វិទ្យុអាស៊ីសេរី RFA /ដោយអ្នកស្រី សុជីវី
18-12-2023

តំណាង​ប្រជា​សហគមន៍​មាន​ជម្លោះដីធ្លី​ លើកឡើង​ថា ពួកគេ​មិនដែល​ទទួល​បាន​ជំនួយ​សប្បុរសធម៌​ពី​ កាកបាទ​ក្រហមកម្ពុជា ដែល​ដឹកនាំ​ដោយ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នោះ​ឡើយ។ អ្នកឃ្លាំមើល​កម្ពុជា​ លើក​ឡើង​ថា ដរាបណា​អ្នកស្រី ប៊ុន រ៉ានី នៅតែ​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា នោះ​ស្ថាប័ន​សប្បុរសធម៌​មួយ​នេះ នឹង​មិន​អាច​ធ្វើ​ការ​ដោយ​តម្លាភាព​នោះ​ទេ។

តំណាង​ប្រជា​សហគមន៍​មាន​ជម្លោះដីធ្លី​ ស្នើ​ឱ្យ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជា​ម្ដាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរ​ចែក​អំណោយ​សប្បុរសធម៌ ​ឱ្យ​មាន​តម្លាភាព និង ​មិន​គួរ​បន្ត​រើសអើង​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ជា​សកម្មជន​ដីធ្លី​នោះ​ឡើយ។

តំណាង​សហគមន៍​ដីធ្លី ​នៅ​តំបន់​បឹង​តាមោក ភូមិ​សំរោងត្បូង លោកស្រី ប្រាក់ សុភា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ថា សកម្មជន​ដីធ្លី​បឹង​តាមោក មិនដែល​ទទួល​បាន​អំណោយ​ពី ​កាកបាទ​ក្រហមកម្ពុជា​ ម្ដងណា​ឡើយ តាំងពី​អាជ្ញាធរ ​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ដោះដូរ​ដីធ្លី​មក​។ លោកស្រី​បន្ត​ថា ការ​ចែក​អំណោយ​របស់​កាកបាទក្រហម ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព​នោះ​ទេ ព្រោះ​កន្លង​ទៅ បើ​ទោះបីជា​សមាជិក​របស់​សហគមន៍​ដីធ្លី​ បឹង​តា​មោក​ ទាម​ទារ​ឱ្យ​មាន​សំណង​សមរម្យ ឬ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​យ៉ាងណាក្ដី ក៏​លោកស្រី​មិនដែល​ឃើញ​មន្ត្រី​កាកបាទ​ក្រហម ចុះ​ចែក​អំណោយ ឬ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ម្ដងណា​ឡើយ។

លោកស្រី ប្រាក់ សុភា​៖ «ព័ត៌មាន​ឡាយ​របស់​តារា​ល្បី​គាត់​ឮ បើ​សកម្មជន​បឹង​តា​មោក​វិញ​ គឺ​​នាយករដ្ឋមន្ត្រី ក៏​ដូចជា​​ប្រធាន​កាកបាទក្រហម ប៊ុន រ៉ានី និង​លោក ហ៊ុន ម៉ាណែត ហ្នឹង គាត់​អត់​ឃើញ​ព័ត៌មាន​យើង ព្រោះ​យើង​ជា​ជនរងគ្រោះ មិនមែន​ល្បី​ដូច​តារា​អនឡាញ អ៊ីចឹង​ ខ្ញុំ​សូម​បញ្ជាក់​ក្នុង​នាម​ខ្ញុំ​ប្រធាន​សហគមន៍​បឹង​តាមោក​ថ្មី ខ្ញុំ​សូម​បដិសេធ​ថា ខ្ញុំ​មិនដែល​ទទួល​បាន​ពី​លោកជំទាវ ប៊ុន រ៉ានី សូម្បីតែ​កន្លះ​ដង ខ្ញុំ​សូម​បញ្ជាក់​អ៊ីចឹង»។

ស្រដៀង​គ្នា​នេះ​ដែរ តំណាង​សហគមន៍​ដីធ្លី​១៩៧ ឃុំ​ជីខលើ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង គឺ​លោកស្រី ដេត ហួរ លើកឡើង​ថា តាំង​ពី​សហគមន៍​របស់​លោក​ស្រី​ មាន​ទំនាស់​ដីធ្លី​ជាមួយនឹង​ឧកញ៉ា ហេង ហ៊ុយ ក្នុង​អំឡុង​ឆ្នាំ​២០០៧ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មិនដែល​ទទួល​បាន​អំណោយ​ ពី​កាកបាទ​ក្រហមកម្ពុជា ​នោះ​ទេ​។ លោកស្រី​បន្ត​ថា កន្លងមក ​បើ​ទោះ​បី​ជា​មានការ​ចែក​អំណោយ​ក្ដី ក៏​ប្រជាពលរដ្ឋ​ក្រីក្រ​ពិបាក​ពិតប្រាកដ​មួយចំនួន​ ក្នុង​ឃុំ​របស់​លោកស្រី មិន​ទទួល​បាន​អំណោយ​នោះ​ទេ ព្រោះ​អ្នក​ដែល​មាន​ឈ្មោះ​ទទួល​អំណោយ​ភាគច្រើន គឺជា​សាច់ញាតិ និង​សមាជិក​របស់​គណបក្ស​កាន់អំណាច​ តែប៉ុណ្ណោះ។

លោកស្រី ដេត ហួរ​៖ «ដូច​សព្វថ្ងៃ​ប្រជាពលរដ្ឋ​រងគ្រោះ​ពិតប្រាកដ បែរជា​អត់​មាន​អំណោយ បែរ​ជា​នៅតែ​ក្រីក្រ អ៊ីចឹង ​សុំ​ឱ្យ​លោកជំទាវ ចាត់ចែង​មន្ត្រី​ដែល​ស្មោះត្រង់​ល្អ ផ្ដល់​អំណោយ​មកដល់​ប្រជាពលរដ្ឋ​ពិតប្រាកដ រង​គ្រោះ​​ពិត​ប្រាកដ ហើយ​សុំ​កុំឱ្យ​រើសអើង ប្រកាន់​បក្ខពួក​និយម ជាពិសេស​ កុំឱ្យ​ចោទប្រកាន់​ទៅលើ​សកម្មជន​ដីធ្លី ការពារ​ដីធ្លី​ដូច​ពួក​ខ្ញុំ​អ៊ីចឹង ចោទប្រកាន់​សុទ្ធតែ​បក្ស​នេះ​បក្ស​នោះ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាក់ស្ដែង ​គឺជា​ប្រជាពលរដ្ឋ​របស់​សម្ដេច»។

ការ​លើកឡើង​របស់​តំណាង​ប្រជា​សហគមន៍​ដីធ្លី​បែបនេះ ធ្វើឡើង​បន្ទាប់ពី​អង្គ​មហាសន្និបាត​កាកបាទ​ក្រហម​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែធ្នូ បាន​បោះឆ្នោត​ឱ្យ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ធ្វើជា​ប្រធាន​ស្ថាប័ន​សប្បុរសធម៌​មួយ​នេះ​ បន្ត​ទៀត​នៅ​អាណត្តិ​ទី​៧។ ទោះបីជា​​កាកបាទក្រហម​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​កាកបាទ​ក្រហម​អន្តរជាតិ បំពេញ​ការងារ​សប្បុរស​ធម៌ ជួយ​ដល់​រងគ្រោះ​ក្ដី តែ​ស្ថាប័ន​មួយ​នេះ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ធ្វើការ​ដើម្បី​បម្រើ​ទៅដល់ ​គណបក្ស​ប្រជាជន​កម្ពុជា និង ​ក្រុម​ឧកញ៉ា​ដែល​រំលោភបំពាន​ដីធ្លី​ របស់​ប្រជាពលរដ្ឋ​ទៅវិញ​ទេ​។ ជាក់ស្ដែង បុគ្គល​ដែល​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​ រឿង​បំផ្លាញ​ធនធាន​ធម្មជាតិ និង​បណ្ដេញ​អ្នកក្រ​យក​ដី ដូចជា​នៅ​តំបន់​បឹងកក់ ​ជាដើម គឺ​អ្នកស្រី ជឹង សុភាព ដែល​ជា​ដៃគូ​ជំនួញ​របស់​អ្នកស្រី ប៊ុន រ៉ានី ក៏​មាន​តួនាទី​ជា​អនុ​ប្រធាន​​កាកបាទក្រហមកម្ពុជា​ ផង​ដែរ​។ បន្ថែម​ពី​នេះ អ្នក​បរិច្ចាគ​ប្រាក់ឧបត្ថម្ភ​កាកបាទក្រហមកម្ពុជា​ក្នុង​ចំនួន​រាប់​សិប​ម៉ឺន​ដុល្លារ​ភាគច្រើន ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ក្រុម​ឧកញ៉ា និង​ឈ្មួញ​ទុច្ចរិត ​ដែល​រកស៊ី​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ ពី​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា ​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត មាន​ប្រសាសន៍​​ថា ដរាបណា​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នៅតែ​កាន់​តួនាទី​ជា​ប្រធាន​​ស្ថាប័ន នោះ​កាកបាទ​ក្រហម​កម្ពុជា​ នឹង​មិន​អាច​ធ្វើ​ការ​ប្រកប​ដោយ​តម្លាភាព​បាន​ឡើយ។

លោក ម៉ែន ណាត​​៖ «ខ្ញុំ​មិន​សង្ឃឹម​ថា កាកបាទក្រហម​របស់​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន សែន ហ្នឹង អាច​ធ្វើ​ការងារ​ល្អ​ តាម​បំណង​របស់​ប្រជាពលរដ្ឋ​បានទេ សំណូមពរ​ខ្ញុំ​មានតែ​មួយ​ទេ វា​ទាល់តែ​អត់​មាន​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំ ហើយ​ប្រកាស​ជ្រើសរើស​បេក្ខជន​ដែល​មក​ដឹកនាំ​ហ្នឹង ជា​មនុស្ស​ឯករាជ្យ​ពី​ណា​មក​ផ្សេង​ អាច​មក​ដឹកនាំ​កន្លែង​ហ្នឹង​បាន ហើយ​ជម្រុះ​ចោល​ពួក​អ្នកដឹកនាំ​ខិលខូច ​ក្នុង​ជួរ​កាកបាទក្រហម​ហ្នឹង ​បាន​អាច​ទៅ​រួច»។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​លើកឡើង​ថា ដោយសារតែ​អ្នកស្រី ប៊ុន រ៉ានី តែងតាំង​ថ្នាក់ដឹកនាំ​កាកបាទ​ក្រហម​​ភាគ​ច្រើន គឺជា​មន្ត្រីជាន់ខ្ពស់​រប​ស់​​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ស្ថាប័ន​មួយ​នេះ ធ្វើការ​សប្បុរសធម៌​បម្រើ​តែ​បក្ខពួក​គណបក្សកាន់អំណាច​តែប៉ុណ្ណោះ​។ បន្ថែម​ពី​នេះ អ្នកវិភាគ​ថា ដោយសារ​កាកបាទ​ក្រហម​ ទទួល​យក​ការឧបត្ថម្ភ​ដោយ​មិន​ខ្វល់​ពី​ប្រភព​ថវិកា​ល្អ ឬ​អាក្រក់​ផង​នោះ ដូច្នេះ​ស្ថាប័ន​មួយ​នេះ ​ក៏បាន​ក្លាយទៅជា​ខែល​ការពារ​ឈ្មួញ​រកស៊ី​ទុច្ចរិត ដែល​បាន​បរិច្ចាគ​ថវិកា​ ជួយ​កាកបាទក្រហមកម្ពុជា​ដែរ៕

រូបថតលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងលោក ម៉ែន ណាត
រូបថតលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងលោក ម៉ែន ណាត