អត្ថបទ The Cambodia Daily
24-12-2023
នាយករដ្ឋមន្ត្រីខ្មែរស្ថិតក្រោមអំណាចឪពុក លោក ហ៊ុន ម៉ាណែត បដិសេធថា គម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលគ្រោងនឹងចាប់ផ្តើមសាងសង់ នៅឆ្នាំក្រោយនេះ គ្មានអាថ៌កំបាំងអ្វីទេ ក្រៅតែពីពង្រីកសក្ដានុពលសេដ្ឋកិច្ចជាតិ និងជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែធូរធារនោះ។
នាយករដ្ឋមន្ត្រីបន្តពូជក្នុងត្រកូលក្រាញអំណាច លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះថា ការសាងសង់ព្រែកជីកហ្វូណន-តេជោ នេះ គ្មានអ្វីត្រូវលាក់លៀមទេ ព្រោះការធ្វើព្រែកជីក តភ្ជាប់ពីទន្លេ ទៅកាន់សមុទ្រ រួមជាមួយការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ សព្វថ្ងៃនេះ គ្មានការលាក់លៀមអ្វីទាំងអស់។
លោក ហ៊ុន ម៉ាណែត បញ្ជក់ថា គម្រោងព្រែកជីកនេះ មានគោលដៅដ៏ចម្បង ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើន និងដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជា កាន់តែរីកចម្រើន និងធូរធារប៉ុណ្ណោះ ហើយនេះគឺជាកិច្ចការសំខាន់បំផុតរបស់រដ្ឋាភិបាល ដែលត្រូវធ្វើ ដើម្បីសេដ្ឋកិច្ចជាតិ និងប្រជាជន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ជាច្រើន ជុំវិញគម្រោងសាងសង់ព្រែកជីកហ្វូណននេះ បន្ទាប់ពីមេដឹកនាំវៀតណាម បានទាមទារឱ្យលោក ហ៊ុន ម៉ាណែត បកស្រាយឱ្យបានច្បាស់លាស់ពី គម្រោងព្រែកជីកហ្វូណន កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម លោក ហ៊ុន ម៉ាណែត ត្រូវបានមេដឹកនាំវៀតណាម ជជីកសួរដេញដោលពីគម្រោងសាងសង់ព្រែកជីកហ្វូណន ដែលកម្ពុជាគ្រោងនឹងបើកការដ្ឋានសាងសង់នៅ ឆ្នាំ២០២៤ ខាងមុខនេះ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានអះអាងថា លោកបានប្រាប់ភាគីវៀតណាម រួចហើយថា គម្រោងនេះមិនបង្កផលប៉ះពាល់ដល់វៀតណាម ឬលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទេ ជាពិសេសនៅតែអាចរក្សាបាននូវ បរិស្ថានអេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវចម្រុះ ក្នុងទន្លេមេគង្គដដែល។
គម្រោងផ្លូវនាវាចរណ៍ ដែលហៅថា «ព្រែកជីកហ្វូណន-តេជោ» គឺជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative ឬ BRI) របស់រដ្ឋាភិបាលចិន ដែលកម្ពុជាគ្រោងនឹងសាងសង់ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ១៧០០លានដុល្លារអាមេរិក។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះថា មានអាថ៌កំបាំងជាច្រើន នៅពីក្រោយគម្រោងព្រែកជីកហ្វូណន រវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាមួយរដ្ឋាភិបាលកុម្មុយនីស្តចិន និងរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ក្រោយពីលោក ហ៊ុន សែន ព្យាយាមយកគម្រោងព្រែកជីកនេះ ទៅភ្ជាប់ជាមួយគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន ដើម្បីឱ្យចិន ជួយការពារអំណាចក្នុងវង្សត្រកូលរបស់ខ្លួន ពីការគំរាមកំហែងរបស់វៀតណាម នោះ។
លោក គឹម សុខ លើកឡើងថា ភាគីទាំងបី គឺវង្សត្រកូល ហ៊ុន, វៀតណាម និងចិន កំពុងយកប្រទេសកម្ពុជា ដាក់លើជ្រញ់អង្កន់យកផលប្រយោជន៍រៀងៗខ្លួន ក្នុងនោះ គ្រួសារលោក ហ៊ុន សែន គិតគូរតែពីពង្រឹងអំណាច ខណៈវៀតណាម គិតគូរតែពីការឈ្លានពានចូលទឹកដីខ្មែរ ស្របពេលដែលចិន គិតគូរតែពីផលប្រយោជន៍ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលគេត្រូវការកម្ពុជា ជាកូនអុក ទៅថ្ងៃមុខ។
លោក គឹម សុខ ដាក់ការសង្ស័យថា ដើម្បីចៀសវាងនូវការប៉ះទង្គិច ជាមួយវៀតណាម ចំពោះគម្រោងព្រែកជីកនេះ លោក ហ៊ុន ម៉ាណែត បានសម្បទានតាមការទាមទាររបស់វៀតណាមជាច្រើន ដូចជា ការបោះបង្គោលព្រំដែនដែលនៅសល់ ១៦% តាមការទាមទាររបស់វៀតណាម, ការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនជាតិវៀតណាម រាប់សិនម៉ឺននាក់ ជាដើម។
ជាងនេះទៀត ក៏មានការបើកឱ្យដំណើរការភាសាវៀតណាម នៅតាមសាកលវិទ្យាល័យរបស់កម្ពុជា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ឈ្មួញវៀតណាម រយៈពេលរាប់សិបឆ្នាំ និង ការបន្តដាក់ខេត្តខ្មែរ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ជាដើម ដែលនេះគឺជាគ្រោះថ្នាក់ ដែលកំពុងរុញច្រានឱ្យបាត់ប្រទេសខ្មែរ ដ៏គួរឱ្យតក់ស្លុតទៅថ្ងៃមុខ។
អ្នកវិភាគរូបនេះ បញ្ជាក់ថា ក្រៅពីបញ្ហាជាមួយវៀតណាម កម្ពុជាក៏នឹងជាប់អន្ទាក់ជាមួយចិន ដែរ ជុំវិញបំណុលដែលយកមកសាងសង់ព្រែកជីកនេះ ដូចជា អន្ទាក់ភូមិសាស្ត្រនយោបាយ និងអន្ទាក់សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ចិន ជាដើម ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលវៀតណាម ព្រួយបារម្ភពីបញ្ហាទាំងនេះយ៉ាងខ្លាំង ខណៈកម្ពុជា ក៏នឹងរងនូវការបាត់បង់អធិបតេយ្យជាតិ ក្រោមការចុះកិច្ចព្រមព្រៀងមិនឯករាជ្យនានា ដែលនឹងបម្រើផលប្រយោជន៍ឱ្យចិន ទៅថ្ងៃមុខថែមទៀត ដោយសារតែបំណុលទាំងនេះ។
កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ កន្លងទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់គម្រោងព្រែកជីកហ្វូណននេះ ឱ្យក្រុមហ៊ុនចិន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) សិក្សាលម្អិតហើយ មុននឹងឈានដល់ការចរចាលើកិច្ចព្រមព្រៀងសាងសង់ នៅឆ្នាំ២០២៤ ខាងមុខនេះ ដែលគេរំពឹងថាព្រែកជីកនេះ នឹងត្រូវចិន គ្រប់គ្រងដូចផ្លូវល្បឿនលឿន និងព្រលានយន្តហោះថ្មី ក្នុងខេត្តសៀមរាប ដែរ ដែលជាហេតុធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិបន្ថែមទៀត ជុំវិញគម្រោងព្រែកជីកនេះ៕
