The Cambodia Daily
19-12-2023
អ្នកឃ្លាំមើល ជំរុញឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត ពិនិត្យលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាមិនប្រក្រតីនានាឡើងវិញ ដើម្បីស្វែងរកផលប្រយោជន៍ជាតិខ្មែរ ជាពិសេសកិច្ចព្រមព្រៀងស្ដីពីព្រំដែន ជាដើម។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែធ្នូ នេះថា ការតាំងចិត្តរបស់លោក ហ៊ុន ម៉ាណែត ក្នុងការដឹកនាំស្វែងរកប្រយោជន៍របស់ជាតិខ្មែរ គឺជារឿងគួរឱ្យអបអរសាទរ ប៉ុន្តែការអនុវត្ត ត្រូវតែធ្វើឡើងដោយប្រើច្បាប់ជាតិ និងច្បាប់អន្តរជាតិរបស់ខ្លួន មិនមែនគ្រាន់តែធ្វើឡើងតាមការសម្រេចចិត្ត របស់មេដឹកនាំតែម្យ៉ាងនោះទេ ព្រោះថាពាក់ព័ន្ធនឹងប្រយោជន៍ជាតិ ដូចជា រឿងទឹកដី ជាដើម គឺត្រូវតែអនុវត្តទៅតាមច្បាប់ជាធរមាន។
លោក សេក សុជាតិ លើកឡើងថា ការចុះកិច្ចព្រមព្រៀងនានា ជាពិសេសរឿងព្រំដែន រដ្ឋាភិបាលកម្ពុជា គួរពិនិត្យលើខ្លឹមសារដែលមានចែងក្នុង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីធានាថា ការចរចារបស់ខ្លួន ជាមួយរដ្ឋាភិបាលប្រទេសជិតខាង ដូចជាវៀតណាម ជាដើម គឺពិតជាត្រឹមត្រូវ តាមខ្លឹមសារនៃសន្ធិសញ្ញាអន្តរជាតិនេះ។ ជាងនេះទៀត ក៏ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមានទំនុកចិត្ត លើការដឹកនាំរកការចរចារឿងព្រំដែននេះដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះ បញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាកិច្ចសន្យាអន្តរជាតិសំខាន់បំផុត ក្នុងការប្រើ ដើម្បីឱ្យការចរចាជាមួយបរទេសជិតខាង ជាពិសេសការកំណត់ព្រំដែន ដើម្បីរក្សាអធិបតេយ្យជាតិរបស់ខ្លួន។ ជាងនេះទៀត ក៏ដើម្បីការពារ ពីការតវ៉ាក្នុងចេតនាកេងចំណេញពីភាគីម្ខាងទៀតផងដែរ ដែលអាចឱ្យកម្ពុជា រក្សាកុំឱ្យកើតមានជម្លោះផង និងធានានូវសុក្រឹតភាពនៃការចរចានេះថែមទៀត។
ក្នុងពិធីជួបជាមួយពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន កាលពីចុងសប្តាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាចរចាបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម ដែលនៅសល់ ១៦% ទៀត ឱ្យបានត្រឹមត្រូវបំផុត ដោយសុំឱ្យពលរដ្ឋខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុក ជឿជាក់លើរូបលោក ក្នុងការដឹកនាំរកផលប្រយោជន៍ ឱ្យប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម នៅសល់តែ ១៦% ទៀតប៉ុណ្ណោះ ដូច្នេះរដ្ឋាភិបាលថ្មីរបស់លោក នឹងបន្តដោះស្រាយបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត បន្ថែមថា ការចរចារឿងបោះបង្គោលព្រំដែន គឺជារឿងដែលពិបាកបំផុត ព្រោះថា ក្រុមការងារដែលធ្វើកិច្ចការនេះ ធ្លាប់អត់បាយអត់ទឹក ក្នុងការចរចាជាមួយភាគីវៀតណាម ព្រោះតែដើម្បីផលប្រយោជន៍ជាតិ។
កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤ បង្គោលរួចរាល់ហើយ ដែលស្មើនឹង ៨៤% ខណៈ ១៦% ទៀត កំពុងចរចាគ្នានៅឡើយ ប៉ុន្តែភាគីវៀតណាម តែងតែជំរុញឱ្យលោក ហ៊ុន សែន ឯកភាពគ្នា ក្នុងការបោះបង្គោល ១៦% នេះឱ្យបានឆាប់រហ័ស។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក និងលោក ហ៊ុន សែន បានចុះហត្ថលេខារួមគ្នា ទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរ ដែលសម្រេចបានចំនួន ៨៤% ខណៈបង្គោលដែលនៅសល់ ១៦% ទៀត កំពុងស្ថិតនៅជាចំណុច ដែលមិនទាន់ឯកភាពគ្នានៅឡើយ។
ក្រៅពីការឯកភាពគ្នា ក្នុងការបោះបង្គោលព្រំដែន លោក ហ៊ុន សែន ក៏បានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលវៀតណាម ថា នឹងពន្លឿននីតិវិធី ដើម្បីផ្លាស់ប្ដូរលិខិតុបករណ៍លើការផ្តល់សច្ចាប័ន នៃការផ្តល់សន្ធិសញ្ញាបំពេញបន្ថែមនានា ផងដែរ ក្នុងនោះ នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់បន្ថែមថា ការផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែន រវាងកម្ពុជា-វៀតណាម ជាកិច្ចការចាំបាច់បំផុត ដែលប្រទេសទាំងពីរ ត្រូវតែសម្រេចឱ្យបាន។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែតុលា ឆ្នាំ២០២១ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ធ្លាប់បានអះអាងថា កម្ពុជា និងវៀតណាម បានអបអរសាទរលើពិធីផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែមទៅលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ{ឆ្នាំ១៩៨៥} ពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោក ពិធីសារផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម ខ្នាត ១/២៥០០០ ដើម្បីស្វែងរកដំណោះស្រាយ អាចទទួលយកបាន ចំពោះខ្សែបន្ទាត់ព្រំដែន ដែលនៅសេសសល់ប្រមាណ ១៦% ទៀត។
ក្រុមអ្នកសង្កេតការណ៍ ព្រមានថា កម្ពុជានឹងត្រូវរលាយបាត់ពីផែនទីពិភពលោក ទៅថ្ងៃអនាគត ត្បិតកម្ពុជា មិនត្រឹមតែរងនូវវិបត្តិខ្សែព្រំដែន មិនរឹងមាំប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងការបាត់ប្រទេសទាំងមូល ថែមទៀត ដោយសារតែគេមើលឃើញថា មេដឹកនាំបក្សប្រជាជនកម្ពុជា តែងតែធ្វើតាមសំណើរបស់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម រហូតមក រាល់ពេលដែលមេដឹកនាំវៀតណាម ដាក់សំណើផ្សេងៗ ដូចជា រឿងព្រំដែន រឿងជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ និង ការកែប្រែផែនទីបោន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញខ្នាត ១ លើ ១០០ពាន់ មកជាផែនទី ខ្នាត ១ លើ ២៥ពាន់ សម្រាប់កំណត់ព្រំដែនជាមួយវៀតណាម ជាដើម៕