The Cambodia Daily
07th-12-2023
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក ព្រមានថា តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV – Cambodia, Laos, Vietnam) ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ខេត្តខ្មែរចំនួន ៤ ជាមួយឡាវ និងវៀតណាម សព្វថ្ងៃនេះ គឺជាការសម្បទានរបស់រដ្ឋាភិបាលកម្ពុជា ឱ្យទៅវៀតណាមគ្រប់គ្រងប៉ុណ្ណោះ មិនមែនជាការសហការ ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនោះទេ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ធ្នូ ថា កម្រិតសហការរវាងប្រទេសទាំងបី ចំពោះតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV) នេះ មេដឹកនាំវៀតណាម បានរៀបផែនការក្តោបក្តាប់ប្រទេសកម្ពុជា មិនត្រឹមតែកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាលទេ គឺឈានដល់កម្រិតរដ្ឋសភា និងរដ្ឋសភាហើយនៅពេលនេះ ដែលបញ្ហានេះ គឺជាគ្រោះថ្នាក់យ៉ាងធំធេង សម្រាប់ប្រទេសកម្ពុជា ដែលមានមេដឹកនាំក្រោមការបង្គាប់បញ្ជារបស់រដ្ឋាភិបាលវៀតណាម សព្វថ្ងៃនេះ។
លោក ម៉ែន ណាត លើកឡើងថា តំបន់ត្រីកោណអភិវឌ្ឍន៍ មិនបានកំណត់ខណ្ឌសីមា ក្នុងការឆ្លងដែនរបស់ជនជាតិវៀតណាម ទៅប្រទេសកម្ពុជា ទេ គឺមានន័យថា ជនជាតិវៀតណាមខុសច្បាប់ ចង់ចូលទៅរស់នៅក្នុងទឹកដីខ្មែរក្នុងខេត្តទាំង ៤ នោះពេលណាក៏បាន ដូច្នេះខេត្តទាំង ៤ នេះ គឺស្មើនឹងទីតាំងលាក់ទុកជនជាតិវៀតណាមខុសច្បាប់ ដើម្បីត្រៀមបញ្ជូនទៅរស់នៅ តាមបណ្តាខេត្តនានារបស់កម្ពុជា ទៅថ្ងៃមុខយ៉ាងមានសុវត្ថិភាពដូច្នោះដែរ។
អនុប្រធានវេទិកាពលរដ្ឋ រូបនេះ បញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ នៅពេលនេះ គ្រាន់តែជាវត្ថុបញ្ចាំរបស់កម្ពុជាជា មួយរដ្ឋាភិបាលវៀតណាម ក្នុងការធានាជួយជ្រោមជ្រែង ពីរដ្ឋការក្រុងហាណូយ ឱ្យកូនមេដឹកនាំខ្មែរ ដែលវៀតណាមលើកបន្តុបដូចជាលោក ហ៊ុន សែន ជាដើម ឱ្យបន្តកាន់អំណាចផងដែរ។
លោកបន្ថែមថា ពួកគេក៏នឹងត្រូវបន្តអនុវត្តផែនការរបស់វៀតណាម ក្នុងការគ្រប់គ្រងតំបន់នេះ តទៅមុខទៀតដែរ ដូច្នេះផ្អែកតាមហេតុផលនេះ កម្ពុជាកំពុងរអិលធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាម ដោយចៀសមិនផុតឡើយ បើប្រទេសខ្មែរ នៅតែស្ថិតក្រោមការក្តោបក្តាប់បន្តពូជអម្បូរ លោក ហ៊ុន សែន ទៀតនោះ។
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានបើកកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម (CLV) ក្នុងប្រទេសឡាវ ក្នុងគោលបំណងលើកកម្ពស់យន្តការរដ្ឋសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងបី ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត។
ប្រធានរដ្ឋសភាកម្ពុជា អ្នកស្រី ឃួន សុដារី អះអាងថា ការពង្រឹងយន្តការសភា ក្នុងការចូលរួមការអភិវឌ្ឍតំបន់ត្រីកោណ (CLV) ជាសក្ខីភាពមួយ បម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រ ដែលឈរលើមូលដ្ឋាននៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ ដែលរហូតមកដល់ពេលនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងបី។
តំបន់អភិវឌ្ឍន៍ត្រីកោណ នៃប្រទេសទាំងបី មាន ១៣ខេត្ត ក្នុងនោះប្រទេសវៀតណាម មាន ៥ខេត្ត ប្រទេសឡាវ មានចំនួន ៤ខេត្ត និងប្រទេសកម្ពុជា ក៏មានចំនួន ៤ខេត្ត ដែរ ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងនោះខេត្តទាំង ៤ របស់កម្ពុជា មានចំនួនប្រជាជនសរុបប្រមាណជា ៥០ម៉ឺននាក់ប៉ុណ្ណោះ ខណៈខេត្តទាំង ៤ របស់ប្រទេសឡាវ មានប្រជាជនប្រមាណជា ៧០ម៉ឺននាក់ ដោយឡែកខេត្តទាំង ៥ របស់ប្រទេសវៀតណាម មានប្រជាជនសរុបប្រមាណជាង ៧លាននាក់ ឯណោះ។
មុននឹងឈានដល់កិច្ចប្រជុំកំពូលសភា នៃប្រទេសទាំងបី ប្រធានរដ្ឋសភាកម្ពុជា អ្នកស្រី ឃួន សុដារី ក៏បានជួបពិភាក្សាទ្វេភាគី ជាមួយមេដឹកនាំវៀតណាម កាលពីថ្ងៃទី២ ខែធ្នូ ផងដែរ ក្នុងនោះ អ្នកស្រី ឃួន សុដារី បានសន្យាជាមួយប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (VUONG Dinh Hue) ថា រដ្ឋាភិបាលកម្ពុជា នឹងជួយសម្រួលឯកសារផ្លូវច្បាប់ ដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅដោយខុសច្បាប់ ក្នុងទឹកដីកម្ពុជាបន្តទៀត ខណៈពលរដ្ឋវៀតណាមប្រមាណជាង ១សែននាក់ បានទទួលប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ទៅហើយនោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយប្រធានរដ្ឋវៀតណាម លោក វ៉ វ៉ាន់ធឿង អំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ នៅសាធារណរដ្ឋប្រជាមានិតចិន ប្រធានរដ្ឋវៀតណាម ក៏បានស្នើឱ្យលោក ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌកាន់តែងាយស្រួល សម្រាប់សហគមន៍វៀតណាម នៅកម្ពុជាផងដែរ ទាំងការរស់នៅ ការធ្វើការងារ ព្រមទាំងដោះស្រាយបញ្ហាឯកសារផ្លូវច្បាប់ ឱ្យបានកាន់តែល្អប្រសើរថែមទៀតដែរ ខណៈនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក៏មិនបានបដិសេធនឹងសំណើនេះដែរ។
ជុំវិញបញ្ហានេះ កាលពីចុងខែមេសា ឆ្នាំ២០២៣ បណ្ឌិត ឌី ការ៉េត បានលើកឡើងថា តំបន់ត្រីកោណអភិវឌ្ឍន៍ រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម គឺជាផែនការរបស់វៀតណាម ដែលមានចេតនាបង្កប់កងទ័ពយួន ឱ្យចូលទៅក្នុងទឹកដីខ្មែរ ដើម្បីគ្រប់គ្រងខ្មែរ ប៉ុណ្ណោះ។
អ្នកជំនាញព្រំដែនរូបនេះ បញ្ជាក់ថា ផែនការរបស់វៀតណាម ក្នុងការគ្រប់គ្រងទឹកដីខ្មែរ គឺជាផែនការសម្ងាត់របស់លោក ហ៊ុន សែន ជាមួយនឹងវៀតណាមជាយូរមកហើយ ព្រោះថា តំបន់ត្រីកោណអភិវឌ្ឍន៍នេះ ត្រូវបានវៀតណាម ដាក់ផែនការពង្រីកបន្តិចម្តងៗ តាមរយៈនៃការដាក់ខេត្តខ្មែរចូលក្នុងតំបន់នេះម្តងមួយជំហានៗ។ ជាក់ស្តែង ពេលចាប់ផ្តើមដំបូង ពួកគេដាក់ខេត្តត្រឹមតែ ២ប៉ុណ្ណោះ ប៉ុន្តែពួកគេបានព្យាយាមបញ្ចូលខេត្តផ្សេងទៀតជាបន្តបន្ទាប់រហូតដល់ ៤ខេត្តដូចសព្វថ្ងៃនេះ៕




