អត្ថបទ CWCI Cambodia
08th-12-2023

លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ន័រវែស និង​ជា​អនុ​ប្រធាន​វេទិកាពលរដ្ឋ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក បាន​សម្តែង​សេចក្តី​ព្រួយ​បារម្ភ ជុំវិញ​ដំណើរ​ទស្សនកិច្ច ទៅ​វិញ​ទៅ​មក​ជា​ញឹក​ញាប់ ​របស់​​មេដឹកនាំ​កម្ពុជា​-​វៀត​ណាម ទាំង​កម្រិត​មេ​ដឹកនាំ​រដ្ឋសភា និង​រដ្ឋាភិបាល។

ការព្រួយបារម្ភនេះ កើត​ឡើង​ដោយ​ឃើញ​តែ​ភាគី​វៀតណាម ស្នើ​មក​កាន់​ភាគី​កម្ពុជា ត្រូវ​ផ្តល​សិទ្ធិ​ស្រប​ច្បាប់ ដល់​ជនជាតិ​វៀត​ណាម​​ខុស​ច្បាប់​នៅ​កម្ពុជា ការ​ពន្លឿន​ការ​ងារ​តំបន់​​ត្រីកោណ​អភិវឌ្ឍន៍ ​​នៅ​តាម​ខេត្ត​ភាគ​ឥសាន និង​ការ​ពង្រឹង​ការងារ​ព្រំដែន​​នៃ​ប្រទេសទាំងពីរ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន កន្លង​មក បាន​ចុះ​ហត្ថលេខា​មិន​ប្រក្រតី និង​មិន​ស្រប​ច្បាប់ ​ទៅ​លើសន្ធិ​សញ្ញា​ព្រំដែន និង​​កិច្ចព្រមព្រៀងមួយចំនួន។ ចំណែក​ឯ​ភាគី​កម្ពុជា មិន​ដែល​ហ៊ាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ជួយ​សម្រួល ឬ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ខ្មែរ នៅ​លើ​ទឹកដី​កំណើត​កម្ពុជាក្រោម បាន​ម្តង​ណា​ទេ។

ខណៈ​នេះ​លោក ម៉ែន ណាត បាន​លើក​ឡើង ៣ ចំណុច​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១១-១២ ខែ​ធ្នូ ឆ្នាំ២០២៣។ ​សូម​អាន​ខ្លឹមសារ​អត្ថបទ​ទាំងស្រុង​របស់លោក ម៉ែន ណាត ដូច​ខាង​ក្រោម​៖

ជុំវិញ​គម្រោង​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ស្រុក​យួន (វៀតណាម) ថ្ងៃទី​១១-១២ ក្នុង​​ខែ​​ធ្នូ​នេះ យើង​ខ្ញុំ​សូម​ធ្វើ​ការ​កត់​សម្គាល់​ថា៖

១. ជា​ជំនួប​ប្តូរ​វេន​តាម​ប្រពៃណី រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ យូរ​យារ​មក​ហើយ តាំង​តែ​ពី​លោក ហ៊ុន សែន និង​បក្ស​ប្រជាជន​កម្ពុជា (CPP) ត្រូវ​បាន​វៀតណាម លើក​បន្តុប​ឲ្យ​កាន់​អំណាច នៅ​កម្ពុជា។ នៅ​ក្នុង​ករណីកម្ពុជា ដើរ​តាម​គន្លង​ប្រជា​ធិបតេយ្យ​ត្រឹម​ត្រូវ ឧទាហរណ៍​នៅ​អាណត្តិ​ទី១ (១៩៩៣​-​១៩៩៨) ពួក​គេ​នៅ​តែ​ជួប​ប្រជុំ​ជា​ធម្មតា គឺ​ក្នុង​កម្រិត​មេដឹកនាំ​បក្ស CPP ជាមួយ​មេ​ដឹកនាំ​ប្រទេស​វៀតណាម។

២. ភាគី​កម្ពុជា​របស់ ហ៊ុន ម៉ាណែត គ្មាន​អ្វី​ក្រៅ​ពី​រាយការណ៍​ជូន​មេដឹកនាំ​វៀតណាម និង ទទួល​យក​សំណើ ឬ​ផែនការ​យុទ្ធសាស្ត្រ​របស់​វៀតណាម មក​អនុវត្ត​នៅ​កម្ពុជា។ ឧទាហរណ៍ រឿង​ព្រំដែន រឿង​ផ្តល់​សញ្ជាតិ និង​ផ្តល់​ប័ណ្ណស្នាក់​នៅ ឲ្យ​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់ នៅ​កម្ពុជា ហើយ​និង​រឿង​បើក​ឲ្យ​រៀន​ភាសា​វៀតណាម នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជាដើម។ល។

៣. ក្នុង​ចិត្ត​របស់​ក្រុម​មន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី រួម​ទាំង ហ៊ុន ម៉ាណែត ផង កំពុង​«ច្រឡំ​ខ្លួន​ឯង​ជា​ខ្លា តែ​តាម​ពិត​គឺ​ជា​ឆ្មា»​សោះ ដែល​មាន​ន័យ​ថា ពួក​គេ​ខំ​អួត​អាង​ពី​សមិទ្ធផល​នេះ ឬ​សមិទ្ធិផល​នោះ ប៉ុន្តែ​តាម​ការ​ពិត​ទៅ ប្រទេស​កម្ពុជា កំពុង​ជួប​ហានិភ័យ​ធ្ងន់​ធ្ងរ ទាំង​បញ្ហា​បាត់​បង់​នូវ បូរណភាព​ទឹក​ដី​ជាតិ, អធិបតេយ្យ, គ្មាន​ឯកភាព​ជាតិ, វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម។

លោក ម៉ែន ណាត
នៃ វេទិកាពលរដ្ឋ /
ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា
ថ្ងៃទី០៧ ធ្នូ ២០២៣


រូបភាពលោក ម៉ែន ណាត និង លោក ហ៊ុន ម៉ាណែត។
រូបភាពលោក ម៉ែន ណាត និង លោក ហ៊ុន ម៉ាណែត។