វិទ្យុអាស៊ីសេរី
RFA: 30-11-2023
ពលរដ្ឋខ្មែរក្រោមមួយចំនួន នាំគ្នាលើក និងដាក់តាំងទង់ជាតិខ្មែរក្រោមនៅតាមផ្ទះ បើទោះបីជាអាជ្ញាធរវៀតណាម ចុះដកហូតទង់ជាតិ និងគំរាមកំហែង ពួកគាត់ក្តី។ ពួកគេថា ការលើក និងដាក់តាំងទង់ជាតិ គឺដើម្បីរក្សាអត្តសញ្ញាណជាជនជាតិដើមខ្មែរក្រោម ស្របតាមគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ខ្មែរក្រោមមួយចំនួន បានលើកទង់ជាតិខ្មែរក្រោមនៅផ្ទះ បានរយៈពេលជាង ៣ ឆ្នាំមកហើយ ដើម្បីរក្សានូវអត្តសញ្ញាណជាជនជាតិដើម នៅលើទឹកដីកំណើតដូនតាខ្លួន។
កម្មកររោងចក្រ នៅខេត្តទួលតាមោក និងជាសកម្មជនខ្មែរក្រោម លោក ថាច់ ង៉ា ប្រាប់វិទ្យុអាស៊ីសេរីថា លោកនិងពលរដ្ឋខ្មែរក្រោម ប្រមាណ ៣០គ្រួសារផ្សេងទៀត ក៏បានលើកទង់ជាតិខ្មែរក្រោមដូចគ្នាដែរ។ ទោះបីយ៉ាងណាពលរដ្ឋខ្មែរក្រោម ដែលហ៊ានលើកទង់ជាតិខ្មែរក្រោម នៅតាមផ្ទះនៅមានចំនួនតិចតួចនៅឡើយ ដោយសារតែអាជ្ញាធរវៀតណាម តែងតែគំរាមកំហែង ប្រើអំពើហិង្សា និងចាប់ខ្លួនទៅប៉ុស្តិ៍នគរបាល។
លោក ថាច់ ង៉ា៖ «ខ្ញុំបាទលើកនេះ តែងតែមានអាជ្ញាធរ មកធ្វើអុកឡុកទារអាវយឺត មានផែនទី និងទង់ជាតិខ្មែរក្រោមយើង ព្រមទាំងមានទង់ខ្មែរក្រោម ខ្ញុំដេរដោយដៃផ្ទាល់ ហើយអាជ្ញាធរយួន ក៏បានរឹបអូសយកទៅអស់ ហើយខ្ញុំក៏ត្រូវបានរងទណ្ឌកម្ម ដូចជាវាយធាក់ដំ និងការគំរាមកំហែងជាដើម»។
ទោះជាយ៉ាងណា លោក ថាច់ ង៉ា ពុំបានបាក់ស្បាតនឹងការធ្វើទុក្ខបុកម្នេញរបស់ អាជ្ញាធរវៀតណាមនោះទេ ទើបលោកបន្តដាក់ទង់ជាតិខ្មែរក្រោម នៅផ្ទះរបស់លោកដដែល។ លោក ថាច់ ង៉ា រំពឹងថា ពលរដ្ឋខ្មែរក្រោមផ្សេងទៀត នឹងហ៊ានលើកទង់ជាតិខ្មែរក្រោមដែរ ព្រោះថា សកម្មភាពទាំងនេះ គឺស្របនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ចំណែកពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំង លោក ថាច់ ស្វឺងដុង លើកឡើងថា លោកបានលើកទង់ជាតិខ្មែរក្រោម អំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ហើយក្រោយពេលដែលលោក បានលើកទង់ជាតិខ្មែរក្រោមរយៈពេលពីរម៉ោងមក អាជ្ញាធរវៀតណាមចំនួន ៨នាក់ ក្នុងឯកសណ្ឋានស៊ីវិល បានមកដល់ផ្ទះបង្ខំ ឱ្យលោកទម្លាក់ទង់ជាតិខ្មែរក្រោមចុះវិញ។
លោកមិនព្រមធ្វើតាមអាជ្ញាធរវៀតណាមនោះទេ ប៉ុន្តែលោកបានអានសេចក្ដីប្រកាស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម និងសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ទៅកាន់អាជ្ញាធរវៀតណាមថា លោកមានសិទ្ធិ ក្នុងការលើកទង់ជាតិខ្មែរក្រោម ដើម្បីរក្សានូវអត្តសញ្ញាណរបស់ខ្លួន។
លោកថា លោក និងពលរដ្ឋខ្មែរក្រោមផ្សេងទៀត មិនចង់បង្កើតចលាចលអ្វីនោះទេ ប៉ុន្តែពលរដ្ឋខ្មែរក្រោម ចង់រក្សានូវអត្តសញ្ញាណរបស់ខ្លួន ព្រោះថា អាជ្ញាធរវៀតណាម តែងតែរំខានមិនឱ្យពលរដ្ឋខ្មែរក្រោម ធ្វើពិធីបុណ្យ ប្រពៃណីដោយរលូន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រដ្ឋាភិបាលវៀតណាម ព្យាយាមលុបបំបាត់អត្តសញ្ញាណពលរដ្ឋខ្មែរក្រោម ដោយអាជ្ញាធរវៀតណាម មិនបញ្ជាក់ក្នុងអត្តសញ្ញាណប័ណ្ណថា ពលរដ្ឋខ្មែរក្រោមគឺជាជនជាតិខ្មែរនោះទេ។
លោក ថាច់ ស្វឺងដុង៖ «មិនមែនការលើកតំណាងទង់ជាតិសំដៅទៅប្រឆាំង ដើម្បីវាយប្រហាររដ្ឋាភិបាលយួនទេ ពីព្រោះបច្ចុប្បន្ននេះ ពួកខ្ញុំរស់នៅក្នុងអត្តសញ្ញាណប័ណ្ណ គេដកហូតអស់ហើយ ទាំងពីសាសនា ទាំងអំពីជាតិសាសន៍របស់ខ្លួន ដូច្នេះពួកខ្ញុំគ្មានអីដើម្បីអំណះអំណាងថា ខ្លួនយើងជាខ្មែរទេ មានតែការយកទង់ជាតិបីពណ៌តំណាងដោយ ខៀវ លឿង ក្រហម ដើម្បីបញ្ជាក់ និងបង្ហាញដល់ពិភពលោក បានដឹងថា ពួកខ្ញុំគឺជាជនជាតិខ្មែរក្រោម»។
ព្រះពុទ្ធសាសនា បានជ្រាបចូលយ៉ាងជ្រៅ ក្នុងស្រទាប់ផ្នត់គំនិតរបស់ពលរដ្ឋខ្មែរក្រោម និងជាសសរគ្រឹះដ៏រឹងមាំ សម្រាប់ពលរដ្ឋខ្មែរក្រោម ក្នុងការថែរក្សាសម្បត្តិវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៅទីនោះ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការតំណាងឱ្យពលរដ្ឋខ្មែរក្រោម នៅក្រៅប្រទេស បានសម្រេចយកទង់ព្រះពុទ្ធសាសនា ដែលមានប្រាំពណ៌ គឺខៀវ លឿង ក្រហម ហង្សបាទ និងស មកបត់ជាពីរ ក្លាយជាទង់ជាតិខ្មែរក្រោម ដែលមានបីពណ៌ និងបីឆ្នូត មានទំហំស្មើគ្នា គឺពណ៌ខៀវ លឿង និងក្រហម។
ឯកសាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បញ្ជាក់ថា ឆ្នូតពណ៌ខៀវ នៅផ្នែកខាងលើ ជានិមិត្តរូបនៃសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ឆ្នូតពណ៌លឿង នៅចំកណ្ដាល ជានិមិត្តរូបនៃជាតិសាសន៍របស់ខ្មែរក្រោម និងឆ្នូតពណ៌ក្រហម នៅខាងក្រោម បង្ហាញពីវីរភាពអង់អាចក្លាហានរបស់វីរជនខ្មែរក្រោម ដែលហ៊ានបូជាជីវិតខ្លួន ដើម្បីជាតិរស់។ ទង់ជាតិខ្មែរក្រោម ត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម ដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ១៩៩២ ក្នុងមហាសន្និបាតសកល នៅសហរដ្ឋអាមេរិក។
ចាប់តាំងពីពេលនោះមក ទង់ជាតិខ្មែរក្រោម ត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម ផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងក្រោយៗមក ត្រូវបានពលរដ្ឋខ្មែរក្រោម យកទៅបោះពុម្ពដាក់លើអាវ ឬបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងដាក់តាំង ឬព្យួរនៅតាមផ្ទះជាដើម។
កាលពីឆ្នាំ២០២០ សកម្មជនខ្មែរក្រោម លោក យ័ញ មិញក្វាង បានលើកទង់ជាតិខ្មែរក្រោម នៅផ្ទះរបស់លោក។ ប៉ុន្តែអាជ្ញាធរវៀតណាមជាច្រើននាក់ បានចុះដល់ផ្ទះបង្ខំឱ្យលោក ទម្លាក់ទង់ជាតិខ្មែរក្រោមចុះវិញ ដោយមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ ទោះជាយ៉ាងណា លោក យ័ញ មិញក្វាង ពុំបានធ្វើតាមអាជ្ញាធរនោះទេ។ បច្ចុប្បន្នលោកត្រូវបានអាជ្ញាធរវៀតណាម ខេត្តឃ្លាំង ឬវៀតណាមហៅថា សុកត្រាំង (Soc Trang) ចាប់ដាក់ពន្ធនាគារ ដែលសង្គមស៊ីវិលខ្មែរក្រោម យល់ថា ដោយសារតែការតស៊ូមតិរក្សាអត្តសញ្ញាណជនជាតិដើមខ្មែរក្រោម របស់លោកក្នុងពេលកន្លងមក។
វិទ្យុអាស៊ីសេរីមិន ទាន់អាចសុំការឆ្លើយតបរឿងនេះពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី២៩ វិច្ឆិកា។
ជុំវិញរឿងនេះ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា ការណ៍ដែលពលរដ្ឋខ្មែរក្រោម លើកទង់ជាតិខ្មែរក្រោម គឺក្នុងគោលបំណងរក្សានូវអត្តសញ្ញាណជនជាតិដើម។ លោកបន្តថា ការលើកទង់ខ្មែរក្រោមនេះ គឺជាសិទ្ធិដែលមានចែងក្នុងច្បាប់អន្តរជាតិ ដូច្នេះរដ្ឋាភិបាលវៀតណាម គួរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ មកលើពលរដ្ឋខ្មែរក្រោម។
បណ្ឌិត សឺន ជុំជួន៖ «ជាទង់សញ្ញាសម្គាល់ហ្នឹងគេដឹងយើងជាខ្មែរជារឿងមួយល្អមែនទែន ប្រសិនបើគាត់ប្រើប្រាស់ ប៉ុន្តែគ្រាន់តែខ្ញុំប្រាប់ថា ជាប្រទេសមួយ មិនអាចមានទង់ជាតិជាពីរបានទេ គ្រាន់តែខ្ញុំសូមលើកឡើងថា ការដែលលើកទង់ហ្នឹងជាទង់ សម្រាប់សម្គាល់ពូជសាសន៍ ទង់សម្រាប់សម្គាល់ជនជាតិដើមមួយ ដែលរស់នៅលើទឹកដីក្រោមការគ្រប់គ្រងរបស់វៀតណាម»។
ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានបារាំងកាត់ឱ្យវៀតណាម ត្រួតត្រាទាំងខុសច្បាប់ ជាបន្តកាលពី ៧៤ឆ្នាំមុន។ សហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងថា បច្ចុប្បន្ន ខ្មែរក្រោមមិនតិចជាង ៧លាននាក់នោះទេដែលកំពុងរស់នៅលើទឹកដីកំណើត។ អង្គការសមាគមខ្មែរក្រោម លើកឡើងថា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលឈឺឆ្អាលពីបញ្ហាសង្គមតែងត្រូវបានអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ តាមរយៈការឃ្លាំមើលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការសម្លុតបំភ័យ គំរាមកំហែង និងចាប់ខ្លួនដាក់ពន្ធនាគារជាដើម រហូតពេលខ្លះ ពួកគេត្រូវបង្ខំចិត្តរត់ចោលស្រុកកំណើតឡើងមករស់នៅប្រទេសកម្ពុជា ឬសុំសិទ្ធិជ្រកកោន នៅប្រទេសទី៣ ក៏មាន៕