វិទ្យុអាស៊ីសេរី RFA /ដោយលោក យន់ សាមៀន
17-12-2023 – Updated

អ្នកឃ្លាំមើល​សង្គម លើកឡើង​ថា ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ គឺ​លោក ហ៊ុន សែន កំពុង​បង្វែរ​ស្ថានការណ៍ និង​ប្រឌិត​សាច់រឿង​ ដើម្បី​កុំឱ្យ​មាន​អ្នក​រិះគន់​រដ្ឋាភិបាល​កូនប្រុស​របស់​លោក តាមរយៈ​ការ​ផ្ដល់​ជំនួយ ដល់​ក្មេងស្រី​ម្នាក់ ​ដែល​និយាយ​ពី​បញ្ហា​ជនអន្តោប្រវេសន៍​ នៅ​កម្ពុជា ជំនួស​ឱ្យ​ការ​ចាប់ខ្លួន​នាង ​ដូច​ករណី លោក កង សារ៉ន។ ពួកគាត់​ថា ទង្វើ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺជា​វិធីសាស្ត្រ​ថ្មី​មួយ នៅ​ក្នុង​ការ​បង្ក្រាប​​សំឡេង​អ្នក​រិះគន់ តាមរយៈ​ការទិញ​ទឹកចិត្ត​របស់​ពួកគេ។

អ្នកឃ្លាំមើល​លើក​ឡើង​ថា បើ​ទោះ​បី​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ទៅ​ហើយ​ក្ដី ក៏​លោក ហ៊ុន សែន នៅតែ​បន្ត​លូកដៃ​ចូល​ក្នុង​បញ្ហា ដែល​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​កូនប្រុស​របស់​លោក​ដែរ។ សកម្មភាព​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្រោម​រូបភាព​ផ្សេងៗ ជាពិសេស​គឺ​ការ​ផ្ដល់​ជំនួយ​សប្បុរស​ធម៌ ដល់​អ្នក​រិះគន់ ដើម្បី​បំបិទមាត់។

ការ​លើកឡើង​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន នៅ​ថ្ងៃទី​១៦ ខែ​ធ្នូ បាន​បង្ហោះ​វីដេអូ ក្រុម​ការងារ​របស់​លោក ចុះ​ជួប​យុវតី​ម្នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​និយាយ​រិះគន់​បញ្ហា​លំហូរ​ចូល ជនអន្តោប្រវេសន៍ នៅលើ​បណ្ដាញ​សង្គម ដោយ​ភ្ជាប់​ជាមួយ​សំណេរ​របស់​លោក​ថា យុវតី វ៉ែន ស៊ាងឡៃ ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ សេរី វឌ្ឍនៈ និង​ក្រុម​គ្រួសារ​របស់​នាង បាន​ទទួល​ស្គាល់​កំហុស និង​សូមទោស​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​។ ក្នុង​នោះ លោក ហ៊ុន សែន អះអាង​ទៀត​ថា លោក​បាន​បញ្ជូន​តំណាង​របស់​លោក ឱ្យទៅ​ជួប​ជាមួយ​គ្រួសារ​យុវតី ដើម្បី​ពិភាក្សា​អំពី​ជីវភាព​គ្រួសារ ​និង​ការរៀនសូត្រ​របស់​យុវតី​រូប​នេះ។

ទោះជា​បែបនេះ​ក្ដី មហាជន​មួយចំនួន​យល់​ឃើញ​ថា ការ​ផ្ដល់​ជំនួយ​របស់​លោក ហ៊ុន សែន ដល់​យុវតី ដែល​រិះគន់​រឿង​អន្តោប្រវេសន៍​នៅ​កម្ពុជា នេះ​ថា ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​ច្នៃ​សាច់រឿង ពី​កា​រិះគន់​ការពិត ទៅជា​ការ​ទទួល​ស្គាល់​កំហុស និង​ជា​ការ​កាត់ផ្ដាច់​ទំនាក់ទំនង​គ្រួសារ​ក្មេងស្រី​រូប​នេះ ជាមួយ​អ្នក​តាមដាន​រឿង​សង្គមជាតិ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ធ្នូ ថា សកម្មភាព​របស់​លោក ហ៊ុន សែន ពេល​នេះ​ថា ជា​ការ​ឆ្លៀតឱកាស​យក​ព្រឹត្តិការណ៍​សង្គម មក​ធ្វើជា​ប្រជាភិថុតិ និង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ តែប៉ុណ្ណោះ។

លោក អ៊ុំ សំអាន​៖ «គាត់​​{លោក ហ៊ុន សែន} ប្រើ​យុទ្ធសាស្ត្រ​ហ្នឹង ដើម្បី​កុំឱ្យ​ប្អូនស្រី​ហ្នឹង ​រិះគន់​ចំពោះ​ចំណាត់​ការដែល​រដ្ឋាភិបាល​ មិន​​បាន​ទប់ស្កាត់ ​ចំពោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ​នៅ​កម្ពុជា​។ ហើយ​ប្រសិនជា​ចាប់​ប្អូនស្រី​ហ្នឹង​ដាក់គុក ប្រាកដជា​មានការ​រិះគន់​ច្រើន​ពី​មហាជន ព្រោះ​ប្អូនស្រី​នៅ​ក្មេង​អ៊ីចឹង ចាប់​ដាក់គុក​ដោយ​សារ​​តែ​រិះគន់​រឿង​បញ្ហា​អន្តោប្រវេសន៍​ហ្នឹង គឺ​ប្រាកដជា​មហាជន​ រិះគន់​ខ្លាំង​។ ដូច្នេះ​គាត់​ប្រើ​ធម៌​ត្រជាក់​វិញ ជា​ជាង​ការ​ប្រើប្រាស់​ធម៌​ក្ដៅ​ លើ​ប្អូនស្រី​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ម្ចាស់​គណនី​ហ្វេសប៊ុក សេរី វឌ្ឍនៈ គឺ យុវតី វ៉ែន ស៊ាងឡៃ និង​ម្ដាយ​យុវតី​រូប​នេះ គឺ​លោកស្រី គង់ មុំ ដើម្បី​សុំ​បកស្រាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី១៦ ធ្នូ។

កាលពី​ថ្ងៃទី​១១ ធ្នូ យុវតី វ៉ែន ស៊ាងឡៃ បាន​បង្ហោះ​សារ​ជា​សំណេរ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បាន​រិះគន់​ប្រៀបធៀប ករណី​ជនអន្តោប្រវេសន៍​វៀតណាម​ នៅ​កម្ពុជា ហើយ​សំណេរ​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ និង​ទទួល​បាន​ការ​កោត​សរសើរ​ ពី​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​ជា​ច្រើន។

ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អេឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Ganzales Davidson) ហៅ ​អាឡិច យល់ឃើញ​ថា នេះ​មិនមែន​ជា​ឆាកល្ខោន​ថ្មី​នោះ​ឡើយ តែ​លោក ហ៊ុន សែន គ្រាន់តែ​ប្ដូរ​យុទ្ធសាស្ត្រ​បន្តិចបន្តួច គឺ​មិន​ចាប់​ក្មេងស្រី​នោះ​ដាក់គុក ដើម្បី​កុំឱ្យ​មហាជន​ផ្ទុះ​កំហឹង​។ លោក​បន្ត​ថា ទោះ​យ៉ាងណា លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ឆ្លៀត​ប្រើ​ឱកាស​នេះ ​ដើម្បី​ផ្ញើ​សារ​បំបិទ​បំភ័យ និង​បំបាក់​ស្មារតី​យុវជន​ផ្សេង​ទៀត កុំឱ្យ​និយាយ​រឿង​នយោបាយ និង​រឿង​សង្គម ជាពិសេស​គឺ​បញ្ហា​ជនអន្តោប្រវេសន៍។

លោក អាឡិច​៖ «ខាង ហ៊ុន សែន គាត់​ដឹង ប្រសិនបើជា​ចាប់​ដាក់​ពន្ធនាគារ​បែប​ហ្នឹង ជាពិសេស​ទៅលើ​ប្រជាជន ទៅលើ​យុវជន​ទូទៅ​ហ្នឹង ​វា​ប៉ះពាល់ អ៊ីចឹង​គេ​ព្យាយាម​ប្រើ​វិធី​ផ្សេង វិធី​ទិញ វិធី​គំរាមកំហែង វិធី​កុហក​បោក​ប្រាស វិធី​បង្ខំ​ឱ្យ​លុប​សារ​អី​ ជាដើម​។ អាច​ថា​វា​ជា​ការ​វិវត្ត វា​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព នៃ​យុទ្ធសាស្ត្រ​ដ៏​ខូច​របស់​លោក ហ៊ុន សែន ដើម្បី​កុំឱ្យ​ប្រជាជន​ហ៊ាន​និយាយ​បញ្ហា​ក្នុង​សង្គម​មួយ​ចំនួន ប៉ុន្តែ​ខ្ញុំ​ថា​ គាត់​មិន​ចោល​ទេ​ ទម្លាប់​ប្រើ​ប្រព័ន្ធ​តុលាការ»។

វិធីចែក​អំណោយ​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​នេះ គឺជា​យុទ្ធសាស្ត្រ​ដ៏​ពេញនិយម​មួយ​របស់ ​គណបក្ស​កាន់​អំណាច ដើម្បី​បំបិទ​សំឡេង​អ្នក​តវ៉ា។ ជាក់ស្ដែង​ ដូច​ក្នុង​ករណី​គ្រួសារ​លោក កង សារ៉ន ក្រោយ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ឡោមព័ទ្ធ​ចាប់ខ្លួន​លោក ​ដាក់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ កាលពី​ថ្ងៃទី ២៥ ខែ​វិច្ឆិកា មក អាជ្ញាធរ​ខេត្ត​នេះ បាន​ផ្ដល់​អំណោយ​ដល់​គ្រួសារ​លោក កង សារ៉ន ដើម្បី​ដាក់​សម្ពាធ ​ឱ្យ​គ្រួសារ​លោក​ និយាយ​​វាយប្រហារ ​ទៅ​អង្គការ​សង្គម​ស៊ីវិល ដែល​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ ដល់​ពួកគេ៕

*****


យុវតី​ វ៉ែន ស៊ាងឡៃ រង​ការ​ព្រមាន​ពី​អាជ្ញាធរ ក្រោយ​បង្ហោះ​សារ​រិះគន់​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា

វិទ្យុអាស៊ីសេរី RFA /ដោយលោក ថា ថៃ
15-12-2023

យុវតី​ម្នាក់ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ ចុះទៅ​ព្រមាន​អប់រំ​ដល់​ផ្ទះ ឱ្យ​បញ្ឈប់​សកម្មភាព​បង្ហោះ​សារ​រិះគន់ ឬ​និយាយ​ពី​បញ្ហា​អន្តោប្រវេសន៍​​រស់នៅ​កម្ពុជា និង​បញ្ហា​សង្គម​ផ្សេង​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ គឺជា​ការ​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ និង​ទទូច​ឱ្យ​រដ្ឋាភិបាល​ បើក​លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ឡើង​វិញ។

ការ​គំរាមកំហែង និង​ព្រមាន​ដល់​ផ្ទះ​ពី​សំណាក់​អាជ្ញាធរ ទៅ​លើ​ពលរដ្ឋ​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល និង​បញ្ហា​នានា ក្នុង​សង្គម នៅតែ​កើត​មាន ជាពិសេស នៅ​ពេល​ដែល​ពលរដ្ឋ​ទាំង​នោះ និយាយ​ប៉ះពាល់​ដល់​រឿង​កា​រហូរ​ចូល​របស់​ជន​បរទេស​កាន់តែ​ច្រើន ដោយ​គ្មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​នៅ​លើទឹក​ដី​ខ្មែរ។

ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ សេរី វឌ្ឍនៈ (Serey Vattanak) គឺ​កញ្ញា វ៉ែន ស៊ាងឡៃ ឱ្យ​ដឹង​ថា កាល​ពី​​ថ្ងៃ​​ទី​១៤ ធ្នូ អាជ្ញាធរ​មូលដ្ឋាន បាន​ទៅ​ដល់​ផ្ទះ​កញ្ញា និង​អប់រំ​មិន​ឱ្យ​បង្ហោះ​សារ ដែល​មាន​អត្ថន័យ​ទាក់ទង​នឹង​បញ្ហា​រសើប​បែប​នេះ​ត​ទៅ​ទៀត។ កញ្ញា​លើក​ឡើង​ថា សារ​ដែល​កញ្ញា​សរសេរ​រិះគន់ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាក់ទង​នឹង​រំហូរ​ជន​អន្តោប្រវេសន៍​វៀតណាម (Vietnam) នៅ​កម្ពុជា​នេះ គឺ​កើត​ចេញ​ពី​ក្ដី​បារម្ភ ចំពោះ​បូរណភាព​ទឹកដី​កម្ពុជា និង​បញ្ហា​សង្គម ដែល​កញ្ញា​អះអាង​ថា បាន​សង្កេតឃើញ​ដោយ​ខ្លួន​ឯង។

កញ្ញា វ៉ែន ស៊ាងឡៃ​៖ «ខ្ញុំ​ឃើញ​អ៊ីចឹង ចេះតែ​បង្ហោះ​ទៅ​តាម​រយៈ​ការ​ពិត អ្វី​ដែល​ខ្ញុំ​ឃើញ ខ្ញុំ​តែង​លើក​យក​មក​និយាយ។ ខ្ញុំ​ក៏​ព្រួយ​បារម្ភ​ដែរ ហើយ​ឃើញ​អ៊ីចឹង ខ្ញុំ​ក៏​មាន​អារម្មណ៍​សោកស្ដាយ​ដែរ ព្រោះ​ខ្ញុំ​ជា​កូនខ្មែរ​មួយ​ខ្ញុំ​ក៏​សោកស្ដាយ​ដែរ»

ការ​គំរាមកំហែង​របស់​អាជ្ញាធរ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​យុវតី វ៉ែន ស៊ាងឡៃ កាល​​ពី​​ថ្ងៃ​ទី​១១ ធ្នូ បាន​បង្ហោះ​សារ​ជា​សំណេរ​រិះគន់ នៅ​លើ​ហ្វេសប៊ុក ដោយ​ប្រៀបធៀប​ករណី​ជន​អន្តោប្រវេសន៍​វៀតណាម អាច​ឆ្លងដែន​ចូល​មក​កម្ពុជា​ដោយ​ងាយ​ស្រួល ដែល​ខុស​ពី​ប្រជាពលរដ្ឋ​ខ្មែរ ឆ្លង​ដែន​ចូល​ទឹកដី​វៀតណាម ដោយមាន​ភាព​ពិបាក។ ទន្ទឹមគ្នា​នេះ កញ្ញា​ក៏បាន​លើក​ឡើង​អំពី​ក្ដី​បារម្ភ​ ចំពោះ​បូរណភាពទឹកដី​កម្ពុជា ​ផង​ដែរ។

សំណេរ​របស់​យុវតី​រូប​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ និង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​ថា ជា​ក្មេង​ស្រី​ដែល​មាន​មនសិការ ខ្វល់ខ្វល់​ពី​សង្គមជាតិ បូរណភាពទឹកដី និង ​ហ៊ាន​ចេញមុខ​និយាយ​​រិះគន់​បញ្ហា​សង្គម។

ការព្រមាន​ទៅ​លើ​យុវតី​រូប​នេះ កើត​មាន​ឡើង​មិន​យូរ​ប៉ុន្មាន​ឡើយ ក្រោយ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ បាន​ឡោមព័ទ្ធ​ចាប់​ខ្លួន លោក កង សារ៉ន ដាក់​ពន្ធនាគារ​ចំនួន ៣ឆ្នាំ កាល​​ពី​​ថ្ងៃ​​ទី ២៥ វិច្ឆិកា បន្ទាប់​ពី​លោក​​​និយាយ​អំពី​បញ្ហា​កំណើន​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត កាល​​ពី​​ខែ​កក្កដា ឆ្នាំ​២០២៣ ថា នៅ​ពេល​គណបក្ស​ប្រជាជន​ជាប់​ឆ្នោត នឹង​ដេញ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ដែល​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដែរ​ឬ​ទេ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រែក លោក ទ្រី ថេត និង​មេឃុំ​ក្រែក លោក វង វ៉ាន់ស៊ាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៥ ធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

ទាក់ទិន​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ (Licadho) លោក អំ សំអាត មាន​​ប្រសាសន៍​ថា លោក​បាន​ទទួល​​​​​​​​​​​​​​​​​​​ការ​ស្នើសុំ​គាំពារ​ច្បាប់ ពី​យុវតី វ៉ែន ស៊ាងឡៃ រួចហើយ ក្រោយ​ពី​យុវតី​រូប​នេះ​អះ​អាង​ថា មាន​អាជ្ញាធរ​មក​គំរាម​​​​​​​​​​​​​កំហែង។ លោក អំ សំអាត លើក​ឡើង​ថា ការ​រៀបរាប់​របស់​យុវតី វ៉ែន ស៊ាងឡៃ នៅ​លើ​បណ្ដាញ​សង្គម​នេះ គឺ​ជា​សិទ្ធិ​សេរី​បញ្ចេញ​មតិ និង​មិនមែន​ជា​ការ​ញុះញង់ ឬ​បទល្មើស​អ្វី​ឡើយ។

លោក អំ សំអាត​៖ «អ៊ីចឹង​បញ្ហា​នេះ​សូម​ឱ្យ​ពិនិត្យ និង​ពិចារណា​ថា អ្វី​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ អ្វី​ជា​បទ​ល្មើស ដើម្បី​កុំ​ឱ្យ​មានការ​រំលោភ​បំពាន លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហ្នឹង»

យុវតី វ៉ែន ស៊ាងឡៃ អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ជីពាំង ឃុំ​ក្រែក ស្រុក​​ពញាក្រែក ខេត្ត​​ត្បូងឃ្មុំ ដែល​​មាន​ម្ដាយ​​ជា​​ស្ត្រី​មេម៉ាយ គឺ​​លោកស្រី គង់ មុំ និង​បងប្រុស​ម្នាក់។ ដោយសារតែ​ជីវភាព​ក្រីក្រ យុវតី វ៉ែន ស៊ាងឡៃ បាន​បោះបង់​ការ​សិក្សា ត្រឹម​​ថ្នាក់​​ទី​៩។

យុវតី វ៉ែន ស៊ាងឡៃ ចាត់​ទុក​ការ​គំរាមកំហែង​ពី​អាជ្ញាធរ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរី​ពលរដ្ឋ​ ក្នុង​ការ​បញ្ចេញ​មតិ។ ទោះ​​ជា​យ៉ាង​ណា​ក្ដី កញ្ញា​ប្រាប់​ថា ការ​គំរាម​កំហែង​នេះ មិន​អាច​បញ្ឈប់​កញ្ញា​មិន​ឱ្យ​និយាយ​ពី​បញ្ហា​សង្គម​បាន​ឡើយ៕

យុវតី វ៉ែន ស៊ាងឡៃ រស់នៅ​ភូមិ​ជីពាំង ឃុំ​ក្រែក ស្រុក​​ពញាក្រែក ខេត្ត​​ត្បូងឃ្មុំ។
យុវតី វ៉ែន ស៊ាងឡៃ រស់នៅ​ភូមិ​ជីពាំង ឃុំ​ក្រែក ស្រុក​​ពញាក្រែក ខេត្ត​​ត្បូងឃ្មុំ។
រូបថត​លោក កង សារ៉ន ជាមួយម្តាយ និងកូនស្រី រស់នៅ​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ។
រូបថត​លោក កង សារ៉ន ជាមួយម្តាយ និងកូនស្រី រស់នៅ​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ។