អ្នកវិភាគ៖ លោក ហ៊ុន ម៉ាណែត ទៅ​វៀតណាម​ដើម្បី​ស្បថ​ធ្វើ​ជា​អ្នក​បម្រើ​សហព័ន្ធ​កុម្មុយនីស្ត​ឥណ្ឌូចិន​ បន្ត​ពី​លោក ហ៊ុន សែន

The Cambodia Daily
13-12-202

ក្រុម​អ្នកវិភាគ​នយោបាយ ព្រមាន​ថា អធិបតេយ្យ​ជាតិ​ខ្មែរ​ ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ ដោយសារ​លោក ហ៊ុន សែន មិន​អាច​ស្រោចស្រង់​មក​វិញ​បាន​ទេ ​នៅ​ក្នុង​ជំនាន់​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់ ព្រោះ​ថា ​លោក ហ៊ុន ម៉ាណែត ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នៅ​ពេលនេះ គឺ​ទៅ​ប្រកាស​ខ្លួន​ស្បថ​ធ្វើ​ជា​អ្នក​បម្រើ​ «សហព័ន្ធ​កុម្មុយនីស្ត​ឥណ្ឌូចិន ​ប្រចាំ​នៅ​កម្ពុជា» ចំពោះ​​មុខ​មេដឹកនាំ​វៀតណាម បន្ត​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ ​លោក គឹម សុខ លើក​ឡើង​​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាល​ពី​រាត្រី​ថ្ងៃទី​១១ ធ្នូ នេះ​ថា លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​នាយក​រដ្ឋមន្ត្រី​​តំណាង​​ឱ្យ​​ឆន្ទៈ​​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ព្រោះ​ការ​ឡើង​កាន់​អំណាច​របស់​គាត់ ​មិន​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​បំណង​ពិតប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ គឺ​តាម​តែ​ការ​ចាត់ចែង​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់ និង​មេដឹកនាំ​វៀតណាម ប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា ក្រោយ​ឡើង​កាន់​​អំណាច លោក ហ៊ុន ម៉ាណែត មិន​ត្រឹមតែ​មិន​មែន​ជា​នាយក​រដ្ឋមន្ត្រី​​តំណាង​ពលរដ្ឋ​ខ្មែរ​​ទេ ប៉ុន្តែ​គាត់​ក៏​មិន​ទាន់​ត្រូវ​បាន​មេដឹកនាំ​វៀតណាម ទទួលស្គាល់​ថា​ ​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​របស់​វៀតណាម ដែរ ប៉ុន្តែ​ក្រោយ​ការ​ស្បថ​ប្រកាស​ខ្លួន​ជា​អ្នក​បម្រើ​វៀតណាម កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ វៀតណាម​ទំនង​ជា​នឹង​ទទួលស្គាល់​គាត់​ ជា​សមាជិក​កុម្មុយនីស្ត​ឥណ្ឌូចិន​ដែរ​ហើយ ដើម្បី​ឱ្យ​គាត់​ជំនួស​លោក ហ៊ុន សែន បម្រើ​មហិច្ឆតា​របស់​វៀតណាម បន្ត​ទៀត។

អ្នកវិភាគ​នយោបាយ​រូប​នេះ បញ្ជាក់​ថា ក្រោយ​ការ​ទទួលយក​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បម្រើ​របស់​ខ្លួន វៀត​ណាម​ ប្រាកដ​ជា​នឹង​ចង្អុល​ឱ្យ​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​រូប​នេះ ​អនុវត្ត​នូវ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ទៅ​ថ្ងៃ​មុខ ដើម្បី​ផល​ប្រយោជន៍​របស់​វៀតណាម ដូច​ដែល​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​កន្លង​មក​ជាមិនខាន ជាពិសេស​គឺ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ ដល់​ជនបរទេស​វៀតណាម ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​កិច្ច​សហ​ប្រតិបត្តិការ​​នានា ​ជាច្រើន​ទៀត ជាដើម។

បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​ កាលពី​ថ្ងៃទី​២២ ខែ​សីហា និង​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ចន្ទ ទី​១១ ធ្នូ ភ្លាមៗ​ដែរ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម​ជាច្រើន​នាក់ ដូចជា នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh), អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ្វូចុង (Nguyen Phu Trong)​, លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធាន​រដ្ឋ​វៀតណាម និង​លោក វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធាន​រដ្ឋសភា​វៀតណាម ផង​ដែរ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន ​រវាង​កម្ពុជា និង​វៀតណាម។

ក្នុង​ជំនួប​នេះ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ពី​ការ​សហការ​រវាង​កម្ពុជា និង​វៀតណាម ទៅ​ថ្ងៃ​មុខ ដែល​ត្រូវ​បាន​ពូន​ជ្រំ​មិត្តភាព​ រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ផល​ប្រយោជន៍ ​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ។

យ៉ាងណា​ក៏ដោយ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​សម័យ​ថ្មី​ ដែល​បន្ត​វេន​ ពី​មេដឹកនាំ​វៀតណាម លោក ហូ ជី មិញ នឹង​ខិតខំ​ប្រែ​ក្លាយ​កម្ពុជា វៀតណាម និង​ឡាវ ឱ្យ​ទៅ​ជា​ប្រទេស​តែ​មួយ ប៉ុន្តែ​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម នា​ពេល​អនាគត។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ ក្នុង​ជំនួប​ជាមួយ​លោក វ៉ វ៉ាន់ធឿង អំឡុង​ពេល​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រធាន​រដ្ឋ​វៀតណាម បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត បន្ត​យកចិត្ត​ទុកដាក់​បង្កើត​លក្ខខណ្ឌ​កាន់តែ​ងាយស្រួល​ សម្រាប់​សហគមន៍​វៀតណាម ​នៅ​កម្ពុជា​ផង​ដែរ ខណៈ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក៏​មិន​បាន​បដិសេធ​នឹង​សំណើ​នេះ​ដែរ ក្នុង​នោះ រដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ ដល់​ជនជាតិ​វៀតណាម​ខុស​ច្បាប់ ​ជា​បន្តបន្ទាប់​ផង​ដែរ​ សព្វថ្ងៃ​នេះ៕

*****


លោក ហ៊ុន ម៉ាណែត អះអាង​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​វៀតណាម នៅតែ​បន្ត​រឹងមាំ​ជានិច្ច

The Cambodia Daily
13-12-2023

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អះអាង​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​-​វៀត​ណាម នៅ​តែ​បន្ត​រឹងមាំ​ជានិច្ច ទោះ​សភាពការណ៍​តំបន់ និង​ពិភពលោក ​មាន​ការ​វិវឌ្ឍ​បែប​ណា​ក៏ដោយ ព្រោះ​ទំនាក់ទំនង​នេះ គឺ​ដើម្បី​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដែល​សំដៅ​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​ នូវ​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក។

កូនប្រុស​ច្បង​មេ​បក្ស​ក្រាញ​អំណាច ​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​វៀត​ណាម​​ជាច្រើន​នាក់ ​កាលពី​ថ្ងៃទី​​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ពេលនេះ គឺ​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​បន្ត​ពូន​ជ្រំ​រវាង​ប្រទេស​ទាំង​ពីរ ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា មេដឹកនាំ​វៀតណាម បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នេះ ​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់ អំពី​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម ឱ្យ​កាន់តែ​ជិតស្និទ្ធ​រឹងមាំ​បន្ថែម​ទៀត ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​ល្អ ​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​សំខាន់ៗ ​របស់​វៀតណាម ដូចជា​ប្រធាន​រដ្ឋសភា​វៀតណាម ប្រធាន​រដ្ឋ​វៀតណាម នាយករដ្ឋមន្ត្រី​វៀតណាម និង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ផង​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ របស់​លោក ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ និង​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រជាជន​កម្ពុជា ​នៅ​ពេលនេះ មិន​មែន​ដើម្បី​ទំនាក់ទំនង​ការទូត​ រវាង​ប្រទេស និង​ប្រទេស​នោះ​ទេ ប៉ុន្តែ​ជា​ដំណើរ​ទស្សនកិច្ច ​ដើម្បី​រាយការណ៍​ជូន​មេដឹកនាំ​វៀតណាម និង​ ទទួល​យក​ផែនការ​យុទ្ធសាស្ត្រ​របស់​វៀតណាម មក​អនុវត្ត​នៅ​កម្ពុជា ​បន្ត​ទៀត​តែប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា ផែនការ​ដែល​វៀតណាម​តម្រូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត អនុវត្ត​បន្ត​នោះ ​ទំនង​ជា​ការ​ចុះ​កិច្ចព្រមព្រៀង ​ស្ដីពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ការ​ផ្តល់​សញ្ជាតិ និង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនជាតិ​វៀតណាម​ខុស​ច្បាប់ ​នៅ​កម្ពុជា ​ឱ្យ​បាន​កាន់តែ​ច្រើន និង​ការ​បើក​ផ្លូវ​ឱ្យ​ភាសា​វៀតណាម ​កាន់តែ​រីក​ធំ​ នៅ​សាកលវិទ្យាល័យ​នានា​របស់​កម្ពុជា ជាដើម។

អនុប្រធាន​វេទិកា​ពលរដ្ឋ ​រូប​នេះ​ បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​មេដឹកនាំ​ដែល​មាន​សក្ដានុពល ​ក្នុង​ការ​ស្វែងរក​ផល​ប្រយោជន៍​ឱ្យ​ជាតិ​ខ្មែរ​នោះ​ទេ ព្រោះ​ថា ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​តាំងពី​អំឡុង​ទសវត្សរ៍​​១៩៨០ មក គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម​ ជានិច្ច ខណៈ​វិស័យ​សេដ្ឋកិច្ច​ខ្មែរ​ ក៏​កំពុង​ជាប់​បំណុល​វ័ណ្ឌក ក្រោម​ឥទ្ធិពល​ប្រទេស​ចិន ​ដែរ ដូច្នេះ ទាំង​វៀតណាម និង​ចិន សុទ្ធតែ​កំពុង​ហែក​ប្រយោជន៍​ជាតិ​ខ្មែរ​រៀងៗ​ខ្លួន ខណៈ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​ប្រជាជន​កម្ពុជា បាន​ត្រឹម​តែ​ជួយ​បែងចែក​ផល​ប្រយោជន៍​ជាតិ​ខ្លួនឯង ​ឱ្យ​ប្រទេស​ទាំង​ពីរ ដើម្បី​កុំ​ឱ្យ​គេ​ឈប់​ជួយ​ជ្រោមជ្រែង​អំណាច​របស់​ខ្លួន ​តែ​ប៉ុណ្ណោះ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ដែរ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម លោក​មើល​មិន​ឃើញ​ថា កម្ពុជា​ទទួល​បាន​ប្រយោជន៍​អ្វី​ពី​ប្រទេស​វៀតណាម​ទេ។ ជាក់ស្តែង រាល់​ជំនួប ​រវាង​មន្ត្រី​រដ្ឋាភិបាល​វៀតណាម ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ម្តងៗ វៀតណាម​តែង​ស្នើសុំ​ឱ្យ​ពី​ភាគី​កម្ពុជា ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ​ ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ តាំងពី​ជំនាន់​លោក ហ៊ុន សែន នៅ​ដឹកនាំ រហូត​ដល់​លោក ហ៊ុន ម៉ាណែត ដឹកនាំ​បន្ត​នៅ​ពេលនេះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ក្រោយ​រដ្ឋាភិបាល​ថ្មី​ របស់​កម្ពុជា​ប្រកាស​ជា​ផ្លូវការ មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​​របស់​វៀតណាម បាន​ស្នើ​មក​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ផង និង​ស្នើ​ទៅ​កាន់​ប្រធាន​រដ្ឋសភា​ថ្មី ​របស់​កម្ពុជា​ផង ឱ្យ​ជួយ​បន្ត​យកចិត្ត​ទុកដាក់​លើ​ជនជាតិ​វៀតណាម​ ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់ ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​​នេះ ខណៈ​រដ្ឋាភិបាល​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់ ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ ដល់​ជនជាតិ​វៀតណាម​ទាំងនោះ​ ជា​បន្តបន្ទាប់​ដែរ ដែល​គិត​មក​ទល់​នឹង​ពេលនេះ​ មាន​របាយការណ៍​ខ្លះ​ទម្លាយ​ថា មាន​ចំនួន​ប្រមាណ​ជា ១​សែន​នាក់ ​ទៅ​ហើយ​នោះ។

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​រូប​នេះ ​បញ្ជាក់​ថា បើ​ពិនិត្យ​លើ​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម កន្លង​មក គឺ​មាន​តែ​វៀតណាម ​ទាញ​យក​ផល​ប្រយោជន៍​ពី​កម្ពុជា​តែប៉ុណ្ណោះ សូម្បី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ដែល​កម្ពុជា វៀត​ណាម និង​ឡាវ កំពុង​សហការ​គ្នា​ ដោយ​ការ​ដាក់​ខេត្ត​ចំនួន ១៣ ចូល​គ្នា​សព្វថ្ងៃ​នេះ ក៏​វៀតណាម​កំពុង​ទាញ​ផល​ប្រយោជន៍​ពី​ខេត្ត​ខ្មែរ ​ដែល​បាន​ដាក់​ចូល​ក្នុង​តំបន់​ត្រីកោណ​នេះ​ ដែរ៕

រូបទង់ជាតិកម្ពុជា និង​វៀតណាម ព្រមទាំង​រូប​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។
រូបទង់ជាតិកម្ពុជា និង​វៀតណាម ព្រមទាំង​រូប​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។
រូបថត៖ លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន ជាមួយ​លិខិត​ឆ្លងដែន​ខ្មែរ។
រូបថត៖ លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន ជាមួយ​លិខិត​ឆ្លងដែន​ខ្មែរ។
រូបថត​៖ លោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក​ គឹម សុខ។
រូបថត​៖ លោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក​ គឹម សុខ។
រូបថត​លោក ហ៊ុន ម៉ាណែត ជាមួយ​មេដឹកនាំ​វៀតណាម និង​រូបថត​លោក ម៉ែន ណាត។
រូបថត​លោក ហ៊ុន ម៉ាណែត ជាមួយ​មេដឹកនាំ​វៀតណាម និង​រូបថត​លោក ម៉ែន ណាត។