The Cambodia Daily
24-11-2023

តុលាការ​ខេត្ត​បន្ទាយមានជ័យ កាត់ទោស​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ ពី​បទ «ញុះញង់» បន្ទាប់ពី​រូបគេ​ រិះគន់​ជនជាតិ​វៀតណាម​នា​ពេល​កន្លងមក ដែល​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​ ទាំង​លើ​​គោក និង​លើ​ដង​ទន្លេសាប​។

លោក កង សារ៉ន ដែល​មាន​ម្តាយ​ជរា​អាយុ ១០២​ឆ្នាំ និង​កូនស្រី​ពិការ​គ​ថ្លង់​ម្នាក់ បាន​បង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា បន្ទាប់ពី​រូបលោក​រិះគន់​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់នៅ​លើ​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់ ជាពិសេស​នៅ​តាម​ដង​ទន្លេសាប​កន្លង​មក ស្រាប់​តែ​មាន​ពាក្យ​បណ្ដឹង​​ប្តឹង​រូបលោក​តែម្តង ក្នុង​នោះ តុលាការ​ក៏​បាន​ចោទប្រកាន់​រូបលោក​ថា ​បាន​បង្ក​ការ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​កាត់ទោស​ឱ្យ​រូបលោក ​ជាប់​ពន្ធនាគារ​ដល់​ទៅ ៣​ឆ្នាំ​ផង​ដែរ។ [គួរបញ្ជាក់ថា សមត្ថកិច្ច​​ខេត្តបន្ទាយមានជ័យ បានចាប់​ខ្លួនលោក ឃុំ​ឃាំង ១០​ថ្ងៃ រួច​មក លោក​ត្រូវ​បាន​តុលាការ ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពីថ្ងៃ​ទី១១ ខែកក្កដា កន្លង​ទៅ។]

លោក កង សារ៉ន លើកឡើង​ថា កាលពី​ថ្ងៃទី​២២ វិច្ឆិកា សមត្ថកិច្ច​បាន​នាំគ្នា​មក​ព័ទ្ធ​ផ្ទះ​របស់​លោក ​ក្នុង​បំណង​ចាប់​​ខ្លួន​​លោក​ភ្លាមៗ ប៉ុន្តែ​ពួកគេ​បាន​ដក​កម្លាំង​ត្រឡប់​ទៅវិញ​ ដោយ​មិន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ។

លោក កង សារ៉ន បាន​ថ្វាយបង្គំ​លា​ម្តាយ​ជរា​ ត្រៀម​ខ្លួន​ចូល​គុក​តាម​ដីកា​របស់​តុលាការ និង​ប្រាប់​ឱ្យ​ប្រពន្ធ​មើល​ថែ​ម្តាយ និង​កូនស្រី​ពិការ​គ​ថ្លង់ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ។

លោក កង សារ៉ន ត្អូញត្អែរ​ថា ក្រោម​ការ​គាបសង្កត់​របស់​អាជ្ញាធរ​កម្ពុជា​ លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​បែប​នេះ ក្រុម​គ្រួសារ​របស់​លោក ​រស់​ពិបាក​ជាង​ស្លាប់​ទៀត ដូច្នេះ​បើ​អាជ្ញាធរ ​ចាត់ទុក​លោក​ដែល​ជា​ខ្មែរ​រិះគន់​រឿង​យួន​ ថា​ជា​រឿង​ខុស​ច្បាប់ ពួកគេ​មិន​ចាំបាច់​ដាក់​គុក​លោក​ទេ គឺ​ពួកគេ គួរតែ​សម្លាប់​លោក​ចោល​តែម្តង​ទៅ ដើម្បី​ឱ្យ​ឆាប់​ចប់​រឿង។

ម្តាយ​ជរា​របស់​លោក កង សារ៉ន ដែល​មាន​អាយុ ១០២​ឆ្នាំ បាន​និយាយ​ក្នុង​វីដេអូ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នៅ​ថ្ងៃទី​២៣ វិច្ឆិកា នេះ​ថា បើ​អាជ្ញាធរ​យក​កូន​គាត់​ទៅ​ដាក់​គុក ​ព្រោះតែ​និយាយ​រឿង​យួន ពួកគេ​គួរតែ​សម្លាប់​ក្រុម​គ្រួសារ​គាត់​ទាំង ៤​នាក់​ចោល​តែម្តង​ទៅ ព្រោះ​កូន​របស់​គាត់ លោក កង សារ៉ន តែង​តែ​​ខឹង​នឹង​ជនជាតិ​យួន​រហូត​មក ដោយសារតែ​ឪពុក​របស់​លោក កង សារ៉ន ត្រូវ​បាន​កងទ័ព​វៀតណាម​សម្លាប់។

ក្រុម​គ្រួសារ​លោក កង សារ៉ន មាន​សមាជិក ៤​នាក់ ដែល​មាន​ម្តាយ​ជរា​អាយុ ១០២​ឆ្នាំ និង​កូនស្រី​ពិការភាព​គ​ថ្លង់ អាយុ ១៩​ឆ្នាំ​នៅ​ក្នុង​បន្ទុក ខណៈ​ជីវភាព​រស់នៅ​របស់​លោក គឺ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយសារ​ការ​ដាក់​មង ដាក់​បង្កៃ ធ្វើ​នំ​លក់ និង​ដើរ​បេះ​ស្លឹក​រុក្ខជាតិ​តាម​ជើងភ្នំ​ ធ្វើ​ជា​ម្ហូប​អាហារ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ វិច្ឆិកា នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ ហាក់​កំពុង​រស់នៅ​ក្រោម​ច្បាប់​មួយ​ ដែល​មិន​អនុញ្ញាត​ឱ្យ​រិះគន់​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ​ទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ក៏​ហាក់​កំពុង​អនុវត្ត​ច្បាប់ ​ដែល​ត្រូវតែ​ការពារ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ ទាំងនោះ​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​បាន​ត្រឹមត្រូវ ក៏​គ្មាន​ប្រជា​ពលរដ្ឋ​ រិះគន់​ពី​រឿង​វៀតណាម​ខុស​ច្បាប់​ដែរ ប៉ុន្តែ​ដោយសារតែ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ដោយ​ធូរ​រលុង​ ចំពោះ​ជនជាតិ​វៀតណាម​បែប​នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​ដែល​មាន​មនសិការ​ជាតិ ​រិះគន់​បែប​នេះ ហើយ​ការ​រិះគន់​នេះ​ក៏​មិន​ខុស​ដែរ ត្បិត​ជនជាតិ​វៀតណាម​ខុស​ច្បាប់ ​ពិត​ជា​រស់នៅ និង​ចេញ​ចូល​ទឹកដី​ខ្មែរ​អនាធិបតេយ្យ​មែន ក្រោម​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន បាន​ចុះ​ហត្ថ​លេខា​​លើ​សារាចរ​ណែនាំ​ ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​និគមជន​វៀតណាម​នៅ​កម្ពុជា ដែល​តម្រូវ​​ឲ្យ​រដ្ឋា​ភិបាល​​កម្ពុជា​ ​ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សារាចរ​នេះ​នៅ​តែ​មាន​សុពលភាព​ រហូត​ដល់​សព្វថ្ងៃ​នេះ ហើយ​កម្ពុជា​ក៏​កំពុងតែ​អនុវត្ត​នូវ​ការ​ផ្តល់​សិទ្ធិ​រស់នៅ​ ដល់​ជន​អន្តោ​ប្រវេសន៍​​វៀតណាម​​ខុស​ច្បាប់​​លើ​ទឹកដី​របស់​ខ្លួន​ ជា​បន្តបន្ទាប់​ផង​ដែរ​ នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​​ប្រធានាធិបតី​វៀតណាម លោក Nguyen Xuan Phuc នៅ​កម្ពុជា កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ប្ដេជ្ញា​ក្នុង​កិច្ចប្រជុំ​មួយ ​នៅ​ក្នុង​ស្ថានទូត​វៀតណាម ក្នុង​រាជធានី​ភ្នំពេញ​ថា លោក​នឹង​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​វៀតណាម​ ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ក្លាយ​ជា​ពលរដ្ឋ​រស់នៅ​កម្ពុជា​ ដោយ​ស្រប​ច្បាប់​វិញ​ ឱ្យខាងតែ​បាន។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ បាន​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ដល់​ប្រជាពលរដ្ឋ​វៀតណាម ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ មក​ជា​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​វិញ ខណៈ​លោក ហ៊ុន សែន បាន​យល់ព្រម​នឹង​សំណើ​នេះ​ ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០២២ សកម្មជន​សង្គម​ លោក ធែល ធីលែន ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ ដោយសារតែ​រូប​គេ​ចេញ​មុខ​ជំទាស់​ ទៅ​នឹង​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ចំពោះ​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ ដល់​ជនជាតិ​វៀតណាម ​នៅ​ពេល​នោះ ដែល​គេ​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ផ្ទុយ​ទៅ​នឹង​មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​បោះពុម្ព​ផ្សាយ និង​សេរីភាព​​ខាង​ជួបជុំ​យ៉ាង​ធ្ងន់ធ្ងរ៕