អត្ថបទ The Cambodia Daily
22-12-2023

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​បណ្តេញ​នាយរង​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​ មន្ទីរ​ប្រឆាំង​បទ​ល្មើស​​គ្រឿងញៀន ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ បន្ទាប់ពី​រក​ឃើញ​ថា ​មន្ត្រី​រូប​នេះ​ បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​ទុក​គ្រឿងញៀន

លោក ស សុខា បាន​ចេញ​សេចក្តី​ប្រកាស​មួយ ​ស្ដីពី​ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ នៅ​ថ្ងៃទី​២១ ធ្នូ នេះ​ថា ដោយ​ផ្អែក​តាម​សំណើ​អគ្គនាយក​នៃ ​អគ្គនាយកដ្ឋាន​ធនធាន​មនុស្ស ក្រសួង​មហាផ្ទៃ​ សម្រេច​អនុវត្ត​ពិន័យ​ចំពោះ​វរសេនីយ៍ត្រី​ លោក សួន តុសិត្យ​ពិទូរ្យ ដែល​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​រដ្ឋបាល​សរុប​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចំណុះ​​អគ្គ​ស្នងការដ្ឋាន​​នគរបាល​​ជាតិ ដោយសារតែ​រក​ឃើញ​នូវ​ ការ​ប្រព្រឹត្ត​ល្មើស​វិន័យ​កម្លាំង​នគរបាល​ជាតិ។

លោក ស សុខា បញ្ជា​ឱ្យ​អគ្គលេខាធិការដ្ឋាន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាត់​ផ្ដាច់​ប្រាក់​បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ ព្រមទាំង​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ ចាប់​ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខ​នេះ​តទៅ យោង​​តាម​បទបញ្ជា ​ស្ដីពី​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ ​ឆ្នាំ​១៩៩៥។

ការ​បណ្តេញ​មន្ត្រី​នគរបាល​ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ចាប់ផ្តើម​អនុវត្ត​វិធានការ​លើ​មន្ត្រី​នគរបាល ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ លោក ទូច សុខៈ បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក សួន តុសិត្យ​ពិទូរ្យ ត្រូវ​​បាន​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ហិង្សា រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់​ ដែល​បាន​ប្រព្រឹត្ត​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៩ មក​ម្ល៉េះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ ធ្នូ នេះ​ថា ការ​​អនុវត្ត​វិធានការ​ដោយ​ការ​ដាក់​ពិន័យ​លើ​មន្ត្រី​ ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​របស់​ លោក ស សុខា នៅ​ពេល​នេះ គឺជា​គំរូ​មួយ​សម្រាប់​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ផ្សេង​ទៀត​ ដែល​គួរតែ​អនុវត្ត​តាម ព្រោះ​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​កាន់​តំណែង​តាម​សែស្រឡាយ​បក្ខពួក​ដុះ​ស្នឹម ​ក្រោម​ការ​គ្រប់គ្រង​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ភាគ​ធំ ​សព្វថ្ងៃ​នេះ សុទ្ធសឹងតែ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទាំង​ការ​ប្រើប្រាស់ និង​ការ​ចែកចាយ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រព្រឹត្ត​តាម​​បញ្ជា​អ្នក​មាន​អំណាច និង​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​ដែរ

លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ទាំងអស់​ អាច​អនុវត្ត​ច្បាប់​ដោយ​តឹងរ៉ឹង​បែប​នេះ ក៏​ជា​សញ្ញា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ​ដែល​កំពុងតែ​ញាំញី​ទៅ​ដោយ​បទល្មើស​ឧក្រិដ្ឋ​នានា ​ដែល​បណ្តាល​មកពី​ឥទ្ធិពល​​គ្រឿងញៀន​មួយ​ចំណែក​ធំ រហូត​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​តាមដាន​របស់​សហរដ្ឋ​អាមេរិក ​កន្លង​មក​នោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ បញ្ជាក់​ថា ជុំវិញ​ការ​អនុវត្ត​ច្បាប់​នេះ ប្រសិនបើ​អនុវត្ត​គ្រាន់តែ​ដើម្បី​ឱ្យ​ល្អ​មើល ដោយ​ការ​អនុវត្ត​ទៅ​លើ​តែ​មន្ត្រី​តូចតាច ប៉ុន្តែ​ជាប់​គាំង​ក្នុង​ការ​អនុវត្ត​ ទៅ​លើ​មន្ត្រី​ធំៗ​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​ខ្លួន​នោះ គឺជា​រឿង​អយុត្តិ​ធម៌​ ដែល​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់ ​ដែល​មាន​ស្តង់ដារ​ពីរ​ប៉ុណ្ណោះ ហើយ​ការ​អនុវត្ត​​ច្បាប់​បែប​នេះ មិន​អាច​លុប​បំបាត់​គ្រឿងញៀន​បាន​ទេ

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស សុខា បាន​ណែនាំ​អង្គភាព​ដែល​ចំណុះ​ឱ្យ​​ក្រសួង​​មហាផ្ទៃ រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន​ លើ​មន្ត្រី​របស់​ខ្លួន​គ្រប់​អង្គភាព​ថា ចំពោះ​អ្នក​ដែល​មាន​តួនាទី​​ភារកិច្ច​​ជា​កង​កម្លាំង​​ប្រដាប់​អាវុធ បើសិន​មាន​ការ​ស្រាវជ្រាវ​រក​ឃើញ​ ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រើ​​ប្រាស់ និង​ជួញដូរ​គ្រឿងញៀន មិន​គួរ​រក្សា​ទុក​នៅ​ជា​កងកម្លាំង ​ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ទៀត​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily ធ្លាប់​ទទួល​បាន​ឯកសារ​ជា​វីដេអូ​ជាច្រើន​ ពី​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ នៃ​ក្រសួង​មហាផ្ទៃ កាលពី​ពេល​ថ្មីៗ​នេះ ដោយ​បង្ហាញ​ពី​ការ​ចែកចាយ​ថ្នាំញៀន​រាប់​ពាន់​គ្រាប់​ ក្នុង​មួយ​យប់ៗ ​នៅ​ក្នុង​ក្លឹប​មួយ​ឈ្មោះ True Face ដែល​គេ​ស្គាល់​ថា ជា​ក្លឹប​រក​លុយ​ឱ្យ​គ្រួសារ​ត្រកូល ​ហ៊ុន ហើយ​ក្លឹប​នេះ​ គ្មាន​សមត្ថកិច្ច​ណា​ម្នាក់ ឬ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ណា​មួយ​ ហ៊ាន​ប៉ះពាល់​ឡើយ

មន្ត្រី​នគរបាល​ជាន់ខ្ពស់​ នៃ​ក្រសួង​មហាផ្ទៃ​ខាងលើ ​អះអាង​ថា យុវជន និង​មនុស្ស​វ័យ​កណ្តាល​ជាច្រើន​ បាន​ធ្លាក់​ខ្លួន​ក្លាយ​ទៅ​ជា​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន ដែល​គេ​មើល​ឃើញ​ថា គ្រឿងញៀន​ស្ទើរតែ​ក្លាយ​ទៅ​ជា​ថ្នាំ​ពេញ​និយម​ សម្រាប់​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​ទៅ​ហើយ ខណៈ​មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយ​ចំនួន សុទ្ធតែ​បាន​ប្រើប្រាស់​វា​ ដើម្បី​ស្វែងរក​ការ​សប្បាយ​បំពេញ​តណ្ហា​របស់​ខ្លួន អំឡុង​ពេល​ជួញដូរ​ផ្លូវភេទ និង​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ថ្នាំ​ទាំងនេះ ​នៅ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ ដែល​ពួកគេ​អាង​អ្នក​មាន​អំណាច​ កាង​នៅ​ពីក្រោយ៕