អត្ថបទ​វិទ្យុអាស៊ីសេរី RFA /ដោយ ខាន់ លក្ខិណា
03rd-12-2023

ប្រធាន​រដ្ឋសភា​កម្ពុជា​ថ្មី​ សន្យា​ចំពោះមុខ​មេដឹកនាំ​វៀតណាម​ថា នឹង​បន្ត​ជួយ​ពលរដ្ឋ​វៀតណាម​រស់នៅ​ខ្មែរ​ ហើយ​ខ្វះ​ឯកសារ​ផ្លូវ​ច្បាប់។ ការ​សន្យា​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ថា ជា​ហានិភ័យ​សម្រាប់​កម្ពុជា ដែល​មាន​ព្រំដែន​ជាប់​វៀតណាម។

ប្រធានរដ្ឋសភា​កម្ពុជា​ថ្មី អ្នកស្រី ឃួន សុដារី បាន​សន្យា​ចំពោះមុខ​ប្រធាន​រដ្ឋសភា​វៀតណាម​ថា នឹង​បន្ត​ជួយ​ដល់​ពលរដ្ឋ​វៀតណាម ​ដែល​រស់នៅ​ខ្មែរ ពាក់ព័ន្ធ​នឹង​ការ​ខ្វះ​ឯកសារ​ផ្លូវ​ច្បាប់ ស្រប​ពេល​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​ បាន​ចូល​សញ្ជាតិ​ខ្មែរ និង​ជាង ១០​ម៉ឺន​នាក់​ទៀត ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍។

ការ​សន្យា​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​ រវាង​ប្រធានរដ្ឋសភា​វៀតណាម លោក វឿង ឌិញហ្វេ និង​ប្រធាន​រដ្ឋសភា​ថ្មី​កម្ពុជា​អ្នកស្រី ឃួន សុដារី នៅ​ថ្ងៃ​ទី១ ធ្នូ អំឡុង​ពេល​អ្នកស្រី ឃួន សុដារី ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល សភា​កម្ពុជា​-​ឡាវ​-​វៀតណាម នៅ​ទីក្រុង​ហាណូយ ថ្ងៃទី​៣០ វិច្ឆិកា ដល់​ថ្ងៃទី​២ ធ្នូ។

សារព័ត៌មាន Vietnam Plus ឱ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ ប្រធាន​រដ្ឋសភា​វៀតណាម បាន​អបអរ​ចំពោះ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ពឹង​ថា ជោគជ័យ​នេះ នឹង​បង្កើន​ទំនាក់ទំនង បែប​ប្រពៃណី​របស់​កម្ពុជា និង​វៀតណាម​កាន់តែ​ល្អ​ប្រសើរ​ឡើង។

ក្រៅពី​អបអរ​ជោគជ័យ​គណបក្ស​កាន់​អំណាច​នោះ ប្រធានរដ្ឋសភា​វៀតណាម លោក វឿង ឌិញហ្វេ បាន​ស្នើ​ប្រធានរដ្ឋសភា​កម្ពុជា​អ្នកស្រី ឃួន សុដារី ឱ្យ​បន្ត​ផ្តល់​បរិយាកាស​អំណោយ​ផល សម្រាប់​សហគមន៍​វៀតណាម ដែល​កំពុង​រស់​នៅ និង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា។

ជុំវិញ​រឿង​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ធ្នូ​ថា លោក​ព្រួយ​បារម្ភ ពីព្រោះ​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ ​ដល់​ពលរដ្ឋ​វៀតណាម អាច​មាន​ភាព​មិន​ប្រក្រតី ជា​ពិសេស​ពាក់ព័ន្ធ​បញ្ហា​អំពើពុករលួយ ​ជាដើម។

លោក​ថា ការ​ព្រួយ​បារម្ភ​នេះ មិនមែន​ជា​ការរើសអើង និង​ប្រកាន់​ជាតិ​សាសន៍​នោះ​ទេ ពីព្រោះ​ប្រទេស​ណា​ក៏​មាន​ជនជាតិ​វៀតណាម និង​បរទេស ផ្សេងៗ​រស់ នៅ​ដែរ ប៉ុន្តែ​មុន​នឹង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​ការ​ផ្ដល់​សញ្ជាតិ​ឱ្យ​នោះ គេ​តែងតែ​វាយ​តម្លៃ និង​ពិនិត្យ​ច្បាស់លាស់ ដែល​ផ្ទុយ​ពី​កម្ពុជា។

លោក រ៉ុង ឈុន ក៏​បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ ពិនិត្យមើល និង​អន្តរាគមន៍​ទៅ​មេដឹកនាំ​វៀតណាម​ ឱ្យ​បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម និង​ពលរដ្ឋ​ខ្មែរ ​ដែល​ចូល​ទៅ​លេង​ទឹកដី​កម្ពុជា​ក្រោម ​បន្ត​ទៀត​ផង​ដែរ។

លោក រ៉ុង ឈុន៖ «មាន​ការ​រឹតត្បិត ការគាបសង្កត់​គ្រប់សព្វ​បែប​យ៉ាង ហើយ​រដ្ឋាភិបាល​កម្ពុជា មិនដែល​លឺ​សូរ​ការ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​វៀតណាម ឱ្យ​គោរព​ឱ្យ​យក​ចិត្តទុក​ដាក់ ផ្ដល់​សិទ្ធិ​ដល់​ខ្មែរក្រោម​នោះ​ទេ។ អានេះ​ជា​ចំណុច​ខុសគ្នា បើ​យើង​ធៀប ពី​មេដឹកនាំ​កម្ពុជា ទៅ​នឹង​មេដឹកនាំ​វៀតណាម»។

ជារឿយៗ មេដឹកនាំ​វៀតណាម តែងតែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ជួយ​មើល​ថែ និង​ផ្ដល់​ភាព​ស្រប​ច្បាប់ ​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា​កន្លង​មក និង​បច្ចុប្បន្ន។

ផ្ទុយ​ទៅ​វិញ មេដឹកនាំ​កម្ពុជា មិនដែល​បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​គោរព​និង​យកចិត្តទុកដាក់​ ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ដែល​កំពុង​រស់នៅ​ក្រោម​ការ​គាប​សង្កត់​ របស់​អាជ្ញាធរ ​ឬ​ពលរដ្ឋ​ខ្មែរ​ ដែល​ចូល​ទៅលេង​កម្ពុជា​ក្រោម​នោះ​ម្តងម្កាល​នោះ​ឡើយ។

ជាក់ស្តែង កាលពី​ថ្ងៃទី៦ តុលា អាជ្ញាធរ​វៀតណាម បាន​ឃាត់​រថយន្ត​ក្រុង ៣​គ្រឿង របស់​ពុទ្ធបរិស័ទ និង​ព្រះ​សង្ឃ​​ខ្មែរ​ជាច្រើន​ម៉ោង ដោយ​គ្រាន់ តែ​ពួកគាត់ ធ្វើ​ដំណើរ​ទៅ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​នៅ​វត្ត​ផ្នោកំបុត ក្នុង​ខេត្ត​ព្រះត្រពាំង។ កាល​នោះ​អាជ្ញាធរ​វៀតណាម ថែម​ទាំង​ចុះ​ទៅ​ហាម​អ្នក​លក់​ដូរ និង​បាយ ម្ហូប កុំឱ្យ​លក់​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​ព្រះ​សង្ឃ​ទៀត​ផង។

លើស​ពី​នេះ អាជ្ញាធរ​វៀតណាម​ តែងតែ​ធ្វើ​ទុក្ខបុកម្នេញ ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដូចជា គំរាមកំហែង ប្រើ​អំពើ​​ហិង្សា និង​ចាប់​ដាក់​ពន្ធនាគារ​ជាដើម បន្ទាប់​ពួកគាត់ ​តស៊ូ​មតិ​រក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម​ខ្មែរក្រោម និង​រៀន​ច្បាប់ ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម។ ប៉ុន្តែ​ករណី​ទាំងនេះ រដ្ឋាភិបាល​ការដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បែរ​ជា​នៅ​ស្ងៀមស្ងាត់​ទៅវិញ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ធ្នូ ថា រដ្ឋាភិបាល​កម្ពុជា មិន​ហ៊ាន​បដិសេធ ​ចំពោះ​សំណើ​វៀតណាម​ឡើយ ដោយសារតែ លោក ហ៊ុន សែន ធ្លាប់​ចុះ​ហត្ថលេខា លើ​ឯកសារ​សារាចរ​ណែនាំ​ចំពោះ​និគមជន​វៀតណាម កាលពី​ឆ្នាំ​១៩៨៦ ដោយ​ថែរក្សា​ជនជាតិ​វៀតណាម​​នៅ​រស់​ខុសច្បាប់ ​ឱ្យ​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ។

លោក ម៉ែន ណាត៖ «មេដឹកនាំ​សភា​[​អ្នកស្រី ]​ ឃួន សុដារី ក្ដី [​លោក ]​ ហ៊ុន ម៉ា​ណែ​ត ក្ដី [​លោក ] ​ហ៊ុន សែន ក្ដី ពួកគាត់​ត្រូវ​ភ្ញាក់​រលឹក ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​អធិបតេយ្យ​ ផលប្រយោជន៍​ខ្មែរ​ មិន​ចេះ​អឺ​អើ នឹង​ការ​ស្នើសុំ​នានា ជា​ឱឡារិក ជាមួយ​វៀតណាម​ទេ ព្រោះ​វៀតណាម​ជា​ប្រទេសជិតខាង ហើយ​វៀតណាម​មាន​ប្រវត្តិ​ឈ្លានពាន​យូរអង្វែង​​សម្រាប់​កម្ពុជា ដូច្នេះ​យើង​ត្រូវ​មាន​ការ​ប្រយ័ត្ន។ ការ​ប្រយ័ត្ន​នោះ ​គ្មាន​អី​ពិបាក​ទេ ​តែ​យក​ច្បាប់​អន្តោប្រវេសន៍​ យក​ច្បាប់​សញ្ជាតិ​ អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​ ចាត់វិធានការ​លើ​ជន​ពុករលួយ​នានា​ ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល​ ហើយ​រឹត​បន្តឹង​ការ​ស្នើ​នានា»។

យោង​តាម​របាយការណ៍​របស់ ​ក្រសួង​មហាផ្ទៃ ​ឱ្យ​ដឹង​ថា គិត​មក​ត្រឹម​ឆ្នាំ​២០២២ ពលរដ្ឋ​វៀតណាម​ជាង ១០​ម៉ឺន​នាក់​ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​ស្របច្បាប់​ ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពលរដ្ឋ​វៀតណាម​ជិត ១០០​នាក់ បាន​ចូល​សញ្ជាតិ​ខ្មែរ​ពេញ​លេញ។

ប្រធាន​សមាគម​ខ្មែរ​​-​​វៀតណាម លោក ស៊ឹម ជី ប្រាប់​វិទ្យុ​អាស៊ីសេរី​ កាលពី​ថ្ងៃទី៩ វិច្ឆិកា​ថា ពលរដ្ឋ​វៀតណាម​ទទួល​​បាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ពី​ក្រសួង​មហាផ្ទៃ ជាង ១០ ម៉ឺន​នាក់ (១០០.០០០) នោះ ពេល​នេះ ពួកគេ​មួយ​ចំនួន​ កំពុង​ព្យាយាម​បំពេញ​លក្ខខណ្ឌ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ៕


អត្ថបទ​ទាំង​ស្រុង​របស់​លោក ម៉ែន ណាត ដូច​ខាង​ក្រោម៖

លោកស្រី ឃួន សុដារី ប្រធាន​​រដ្ឋសភា​ខ្មែរ ជួប​​មេដឹកនាំ​​វៀតណាម លោក Nguyen Phu Trong និង​មេដឹកនាំ​វៀតណាម​ឯ​ទៀត ខណៈ​លោក​ស្រី ទៅ​ប្រជុំ​នៅ​វៀតណាម (រូបថត​​នៅ​ថ្ងៃទី ២ ធ្នូ ២០២៣)។

តាម​ដំណឹង​មក​ថា ភាគី​​វៀតណាម បន្ត​ស្នើ​សុំ​ឲ្យ​ភាគី​កម្ពុជា ជួយ​សម្រួល​ជន​ជាតិ​​វៀតណាម​​ខុស​ច្បាប់​នៅ​កម្ពុជា ឲ្យ​​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់ ជាដើម។ ភាគី​​កម្ពុជា ក៏​យល់​ព្រម​តាម​សំណើ​នេះ។

សម្រាប់​យើង​ខ្ញុំជា​ពលរដ្ឋខ្មែរ នៅ​​តែ​មាន​ក្តី​បារម្ភ​ពី​ហានិភ័យ​ប្រទេស​​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ពី​ព្រោះ​តែ​ក្រុម​មេដឹកនាំ​​នៃ​របប​ដឹកនាំ​ ហ៊ុន​ សែន​-​ហ៊ុន​ ម៉ាណែត បន្ត​​គប់​គិត​ជាមួយ​វៀតណាម ដូចជា​​​រឿង​ផ្តល់​សិទ្ធិ ផ្តល់​ឱកាស​ឲ្យជន​ជាតិ​វៀតណាម​ខុស​ច្បាប់​នៅ​កម្ពុជា និង ធ្វើ​សម្បទាន​ទឹកដី​ជាតិ ឲ្យ​វៀតណាម​ផង​ទៀត។

– ការផ្តល់ភាពស្រប​ច្បាប់ ឲ្យ​ទៅ​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់​ទាំង​នោះ ពីព្រោះ​តែ​លោក ហ៊ុន សែន ធ្លាប់​បាន​សន្យា​ជាមួយ​វៀតណាម តាម​រយៈ​សារាចរណែនាំ​មួយ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២៩៨៦ ក្រោយ​​ពេល​​គាត់ ត្រូវ​​បាន​​វៀតណាម លើក​​បន្តុប​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​​ភ្លាមៗ។

– ការធ្វើសម្បទាន​ទឹកដី​ជាតិ ពីព្រោះ​លោក ហ៊ុន សែន ក្នុង​នាម​ជា​យក​រដ្ឋមន្ត្រី បាន​យក​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់ ជាមួយ​​វៀតណាម​ ​នៅ​​ឆ្នាំ​១៩៨៥ មក​​ផ្តល់​សច្ចាប័ន​ឡើង​វិញ នៅឆ្នាំ​២០០៥ ដែល​មាន​ឈ្មោះ​ថ្មី​ថា «សន្ធិ​សញ្ញា​​បំពេញ​បន្ថែម​​ឆ្នាំ​២០០៥» រវាង​កម្ពុជា និង​​វៀតណាម។

នេះមិន​ទាន់​រាប់​បញ្ចូល «កិច្ច​ព្រម​ព្រៀង​ដែន​ទឹក​ប្រវត្តិសាស្ត្រ​​ខុស​ច្បាប់​ ឆ្នាំ​១៩៨២» របស់​លោក ហ៊ុន សែន ដែល​ព្រហើន​​ហ៊ាន​ប្រគល់​​ឲ្យ​វៀតណាម នូវ កោះត្រល់ និង​ចង្កោម​​កោះ​ក្រចកសេះ ផង​ទេ។

ទោះ​យ៉ាងណាក្តី យើង​ខ្ញុំ​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ត្រកូល ហ៊ុន គួរធ្វើ៖

១. មិន​ត្រូវ​ដើរ​សន្យា​ផ្តេស​ផ្តាស់ ជាមួយ​បរទេស​​ដែល​មហិច្ឆតា​ឈ្លានពាន​ខ្មែរ​ទេ ប៉ុន្តែ​​ត្រូវ​អនុវត្ត​ច្បាប់​របស់​ខ្មែរ​ឲ្យ​ត្រឹម​ត្រូវ មាន​​ជា​អាទិ៍ ច្បាប់​​អន្តោ​ប្រវេសន៍ ច្បាប់​​សញ្ជាតិ គួប​​ផ្សំ​ជាមួយ​លិខិតូបករណ៍​អន្តរជាតិ​ដទៃៗ​ទៀត។

២. សើ​រើ​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ ឬ​​ការ​ផ្តល់​សញ្ជាតិ​មិន​​ប្រក្រតី​នានា ដល់​​ជន​​​ជាតិ​វៀតណាម​ខុស​ច្បាប់​នៅ​កម្ពុជា។

៣. សើរើ និង​ធ្វើ​និរារណ៍​រាល់​ន្ធិ​សញ្ញា​ព្រំដែន កិច្ច​ព្រមព្រៀង​នានា​ជាមួយ​វៀតណាម ដែល​មិន​ប្រក្រតី​ គឺ​ត្រូវ​លុប​ចោល​​ទាំងអស់ ទាំង​ដែន​គោក និង​ដែន​ទឹក តាម​យន្តការ​​រដ្ឋសភា​កម្ពុជា។ រឿង​​ដែល​​នៅសេសសល់​ពី​នេះ កម្ពុជា​ត្រូវ​រៀបចំ​ឯកសារ​ប្តឹង​ប្រទេស​វៀតណាម ដូច​បាន​រៀបរាប់​ខាង​លើ​រួច​ហើយ។

អត្ថបទ ម៉ែន ណាត
នៃ​វេទិកា​ពលរដ្ឋ
ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា