វិទ្យុអាស៊ីសេរី RFA /ដោយលោក ថា ថៃ
16-01-202
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយ ចាត់ចូលជាមេដឹកនាំកខ្វក់ ក្នុងចំណោមបុគ្គល ១២រូប ដែលបានចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវូស (Davos) ប្រទេសស្វីស (Switzerland)។ អ្នកវិភាគនយោបាយ យល់ថា កេរ្តិ៍ឈ្មោះអាស្រូវរបស់លោក ហ៊ុន ម៉ាណែត នេះ នឹងមិនអាចទាក់ទាញអ្នកវិនិយោគទុនបរទេសល្អៗ មករកស៊ីនៅកម្ពុជាបានច្រើននោះទេ។
ស្របពេលលោក ហ៊ុន ម៉ាណែត កំពុងប្រើប្រាស់ប្រព័ន្ធឃោសនារបស់លោក ឲ្យជួយផ្សព្វផ្សាយពីមុខមាត់របស់លោក ដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវូស ប្រទេសស្វីសនោះ ប៉ុន្តែបណ្ដាញព័ត៌មានអន្តរជាតិ បែរជាលាតត្រដាងថា លោក ហ៊ុន ម៉ាណែត គឺជាជនផ្ដាច់ការ និងមានអំនួតក្អេងក្អាងម្នាក់ នៅក្នុងពិធីជួបជុំ។
អង្គភាពព័ត៌មានអន្តរជាតិ ដែលផ្ដោតលើផ្នែកគោលនយោបាយ និងនយោបាយនៅលើពិភពលោក ឈ្មោះប៉ូលិទិកូ (POLITOCO) បានបញ្ចូលឈ្មោះលោក ហ៊ុន ម៉ាណែត ក្នុងចំណោមមេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២រូប ដែលមានវត្តមាន ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវូស។ បុគ្គលដែលមានឈ្មោះកខ្វក់ទាំង ១២រូបនោះ ក្រៅពីលោក ហ៊ុន ម៉ាណែត គឺមានប្រធានាធិបតីអាហ្សង់ទីន (Argentine) រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាម៉ាត់ ប៊ីន សាលមែន អាល់សាត (Mohammed bin Salman Al Saud) ប្រធានាធិបតីអាស៊ែបៃហ្សង់ (Azerbaijan) ប្រធានាធិបតីរវ៉ាន់ដា (Rwanda) នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ប្រធានាធិបតីហុងគ្រី (Hungary) នាយករដ្ឋមន្ត្រីស្លូវ៉ាគី (Slovakia ) ប្រធានាធិបតីប៉ូឡូញ (Poland) និងនាយករដ្ឋមន្ត្រីកាតា (Qatar) ព្រមទាំងអ្នកជំនួញពីររូបទៀត។
អង្គភាពព័ត៌មាន POLITICO ចាត់ទុកថា បុគ្គលទាំងនេះ គឺជាប្រភេទអ្នកជំនួញទុច្ចរិត ជាមេដឹកនាំផ្ដាច់ការ បែបអត្តាធិបតេយ្យ ដែលច្បាមយកអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារ មិនគោរពច្បាប់ មានអំនួតក្អេងក្អាង និងជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្ លើអ្នករិះគន់ អ្នកកាសែត និងបង្ក្រាបបង្ហូរឈាមលើពលរដ្ឋស្លូតត្រង់ ជាដើម។ បណ្ដាញព័ត៌មានអន្តរជាតិមួយនេះ ក៏បរិយាយពីលោក ហ៊ុន ម៉ាណែត ដែរថា ជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ដែលទទួលបានការអប់រំខ្ពស់ នៅប្រទេសលោកខាងលិច ហើយមជ្ឈដ្ឋានមួយចំនួន យល់ថា ជាអ្នកកែទម្រង់ និងទំនើបកម្មដ៏មានសក្ដានុពលម្នាក់។ ប៉ុន្តែផ្ទុយទៅវិញ ក្រោយពីទទួលបានតំណែងពីបិតារបស់លោក គឺលោក ហ៊ុន សែន ជាអ្នកកាន់អំណាចជាយូរមកហើយ នោះលោក ហ៊ុន ម៉ាណែត មិនបានបង្ហាញសញ្ញាណាមួយ នៃការចង់ធ្វើទំនើបកម្ម ឬកែទម្រង់កម្ពុជានោះឡើយ។ អង្គភាពព័ត៌មាន POLITICO គូសបញ្ជាក់ថា មានចំណុចសំខាន់ៗ ជាច្រើននៃការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន ម៉ាណែត រួមមាន ការបង្ក្រាបឥតឈប់ឈរ លើគណបក្សប្រឆាំង និងអ្នករិះគន់ ការបោះឆ្នោតបែបឡប់ឡែ អំពើពុករលួយដ៏រាលដាល និងទំនាក់ទំនងបក្ខពួកនិយម រវាងក្រុមអ្នកនយោបាយកាន់អំណាច និងអ្នកជំនួញ «អញជួយឯង ឯងជួយអញ»។
ទាក់ទងនឹងរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតប ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ទោះជាយ៉ាងណាក្ដី លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅទ្វីបអឺរ៉ុប កាលពីថ្ងៃទី១៤ មករា ថា វត្តមានរបស់លោកនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី៥៤ នៅទីក្រុងដាវូស (Davos) គឺជាដំណើរទៅគោះទ្វារ ស្វែងរកអ្នកធុរកិច្ច ឱ្យមកបណ្ដាក់ទុនរកស៊ី នៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត៖ «មកទីនេះ ហើយដាក់ពេលវេលាជាប់គ្នាទាំងអស់ គឺភារកិច្ចតែមួយ គឺធ្វើយ៉ាងណាដើម្បីគោះទ្វា ដើម្បីចាប់ដៃ ដើម្បីបង្ហាញទាំងថ្នាក់ដឹកនាំនយោបាយ អង្គការ ក៏ដូចជាធុរកិច្ចនៅលើពិភពលោកអំពីកម្ពុជា ហើយប្រមូលគេទៅតែម្ដង ហៅថាដើរទាក់ម៉ូយតែម្ដង»។
ទោះជាយ៉ាងណាក្ដី អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា វត្តមានលោក ហ៊ុន ម៉ាណែត ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក គ្រាន់តែជាការយករូបភាពមកបោកប្រាស់ពលរដ្ឋខ្មែរតែប៉ុណ្ណោះ ប៉ុន្តែនឹងមិនអាចនាំផលប្រយោជន៍អ្វីដល់កម្ពុជាឡើយ ប្រសិនបើមេដឹកនាំរូបនេះ មិនព្រមស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ។ លោក យល់ថា ពិភពលោក និងអ្នកជំនួញអន្តរជាតិ បានស្គាល់លោក ហ៊ុន ម៉ាណែត ច្បាស់ថា លោកជាមេដឹកនាំផ្ដាច់ការបន្តពីឪពុក ដែលបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យ និងប្រព័ន្ធច្បាប់នៅកម្ពុជា ដូច្នេះអ្នករកស៊ីល្អៗ នឹងខ្លាចញញើតក្នុងការចូលទៅវិនិយោគនៅកម្ពុជា។
លោក គឹម សុខ៖ «ឡើងកាន់តំណែងដោយការប្រកួតមិនត្រឹមត្រូវ ដូច្នេះ វាជាការបំផ្លាញប្រជាធិបតេយ្យ បំផ្លាញរដ្ឋធម្មនុញ្ញ មានន័យថា បំផ្លាញប្រព័ន្ធច្បាប់របស់ប្រទេសទាំងមូលតែម្ដង។ បើកាលណាបំផ្លាញប្រព័ន្ធច្បាប់ ដែលគេដឹង ពេញពិភពលោកទៅហើយ តើអ្នកជំនួញប្រភេទណា គេចាប់អារម្មណ៍ទៅរកស៊ី នៅប្រទេសកម្ពុជា ព្រោះអ្នកជំនួញអន្តរជាតិល្អៗ ដែលគេរកស៊ីត្រឹមត្រូវ គេទៅប្រទេសណាមួយ គេរកផលចំណេញមែន ពេលគេបានផលចំណេញ តើគេការពារផលប្រយោជន៍គេដោយវិធីណា? ដូច្នេះវាទាល់តែប្រព័ន្ធច្បាប់រឹងមាំណាស់ មិនពាក់ព័ន្ធនឹងការរំលោភអំណាច បក្ខពួកនិយម និងមិនពាក់ព័ន្ធនឹងអំពើពុករលួយចាក់ស្រេះ ទើបអាចការពារផលប្រយោជន៍របស់ពួកគេបាន»។
មេដឹកនាំពិភពលោកជាង ៦០នាក់ កំពុងជួបប្រជុំគ្នាជាមួយក្រុមអ្នកជំនួញ មកពីជុំវិញពិភពលោក នៅទីក្រុងដាវូស ប្រទេសស្វីស រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ក្រោមប្រធានបទ «ការកសាងទំនុកចិត្តឡើងវិញ» បន្ទាប់ពីពិភពលោកប្រឈមនឹងវិបត្តិជាបន្តបន្ទាប់ ដូចជាបញ្ហាសង្គ្រាម និងវិបត្តិជំងឺកូវីដ ជាដើម។
អ្នកឃ្លាំមើលលើកឡើងថា វេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រមូលផ្ដុំដោយមេដឹកនាំផ្ដាច់ការ និងពុករលួយ ព្រមទាំងអ្នកជំនួញទុច្ចរិតមួយចំនួនផងនោះ នឹងមិនមានការជជែកគ្នា និងការសម្រេចចិត្តដោយបើកចំហ និងតម្លាភាព ដើម្បីផលប្រយោជន៍សម្រាប់មនុស្សជាតិទូទៅឡើយ។ អ្នកឃ្លាំមើល កត់សម្គាល់ថា នៅតាមប្រទេសផ្ដាច់ការ ទ្រព្យសម្បត្តិរបស់ឥស្សរជននយោបាយ និងក្រុមអ្នកជំនួញទុច្ចរិត នៅតែបន្តកើនឡើងច្រើនជាងទ្វេដង ខណៈប្រជាពលរដ្ឋរាប់លាននាក់ កំពុងធ្លាក់ខ្លួនក្រីក្រ៕
