The Cambodia Daily
15-01-2024
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ព្រមានថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងក្លាយជាជនក្បត់ជាតិ ដូចលោក ហ៊ុន សែន ឪពុករបស់គាត់ដែរ ប្រសិនបើគាត់ហ៊ានយកតំបន់សមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា-ថៃ ទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ទៅចូលរួមសហការរកស៊ីប្រេង និងឧស្ម័នជាមួយថៃ ក្នុងដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ប្រទេសថៃ នៅខែក្រោយនេះ។
លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ មករា ថា តំបន់សមុទ្រត្រួតស៊ីគ្នាជាង ២៦០០០គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងតំបន់សមុទ្រ ៣០០០០គីឡូម៉ែត្រការ៉េ ដែលថៃ បានយកពីប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីរវាងថៃ និងវៀតណាម ឆ្នាំ១៩៩៧ ដោយផ្អែកលើសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ខណៈកិច្ចព្រមព្រៀងទ្វេភាគីរវាងថៃ និងវៀតណាម ឆ្នាំ១៩៩៧ នោះ ត្រូវបានទុកជាមោឃៈដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទៅហើយនោះ។
លោក អ៊ុំ សំអាន លើកឡើងថា សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ ដែលធ្វើឡើងក្នុងសម័យវៀតណាម ត្រួតត្រាកម្ពុជា បានធ្វើឱ្យកម្ពុជាបាត់បង់ដែនសមុទ្រខ្មែរ ទៅថៃ និងវៀតណាម យ៉ាងច្រើន ក្នុងនោះ កម្ពុជាបានបាត់បង់«កោះគុត»ទាំងស្រុងទៅប្រទេសថៃ នៅឆ្នាំ២០១០ ហើយដោយសារតែការបាត់បង់កោះគុត នេះហើយ ទើបបណ្តាលឱ្យព្រំដែនសមុទ្រខ្មែរ បាត់បង់ដែរ ព្រោះការកំណត់ព្រំដែនសមុទ្រ គឺត្រូវយកចំណុចខ្ពស់បំផុតនៃ«កោះគុត»ធ្វើជាគោល ដើម្បីតម្រង់ខ្សែបន្ទាត់ព្រំប្រទល់សមុទ្រ ក្នុងនោះសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ក៏បានចែងពីការយកកោះគុត ធ្វើជាគោលក្នុងការកំណត់ព្រំដែនសមុទ្រកម្ពុជា-ថៃ ដែរ។
តំណាងរាស្ត្រអតីតបក្សប្រឆាំងរូបនេះ អះអាងថា នៅអំឡុងឆ្នាំ១៩៩៧ {ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ} លោក ហ៊ុន សែន ក៏ធ្លាប់តវ៉ាជាមួយថៃ នៅទីក្រុងបាងកក ជុំវិញការរំលោភដែនសមុទ្រកម្ពុជា ដែលមានទំហំ ៣០០០០គីឡូម៉ែត្រការ៉េនេះដែរ ប៉ុន្តែត្រូវបរាជ័យ ដូច្នេះនៅពេលដែលលោក ហ៊ុន ម៉ាណែត ចូលរួមក្នុងគម្រោងរកស៊ីប្រេង និងឧស្ម័នរួមគ្នានៅតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយថៃ ម្តងនេះ មានន័យថា កម្ពុជាមិនត្រឹមតែមិនអាចទាមទារដែនសមុទ្រ ៣០០០០គីឡូម៉ែត្រក្រឡាដែលបាត់ទៅនោះទេ គឺថែមទាំងត្រូវកំណត់ព្រំដែនសមុទ្រលើតំបន់សមុទ្រត្រួតស៊ីគ្នាជាង ២៦០០០គីឡូម៉ែត្រក្រឡា ជាមួយថៃ នៅថ្ងៃអនាគតថែមទៀត។
លោក អ៊ុំ សំអាន ព្រមានថា កម្ពុជាត្រូវចរចាកំណត់ព្រំដែនសមុទ្ររបស់ខ្លួនជាមួយថៃ ជាមុនសិន មុននឹងចាប់ផ្តើមគម្រោងរកស៊ីជាមួយគ្នា ក្នុងតំបន់សមុទ្រត្រួតស៊ីគ្នានេះ ព្រោះកម្ពុជាបានបាត់បង់ដែនសមុទ្ររបស់ខ្លួនអស់ជាច្រើនអន្លើ ទៅប្រទេសជិតខាងរួចទៅហើយ ដូចជា កោះត្រល់ {កោះហ៊្វុកុក} ចង្កោមកោះក្រចកសេះ {ប្រជុំកោះថូជូ} ដែលបានបាត់បង់ទៅវៀតណាម ៣ម៉ឺនគីឡូម៉ែត្រការ៉េ និងបាត់បង់ទៅប្រទេសថៃ ៣ម៉ឺនគីឡូម៉ែត្រការ៉េ រួមទាំងការដាក់សមុទ្រខ្មែរ ជាតំបន់ត្រួតស៊ីគ្នារួមជាមួយវៀតណាម ១ម៉ឺនគីឡូម៉ែត្រការ៉េ នាពេលបច្ចុប្បន្នទៀតនោះ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ កាសែតថៃ បាងកកប៉ុស្តិ៍ បានចុះផ្សាយថា ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលនឹងលើកយកប្រធានបទសំខាន់មួយ មកពិភាក្សាជាថ្មី ក្នុងការរកដំណោះស្រាយបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រ រវាងប្រទេសទាំងពីរ ក្រោយជាប់គាំងតាំងពីឆ្នាំ២០០១ មក។
ប្រភពដដែលអះអាងថា រដ្ឋមន្ត្រីការបរទេសថៃ លោក ប៉ានព្រី ផាហិថថានុក្រ៍ (Parnpree Bahiddha-Nukara) ក៏បានបញ្ជាក់ដែរថា ថៃ កំពុងទន្ទឹងចាំមើលលទ្ធផលច្បាស់លាស់នៃជំនួប រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ខាងមុខ និងថាបន្ទាប់មកទៀត ក្រសួង និងស្ថាប័នពាក់ព័ន្ធ នឹងមានចំណាត់ការទៅតាមនីតិវិធីតែម្តង។
សិទ្ធិអភិវឌ្ឍន៍លើតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ គឺជាចំណុចនៃជម្លោះទាមទាររវាងកម្ពុជា-ថៃ តាំងពីដើមទសវត្សរ៍១៩៧០ មកម្ល៉េះ ប៉ុន្តែនៅអំឡុងខែមិថុនា ឆ្នាំ២០០១ កម្ពុជា និងថៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់កិច្ចចរចាអភិវឌ្ឍន៍ប្រេង និងឧស្ម័ននៅតំបន់នោះ ប៉ុន្តែអ្វីៗត្រូវបានផ្អាកទៅវិញ នៅពេលថៃ ប្តូរនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០០៩។
យ៉ាងណាក៏ដោយ កិច្ចពិភាក្សាស្ដីពីការអភិវឌ្ឍប្រេង នៅលើតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ នេះ ក៏ធ្លាប់ត្រូវបានប្រទេសទាំងពីរគូសវាសឡើងវិញដែរ តែត្រូវអាក់ខាន ដោយសារវិបត្តិជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០១៩។
យ៉ាងណាមិញ ក្នុងដំណាក់កាលគ្រប់គ្រងនៃរដ្ឋាភិបាល លោក ស្រេតថា ថាវីស៊ីន សម្រាប់អាណត្តិថ្មីនេះ ភាគីថៃបានកែប្រែយុទ្ធសាស្ត្រចរចា តាមរយៈនៃការប្តូរជំហរបោះបង្គោលព្រំដែនសមុទ្រ ជាមួយកម្ពុជាវិញ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយ និងប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ នៅខែកុម្ភៈ ខាងមុខនេះ ព្រោះថា លោក ហ៊ុន ម៉ាណែត អាចនឹងធ្វើសម្បទានតាមការស្នើពីថៃ នៅដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ជាថ្នូរនឹងការស្នើសុំឱ្យនាយករដ្ឋមន្ត្រីថៃ ពិនិត្យសកម្មភាពគណបក្សកាវក្លៃ ក្រោមលេសកម្ចាត់សកម្មជនប្រជាធិបតេយ្យខ្មែរ ដែលកំពុងជ្រកកោនក្នុងទឹកដីថៃ សព្វថ្ងៃនេះ ដែលជាហេតុធ្វើឱ្យប្រទេសកម្ពុជា ខាតបង់ប្រយោជន៍គ្រប់យ៉ាងដ៏ច្រើននាពេលអនាគត៕
………………
អត្ថបទបន្ថែមដោយលោក អ៊ុំ សំអាន និងលោក ម៉ែន ណាត ភ្ជាប់ជាមួយគំនូសផែនទី ដូចខាងក្រោម៖
ខ្មែរនឹងខាតបង់ បើសិនរដ្ឋាភិបាល ហ៊ុន ម៉ាណែត នៅតែមានៈយល់ព្រមជាមួយ ថៃ ដែលគ្រោងបើកការចរចាជាថ្មី លើគម្រោងរកសុីរួមគ្នា អំពីប្រេង និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នា ទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ក្នុងឈូងសមុទ្រថៃ។
តំបន់ត្រួតស៊ីគ្នា ចំនួន ២៦០០០គីឡូម៉ែត្រការ៉េ នេះ គឺស្ថិតក្នុងតំបន់ ៣០០០០គីឡូម៉ែត្រការ៉េ ដែលថៃ បានដណ្តើមកាន់កាប់ផ្ទៃសមុទ្រខ្មែរតាមរយៈថៃ បានចុះកិច្ចព្រមព្រៀងខុសច្បាប់ទ្វេភាគីជាមួយវៀតណាម ឆ្នាំ១៩៩៧ ដោយផ្អែកតាមកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្រ្ត ខុសច្បាប់ ឆ្នាំ១៩៨២ (ដែលត្រូវបានទុកជា«មោឃៈ»ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រោះសន្ធិសញ្ញា និងកិច្ចព្រមព្រៀងក្នុងទសវត្សរ៍ទី៨០ ធ្វើឡើងក្រោមការត្រួតត្រារបស់វៀតណាម)។
ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ លោក ហ៊ុន សែន ក៏ធ្លាប់បានតវ៉ាជាមួយថៃ នៅទីក្រុងបាងកក ដែរ ករណីដែលថៃ រំលោភយកសមុទ្រខ្មែរ ចំនួន ៣០០០០គីឡូម៉ែត្រការ៉េ នោះ។ ប៉ុន្តែកាលនោះ ថៃ ប្រាប់លោក ហ៊ុន សែន ឲ្យទៅតវ៉ាជាមួយវៀតណាម។ ឮដួច្នោះ លោក ហ៊ុន សែន ក៏ស្ងាត់មាត់ ហើយក៏មិនហ៊ានសួរនាំវៀតណាម នូវរឿងនេះទេ។
គម្រោងរកសុីរួមគ្នា អំពីប្រេង និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នានោះ គឺជាការយកសមុទ្រខ្មែរ ទៅដាក់រកសុីរួមគ្នាជាមួយថៃ ហើយថ្ងៃអនាគតកម្ពុជា នឹងចរចាកំណត់ព្រំដែនសមុទ្រជាមួយថៃ ដោយបែងចែកសមុទ្រខ្មែរ ចំនួន ២៦០០០ គីឡូម៉ែត្រការ៉េជាមួយថៃ ជាមិនខាន។
តាមពិត កម្ពុជាត្រូវចរចាកំណត់ព្រំដែនសមុទ្រ ជាមួយថៃ ឲ្យត្រឹមត្រូវយុត្តិធម៌ជាមុនសិន មុននឹងព្រមព្រៀងរកស៊ីរួមគ្នា។ បើមិនដូច្នេះទេ កម្ពុជានឹងខាតបង់ដែនសមុទ្ររបស់ខ្លួន គឺការបាត់់បង់ទឹកដីមួយផ្នែកទៀត ជាមិនខាន។
សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ចែងថា «ព្រំដែនសមុទ្រកម្ពុជា-សៀម ដើរតាមចំណុចខ្ពស់បំផុត នៃកោះគុត ឆ្ពោះទៅសមុទ្រ»។ ការកំណត់ព្រំដែនសមុទ្រ ត្រូវយកចំណុចខ្ពស់បំផុត នៃកោះគុត ជាគោល រួចឆ្ពោះទៅព្រំដែនសមុទ្រ។
កម្ពុជាបានបាត់បង់កោះគុត ទាំងស្រុងទៅប្រទេសថៃ នៅឆ្នាំ២០១០ ដោយសាររដ្ឋាភិបាល លោក ហ៊ុន សែន មិនហ៊ានប្តឹងថៃ។ ពេលនេះ កោះគុត បានបាត់បង់ វានាំព្រំដែនសមុទ្រ ក៏បាត់បង់ច្រើនដែរ ព្រោះការកំណត់ព្រំដែនសមុទ្រ ត្រូវយកចំណុចខ្ពស់បំផុត នៃកោះគុត ជាគោល។
កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ដែលធ្វើឡើងសម័យវៀតណាមត្រួតត្រាកម្ពុជា ក៏ធ្វើឲ្យកម្ពុជា បាត់បង់ដែនសមុទ្រខ្មែរ ទៅថៃនឹងវៀតណាម យ៉ាងច្រើន។
សូមរំឮកទៅរដ្ឋាភិបាលកម្ពុជា នៃលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ម្តងហើយម្តងទៀតថា ត្រូវធ្វើនិរាករណ៍រាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាប់ទាំងឡាយ ជាមួយប្រទេសជិតខាង រួចហើយត្រូវចេញមុខតវ៉ាទាមទារទឹកដីខ្មែរ ត្រឡប់មកឲ្យខ្មែរវិញ។
សម្គាល់៖ ថៃរំលោភយកសមុទ្រខ្មែរ ចំនួន៣០០០០ គីឡូម៉ែត្រការ៉េ ឆ្នាំ១៩៩៧ (តាមឯកសារលោក ស៊ាន ប៉េងសែ)។




