលើកកម្ពស់សីលធម៌សង្គម។ ព្រះអង្គត្រូវបានព្រះចៅអធិការវត្ត បណ្ដេញចេញពីវត្ត និងត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាចោទប្រកាន់ព្រះអង្គ ពីបទកាប់ទន្ទ្រានដីព្រៃ ដោយសារតែព្រះអង្គបានចូលរួមធ្វើធម្មយាត្រា ជាមួយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងអ្នកតស៊ូមតិផ្សេងទៀត។
ព្រះអង្គ សយ សាត មានថេរដីកាថា បើទោះបីជាអាជ្ញាធររដ្ឋាភិបាល ធ្វើទុក្ខបុកម្នេញមកលើព្រះអង្គបែបនេះក្ដី ក៏ព្រះអង្គនៅតែបន្តចូលរួមធ្វើសកម្មភាពសង្គម រហូតសង្គមមានសន្តិភាព ស្ថិរភាព និងដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដឡើងវិញ។ ព្រះអង្គអំពាវឱ្យព្រះសង្ឃ អ្នកធ្វើការងារសង្គម និងពលរដ្ឋ ចូលរួមធ្វើធម្មយាត្រាជាមួយព្រះអង្គ នៅដើមខែធ្នូ ខាងមុខនេះ៕