អត្ថបទវិទ្យុអាស៊ីសេរី /ដោយ មាន ឫទ្ធិ
04th-12-2023
ប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-វៀតណាម សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្ដាល ព្រួយបារម្ភផលប៉ះពាល់ជីវភាព ពីការតាំងលំនៅឋានរបស់និគមជនវៀតណាមមួយចំនួន នៅតាមព្រំដែន។ ពួកគេលើកឡើងថា រដ្ឋាភិបាលគួរតែអនុវត្តច្បាប់អន្តោប្រវេសន៍ ឱ្យបានត្រឹមត្រូវ ចំពោះនិគមជនវៀតណាមមួយចំនួន ដែលតាំងលំនៅឋាននៅ តាមព្រំដែនទាំងនេះ។ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យល់ឃើញថា រដ្ឋាភិបាលមិនគួរបណ្ដែតបណ្ដោយឱ្យជនបរទេស តាំងទីលំនៅជាប់ព្រំដែនបែបនេះឡើយ ព្រោះសកម្មភាពបែបនេះ អាចនឹងបង្កឱ្យមានជម្លោះព្រំដែន ក្នុងពេលអនាគត។
សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន មានព្រំប្រទល់ជាប់ជាមួយខេត្តអានយ៉ាង (An Yang) អតីតជាខេត្តមាត់ជ្រូក ប្រទេសវៀតណាម ប្រមាណ ១២គីឡូម៉ែត្រ។ បើទោះបីជាសង្កាត់ព្រែកជ្រៃ មានផ្លូវកៅស៊ូលាតសន្ធឹងទៅដល់ព្រំដែនក្ដី ប៉ុន្តែប្រជាពលរដ្ឋភាគច្រើន ដែលរស់នៅក្បែរព្រំដែនកម្ពុជា–វៀតណាម មិនមែនជាខ្មែរនោះឡើយ ប៉ុន្តែគឺជានិគមជនជាតិវៀតណាមទៅវិញ។ ក្រៅពីវត្តប៉ាក់ណាម ដែលមានព្រះសង្ឃ និងដូនជី តាជីមួយចំនួន រស់នៅហើយនោះ គឺពុំមានផ្ទះប្រជាពលរដ្ឋខ្មែររស់នៅក្បែរវត្តឡើយ គឺមានតែផ្ទះជនជាតិវៀតណាម តែប៉ុណ្ណោះ។
ពលរដ្ឋរស់នៅសង្កាត់ព្រែកជ្រៃម្នាក់ ប្រាប់វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ក្នុងទឹកមុខស្រពោនថា ដោយសារតែកូនចៅវៀតណាមមួយចំនួន ដែលមករស់នៅតាមព្រំដែន បានបំបែកផ្ទះសម្បែង នៅពេលពួកគេមានគ្រួសារថ្មី ដូច្នេះលំនៅឋាននិគមជនវៀតណាម នៅសង្កាត់ព្រែកជ្រៃ កើនឡើងជារៀងរាល់ឆ្នាំ។ លោកបន្ថែមថា បើទោះបីជាជនជាតិវៀតណាមទាំងនោះ រស់នៅលើទឹកដីខ្មែរ មានសិទ្ធិទិញ ឬជួលដីធ្វើស្រែចម្ការរាប់សិបឆ្នាំមកហើយក្ដី ប៉ុន្តែពួកគេភាគច្រើន មិនចេះអាន ឬនិយាយភាសាខ្មែរនោះឡើយ ហើយកូនៗវៀតណាមទាំងនោះ ក៏មិនរៀននៅសាលាខ្មែរនោះដែរ ដោយពួកគេតែងឆ្លងព្រំដែន ទៅរៀននៅប្រទេសវៀតណាម។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «សុទ្ធតែមានអត្តសញ្ញាណប័ណ្ណខ្មែរទាំងអស់ហ្នឹង បោះឆ្នោតមិនដែលខានទេ ឃុំព្រែកជ្រៃ មិនដែលឈ្នះនោះទេ ព្រោះអីឃុំព្រែកជ្រៃមាន ១៧គីឡូ ហើយខ្មែរយើងមានតែ ៧គីឡូទេ។ យួនវាមាន ១០គីឡូដែរហើយ»។
លោកបន្តថា បើទោះបីជានិគមជនវៀតណាម បន្តតាំងលំនៅឋានកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំក្ដី ប៉ុន្តែរដ្ឋាភិបាលមិនដែលមានវិធានការទប់ស្កាត់ការតាំងលំនៅឋាន របស់ជនអន្តោប្រវេសន៍ទាំងនោះ ម្ដងណាឡើយ។
ក្រៅតែពីរស់នៅតាមផ្លូវជាតិលេខ ២១បេ ប្រមាណ ១០គីឡូម៉េត្រ ពីព្រំដែនកម្ពុជា–វៀតណាម ហើយនោះ ជនជាតិវៀតណាមរាប់រយគ្រួសារទាំងនោះ ក៏រស់នៅផ្ដុំគ្នា តាមបណ្ដោយដៃព្រែកប៉ាក់ណាម និងដៃព្រែកខ្នាតាំងយូរផងដែរ។ ជនជាតិវៀតណាមទាំងនោះ ចូលចិត្តរស់នៅប្រមូលផ្ដុំគ្នា ហើយប្រកបអាជីវកម្មគ្រប់ប្រភេទ រាប់ចាប់តាំងពីលក់ចាប់ហួយ បាយ កាហ្វេ ជាងជួសជុលម៉ូតូ លក់ថ្នាំពេទ្យ កន្លែងព្យាបាលជំងឺ និងតូបកាត់សក់ជាដើម។ បន្ថែមពីនេះ ដីស្រែចម្ការ ដែលនៅតាមបណ្ដោយព្រំដែនភាគច្រើន គឺជាកម្មសិទ្ធិរបស់ជនជាតិវៀតណាម ហើយបើទោះបីជាដីចម្ការទាំងនោះ ជារបស់ពលរដ្ឋខ្មែរក្ដី ក៏ពលរដ្ឋភាគច្រើន ជួលឱ្យនិគមជនវៀតណាម ធ្វើស្រែចម្ការដែរ។
ជនជាតិវៀតណាមម្នាក់ គឺលោកស្រី ណាម ដែលប្រកបរបរលក់កាហ្វេ នៅជាប់ខ្លោងទ្វារចូលវត្តប៉ាក់ណាម ប្រាប់វិទ្យុអាស៊ីសេរី ថា លោកស្រីគ្មានបំណងទៅរស់នៅប្រទេសវៀតណាម នោះឡើយ ព្រោះគ្រួសាររបស់លោកស្រី បានមកតាំងលំនៅឋាន នៅសង្កាត់ព្រែកជ្រៃ តាំងពីឆ្នាំ១៩៨០។ លោកស្រីបន្ថែមថា លោកស្រីគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬវៀតណាមនោះឡើយ ហើយបច្ចុប្បន្នលោកស្រី បែរជារងការរឹតត្បិតពីអាជ្ញាធរវៀតណាម មិនឱ្យចូលទៅប្រទេសវៀតណាមទៅវិញ។
លោកស្រី ណាម៖ «ចេញចូលអីទេ ចេញទៅឃុំវាមិនទាំងឱ្យទៅផង សុំអង្វរវាចង់បែកមាត់ អាថ្ងៃមុនខ្ញុំឈឺខ្ញុំដើរអត់រួច ទៅដល់អុកគូថនៅកន្លែងដើមក្ដុល បន្ទាយភស្តុភារហ្នឹង ហើយនៅយូរណាស់ បានវាមកសួរ យាយឯងទៅណា? ខ្ញុំថាខ្ញុំសុំទៅពេទ្យ»។
ពលរដ្ឋម្នាក់ទៀត ដែលរស់នៅសង្កាត់ព្រែកជ្រៃ តាំងពីទសវត្សទី៦០ ប្រាប់វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងថា ដោយសារអាជ្ញាធរ តែងតែធ្វើទុក្ខបុកម្នេញអ្នកបញ្ចេញមតិអំពីបញ្ហាព្រំដែន ដូច្នេះ ប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់លោក មិនហ៊ាននិយាយអំពីបញ្ហាព្រំដែនកម្ពុជា វៀតណាម នៅទីសាធារណៈនោះឡើយ។ ពលរដ្ឋរូបនេះបន្ថែមថា និគមជនវៀតណាម ទើបតែមកតាំងទីលំនៅ ក្នុងសង្កាត់ព្រែកជ្រៃ ក្រោយរបបខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យដួលរលំ តែប៉ុណ្ណោះ។ ពលរដ្ឋរូបនេះបន្ថែមថា និគមជនវៀតណាមដែលមករស់នៅលើទឹកដីខ្មែរទាំងនេះ មិនផ្ដល់តម្លៃវប្បធម៌ ប្រពៃណីខ្មែរនោះឡើយ ប៉ុន្តែពួកគេបែរជាតាំងខ្លួនជាម្ចាស់ទឹកដីទៅវិញ។
ជាក់ស្ដែង និគមជនវៀតណាម បានកសាងវត្តភឿកឡុង តាមបែបវប្បធម៌វៀតណាម នៅលើទីតាំងវត្តខ្នារតាំងយូរ ហើយបើទោះបីជាពលរដ្ឋខ្មែរ ធ្លាប់តវ៉ាកសាងវត្តខ្នារតាំងយូរ តាមបែបព្រះពុទ្ធសាសនាខ្មែរឡើងវិញក្ដី ក៏ពួកគេមិនព្រមឱ្យកសាងនោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្ត លោក គង់ សោភ័ណ្ឌ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានឡើយ នៅថ្ងៃទី៣ ខែធ្នូ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា បញ្ហាជនអន្តោប្រវេសន៍រស់នៅកម្ពុជា គឺជារឿងធម្មតា និងមិនគួរព្រួយបារម្ភនោះឡើយ ព្រោះរដ្ឋាភិបាល បានអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់ ទៅលើជនអន្តោប្រវេសន៍ទាំងនោះ។
លោក សុខ ឥសាន៖ «វាជារឿងធម្មតា ប្រទេសដែលមានព្រំដែនជាប់គ្នា ព្រំដែនគោក ព្រំដែនទឹកហ្នឹង យើងមិនអាចលប់បំបាត់បានទេ ហើយប្រវត្តិនៃការមានជនជាតិវៀតណាមហ្នឹង មិនមែនទើបតែមកនៅក្រោយសម័យឆ្នាំ៧៩ ទេ វានៅតាំងពីជំនាន់បារាំង មុនបារាំងមកទៅទៀត»។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន យល់ឃើញថា ដោយសារតែរដ្ឋាភិបាល នៅតែបន្តរងឥទ្ធិពលពីប្រទេសវៀតណាម ខណៈការអនុវត្តច្បាប់ នៅតែមានភាពទន់ខ្សោយផងនោះ ការតាំងលំនៅឋានរបស់និគមជនវៀតណាម នៅតាមព្រំដែនលើសលប់ដូច្នេះ នឹងអាចបង្កជាជម្លោះពូជសាសន៍ និងទឹកដីនៅពេលអនាគត។ លោកបន្តថា បើទោះបីជាកម្ពុជា វៀតណាម បានបោះបង្គោលព្រំដែននៅសង្កាត់ព្រែកជ្រៃ រួចរាល់ក្ដី ប៉ុន្តែកម្ពុជា នៅតែប្រឈមនឹងការបាត់បង់ទឹកដីបន្ថែមទៀត ព្រោះតាមរយៈការចុះសិក្សានៅសង្កាត់ព្រែកជ្រៃរបស់លោក កន្លងមក រកឃើញថា ក្នុងចំណោមអ្នកភូមិរស់នៅភូមិប៉ាក់ណាម ជាង ៥០០គ្រួសារ មានគ្រួសារខ្មែរតែ ៧គ្រួសារប៉ុណ្ណោះ។
លោក ស្រ៊ុន ស្រ៊ន៖ «សតវត្សទី១៣ ដែលសៀមចូលមក ហើយនឹងសតវត្សទី១៧-១៨ ដែលយួនចូលមក ដែលខ្ចីខ្មែរនៅ គឺតែងតែខ្ចីដីហើយ កាត់ទឹកដី ឥឡូវនេះគឺគេមកជួលដី ហើយរហូតដល់មានការចេញនូវ សញ្ជាតិឱ្យរស់នៅជាអចិន្ត្រៃយ៍ទៀត ដែលធ្វើឱ្យពួកគេមានសិទ្ធិទិញដីធ្លីតែម្ដង ហ្នឹងគឺជារឿងដែលខ្មែរគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ មិនមែនតែនៅតាមព្រំដែន គឺនៅកណ្ដាលប្រទេស ក៏យើងបាត់ដីដែរ»។
លោក ស្រ៊ុន ស្រ៊ន បន្ថែមថា ដើម្បីបង្ការកុំឱ្យបាត់បង់ទឹកដី និងជម្លោះព្រំដែន រដ្ឋាភិបាលគួរអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងមិនត្រូវបណ្ដែតបណ្ដោយ ឱ្យនិគមជនវៀតណាម រស់នៅច្រើនលើសលប់ នៅតាមព្រំដែនផ្នែកខាងទឹកដីខ្មែរនោះឡើយ។
លោក ស្រ៊ុន ស្រ៊ន៖ «បើកាលណារាល់ទំនាក់ទំនងទ្វេភាគីរវាងខ្មែរ និងយួន ប្រើច្បាប់របស់ខ្មែរ មិនអាចប្រជែង និងការព្យាយាមរបស់យួនបានទេ អ៊ីចឹងខ្មែរ ដាច់ខាតត្រូវតែប្រើច្បាប់អន្តរជាតិ ហើយជាពិសេសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបញ្ជាក់នៅក្នុងមាត្រា១ ចំណុច(ឃ) ដែលបញ្ជាក់ថា កម្ពុជាត្រូវលុបចោលកិច្ចព្រមព្រៀង សន្ធិសញ្ញាទាំងឡាយណាដែលធ្វើឱ្យបាត់បង់ទឹកដីខ្មែរ និងការរំលោភអធិបតេយ្យខ្មែរ ជាដើម»។
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកជ្រៃភាគច្រើន ព្រួយបារម្ភថា បើទោះបីជាមានបង្គោលព្រំដែនច្បាស់លាស់ក្ដី ប៉ុន្តែដីខ្មែរ នឹងមានតែឈ្មោះប៉ុណ្ណោះនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ ព្រោះ ចំនួនខ្នងផ្ទះនិគមជនវៀតណាម នៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ ខណៈអ្នកភូមិមួយចំនួន បានធ្វើចំណាកស្រុក ទៅធ្វើការនៅតាមទីក្រុង និងប្រទេសថៃ។ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យល់ឃើញថា ដើម្បីធានាអំពីអធិបតេយ្យភាព រដ្ឋាភិបាលគួរលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ស្វែងយល់អំពីស្ថានភាពព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង និងមិនត្រូវគំរាមកំហែងប្រជាពលរដ្ឋ ដែលខ្វល់ខ្វាយអំពីបញ្ហាបាត់បង់ទឹកដីនោះឡើយ៕