The Cambodia Daily
21-12-2023
ក្រុមអ្នកវិភាគ លើកឡើងថា អាថ៌កំបាំងជាច្រើននៅពីក្រោយគម្រោងព្រែកជីកហ្វូណន រវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាមួយរដ្ឋាភិបាលកុម្មុយនីស្តចិន និងរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ក្រោយពីលោក ហ៊ុន សែន ព្យាយាមយកគម្រោងព្រែកជីកនេះ ទៅភ្ជាប់ជាមួយចិន ដើម្បីឱ្យចិន ជួយការពារអំណាចក្នុងវង្សត្រកូលរបស់ខ្លួន ពីការគំរាមកំហែងរបស់វៀតណាម។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៩ ធ្នូ នេះថា ភាគីទាំង៣ គឺវង្សត្រកូលហ៊ុន វៀតណាម និងចិន កំពុងយកប្រទេសកម្ពុជា ដាក់លើជ្រញ់អង្កន់យកផលប្រយោជន៍រៀងខ្លួន ក្នុងនោះ គ្រួសាររបស់លោក ហ៊ុន សែន គិតគូរតែពីពង្រឹងអំណាច ខណៈវៀតណាម គិតគូរតែពីការឈ្លានពានទឹកដីខ្មែរ ស្របពេលដែលចិន គិតគូរតែពីផលប្រយោជន៍ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ ដែលគេត្រូវការកម្ពុជាជាកូនអុក ប៉ុណ្ណោះ។
លោក គឹម សុខ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា អនុវត្តសាងសង់គម្រោងព្រែកជីកហ្វូណន ដោយលុយខ្លួនឯង មិនខ្ចីលុយពីរដ្ឋាភិបាលកុម្មុយនីស្តចិន និងមិនដោះដូរដោយការសម្បទានអ្វីមួយ ជាមួយរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ពិតជាផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់កម្ពុជា ប៉ុន្តែនៅពេលដែលគម្រោងព្រែកជីកនេះ ត្រូវបានធ្លាក់ទៅក្នុងបំណុលចិន និងការចរចាដោយដូរជាមួយរដ្ឋាភិបាលកុម្មុយនីស្តវៀតណាមបែបនេះ កម្ពុជានឹងក្លាយជាទីលានប្រកួតរវាងចិន និងវៀតណាម ទៅវិញ ដែលនេះ គឺបាបគ្រោះសម្រាប់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អ្នកវិភាគរូបនេះ អះអាងថា ដើម្បីចៀសវាងនូវការប៉ះទង្គិចជាមួយវៀតណាម លោក ហ៊ុន ម៉ាណែត បានសម្បទានតាមការទាមទាររបស់វៀតណាម ជាច្រើន ដូចជា ការបោះបង្គោលព្រំដែនដែលនៅសល់ ១៦%, ការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនជាតិវៀតណាម រាប់សិបម៉ឺននាក់, ការបើកឱ្យដំណើរការភាសាវៀតណាម នៅតាមសាកលវិទ្យាល័យរបស់កម្ពុជា, ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ឈ្មួញវៀតណាម រយៈពេលរាប់សិបឆ្នាំ និងការបន្តដាក់ខេត្តខ្មែរ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ជាដើម ដែលនេះគឺជាគ្រោះថ្នាក់បាត់ប្រទេសជាតិ ដ៏គួរឱ្យតក់ស្លុតទៅថ្ងៃមុខ។
លោក គឹម សុខ បញ្ជាក់ថា ក្រៅពីបញ្ហាជាមួយវៀតណាម កម្ពុជាក៏នឹងជាប់អន្ទាក់ជាមួយចិន ដែរ ជុំវិញបំណុលដែលយកមកសាងសង់ព្រែកជីកនេះ ដូចជា អន្ទាក់ភូមិសាស្ត្រនយោបាយ និងអន្ទាក់សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ចិន ជាដើម ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលវៀតណាម ព្រួយបារម្ភពីបញ្ហាទាំងនេះយ៉ាងខ្លាំង ខណៈកម្ពុជា ក៏នឹងរងនូវការបាត់បង់អធិបតេយ្យជាតិ ក្រោមការចុះកិច្ចព្រមព្រៀងនានាមិនឯករាជ្យ ដែលនឹងបម្រើផលប្រយោជន៍ឱ្យចិនទៅថ្ងៃមុខថែមទៀត ដោយសារតែបំណុលទាំងនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំវៀតណាម បានជជីកសួរនាយករដ្ឋមន្ត្រីរបស់កម្ពុជា អំពីគម្រោងសាងសង់ព្រែកជីកហ្វូណន ដែលកម្ពុជាគ្រោងនឹងចាប់ផ្តើមសាងសង់ នៅឆ្នាំក្រោយនេះ។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម លោក ហ៊ុន ម៉ាណែត ត្រូវបានមេដឹកនាំវៀតណាម ជជីកសួរដេញដោលពីគម្រោងសាងសង់ព្រែកជីកហ្វូណន ដែលកម្ពុជាគ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ ខាងមុខនេះ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានអះអាងថា លោកបានប្រាប់ភាគីវៀតណាម រួចហើយថា គម្រោងនេះ មិនបង្កផលប៉ះពាល់ដល់វៀតណាម ឬលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទេ ជាពិសេសនៅតែអាចរក្សាបាននូវបរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិ សម្រាប់ជីវចម្រុះក្នុងទន្លេមេគង្គដដែល។
គម្រោង «ព្រែកជីកហ្វូណន» ចាប់ផ្តើមពីព្រែកតាកែវ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ដែលចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានអនុម័តឱ្យសាងសង់គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដោយដាក់ឈ្មោះថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ១៧០០លានដុល្លារអាម៉េរិក ប៉ុន្តែថវិកាសាងសង់នេះ គឺរដ្ឋាភិបាលកម្ពុជា រំពឹងលើការខ្ចីលុយចិនទាំងស្រុង ដែលត្រូវចំណាយពេលសាងសង់ប្រមាណ ៤ឆ្នាំ។
ជុំវិញបញ្ហានេះ កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានសម្រេចប្រគល់គម្រោងព្រែកជីកហ្វូណននេះឱ្យក្រុមហ៊ុនចិន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) សិក្សាលម្អិតហើយ មុននឹងឈានដល់ការចរចាលើកិច្ចព្រមព្រៀងសាងសង់ នៅឆ្នាំ២០២៤ ខាងមុខនេះ។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ការអភិវឌ្ឍក្រោមកម្ចីចិន កម្ពុជាមិនអាចធ្វើជាម្ចាស់គ្រប់គ្រងលើសមិទ្ធផលលើទឹកដីរបស់ខ្លួនបានទេ។ ជាក់ស្តែង ផ្លូវល្បឿនលឿនភ្នំពេញ ទៅខេត្តព្រះសីហនុ ក៏ប្រគល់ឱ្យចិន គ្រប់គ្រង ព្រលានយន្តហោះថ្មី ខេត្តសៀមរាប ក៏ប្រគល់ឱ្យចិន គ្រប់គ្រង ៥៥ឆ្នាំ ខណៈព្រែកជីកហ្វូណននេះ ក៏គេរំពឹងថា ចិននឹងគ្រប់គ្រងក្នុងរយៈពេលយូរឆ្នាំបន្តទៀតដែរ ខណៈប្រយោជន៍ទាំងនេះ នឹងត្រូវចិន ប្រមូលយកគ្មានសល់ ពីទឹកដីខ្មែរឡើយ។
ទាក់ទិននឹងបញ្ហានេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់បានលើកឡើងថា ចិនតែងប្រើពាក្យមួយឃ្លាក្នុងការបង្កើតទំនាក់ទំនង ជាមួយប្រទេសជិតខាងថា គ្មានមិត្ត ហើយក៏គ្មានសត្រូវដែរ គឺមានតែប្រយោជន៍ប៉ុណ្ណោះ៕
