The Cambodia Daily
25-11-2023
គណៈកម្មាធិការអឺរ៉ុប (EU) ព្រមានថា សហភាពអឺរ៉ុបពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) ពេញលេញដល់កម្ពុជាឡើងវិញ ទាល់តែរដ្ឋាភិបាលកម្ពុជា បើកលំហសិទ្ធិមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ពលរដ្ឋឱ្យមានភាពល្អប្រសើរ។
គណៈកម្មាធិការអឺរ៉ុប បានចេញរបាយការណ៍ ស្ដីពីប្រទេសដែលទទួលផលអនុគ្រោះពន្ធ EBA (Everything But Arms) ចំនួន ៣ រួមមាន ប្រទេសបង់ក្លាដេស ប្រទេសភូមា និងប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដោយបញ្ជាក់ថា គណៈកម្មាធិការអឺរ៉ុប មានកង្វល់សំខាន់ៗជាច្រើន លើការដឹកនាំរបស់ប្រទេសទាំងបីនេះ។
របាយការណ៍ខាងលើ លាតត្រដាងថា ការដឹកនាំដែលរឹតត្បិតលើសិទ្ធិពលរដ្ឋ ក្នុងចំណោមប្រទេសទាំងបីនោះ បញ្ហាដែលកំពុងកើតមាននៅកម្ពុជា ក៏ស្ថិតក្នុងស្ថានភាព ដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងដែរ ដូចជា សិទ្ធិចូលរួមនយោបាយ សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងការជួបជុំដោយសន្តិវិធី សិទ្ធិការងារ សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងសិទ្ធិសេរីភាពក្នុងការបង្កើតសហជីព ជាដើម ដែលកំពុងតែរងនូវការរឹតត្បិតយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនេះ។
គណៈកម្មាធិការខាងលើ អះអាងថា ការរឹតត្បិតរបស់រដ្ឋាភិបាលកម្ពុជា ទៅលើសិទ្ធិចូលរួមនយោបាយរបស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដោយការកាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគារពី ២០ឆ្នាំទៅ ២៥ឆ្នាំ និងការកាត់ទោស អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ដោយការព្យួរសិទ្ធិនយោបាយរបស់ពួកគេ ក្នុងការបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត ដោយគ្មានកំណត់ គឺជាមូលហេតុដ៏ចម្បង ក្នុងការរឹតបន្តឹងលើសិទ្ធិសេរីភាពដែលធានាដោយច្បាប់។
ជាងនេះទៀត ការរារាំងគណបក្សភ្លើងទៀន មិនឱ្យចូលរួមការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០២៣ ការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជាការដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយ វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ការបង្ក្រាបកម្មករដោយហិង្សា ការចាប់ឃុំខ្លួនមេដឹកនាំសហជីព និងការចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គមនាពេលកន្លងមក គឺជាការរឹតត្បិតលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ដែលគួរឱ្យព្រួយបារម្ភបំផុត។
គណៈកម្មាធិការអឺរ៉ុប បញ្ជាក់ថា សហភាពអឺរ៉ុប នៅតែពង្រឹងការចូលរួមរបស់ប្រទេស ដែលទទួលផលពីប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) បន្តទៀត ដោយផ្ដោតទៅលើបញ្ហាធ្ងន់ធ្ងរបំផុត ដែលភ្ជាប់ទៅនឹងការអនុវត្តគោលការណ៍សំខាន់ៗ ដែលមានចែងក្នុងរបាយការណ៍ និងអនុសាសន៍របស់ អង្គការសហប្រជាជាតិ រួមទាំងអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានបង្ហាញដោយសភាអឺរ៉ុប អង្គការអន្តរជាតិ សង្គមស៊ីវិល និងសហជីព ជាដើម។
របាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា ត្រូវបានគណៈកម្មាធិការអឺរ៉ុប សម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ ២០% កាលពីឆ្នាំ២០២០ កន្លងទៅ ក្រោមហេតុផលនៃការមិនធានាបាន នូវសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋខ្មែរ។
កាលពីដើមខែសីហា ឆ្នាំ២០២០ កន្លងទៅ សហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញរបស់កម្ពុជាប្រមាណជា ២០ភាគរយ។ ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ មានន័យថា ទំនិញរបស់កម្ពុជាប្រមាណជា ៤០មុខ តម្រូវឱ្យបង់ពន្ធ ក្នុងការនាំចូលទៅកាន់ប្រទេសនៅតំបន់អឺរ៉ុបទាំងមូល ខណៈទំនិញទាំងនោះ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលមានតម្លៃប្រមាណជា ១ពាន់លានអឺរ៉ូ ដែលស្មើនឹងជាង ១ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានសហភាពអឺរ៉ុប ដែលតំណាងឱ្យរដ្ឋសមាជិកទាំង ២៧រដ្ឋ ក្នុងសហគមន៍អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) បានលើកឡើងក្នុងកិច្ចប្រជុំដេញដោលរបស់សភាអឺរ៉ុប កាលពីចុងឆ្នាំ២០២២ ថា សហភាពអឺរ៉ុប បានបើកចំហក្នុងការចូលរួមឡើងវិញរបស់កម្ពុជា លើការពិភាក្សាអំពីប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រសិនបើមានការកែលំអឱ្យកាន់តែល្អប្រសើរ លើបញ្ហានៃលំហលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
បែបនេះក្តី លោក ហ៊ុន សែន បានលើកឡើងក្នុងជំនួបពិភាក្សា ជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោក ចូសឹប បូរ៉ែល កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ថា កម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរនឹងជំនួយ ឬការអនុគ្រោះណាមួយពីបរទេសឡើយ។
យ៉ាងណាក៏ដោយ គណៈកម្មាធិការអឺរ៉ុប អះអាងថា ខ្លួននៅតែបើកផ្លូវឱ្យកម្ពុជាអាចទទួលបានផលអនុគ្រោះពន្ធនេះវិញ ប្រសិនបើកម្ពុជាធ្វើតាមការទាមទាររបស់ពួកគេ ដែលតម្រូវឱ្យកម្ពុជា ត្រូវធានាឲ្យបាននូវការស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងបញ្ឈប់ការបិទសិទ្ធិសេរីភាពអ្នកតវ៉ាបញ្ចេញមតិ ជាដើម។
អ្នកគ្រប់គ្រងផ្នែកសិទ្ធិការងារ របស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ វិច្ឆិកា ថា របាយការណ៍របស់គណៈកម្មាធិការអឺរ៉ុបខាងលើ បានផ្ដោតសំខាន់ទៅលើបញ្ហាដែលមានលក្ខណៈជាប្រព័ន្ធ ដែលពាក់ព័ន្ធលើសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ ការធ្លាក់ចុះលំហប្រជាធិបតេយ្យ ការធ្លាក់ចុះសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពផ្នែកសមាគម សិទ្ធិការងារ និងសិទ្ធិដីធ្លី ជាដើម។
លោក ឃុន ថារ៉ូ លើកឡើងថា របាយការណ៍នេះ បានតាមដានវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ២០១៩ រហូតដល់មុនការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលបានផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាល នូវវិធានការជាក់លាក់មួយចំនួន និងសេចក្តីថ្លែងការណ៍បន្ទាន់ ដែលលើកឡើងដោយគណៈកម្មាធិការអឺរ៉ុប និងសភាអឺរ៉ុបផងដែរ ដូច្នេះ បញ្ហានេះ រដ្ឋាភិបាលអាណត្តិថ្មីនេះ មានកាតព្វកិច្ចត្រូវដោះស្រាយវិបត្តិនានា ដែលសហភាពអឺរ៉ុប បានកំណត់ដោយម៉ត់ចត់ ដើម្បីធានាថា កម្ពុជានៅតែអាចទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយពេញលេញឡើងវិញ នៅថ្ងៃណាមួយ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជាគឺជាប្រទេសដែលពឹងផ្អែកលើការនាំចេញ ទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដល់ទៅប្រមាណជិត ៦០ភាគរយឯណោះ (៥៧ភាគរយ) នៃកម្លាំងនាំចេញសរុបរបស់ខ្លួន ហើយការនាំចេញនេះ ក៏ជាផ្នែកមួយដ៏ធំដែលជួយឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរដែរ ដូច្នេះ ដើម្បីទទួលបាននូវការអនុគ្រោះពន្ធនេះ ឱ្យបានពេញលេញឡើងវិញ កម្ពុជាត្រូវតែឆ្លើយតបទៅនឹងវិធានការជាក់លាក់របស់សហភាពអឺរ៉ុប ដែលបានកំណត់ គឺការធានាឱ្យបាននូវសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងសិទ្ធនយោបាយ ដែលកំពុងរងនូវការរឹតត្បិតសព្វថ្ងៃនេះ៕
