អត្ថបទវិទ្យុអាស៊ីសេរី RFA /ដោយ ច័ន្ទ ដារ៉ូ
03rd-12-2023
គ្រួសារអះអាងថា អាជ្ញាធរបានបង្ខំឱ្យលោក កង សារ៉ន ធ្វើលិខិតសុំទោស ជាថ្នូរទទួលបានសេរីភាពឡើងវិញ។ ប៉ុន្តែអ្នកដែលជាប់ពន្ធនាគារ ទាក់ទងការប្រើប្រាស់ហ្វេសប៊ុក (Facebook) រិះគន់គណបក្សកាន់អំណាច រូបនេះ បានច្រានសំណើនោះ ដោយសុខចិត្តជាប់គុកបន្តទៀត។ មន្ត្រីសិទ្ធិមនុស្ស ចាត់ទុកអ្នកដែលបង្ខំ ឬបំភិតបំភ័យឱ្យពលរដ្ឋសារភាព ឬសុំទោសផ្ទុយពីឆន្ទៈនោះគឺជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
គ្រួសារឱ្យដឹងថាលោក កង សារ៉ន កំពុងជាប់ឃុំនៅក្នុងពន្ធនាការ ខេត្តបន្ទាយមានជ័យ នៅតែមានឆន្ទៈមោះមុត ស្មារតីរឹងមាំជាធម្មតាដដែល។ ជាងនេះទៅទៀត លោកសុខចិត្តជាប់គុកទាំងអយុត្តិធម៌ បន្តទៀត ដោយមិនសុំទោស តាមការចង់បានរបស់អាជ្ញាធរនោះទេ ពីព្រោះលោក មិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។
ប្រពន្ធរបស់លោក កង សារ៉ន គឺលោកស្រី ហង្ស ត្រឹប ប្រាប់អាស៊ីសេរី នៅថ្ងៃទី៣ ខែធ្នូ ថា អាជ្ញាធរបានប្រាប់លោកស្រី និងម្តាយវ័យ ១០២ឆ្នាំ គឺលោកយាយ សួង ឃិន ឱ្យទៅជួបលោក កង សារ៉ន នៅក្នុងពន្ធនាគារកាលពីល្ងាចថ្ងៃទី២ ខែធ្នូ ដើម្បីបញ្ចុះបញ្ចូលឱ្យគាត់ សារភាពទទួលកំហុស និង ឈប់រិះគន់រដ្ឋាភិបាល ជាដើម។ លោកស្រីបន្តថា ភ្លាមៗនោះប្តីលោកស្រី បានបដិសេធធ្វើលិខិតសុំទោស ដោយនៅតែរក្សាជំហរដើម ដែលគាត់យល់ថា គ្មានកំហុស ហើយសុខចិត្តនៅបន្តជាប់ឃុំ។ ទន្ទឹមនឹងនេះលោកឱ្យដឹងថា អាជ្ញាធរមូលដ្ឋាន ក៏បានហៅលោកស្រីសួរនាំ ដោយហាមលោកស្រី សម្ភាសន៍ជាមួយអ្នកសារព័ត៌មានថែមទៀត។
លោកស្រី ហង្ស ត្រឹប៖ «អាជ្ញាធរឱ្យសុំទោសគេ ដើម្បីធានាមកវិញនោះ ប្តីរបស់ខ្ញុំ អត់ទេនិយាយតែប៉ុណ្ណោះឯង គេឱ្យប្តីរបស់ខ្ញុំឈប់និយាយ គាត់ថា ឯងទៅវេចនំលក់វិញទៅ មិនបាច់មកយកខ្ញុំចេញទេ គាត់ថ្វាយបង្គំម៉ែបីដង ខ្ញុំក៏ត្រឡប់មកវិញជាមួយម៉ែទៅ គេអត់ឱ្យជួបយូរទេ ឱ្យនិយាយពីរបីម៉ាត់ក៏មកវិញ»។
ទាក់ទងរឿងនេះ មេឃុំទទួលពង្រ ខេត្តបន្ទាយមានជ័យ លោក ទឹម ម៉ន និងអធិការនគរបាលស្រុកម៉ាឡៃ លោក បេន សំអាត បដិសេធឆ្លើយតបនឹងសំនួររបស់វិទ្យុអាស៊ីសេរី។
ទោះជាយ៉ាងណា កន្លងទៅគ្រួសារចាត់ការចាប់ខ្លួន និងចោទប្រកាន់លើលោក កង សារ៉ន ដែលបញ្ចេញមតិនៅលើបណ្ដាញសង្គមថា ជារឿងអយុត្តិធម៌ ខណៈអាជ្ញាធរមិនព្រមដោះស្រាយទំនាស់ដីធ្លី ឱ្យពួកគេ ដែលជាអ្នករងគ្រោះដោយសារអ្នកមានលុយ មានអំណាច។ ពួកគេទាមទារឱ្យតុលាការ ដោះលែងសមាជិកគ្រួសារ ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃ អង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ជំហរ និងការសម្រេចចិត្តរបស់លោក កង សារ៉ន គឺជាសិទ្ធិសេរីភាព។ លោកបន្ថែមថាការបញ្ចេញមតិ នៅក្នុងសង្គមប្រជាធិបតេយ្យ គឺធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស ដែលកម្ពុជាទទួលស្គាល់ និងយកមកអនុវត្ត។ ផ្ទុយទៅវិញលោកថា បើសិនអាជ្ញាធរ រឹតត្បិតទៅលើសិទ្ធិទាំងនោះ តាមរយៈការបង្ខិតបង្ខំ បំភិតបំភ័យ ឬដាក់សម្ពាធក្រោមរូបភាពផ្សេងៗ ដើម្បីធ្វើឱ្យពលរដ្ឋណាម្នាក់ធ្វើរឿងអ្វីមួយខុសពីឆន្ទៈ ឬការយល់ឃើញនោះ ជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក អំ សំអាត៖ «មើលឃើញថា លោក កង សារ៉ន ត្រូវបានតុលាការ កាត់ទោសទៅហើយ តើមានហេតុផលអ្វីទៀតត្រូវឱ្យគាត់សុំទោស ខ្ញុំគិតថា រឿងនេះមិនសមស្រប ឬត្រឹមត្រូវទេ ពីព្រោះតុលាការ បានចេញសាលក្រមមកអនុវត្តការចាប់ខ្លួនគាត់ទៅហើយនោះ អ៊ីចឹងអ្វីដែលសំខាន់ យើងរង់ចាំមើលតែសាលាឧទ្ធរណ៍ នៅក្នុងសវនាការ តើអាចផ្តល់ភាពយុត្តិធម៌ដល់លោក កង សារ៉ន ដល់កម្រិតណានោះបាទ»។
សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់វាយខ្នោះលោក កង សារ៉ន ជាលើកទី២ កាលពីល្ងាចថ្ងៃទី២៥ វិច្ឆិកា {ឃុំទួលពង្រ ស្រុកម៉ាឡៃ } ក្រោយពេលតុលាការ ផ្ដន្ទាទោសឱ្យលោកជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទ «ជេរប្រមាថតាមទីសាធារណៈ និងញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថអង្គព្រះមហាក្សត្រ»។
ការចោទប្រកាន់នេះ បន្ទាប់ពីលោក កង សារ៉ន បានផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និយាយរិះគន់ការដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងវីដេអូផ្សាយផ្ទាល់នោះ លោកបានចោទជាសំណួរថា តើក្រោយពេលបក្សប្រជាជនឈ្នះឆ្នោត នឹងមានវិធានការដេញពលរដ្ឋវៀតណាមចេញ ឬបន្តឱ្យហូរចូលដោយខុសច្បាប់ បន្តទៀត? ហើយនៅក្នុងនោះ លោកក៏បានរិះគន់ពីបញ្ហាគ្រឿងញៀន អំពើពុករលួយ និងបញ្ហាអសន្តិសុខមួយចំនួនទៀត។
ទាក់ទងនឹងសំណុំរឿងរបស់លោក កង សារ៉ន នេះដែរ លោក អំ សំអាត ឱ្យដឹងថា មកដល់ពេលនេះ មេធាវីរបស់អង្គការលីកាដូ បានប្តឹងជំទាស់នឹងសាលក្រមរបស់ សាលាដំបូងខេត្តបន្ទាយមានជ័យ រួចហើយ ហើយមេធាវី កំពុងរង់ចាំដំណើរការតាមនីតិវិធី នៅសាលាឧទ្ធរណ៍បន្តទៀត៕